ប្រធានបក្សប្រឆាំងលោក កឹម សុខា ដែលកំពុងរងបទចោទសំណុំរឿងក្បត់ជាតិ ចេញមុខបញ្ជាក់ជាថ្មីថា លោកមិនបានឃុបឃិតជារដ្ឋបរទេសណា ឲ្យឈ្លានពានទឹកដីកម្ពុជានោះទេ។ លោកថា ការចោទប្រកាន់លើរូបលោក ធ្វើឲ្យមានការរំខានផ្លូវកាយ ផ្លូវចិត្ត និងសិទ្ធិសេរីភាពរបស់លោក។ ទោះយ៉ាងណា មន្ត្រីបក្សកាន់អំណាចថា អ្វីដែលលោក កឹម សុខា លើកឡើងជាការភូតកុហក និងមិនទទួលស្គាល់ការពិត។
ក្រុមអ្នកឃ្លាំមើល លើកឡើងថា សាររបស់លោក កឹម សុខា ដែលបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួនពេលនេះ នឹងធ្វើឲ្យអ្នកគាំទ្ររបស់លោក បន្តគាំទ្រលោក កឹម សុខា។ ពួកគេជំរុញទៅ លោក កឹម សុខា គួរមានការធ្វើសកម្មភាពតាមមូលដ្ឋាន និងការបញ្ចេញមតិបណ្ដាញសង្គម ឲ្យកាន់តែសកម្មថែមទៀត ទើបមេបក្សប្រឆាំងរូបនេះ នៅតែរក្សាប្រជាប្រិយភាពរបស់ខ្លួន។ ការលើកឡើងដូច្នេះ គឺធ្វើឡើងក្រោយពេលលោក កឹម សុខា ចេញមុខបញ្ជាក់ជាថ្មីថា លោក មិនបាននាំបរទេសណាមកឈ្លានពានទឹកដីខ្មែរ មិនបានបំផ្លាញធនធានទ្រព្យសម្បត្តិជាតិ មិនប្រទូសរ៉ាយ និងមិនកាប់សម្លាប់ពលរដ្ឋណាឡើយ។ លោក កឹម សុខា ក៏អំពាវនាវឲ្យរួមគ្នាធ្វើអំពើល្អ កុំបង្កការឈឺចាប់ដល់អ្នកដទៃ។
លោក កឹម សុខា កឹម សុខា លើកឡើងដូច្នេះ តាមរយៈទំព័រហ្វេសប៊ុកកាលពីថ្ងៃទី២២ ខែកញ្ញា។
ទោះយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ថា អ្វីដែលលោក កឹម សុខា លើកឡើងមិនឆ្លុះបញ្ចាំងពីការពិតនោះទេ។ លោកបន្តទៀតថា ការដែលលោក កឹម សុខា មិនទទួលស្គាល់ការពិតដូច្នេះហើយ ទើបរឿងក្ដីលោក កឹម សុខា នៅបន្តអូសបន្លាយជាង៥ឆ្នាំមកនេះ៖ « មិនមែនស្ថិតលើពាក្យថាទេ កាលមុននោះនិយាយ ហើយនិយាយហើយថតជាវីដេអូទៀត អត់មានអ្នកណាក្លែងបន្លំ ឬមួយធ្វើសិប្បនិម្មិតបង្កើតពាក្យសម្ដីគាត់ ( លោក កឹម សុខា ) ទេ ហើយក្នុងតុលាការកន្លងទៅគាត់បានទទួលស្គាល់ពាក្យសម្ដី ដែលគាត់បាននិយាយ » ។
កាលពីសវនាការលើកទី៥៧ ថ្ងៃទី២២ ខែកញ្ញា តុលាការបានចោទសួរលោក កឹម សុខា ទាក់ទងនឹង អង្គហេតុថ្មី៣ រួមមាន៖ ការធ្វើបដិវត្តន៍ពណ៌នៅចិនតៃវ៉ាន់ (Taiwan) យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ និងការកាន់ផ្កាឈូក។ ទោះយ៉ាងណា មេធាវី និងអ្នកឃ្លាំមើលរិះគន់ថា អង្គការទាំង ៣នេះ មិនជាប់ពាក់ព័ន្ធនឹងសំណុំរឿងលោក កឹម សុខា នោះទេ។
ផ្ទុយពីការចោទប្រកាន់របស់មន្ត្រីបក្សកាន់អំណាច ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា សង្កេតឃើញការចោទប្រកាន់លោក កឹម សុខា មានចិត្តនយោបាយជាងការអនុវត្តច្បាប់ ខណៈតុលាការនៅតែគ្មានភស្តុតាងគ្រប់គ្រាន់ចោទប្រកាន់លោក កឹម សុខា នៅឡើយ។ មន្ត្រីសង្គមស៊ីវិលរូបនេះយល់ថា លោក កឹម សុខា ក្នុងនាមជាអ្នកដឹកនាំមួយរូប ក្រៅពីបង្ហាញជំហរជាតិនិយម លោក កឹម សុខា គួរតស៊ូ លះបង់ និងមានយុទ្ធសាស្ត្របន្ថែមទៀត ដើម្បីរកច្រកចេញនៃវិបត្តិនយោបាយពេលនេះ៖ « ត្រូវមានការតស៊ូឲ្យបានហ្មត់ចត់ ទៅតាមច្បាប់ដែលមាន មិនអាចអត់ធ្មត់ ឬក៏បណ្ដែតបណ្ដោយពេលវេលាព្រោះពេលវេលា ខ្លី បើសិនយើងចេះបណ្ដែតបណ្ដោយៗ មិនដឹងពេលណាមានឱកាសជួយប្រទេសជាតិទេ » ។
លោក កឹម សុខា បានបាត់បង់សិទ្ធិធ្វើនយោបាយ និងបាត់បង់អ្វីៗ ស្ទើរគ្រប់យ៉ាង ជាង ៥ឆ្នាំមកនេះ ព្រោះរដ្ឋាភិបាលលោក ហ៊ុន សែន ចោទប្រកាន់ថា មេបក្សប្រឆាំងរូបនេះថា បានឃុបឃិតជាមួយរដ្ឋបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាល កាលពីឆ្នាំ២០១៧។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា យល់ថា សាររបស់លោក កឹម សុខា ពេលនេះ ជាការព្យាយាមបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន ដើម្បីឲ្យសហគមន៍ជាតិ និងអន្តរជាតិបានដឹងបន្ថែមទៀត ដើម្បីជំរុញទៅសហគមន៍ជួយអន្តរាគមន៍ឲ្យមានការបញ្ចប់ការចោទប្រកាន់លើរូបលោក។ ទោះយ៉ាងណាក្ដី លោក ឯម សុវណ្ណារ៉ា យល់ថា អ្វីដែលលោក កឹម សុខា លើកឡើងពេលនេះ ទំនងគ្មានទម្ងន់នោះទេ ប៉ុន្តែ អាចទាញប្រជាប្រិយពីអ្នកគាំទ្ររបស់លោកដែរ៖ « បាទនិយាយទៅគាត់ ( លោក កឹម សុខា ) ត្រូវបង្ហាញឲ្យបានញឹកញាប់បន្តិច ឬក៏ធ្វើម៉េចឲ្យសហគមន៍អន្តរជាតិ និងមតិជាតិមានគាំទ្រ ឈឺឆ្អាលច្រើនទើបគាត់អាច ឬក៏សារគាត់មានតម្លៃ ឬក៏រកការគាំទ្របាន បើគ្មានការគាំទ្រទេ គាត់ធ្វើម៉េចទៅដាក់បន្ទុក ឬដាក់ទម្ងន់ទៅលើតុលាការ ឬក៏រដ្ឋាភិបាល ដែលជាដើមបណ្ដឹងហ្នឹង » ។
កាលពីចុងខែសីហាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទប្រកាន់ថា លោក កឹម សុខា មានជាប់ពាក់ព័ន្ធករណីបាតុកម្មនៅផ្លូវ វេង ស្រេង ឬបាតុកម្មនៅស្ពានអាកាសស្ទឹងមានជ័យ។ លោកទាមទារឲ្យរកអ្នកទទួលខុសត្រូវ អ្នកដែលធ្វើឲ្យមានបាត់បង់អាយុជីវិតពលរដ្ឋក្នុងពេលនោះ។
ទោះយ៉ាងណា សហគមន៍អន្តរជាតិ នៅចាត់ទុកការចោទប្រកាន់លើលោក កឹម សុខា គ្មានមូលដ្ឋានច្បាប់ ហើយពួកគេរំលឹកទៅរដ្ឋាភិបាល លោក ហ៊ុន សែន ជាញឹកញាប់ថា កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ពីការអនុញ្ញាតឲ្យលោក កឹម សុខា មានសិទ្ធិធ្វើនយោបាយឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។