លោក កឹម សុខា ប្ដេជ្ញា​ធ្វើ​ឲ្យ​ខ្មែរ​រួបរួម​គ្នា ដើម្បី​ជាតិ​ខ្មែរ​ខ្លាំង និង​មាន​កិត្តិយស

ដោយ ហេង រស្មី
2020.06.27
កឹម សុខា 051120 លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ
រូប៖ ហ្វេសប៊ុកលោក កឹម សុខា ថ្ងៃ​ទី១១ ខែ​ឧសភា ឆ្នាំ២០២០

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ក្ដី​ប្រាថ្នា​ជា​ថ្មី​ម្ដង​ទៀត ចង់​ឲ្យ​ខ្មែរ​រួបរួម​គ្នា ដើម្បី​ឲ្យ​ជាតិ​ខ្មែរ រឹងមាំ និង​មាន​កិត្តិយស មិន​មាន​អ្នក​ណា អាច​ប្រមាថ​បាន​ទៀត។ ក្តី​ប្រាថ្នា​របស់​លោក​នេះ ធ្វើឡើង​ក្នុង​ឱកាស​ខួប​កំណើត​របស់​លោក​គម្រប់ ៦៨ឆ្នាំ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​យល់​ថា សារ​របស់​មេ​បក្ស​ប្រឆាំង​រូប​នេះ គ្រាន់​តែ​ធ្វើ​ឡើង​ឲ្យ​ពីរោះ​ស្ដាប់​ប៉ុណ្ណោះ។

នៅ​ក្នុង​ឱកាស​ខួបកំណើត​របស់​លោក​នៅ​ថ្ងៃ​ទី២៧ ខែមិថុនា លោក កឹម សុខា បាន​ឆ្លៀត​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន ដ៏​កម្រ និង​វែង​អន្លាយ​មួយ អម​ជាមួយ​រួប​ភាព ៧សន្លឹក​ដែល​លោក​បាន​ថត​ជាមួយ​ម្ដាយ​ចាស់ ជាមួយ​ក្រុម​គ្រួសារ និង​ជាមួយ​ពលរដ្ឋ​កម្ពុជា កាល​លោក​នៅ​មាន​សេរី​ភាព​ពេញលេញ។ ក្នុង​សារ​នោះ លោក កឹម សុខា បាន​សម្ដែង​នូវ​កតញ្ញូ​ឬ​ការ​ដឹង​គុណ​របស់​លោក ចំពោះ​ឪពុក​ម្ដាយ​របស់​លោក ប្រទេស​កម្ពុជា និង​ពលរដ្ឋ​កម្ពុជា​ផង​ដែរ។

លោក​រៀបរាប់​ថា លោក​ចងចាំ​ជា​និច្ច​នូវ​ដំបូន្មាន​របស់​ឪពុក​ម្ដាយ ដែល​តែងតែ​អប់រំ​ថា កើត​មក​ជា​មនុស្ស ត្រូវ​ធ្វើ​ឲ្យ​ជីវិត​មាន​ន័យ មានតម្លៃ មានប្រយោជន៍ មិនមែន​សម្រាប់​តែ​ខ្លួន​ឯង និង​គ្រួសារ​ទេ គឺ​ត្រូវ​គិត​ពី​សង្គម ពី​ប្រទេស​ជាតិ និង​ពី​មនុស្ស​ជាតិ​ជា​សំខាន់។

ចំពោះ​ប្រទេស​កម្ពុជា​វិញ លោក កឹម សុខា ចាត់​ទុក​ថា ជា​មាតុភូមិ ជា​ទឹក​ដី​កំណើត ឬ​ជា​ផ្ទះ​នៃ​ជីវិត​របស់​លោក ហើយ​លោក​ចង់​ឃើញ​មាតុភូមិ​ខ្ញុំ​មួយ​នេះ មាន​សេចក្ដី​សុខ មាន​សន្តិភាព​ពិត​ឋិតថេរ និង​មាន​ការ​រីក​ចម្រើន​សម្រាប់​ខ្មែរ​គ្រប់​គ្នា។ លោក​បញ្ជាក់​ថា គ្មាន​ហេតុ​ផល​អ្វី​ទៅ​បំផ្លាញ ឬ​នាំ​អ្នក​ដទៃ ឬ​គាំទ្រ​អ្នក​ណា​មក​បំផ្លាញ​ប្រទេស​កម្ពុជា ដែល​ជា​ជម្រក​តែ​មួយ​គត់​សម្រាប់​ជីវិត​លោក​ឡើយ។ លោក​ចូលរួម​គាំទ្រ​នូវ​ជំហរ​ការពារ​អធិបតេយ្យ ឯករាជ្យ និង​បូរណភាព​ទឹក​ដី​កម្ពុជា ព្រមទាំង​សន្យា​ថា នឹង​មិន​បោះបង់ ឬ​រត់​ចោល​មាតុភូមិ​កម្ពុជា​ឡើយ។

ចំណែក​ប្រជា​ពលរដ្ឋ​ខ្មែរ​វិញ មេ​បក្ស​ប្រឆាំង​រូប​នេះ ចាត់​ទុក​ថា ជា​បង​ប្អូន​រួម​ឈាម ជា​ចៅហ្វាយ និង​ជា​អ្នក​មាន​គុណ​របស់​លោក​ដែរ។ លោក​អះអាង​ថា លោក ឈឺ​ចាប់​ណាស់ នៅ​ពេល​ដែល​ឃើញ​ខ្មែរ​កាប់​សម្លាប់​គ្នា ជេរ​ប្រមាថ​គ្នា ចោទ​ប្រកាន់​មួល​បង្កាច់​គ្នា សង​សឹក​បំផ្លាញ​គ្នា ជាពិសេស​ខ្មែរ​បែក​បាក់​គ្នា មិន​អាច​រួបរួម​ជាតិ​បាន។

មេ​បក្ស​ប្រឆាំង​រូប​នេះ សរសេរ​ទៀត​ថា លោក​នៅតែ​មាន​គោល​បំណង មាន​ក្តី​សង្ឃឹម និង​មាន​ការ​ព្យាយាម​ឲ្យ​ខ្មែរ​រួបរួម​គ្នា ដើម្បី​ជាតិ​ខ្មែរ​រឹងមាំ ប្រកបដោយ​កិត្តិយស ​មិន​អាច​អ្នក​ណា​ប្រមាថ​បាន​។

ឆ្លើយ​តប​ទៅ​នឹង​សារ​របស់​លោក កឹម សុខា នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ បញ្ជាក់​ថា ការ​បង្រួបបង្រួម​ជាតិ និង​ឯកភាព​ជាតិ​ដោយ​យក​បរទេស​មក​ធ្វើ​ជា​ចៅហ្វាយ​នាយ​ក្នុង​បញ្ហា​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា គឺ​មិន​អាច​ទៅ​រួច​ឡើយ៖ «បើ​អ្នក​នយោបាយ​យក​បរទេស ធ្វើ​ជា​គំរូ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស អ្នក​នយោបាយ​បែប​នេះ គឺ​ជា​អ្នក​នយោបាយ​បំផ្លាញ​ជាតិ។ ប្រជាធិបតេយ្យ សេរី ពហុបក្ស​នៅ​កម្ពុជា គឺ​ធ្វើ​បែប​កម្ពុជា មិន​មែន​ទៅ​យក​គំរូ​តាម​បរទេស ហើយ​ឲ្យ​ប្រទេស​ជា​អ្នក​វាយ​តម្លៃ​ទេ គឺ​ប្រជាជន​កម្ពុជា​អ្នក​វាយ​តម្លៃ​ខ្លួន​ឯង​ផ្ទាល់។ នេះ​ហើយ គឺ​ជា​ឯកភាព​បង្រួបបង្រួម​ជាតិ»

ចំណែក​អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍន៍​សង្គម បណ្ឌិត មាស នី យល់​ថា ក្តី​ប្រាថ្នា​របស់​លោក កឹម សុខា នេះ គឺ​មិន​ខុស​គ្នា​ពី​ប្រាថ្នា​របស់​ប្រជាពលរដ្ឋ​ទូទៅ​នោះ​ទេ ព្រោះ​ប្រទេស​កម្ពុជា​នៅ​ពេល​នេះ កំពុង​ទទួល​រង​នៅ​ការ​បែកបាក់​ធ្ងន់ធ្ងរ៖ «អ្វី​ដែល​យើង​ចង់​បាន​គឺ ចង់​ឲ្យ​មាន​ការ​បង្រួបបង្រួម​ជាតិ និង​មាន​ឯកភាព​ជាតិ។ នេះ​គឺ​ជា​រឿង​សំខាន់។ រាល់​ថ្ងៃ​នេះ យើង​កំពុង​តែ​ប្រឈម​ជា​មួយ​នឹង​ការ​បែកបាក់​គ្នា។ អ្នក​នយោបាយ​ចង់​ឈ្នះ​ចង់​ចាញ់​រហូត​ដល់​ពេល​ខ្លះ​ភ្លេច​ទាំង​គោលដៅ​រួម​សម្រាប់​កសាង​ជាតិ គឺ​ថា ធ្វើ​ម៉េច​ក៏​ដោយ ឲ្យ​តែ​ខ្លួន​ឯ​ងឈ្នះ»

លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​របប​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាល​ពី​​ថ្ងៃ​ទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយ​ចោទ​ប្រកាន់​ពី​បទ​ត្រូវ​រ៉ូវ​គ្នា​ជាមួយ​បរទេស​ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ។ តុលាការ​ក្រុង​ភ្នំពេញ​ កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៩ ​ បានសម្រេច​កែប្រែ​លក្ខខណ្ឌ​នៃ​កាតព្វកិច្ច​មួយ​ចំនួន​សម្រាប់​លោក កឹម សុខា គឺ​អនុញ្ញាត​ឱ្យ​លោក​អាច​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​ ប៉ុន្តែ​មិន​ឱ្យ​ចាក​ចេញ​ពី​កម្ពុជា ឡើយ​ ហើយក៏​មិន​ឲ្យ​លោក​ធ្វើ​សកម្មភាព​នយោបាយ​ដែរ។ ក្រៅពី​នេះ​ តុលា​ការបាន​តម្រូវ​ឱ្យ​លោក​ឆ្លើយតប​នឹង​ការ​កោះហៅ​ពី​គ្រប់​សមត្ថកិច្ច។

ទោះ​ជា​យ៉ាង​ណា ក្រុម​អង្គការ​ជាតិ​និង​អន្តរជាតិ ដែល​ឃ្លាំ​មើល​នយោបាយ និង​សិទ្ធិមនុស្ស​នៅ​កម្ពុ​ជា ព្រម​ទាំង​ក្រុម​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ ចាត់​ទុក​ថា ​ការ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​មេ​បក្ស​ប្រឆាំង​នេះ ជា​រឿង​នយោបាយ ដោយសារ​​លោក ហ៊ុន សែន ខ្លាច​ចាញ់​ឆ្នោត​​កាល​ពី​ឆ្នាំ២០១៨ កន្លង​ទៅ បន្ទាប់​ពី​មើល​ឃើញ​ថា គណបក្ស​ប្រឆាំង​មួយ​នេះ មាន​កម្លាំង​គាំទ្រ​ប្រកៀកប្រកិត​ជាមួយ​គណបក្ស​កាន់​អំណាច។

ក្នុង​ឱកាស​ខួប​កំណើត​របស់​លោក​នេះ ក្រុម​អ្នក​គាំទ្រ ក៏​បាន​បង្ហោះ​សារ​បង្ហាញ​ក្តី​នឹក​រលឹក និង ជូន​ពរ​លោក កឹម សុខា ឲ្យ​ឆាប់​ទទួល​បាន​សិទ្ធិ​សេរីភាព​ធ្វើ​នយោបាយ​ពេញលេញ​ឡើង​វិញ៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។