ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បន្តជួបឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ក្រោយតុលាការរបបក្រុងភ្នំពេញ បន្ធួរបន្ថយលក្ខខណ្ឌខ្លះៗ ដល់លោក។ តំណាងរដ្ឋាភិបាលប្រទេសធំៗ ទាំងនេះ សុទ្ធតែបង្ហាញការ ខ្វាយខ្វល់អំពីសុខទុក្ខ និងសិទ្ធិសេរីភាពរបស់មេបក្សប្រឆាំងរូបនេះ និងថែមទាំងស្នើម្តងហើយម្តងទៀត ឲ្យរបបក្រុងភ្នំពេញដោះលែង និងទម្លាក់ចោលការចោទប្រកាន់ទាំងអស់លើលោក កឹម សុខា រួមជាមួយអ្នកទោសមនសិការដទៃទៀត។
នេះគឺជាថ្ងៃទី៣ ហើយដែលស្ថានទូតប្រទេសសេរីធំៗ បណ្តាក់គ្នាចូលសួរសុខទុក្ខ និងពិភាក្សាការងារជាមួយលោក កឹម សុខា ក្នុងផ្ទះរបស់លោកស្ថិតនៅខណ្ឌទួលគោក ក្រុងភ្នំពេញ បន្ទាប់ពីតុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី១០ វិច្ឆិកា បានសម្រេចកែប្រែលក្ខខណ្ឌនៃកាតព្វកិច្ចមួយចំនួនសម្រាប់លោក កឹម សុខា។ តុលាការបានអនុញ្ញាតឱ្យលោក កឹម សុខា អាចធ្វើដំណើរបាននៅក្នុងប្រទេស ប៉ុន្តែមិនឱ្យហួសពីព្រំប្រទល់ដែនរបស់កម្ពុជាបានឡើយ ហើយក៏មិនឲ្យលោកធ្វើសកម្មភាពនយោបាយបាននោះដែរ។ ក្រៅពីនេះ តុលាការបានតម្រូវឱ្យលោកឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច។
លោក កឹម សុខា ពុំបានថ្លែងអ្វីទេ ក្រោយជួបជាមួយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប អ្នកស្រី ខាមិន ម៉រីណូ (Carmen Moreno) និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក ម៉ាសាហ៊ីរូ មីកាមិ (Masahiro Mikami)នៅថ្ងៃទី១៣ ខែវិច្ឆិកា។
នាយកខុទ្ទកាល័យលោកកឹម សុខា គឺ លោកមុត ចន្ថា ប្រាប់អ្នកសារព័ត៌មានថា កិច្ចពិភាក្សាលើកនេះមិនខុសពីលើកមុនៗ ទេ គឺផ្តោតលើការសួរសុខទុក្ខ បញ្ហាសុខភាពរបស់លោក កឹម សុខា និង ការពិភាក្សាលើអ្វីដែលផ្តល់ផលចំណេញដល់ប្រជាជាតិកម្ពុជា។ លោក មុត ចន្ថា បញ្ជាក់បន្ថែមថា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានលើកឡើងក្នុងជំនួបបិទទ្វារនោះថា សហភាពអឺរ៉ុប នៅតែរក្សាជំហរដដែល ដូចអ្វីដែលបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញកាលពីថ្ងៃទី១១ ខែវិច្ឆិកា គឺចង់ឃើញអាជ្ញាធរកម្ពុជា ចាត់វិធានការជាបន្ទាន់ បើកចំហរលំហរនយោបាយ បង្កើតឲ្យមាននូវលក្ខខណ្ឌចាំបាច់នានា ដើម្បីឲ្យមានគណបក្សប្រឆាំងតាមបែបប្រជាធិបតេយ្យ និងជឿទុកចិត្តបាន ហើយចាប់ផ្តើមដំណើរការផ្សះផ្សារជាតិតាមរយៈកិច្ចសន្ទនា ដោយពិតប្រាកដ និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ សហភាពអឺរ៉ុប ក៏ចង់ឃើញឲ្យមានការដោះលែង និងមានការផ្តល់សិទ្ធិនយោបាយពេញលេញឡើងវិញឲ្យលោក កឹម សុខា ព្រមទាំងអ្នកទោសនយោបាយ ទាំងអស់ដែលអាជ្ញាធរកម្ពុជាបានចាប់ និងឃុំខ្លួនពួកគេជាបន្តបន្ទាប់នារយៈពេលចុងក្រោយនេះ៖ «ជាការសម្តែងការគួរសម សួរសុខទុក្ខផង សុខមាលភាពផង ក៏ដូចជា ផ្លាស់ប្តូរយោបល់គ្នាលើកិច្ចការអ្វី ដែលយើងអាចចូលរួមចំណែក ដើម្បីស្ថាបនាជាតិ ទាំងអស់គ្នាទៅមុខទៀត »។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប អ្នកស្រី ខាមិន ម៉រីណូ មិនបានឆ្លើយតបអ្វីជាមួយអ្នកសារព័ត៌មានទេ។ ទោះជាយ៉ាងណា ស្ថានទូតសហភាពអឺរ៉ុបបានបង្ហោះរូបភាពអ្នកស្រីអង្គុយសន្ទនាជាមួយលោក កឹម សុខា ដោយភ្ជាប់មកជាមួយនូវសម្រង់សម្តីរបស់អ្នកនាំពាក្យសហភាពសហភាពអឺរ៉ុបថា ការកែប្រែលក្ខខណ្ឌតុលាការនេះ ជាជំហានដំបូងក្នុងទិសដៅដ៏ត្រឹមត្រូវ ប៉ុន្តែសហភាពអឺរ៉ុបសង្ឃឹមថា លោក កឹម សុខា នឹងត្រូវដោះលែងទាំងស្រុង ហើយនិងទទួលបានសិទ្ធនយោបាយឡើងវិញ ដើម្បីឱ្យគាត់អាចបន្តជីវិតនយោបាយរបស់គាត់វិញ។
នាយកខុទ្ទកាល័យលោកកឹម សុខា គឺ លោកមុត ចន្ថា ឲ្យដឹងដែរថា សម្រាប់ឯកអគ្គរដ្ឋទូតជប៉ុន លោក ម៉ាសាហ៊ីរូ មីកាមិ វិញ បានថ្លែងកោតសរសើរលោក កឹម សុខា ដែលបានតស៊ូអត់ធ្មត់ ដើម្បី ផលប្រយោជន៍ជាតិ និងប្រជាធិបតេយ្យ។ លោក មុត ចន្ថា មិនបានឆ្លើយចំៗ ឬលម្អិតអំពីគោលជំហររបស់តំណាងរដ្ឋាភិបាលជប៉ុនចំពោះករណីលោក កឹម សុខា នោះទេ៖ «អ្វីក៏ដោយដែលជាផលប្រយោជន៍របស់ជាតិ ផលប្រយោជន៍របស់ប្រជាពលរដ្ឋ គឺយើងធ្វើការរួមគ្នា ដើម្បីប្រយោជន៍ទាំងអស់នេះ » ។
ឯកអគ្គរាជទូតជប៉ុន លោក ម៉ាសាហ៊ីរូ មីកាមិ ក៏មិនធ្វើអត្ថាធិប្បាយអ្វីដែរក្រោយជំនួបនោះ។
ទោះយ៉ាងណាក្តី របបក្រុងភ្នំពេញ បានឆ្លើយតបដដែលៗ ថា របបក្រុងភ្នំពេញ មិនយកចិត្តទុកដាក់ ចំពោះក្តីកង្វល់ និងការលើកឡើងរបស់មន្ត្រីទូតទាំងនោះទេ ក្រោមហេតុផលថា កម្ពុជាអនុវត្តទៅតាមច្បាប់របស់ប្រទេសកម្ពុជាតែប៉ុណ្ណោះ។
អ្នកវិភាគនយោបាយ លោក បណ្ឌិត ឡៅ ម៉ុងហៃ ប្រាប់អាស៊ីសេរីថា ជំនួបទាំងនេះ គឺជាការសម្តែង ការអបអរសាទរចំពោះការសម្រេចកែប្រែលក្ខខណ្ឌនៃកាតព្វកិច្ចមួយចំនួនសម្រាប់លោក កឹម សុខា ដែលរដ្ឋាភិបាលរបស់ឯកអគ្គរដ្ឋទូតទាំងនោះ បានទាមទារតាំងពីការចាប់ឃុំឃាំងគាត់ និងជាការបង្ហាញការគាំទ្របន្ថែមទៀត ដល់អ្នកតស៊ូ ដើម្បីលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា។
លោកបន្តថា ការអបអរសាទរ និងការគាំទ្រទាំងនេះ ក៏ជានិមិត្តសញ្ញាមើលឃើញច្បាស់នៃ ការទាមទារឲ្យលើកលែងការចោទប្រកាន់ទាំងអស់លើមេបក្សប្រឆាំង និងឲ្យអនុវត្តលទ្ធិប្រជាធិតេយ្យ គោរពសិទ្ធិមនុស្ស បញ្ឈប់ការប្រើប្រាស់អំណាចហួសព្រំដែនកំណត់ គោរពតាមគោលការណ៍នីតិរដ្ឋដូចមានចែងក្នុងរដ្ឋធមនុញ្ញ។ លោកបន្តថា ប្រសិនបើប្រទេស សេរីធំៗ ទាំងនេះ បន្តអនុវត្តការទូត (coercive diplomacy) ឲ្យស៊ីចង្វាក់ និងព្រមៗ គ្នា ប្រហែលជារដ្ឋាភិបាលខ្មែរ នឹងពិបាកខ្លាំងក្នុងការទប់ទល់។
រហូតមកដល់ពេលនេះ មានឯកអគ្គរដ្ឋទូតបរទេសចំនួន៦ ហើយ ដែលបានចូលជួបលោក កឹម សុខា រួមមានឯកអគ្គរដ្ឋទូតបារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ អូស្ត្រាលី សហភាពអឺរ៉ុប និងឯកអគ្គរាជទូតជប៉ុន។ តំណាងរដ្ឋាភិបាលនៃប្រទេសសេរីធំៗ ទាំងនេះ នៅតែជំរុញដល់រដ្ឋាភិបាលកម្ពុជា ឲ្យស្តារលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សឡើងវិញ តាមរយៈការទម្លាក់ចោលរាល់បទចោទប្រកាន់លើលោក កឹម សុខា និងដោះលែងជនទាំងឡាយណា ដែលត្រូវបានឃុំខ្លួនតាមទំនើងចិត្ត ក្នុងនោះរួមមានអ្នកសារព័ត៌មាន សកម្មជនសង្គមស៊ីវិល ព្រមទាំងអ្នកគាំទ្រ និងសមាជិកគណបក្សប្រឆាំងផងដែរ។ ប្រទេសទាំងនោះ សង្កត់ធ្ងន់ថា មានតែធ្វើតាមអនុសាសន៍របស់ពួកគេនេះទេ ទើបមានប្រយោជន៍សម្រាប់កម្ពុជាទាំងវិស័យអភិបាលកិច្ច និងសេដ្ឋកិច្ច។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នឹងបន្តជួបជាមួយឯកអគ្គរាជទូតប្រទេសអង់គ្លេស អ្នកស្រី ធីណា រែតហ្ស៊ូវ (Tina Redshaw) ទៀត នៅថ្ងៃទី១៤ វិច្ឆិកា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ