ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា បានផ្ញើសារតាមរយៈមេធាវីរបស់លោកមួយរូប ថាកុំយកឈ្មោះលោកទៅប្រឡាក់ប្រឡូសនឹងបំណងបង្កើតរដ្ឋាភិបាលក្រៅប្រទេស ព្រោះលោកមិនពាក់ព័ន្ធ មិនគាំទ្រ និងចូលរួមក្នុងចលនានោះទេ។
សារនេះធ្វើឡើងតាមរយៈលោកមេធាវី ចាន់ ចេន កាលពីថ្ងៃទី៧ ខែសីហា ដោយមេធាវី និងជាសហការីរបស់ប្រធានបក្សប្រឆាំងរូបនេះបញ្ជាក់ថា លោក កឹម សុខា មិនត្រឹមតែមិនគាំទ្រការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិនោះទេ លោកថែមទាំងមិនគាំទ្រការបង្កើតគណបក្សនយោបាយថ្មីៗរបស់បុគ្គល ឬក្រុមណានោះដែរ។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី កាលពីថ្ងៃទី១៧ ខែកក្កដា បានប្រកាសអំពាវនាវឲ្យពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធដែលស្នេហាប្រជាធិបតេយ្យ និងការផ្លាស់ប្តូរ នាំគ្នាចូលរួមបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិមួយ ដើម្បីទាមទារយកលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សមកវិញ ពីរបបលោក ហ៊ុន សែន។
នៅប្រទេសភូមា (ឬមីយ៉ាន់ម៉ា) ក្រោយរដ្ឋប្រហារយោធា ដែលដណ្ដើមអំណាចដោយកម្រោលពីគណបក្សដែលជាប់ឆ្នោត និងចាប់មេដឹកនាំគណបក្សប្រឆាំងដាក់ពន្ធនាគារ មន្រ្តីបក្សប្រឆាំងដែលជាប់ឆ្នោត និងពលរដ្ឋម្ចាស់ឆ្នោត រួមទាំងឧត្តមសេនីយ៍យោធាដែលមិនពេញចិត្តរដ្ឋប្រហារនោះផង បានរួមគ្នាបង្កើតរដ្ឋាភិបាលស្រមោលមួយ ហៅថា «រដ្ឋាភិបាលបង្រួបបង្រួមជាតិ» ដើម្បីបញ្ចប់របបយោធាផ្តាច់ការនៅភូមា។
លោក សម រង្ស៊ី ចង់យកគំរូតាមអ្នកស្រលាញ់ប្រជាធិបតេយ្យនៅភូមា និងសង្ឃឹមថា មានការគាំទ្រពីសហគមន៍អន្តរជាតិ។ ប៉ុន្តែរហូតមកដល់ពេលនេះ គម្រោងរបស់លោកក្នុងការបង្កើតរដ្ឋាភិបាលក្រៅប្រទេសនេះ នៅមិនទាន់ចេញជារូបរាងនៅឡើយ។
ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា កំពុងជាប់ក្ដីក្តាំនៅតុលាការពីបទក្បត់ជាតិ។ តុលាការបានដាក់លោកឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយមិនឲ្យចាកចេញពីប្រទេសកម្ពុជា និងគ្មានសិទ្ធិធ្វើនយោបាយឡើយ៕
ថ្ងៃសៅរ៍ទី០៧ ខែសីហា ឆ្នាំ២០២១ ក្នុងនាមខ្ញុំជាមេធាវី និងជាសហការីរបស់ឯកឧត្តម កឹម សុខា...
Posted by Chan Chen on Saturday, August 7, 2021
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។