រដ្ឋមន្រ្តី​ការពារជាតិអាស៊ាន បើកកិច្ចប្រជុំ​ជជែក​អំពី​សន្តិសុខ​តំបន់​និងអន្តរជាតិ​

0:00 / 0:00

រដ្ឋមន្រ្តី​ការពារ​ជាតិកម្ពុជាលោក ទៀ បាញ់ បានចូលរួម​កិច្ចប្រជុំថ្នាក់តំបន់​សំខាន់ៗ​ចំនួន​បី​តាម​ប្រព័ន្ធ​អ៊ីនធឺណិត រយៈពេលពីរ​ថ្ងៃ គឺថ្ងៃទី១៥ និង​ទី១៦ ខែមិថុនា។ ក្នុងនោះ​រួមមាន​ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​លើកទី១៥ និង កិច្ចប្រជុំ​ប្រជុំ​ក្រៅ​ផ្លូវ​ការ​ ថ្នាក់រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​-​ចិន ដែល​រដ្ឋមន្រ្តី​ការពារជាតិ​ប្រ៊ុយណេ (Brunei)​ ធ្វើជា​ប្រធាន។

ក្រសួងការពារជាតិ​ឲ្យដឹង​ថាកិច្ចប្រជុំថ្នាក់​រដ្ឋមន្រ្តី​អាស៊ាន​លើកទី​១៥​នេះបាន​អនុម័ត​ឯកសារ​ទស្សនទា​ន​ចំនួន​៤​ ឆ្ពោះទៅ​កាន់​ការ​ត្រៀម​​ជា​ស្រេច​សម្រាប់​អនាគត ​សន្តិភាព​ និង​វិបុល​ភាព​អាស៊ាន​។​

លោក ទៀ បាញ់​បានថ្លែង​នៅក្នុង​កិច្ចប្រជុំនោះ​ថានៅ​ពេល​កម្ពុជា​នឹង​ធ្វើជា​ប្រធាន​អាស៊ាន​ឆ្នាំ​ក្រោយ​វិញ កម្ពុជា​នឹង​ពិចារណា​លើ​គំនិត​ផ្តួចផ្តើម​មួយ​ចំនួន​ ដើម្បី​ចែក​រំលែក​ជាមួយ​អាស៊ាន ដែលនឹង​ធ្វើឱ្យប្រសើ​​រ​ឡើង​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​កង​កម្លាំង​ការពារ​ជាតិ​អាស៊ាន ​ក្នុង​កា​រប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គំរាមកំហែង​រួម​ លើក​កម្ពស់​ឯកភាព​អាស៊ាន ​និង​ធានា​និរន្តភាព​នូវ​កិច្ចសហប្រតិបត្តិការ​ជាក់​ស្តែង​របស់អាស៊ាន។​

នៅក្នុង​កិច្ចប្រជុំកិច្ច​ប្រជុំ​អាស៊ាន-ចិន ​ស្ដី​ពី​​បរិយា​​កា​​ស សន្តិ​សុខ​​តំបន់​​ និង​អន្ត​រ​ជាតិ​។ លោកទៀ បាញ់ មានប្រសាសន៍ថា កិច្ចប្រជុំនេះ ជា​ឱកាស​មួយដ៏​ល្អ ​ក្នុងការ​បង្កើន​ទំនាក់​ទំនង​អាស៊ាន​-​ចិន​ ឈាន​ដ​ល់កម្រិត​ខ្ព​ស់បន្ថែមទៀត ​ដើម្បី​កសាង​សហគមន៏​មួយ​ ដែល​មាន​អនាគត​រួមគ្នា ​ការ​បើក​ទំព័រ​ថ្មី​ឆ្ពោះ​ទៅ​រ​ក​វិបុល​ភាព​រួមរបស់​អាស៊ាន-ចិន​។​

រីឯសមាជិក​ក្រុម​ប្រឹក្សារដ្ឋ និង​ជា​រដ្ឋមន្ដ្រី​ការពារ​ជាតិ​ចិន​លោក វេ ហ្វ៊ុងហឺ (Wei Fenghe)វិញ ​លើកឡើង​ថា អាស៊ាន​ និង​ចិន​ បានក្លាយទៅ​ជា​ទំនាក់ទំនង​មួយ​ ដែល​មាន​ថាមពល ​និង​ប្រសិទ្ធភាព​ ​ក្នុងតំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​ ឆ្នាំនេះ​ គឺ​ជាខួបលើ​កទី​៣០​ នៃ​ទំនាក់​ទំនង​រវាងអាស៊ាន ​និង​ចិ​ន។ លោក បន្ថែមថាកិច្ច​សហប្រតិបត្ដិការស​ន្ដិសុខ​ រវាងចិន និង អាស៊ាននេះ គឺ​ជា​ការកសាង​សហគមន៍​ អាស៊ាន ​ចិន​ ​អនាគត​រួម​គ្នា​ ដែល​ជា​គោលដៅ​សំខាន់​បំផុត​។

ការថ្លែង​របស់រដ្ឋមន្រ្តី​ការពារជាតិ​កម្ពុជានិង​ចិន​នេះគឺ​នៅស្របពេល​ក្រុម​អ្នកតាម​ដាន​កិច្ចការ​អន្តរជាតិ​រិះគន់​ថាចិន​កំពុង​តែ​បញ្រ្ជៀត​ឥទ្ធិពល​យោធានិង​សេដ្ឋកិច្ចរបស់​ខ្លួនមកលើ​តំបន់​អាស៊ាន​ពិសេស​កម្ពុជាដើម្បី​ពង្រីក​ឥទ្ធិពល​ភូមិសាស្រ្តនយោបាយ​របស់​ខ្លួន។ ជាក់​ស្ដែង​ដូចជា​កន្លងមក​កាសែត​របស់​អាមេរិក​បាន​ដាក់​ការ​សង្ស័យ​ថា ចិន​មានមហិច្ឆតា​ដាក់​មូលដ្ឋានទ័ព​នៅ​កំពង់ផែរាម​ក្រុង​ព្រះសីហនុ​ជាដើម។ កាលពីសប្ដាហ៍​មុនស្ថានទូត​អាមេរិក បាន​ស្នើរដ្ឋាភិបាលកម្ពុជា​ ទៅ​ទស្សនកិច្ច​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​ជាថ្មី​ម្តងទៀត​ ​ក្រោយពីភាគី​កម្ពុជា​មិន​ឲ្យ​មន្រ្តី​អនុព័ន្ធយោធា​ទូតរបស់ខ្លួន​ពិនិត្យ​ទីតាំង​យោធា​ ដែលសង្ស័យ​ថា ចិន​មាន​មហិច្ឆតា​ដាក់​មូលទ័ព​នៅទី​នោះ ឲ្យបាន​ពេញលេញនោះទេ​។​ ក៏ប៉ុន្តែសំណើ​ទស្សនកិច្ចលើកទី២​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​បដិសេធ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។