ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា រម្លឹកថា កម្ពុជាមិនអាចខ្វះជំនួយអន្តរជាតិបាននោះទេ។ លោក កឹម សុខា សរសេរសារនៅលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី៣ ខែមីនា ក្រោយលោកជួបឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំកម្ពុជាអ្នកស្រី អ៊ីវ៉ា ង្វៀនប៊ិញ (Eva Nguyen Binh)។ ខុសពីលើកមុនៗ លើកនេះ លោកទៅជួបមន្ត្រីទូតបារាំង ដោយផ្ទាល់ដល់ក្នុងស្ថានទូតតែម្ដង។
លោក កឹម សុខ ថា នៅក្នុងជំនួបនោះ លោកនិងតំណាងទូតបារាំង ជជែកគ្នាអំពីទំនាក់ទំនងរវាងប្រទេសកម្ពុជា និងសហភាពអឺរ៉ុប ដែលមានបារាំងជាសមាជិកដែរ។ លោកថា តាមការពិសោធន៍ជាក់ស្ដែង សម្រាប់ប្រទេសក្រីក្រដូចកម្ពុជា គឺតែងតែពឹងពាក់ជំនួយពីប្រទេសអ្នកមាន ទាំងលើវិស័យសេដ្ឋកិច្ច និងជាពិសេស កម្ពុជាត្រូវការជំនួយ ពេលមានជាវិបត្តិនានាកន្លងមក។
លោកថា លោកនៅតែបន្តទំនាក់ទំនងល្អជាមួយសហគមន៍អន្តរជាតិ ដើម្បីខ្មែរ។
តាំងពីតុលាការនៃរដ្ឋាភិបាលលោក ហ៊ុន សែន បានបន្ធូរបន្ថយការរឹតត្បិតសិទ្ធិសេរីភាពលោក កឹម សុខា ដោយដកបម្រាមខ្លះ ដែលធ្លាប់ហាមលោក មិនឱ្យចេញពីផ្ទះ មន្ត្រីតំណាងទូតប្រទេសប្រជាធិបតេយ្យសេរីជាច្រើន បានបណ្ដាក់គ្នាទៅជួបសួរសុខទុក្ខលោក កឹម សុខា ដោយផ្ទាល់ និងញឹកញាប់ ដល់គេហដ្ឋានលោក កឹម សុខា។
អ្នកឃ្លាំមើលសង្គម យល់ថាវត្តមានរបស់មន្ត្រីតំណាងទូតលោកសេរី ទៅសួរសុខទុកលោក កឹម សុខា ទាំងលោកកំពុងជាប់ក្ដីក្ដាំនៅតុលាការ និងរងការរឹតត្បិតសិទ្ធិនយោបាយបែបនេះ ជាសារបញ្ជាក់ប្រាប់របបក្រុងភ្នំពេញថា សហគមន៍អន្តរជាតិ នៅតែខ្វល់ខ្វាយអំពីសិទ្ធិសេរីភាព និងសិទ្ធិធ្វើនយោបាយរបស់មេបក្សប្រឆាំងរូបនេះ និងព្រួយបារម្ភអំពីស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យជារួម។
កន្លងមកសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មរដ្ឋាភិបាលលោក ហ៊ុន សែន ដោយដកការអនុគ្រោះពន្ធ EBA ២០ភាគរយ និងកាត់ផ្ដាច់ជំនួយទាំងអស់ ដែលធ្លាប់ផ្ដល់ដល់កម្ពុជា លើកលែងតែជំនួយមនុស្សធម៌។ ទណ្ឌកម្មទាំងនេះ ជាការព្រមាន ដល់របបក្រុងភ្នំពេញ ឱ្យស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។
លោក កឹម សុខា ថា លោកនៅតែសង្ឃឹមជឿជាក់លើមិត្តល្អរបស់កម្ពុជា។ ជំនួបរវាងលោក កឹម សុខា ជាមួយឯកអគ្គរដ្ឋទូត បារាំងដល់ក្នុងស្ថានទូតនេះ កើតមានឡើងតែប៉ុន្មានថ្ងៃ ស្របពេលដែលតុលាការរបបក្រុងភ្នំពេញបានកាត់ទោសមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដទៃទៀត រួមទាំងលោក សម រង្ស៊ី ផងឱ្យជាប់គុកដល់ទៅជាង ២០ឆ្នាំ ដោយបានដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះបោះឆ្នោតផង។ ក៏ប៉ុន្តែ តុលាការនៅតែពុំទាន់ចាត់ការសំណុំរឿងលោក កឹម សុខា នៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។