សហគមន៍​ខ្មែរ​នៅ​អឺរ៉ុប​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ថ្មី​របស់​របប​ក្រុង​ភ្នំពេញ​ដែល​ទើប​បង្កើត

មួង ណារ៉េត
2018.09.08
ហ៊ីង សុខសាន្ត ៦២២ ប្រធាន​ចលនាយុវជន​គណបក្ស​សង្គ្រោះជាតិ លោក ហ៊ីង សុខសាន្ត។
RFA

សហគមន៍​ខ្មែរ​នៅ​សហភាព​អឺរ៉ុប​ប្រមាណ ៥០០ នាក់ រួម ទាំង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន​ផង បាន​នាំ​គ្នា​ធ្វើបាតុកម្ម នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាលពី​ថ្ងៃទី៨ ខែ​កញ្ញា​នេះ ដើម្បី​ប្រកាស​មិន​ទទួលស្គាល់​រដ្ឋាភិបាល និង​សភា​ថ្មី​នៃ​របប​លោក ហ៊ុន សែន ដែល​ចាត់ទុកថា​មិន​ស្របច្បាប់ ដោយសារ​កើត​ចេញ​ពី​ការបោះឆ្នោត មិន​ឆ្លុះបញ្ចាំង​ឆន្ទៈ​ពិតប្រាកដ​របស់​រាស្ត្រ។

អ្នក​រៀបចំ​ការ​តវ៉ា និង​ជា​ថ្នាក់ដឹកនាំ​របស់​គណបក្ស​សង្គ្រោះជាតិ នៅ​ក្រៅ​ប្រទេស​មួយ​រូប គឺ​លោក លី ពឿង ចាត់​ទុក​ការ​ធ្វើ​បាតុកម្ម នៅ​ទីក្រុង​ហ្សឺណែវ ដែល​ជា​ទីស្នាក់ការ​ធំ របស់​អង្គការ​សហប្រជាជាតិ ផ្នែក​សិទ្ធិមនុស្ស គឺជា​ការ​ផ្ញើ​សារ​ឲ្យ​ឮ​ដល់​ពិភពលោក អំពី​ការ​មិន​ពេញចិត្ត របស់​ពលរដ្ឋ​ខ្មែរ​ក្រៅ​ប្រទេស ជុំវិញ​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ ក្រោម​កណ្ដាប់ដៃ​របស់​លោក ហ៊ុន សែន៖ «យើង​ចំណាយ​កម្លាំងកាយ កម្លាំងចិត្ត ដោយ​ស្ម័គ្រចិត្ត ដើម្បី​សម្ដែង​ការ​ឈឺចាប់ និង​មិន​ទទួលស្គាល់​រដ្ឋាភិបាល​នៃ​របប​ថ្មី​របស់​លោក ហ៊ុន សែន អត់​ក្បាល មាន​តែ​កន្ទុយ​។ សង្ឃឹមថា អង្គការសហប្រជាជាតិ និង​ដាក់ទណ្ឌកម្ម​របប​នេះ​ថែមទៀត»

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក ម៉ែន សុថាវរិន្ទ្រ សម្ដែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង ដែល​របប​លោក ហ៊ុន សែន រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ ដែល​ជា​សមិទ្ធផល​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​បារី​ស​ឆ្នាំ ១៩៩១៖ «យើង​ប្រកាស​ជា​ចំហ និង​ដាច់អហង្ការ មិន​គាំទ្រ​របប​នេះ​ទេ ព្រោះ​នេះ​ជា​ការ​រំលោភ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​បារីស ដោយ​ការ​បោះឆ្នោត​ក្លែងក្លាយ»

លោក សន ដារ៉ា ដែល​ជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ដែរ បាន​ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​តវ៉ា​ទាំងអស់​ថា ការប្រព្រឹត្តិ​របស់​លោក ហ៊ុន សែន និង របប​សព្វថ្ងៃ គឺជា​បច្ច័យ ដែល​នាំ​ទុក្ខ​ដល់​ពលរដ្ឋ​ខ្មែរ​ទាំងមូល និង​ជា​ការ​បំផ្លាញ​ទាំង​គណបក្ស​ប្រជាជន​ខ្លួនឯង៖ «ហ៊ុន សែន ចប់​ហើយ​! ចង់​ទី​មួយ គឺ​អស់​ការ​គាំទ្រ​ពី​ពលរដ្ឋ ព្រោះ​ប្រជាជន​ស្អប់ខ្ពើម​គាត់​ដូច​លាមក។ ទី​ពីរ​គាត់​ចប់​ការ​គាំទ្រ​ពី​អន្តរជាតិ និង​ទី​បី​ចប់​ដោយសារ​មន្ត្រី​បក្ស​ប្រជាជន គាំទ្រ​លោក ហ៊ុន សែន ដោយសារតែ​ខ្លាច​បាត់​ប្រយោជន៍​ខ្លួន និង​ដើម្បី​តែ​បុណ្យ​សក្ដិ»

របប​លោក ហ៊ុន សែន រង​ការរិះគន់ និង​ថ្កោលទោស​យ៉ាង​ចាស់ដៃ ពី​ប្រទេស​លោក​សេរី។ ប៉ុន្តែ របប​នេះ​បាន​ទទួល​ការ​សាទរ និង​គាំទ្រ​ពី​រដ្ឋាភិបាល​ចិន​កុម្មុយនិស្ត និង​ប្រទេស​ដែល​មាន​មេដឹកនាំ​ផ្ដាច់ការ​មួយ​ចំនួន​ទៀត។ ប្រការ​នេះ ធ្វើ​ឲ្យ​អ្នក​តវ៉ា​សរសេរ​ញត្តិ​ដើម្បី​ផ្ញើ​ជូន​ទៅ​រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី (Wang Yi) ដោយ​ទាមទារ​ឲ្យ​ចិន ឈប់​ចូល​ដៃ​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​តទៅទៀត។

លោក ម៉ែន សុថាវរិន្ទ្រ ព្រមាន​ទៅ​រដ្ឋាភិបាល​ចិន ថា​នឹង​គេច​មិន​ផុត​ពី​ការ​ថ្កោលទោស ពី​ពលរដ្ឋ​ខ្មែរ​ឡើយ បើ​ចិន​មិន​ប្ដូរ​ឥរិយាបថ៖ «សូម​អំពាវនាវ​ដល់​ប្រទេស​ចិន កុំ​ទទួលស្គាល់​រដ្ឋាភិបាល​ខ្មែរ ដែល​កើត​ចេញ​ពី​ការបោះឆ្នោត​ក្លែងក្លាយ។ ចិន​ជា​ប្រទេស​ហត្ថលេខី កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស មិន​ត្រូវ​អបអរសាទរ ការ​ស្លាប់​នៃ​ប្រជាធិបតេយ្យ។ បើ​ចិន​នឹង​ប្រឈម​ការ​ថ្កោលទោស​ពី​ពលរដ្ឋ​ខ្មែរ»

លោក ថៃ មករា ដែល​ជា​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​មួយ​រូប​ដែរ បាន​ថ្លែង​រម្លឹក​អំពី​ភាព​អវិជ្ជមាន នៃ​ការ​លូកដៃ​ចូល​ក្នុង​កិច្ចការ​នយោបាយ និង​ការ​សម្រេច​ចិត្ត​របស់​ពលរដ្ឋ​ខ្មែរ តាមរយៈ​ការ​គាំទ្រ​របប​លោក ហ៊ុន សែន ទាំង​មិន​គិត​អំពី​ផល​ប៉ះពាល់ នៃ​ភាព​រង​ទុក្ខ​វេទនា​របស់​ប្រជាជាតិ​នេះ ដោយសារតែ​ចិន៖ «ទំនាក់ទំនង​រវាង​ខ្មែរ​និង​ចិន មាន​ភាព​ជូរចត់​បំផុត។ ចិន​ចូលរួម​សម្លាប់​ប្រជារាស្ត្រ​ជាង​បី​លាន​នាក់ តាមរយៈ​ការ​សម្លាប់​សំឡេង​ប្រជាពលរដ្ឋ​ខ្មែរ។ ចិន​ចូលរួម​បំផ្លាញ​ប្រទេស​ខ្មែរ​ម្ដង​ទៀត»

អ្នកចូលរួម​បាតុកម្ម បាន​រម្លឹក​អំពី​អតីតកាល​ដ៏​ជូរចត់ និង​ខ្មៅ​ងងឹត​នៃ​របប​នាវាពិឃាត កាលពី​ជាង ៤០​ឆ្នាំមុន ដែល​កាលណោះ​ក៏​ចិន​ជួយ​ខ្មែរ​ដែរ គឺ​ជួយ​ពួក​ខ្មែរក្រហម។ ក្រោម​ការដឹកនាំ​របស់​ពួក​ខ្មែរក្រហម កាល​ពី​ថ្ងៃ​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ ១៩៧៩ យ៉ាងហោចណាស់ ពលរដ្ឋ​ខ្មែរ​ជាង ១​លាន ៧ សែន​នាក់ បាន​ស្លាប់​បាត់​បង់ជីវិត ដោយសារ​ការ​បង្អត់​អាហារ ធ្វើការ​ហួស​កម្លាំង និង​ការ​យក​ទៅ​សម្លាប់ចោល។

នាយក​កម្មវិធីសិក្សា​អំពី​ប្រទេស​ចិន និង អាស៊ី​ប៉ាស៊ីហ្វិក នៃ​សាកលវិទ្យាល័យ ឃនែល (Cornell University) របស់​សហរដ្ឋអាមេរិក លោក អែនឌ្រូ មើស្សា (Andrew Mertha) បាន​ប្រាប់​កាសែត the New York Times ថា​ជំនួយ​បរទេស ដែល​របប​ខ្មែរក្រហម​ទទួល​បាន យ៉ាងហោចណាស់ ៩០% បាន​ពី​ប្រទេស​ចិន។ ជំនួយ​ទាំងនោះ រួមមាន​គ្រឿង​សព្វាវុធ​ផង ដូចជា​រថក្រោះ យន្តហោះ និង​កាំភ្លើង​ធំ។ មិនតែប៉ុណ្ណោះ ចិន​ក៏បាន​បញ្ជូន​ជំនាញការ យោធា​ចិន​ជាច្រើន ទៅ​បណ្ដុះបណ្ដាល​កម្មាភិបាល​ខ្មែរក្រហម​ផង​ដែរ។ លោក អែនឌ្រូ មើស្សា បញ្ជាក់​ថា “​បើ​កុំ​តែ​បាន​ចិន​ជួយ កុំ​អី​របប​វាល​ពិឃាដ​ខ្មែរក្រហម មិន​អាច​បន្ត​កាន់អំណាច​យូរ​លើស​ពី​មួយ​សប្ដាហ៍​បាន​ផង។

លោក ថៃ មករា បាន​ស្នើ​ឲ្យ​ប្រទេស​ចិន ភ្ញាក់ខ្លួន ឈប់​គាំទ្រ​របប​លោក ហ៊ុន សែន និង ឈប់​ចូលរួម​សម្លាប់​រាស្ត្រ​ខ្មែរ តទៅទៀត ព្រោះ​ខ្មែរ​ឈឺចាប់​ល្មម​គ្រប់គ្រាន់​ហើយ ដោយសារតែ​ឥទ្ធិពល​ចិន​នេះ៖ «សូម​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ងាក​មក​គាំទ្រ​អ្នក​កាន់​ប្រជាធិបតេយ្យ។ ការ​គាំទ្រ​លោក ហ៊ុន សែន គឺជា​ការ​ធ្វើ​ឲ្យ​ចិន​អាម៉ាស់​លើ​ឆាក​អន្តរជាតិ​ដែរ»

ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​ចុងក្រោយ​នេះ របប​លោក ហ៊ុន សែន បាន​ធ្វើទុក្ខបុកម្នេញ​សំឡេង​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់​រូបភាព។ របប​នេះ​បាន​បំបិទ​សិទ្ធិ​សេរីភាព ក្នុង​ការ​ជួប​ប្រជុំ និង​តវ៉ា​ផ្សេងៗ។ លោក ហ៊ុន សែន ថែមទាំង​គំរាម​វាយ​អ្នក​តវ៉ា ដល់​ក្រៅ​ប្រទេស​ទៀត​ផង កាល​ពី​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​អូស្ត្រាលី កាល​ពី​ខែ​មីនា ឆ្នាំ​២០១៨។ ទោះជា​យ៉ាង​នេះ​ក្តី ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​សេរី ក្រោក​តវ៉ា កាន់តែ​ខ្លាំង​លើស​ដើម។

បាតុករ​មួយ​រូប​ទៀត ដែល​ចូលរួម​តវ៉ា ក្នុង​ថ្ងៃ​ម្សិលមិញ​នេះ​ដែរ គឺ​លោក សួន ណារិទ្ធ បាន​អះអាង​អំពី​ភាព​ជោគជ័យ​របស់​ពលរដ្ឋ​ខ្មែរ នៅ​ក្រៅ​ប្រទេស តាមរយៈ​ការ​នាំ​គ្នា​ក្រោក​តវ៉ា ធ្វើ​បាតុកម្ម​គ្រប់ទិសទី​នេះ៖ «យើង​បាន​ទទួល​ផ្លែផ្កា តាមរយៈ​ការ​គាំទ្រ​ពី​សហគមន៍​អឺរ៉ុប និង​ប្រទេស​លោក​សេរី។ ប្រទេស​ជប៉ុន ចុងក្រោយ តាម​ការ​ទាមទារ​របស់​យើង សម្រេច​មិន​បញ្ជូន​អ្នកសង្កេតការណ៍​ទៅ​បោះឆ្នោត​។ ទូត​លោក​សេរី ខ្ពើមរអើម និង​មិន​ទៅ​ចូលរួម​អបអរសាទរ ការ​បង្កើត​សភា​ថ្មី​ទេ»

ពួកគាត់​ប្ដេជ្ញា​ថា នឹង​បន្ត​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន ពេល​លោក​មក​ធ្វើ​ទស្សនកិច្ច នៅ​អឺរ៉ុប នៅ​ពេល​ខាងមុខនេះ៖ «យើង​ដឹង​ច្បាស់​ណាស់​ថា លោក ហ៊ុន សែន ទោះជា​ស្លាប់ ក៏​គាត់​តោង​យក​ក្ដារមឈូស​ទៅតាម​ដែរ។ ដូច្នេះ យើង​ត្រូវតែ​រុញ​ដូច​ថ្ងៃនេះ និង​ថ្ងៃមុន​ដែរ។ ខែក្រោយ​យើង​ទៅ​តវ៉ា នៅ​ទីក្រុង​ប្រ៊ុចសែល»

អាស៊ីសេរី មិនទាន់​អាច​សុំ​ប្រតិកម្ម​ពី​ខាង​របប​លោក ហ៊ុន សែន បាន​នៅឡើយ​ទេ នៅ​ពេល​នេះ។ ប៉ុន្តែ អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច គឺ​លោក សុខ ឥសាន ធ្លាប់​អះអាង​ថា ការ​តវ៉ា​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស គឺជា​សិទ្ធិ​សេរីភាព​របស់​ពួកគាត់ មិន​ប៉ះពាល់​អ្វី​ដល់​ដំណើរ​ប្រព្រឹត្តិ​ទៅ នៃ​ការដឹកនាំ​របស់​របប​ក្រុងភ្នំពេញ​ទេ។ លោក​ហៅ​ក្រុម​អ្នក​តវ៉ា​នៅ​ក្រៅ​ប្រទេស​ថា ជា​មតិ​ភាគតិច​ប៉ុណ្ណោះ។

អាស៊ីសេរី​ក៏​មិនទាន់​អាច​សុំ​ការ​បំភ្លឺ ពី​ស្ថានទូត​ចិន ជុំវិញ​ការ​ទាមទារ​នេះ​នៅឡើយ​ដែរ។

ជា​ចុងក្រោយ ក្រុម​បាតុករ​បាន​ដង្ហែ​ក្បួន​បាតុកម្ម​នេះ ទៅកាន់​ការិយាល័យ​ឧត្ដមស្នងការ​នៃ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។