រដ្ឋមន្រ្តីការពារជាតិកម្ពុជាលោក ទៀ បាញ់ បានចូលរួមកិច្ចប្រជុំថ្នាក់តំបន់សំខាន់ៗចំនួនបីតាមប្រព័ន្ធអ៊ីនធឺណិត រយៈពេលពីរថ្ងៃ គឺថ្ងៃទី១៥ និងទី១៦ ខែមិថុនា។ ក្នុងនោះរួមមាន កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៥ និង កិច្ចប្រជុំប្រជុំក្រៅផ្លូវការ ថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន ដែលរដ្ឋមន្រ្តីការពារជាតិប្រ៊ុយណេ (Brunei) ធ្វើជាប្រធាន។
ក្រសួងការពារជាតិឲ្យដឹងថាកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ានលើកទី១៥នេះបានអនុម័តឯកសារទស្សនទានចំនួន៤ ឆ្ពោះទៅកាន់ការត្រៀមជាស្រេចសម្រាប់អនាគត សន្តិភាព និងវិបុលភាពអាស៊ាន។
លោក ទៀ បាញ់បានថ្លែងនៅក្នុងកិច្ចប្រជុំនោះថានៅពេលកម្ពុជានឹងធ្វើជាប្រធានអាស៊ានឆ្នាំក្រោយវិញ កម្ពុជានឹងពិចារណាលើគំនិតផ្តួចផ្តើមមួយចំនួន ដើម្បីចែករំលែកជាមួយអាស៊ាន ដែលនឹងធ្វើឱ្យប្រសើរឡើងនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់កងកម្លាំងការពារជាតិអាស៊ាន ក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងរួម លើកកម្ពស់ឯកភាពអាស៊ាន និងធានានិរន្តភាពនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងរបស់អាស៊ាន។
នៅក្នុងកិច្ចប្រជុំកិច្ចប្រជុំអាស៊ាន-ចិន ស្ដីពីបរិយាកាស សន្តិសុខតំបន់ និងអន្តរជាតិ។ លោកទៀ បាញ់ មានប្រសាសន៍ថា កិច្ចប្រជុំនេះ ជាឱកាសមួយដ៏ល្អ ក្នុងការបង្កើនទំនាក់ទំនងអាស៊ាន-ចិន ឈានដល់កម្រិតខ្ពស់បន្ថែមទៀត ដើម្បីកសាងសហគមន៏មួយ ដែលមានអនាគតរួមគ្នា ការបើកទំព័រថ្មីឆ្ពោះទៅរកវិបុលភាពរួមរបស់អាស៊ាន-ចិន។
រីឯសមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ដ្រីការពារជាតិចិនលោក វេ ហ្វ៊ុងហឺ (Wei Fenghe)វិញ លើកឡើងថា អាស៊ាន និងចិន បានក្លាយទៅជាទំនាក់ទំនងមួយ ដែលមានថាមពល និងប្រសិទ្ធភាព ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ឆ្នាំនេះ គឺជាខួបលើកទី៣០ នៃទំនាក់ទំនងរវាងអាស៊ាន និងចិន។ លោក បន្ថែមថាកិច្ចសហប្រតិបត្ដិការសន្ដិសុខ រវាងចិន និង អាស៊ាននេះ គឺជាការកសាងសហគមន៍ អាស៊ាន ចិន អនាគតរួមគ្នា ដែលជាគោលដៅសំខាន់បំផុត។
ការថ្លែងរបស់រដ្ឋមន្រ្តីការពារជាតិកម្ពុជានិងចិននេះគឺនៅស្របពេលក្រុមអ្នកតាមដានកិច្ចការអន្តរជាតិរិះគន់ថាចិនកំពុងតែបញ្រ្ជៀតឥទ្ធិពលយោធានិងសេដ្ឋកិច្ចរបស់ខ្លួនមកលើតំបន់អាស៊ានពិសេសកម្ពុជាដើម្បីពង្រីកឥទ្ធិពលភូមិសាស្រ្តនយោបាយរបស់ខ្លួន។ ជាក់ស្ដែងដូចជាកន្លងមកកាសែតរបស់អាមេរិកបានដាក់ការសង្ស័យថា ចិនមានមហិច្ឆតាដាក់មូលដ្ឋានទ័ពនៅកំពង់ផែរាមក្រុងព្រះសីហនុជាដើម។ កាលពីសប្ដាហ៍មុនស្ថានទូតអាមេរិក បានស្នើរដ្ឋាភិបាលកម្ពុជា ទៅទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាមជាថ្មីម្តងទៀត ក្រោយពីភាគីកម្ពុជាមិនឲ្យមន្រ្តីអនុព័ន្ធយោធាទូតរបស់ខ្លួនពិនិត្យទីតាំងយោធា ដែលសង្ស័យថា ចិនមានមហិច្ឆតាដាក់មូលទ័ពនៅទីនោះ ឲ្យបានពេញលេញនោះទេ។ ក៏ប៉ុន្តែសំណើទស្សនកិច្ចលើកទី២នេះត្រូវបានរដ្ឋាភិបាលកម្ពុជាបដិសេធ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។