សហគមន៍ខ្មែរនៅសហភាពអឺរ៉ុបប្រមាណ ៥០០ នាក់ រួម ទាំងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មួយចំនួនផង បាននាំគ្នាធ្វើបាតុកម្ម នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី៨ ខែកញ្ញានេះ ដើម្បីប្រកាសមិនទទួលស្គាល់រដ្ឋាភិបាល និងសភាថ្មីនៃរបបលោក ហ៊ុន សែន ដែលចាត់ទុកថាមិនស្របច្បាប់ ដោយសារកើតចេញពីការបោះឆ្នោត មិនឆ្លុះបញ្ចាំងឆន្ទៈពិតប្រាកដរបស់រាស្ត្រ។
អ្នករៀបចំការតវ៉ា និងជាថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេសមួយរូប គឺលោក លី ពឿង ចាត់ទុកការធ្វើបាតុកម្ម នៅទីក្រុងហ្សឺណែវ ដែលជាទីស្នាក់ការធំ របស់អង្គការសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្ស គឺជាការផ្ញើសារឲ្យឮដល់ពិភពលោក អំពីការមិនពេញចិត្ត របស់ពលរដ្ឋខ្មែរក្រៅប្រទេស ជុំវិញការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ ក្រោមកណ្ដាប់ដៃរបស់លោក ហ៊ុន សែន៖ «យើងចំណាយកម្លាំងកាយ កម្លាំងចិត្ត ដោយស្ម័គ្រចិត្ត ដើម្បីសម្ដែងការឈឺចាប់ និងមិនទទួលស្គាល់រដ្ឋាភិបាលនៃរបបថ្មីរបស់លោក ហ៊ុន សែន អត់ក្បាល មានតែកន្ទុយ។ សង្ឃឹមថា អង្គការសហប្រជាជាតិ និងដាក់ទណ្ឌកម្មរបបនេះថែមទៀត»។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក ម៉ែន សុថាវរិន្ទ្រ សម្ដែងការខកចិត្តយ៉ាងខ្លាំង ដែលរបបលោក ហ៊ុន សែន រំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ ដែលជាសមិទ្ធផលពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសឆ្នាំ ១៩៩១៖ «យើងប្រកាសជាចំហ និងដាច់អហង្ការ មិនគាំទ្ររបបនេះទេ ព្រោះនេះជាការរំលោភស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ដោយការបោះឆ្នោតក្លែងក្លាយ»។
លោក សន ដារ៉ា ដែលជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែរ បានថ្លែងនៅចំពោះមុខអ្នកតវ៉ាទាំងអស់ថា ការប្រព្រឹត្តិរបស់លោក ហ៊ុន សែន និង របបសព្វថ្ងៃ គឺជាបច្ច័យ ដែលនាំទុក្ខដល់ពលរដ្ឋខ្មែរទាំងមូល និងជាការបំផ្លាញទាំងគណបក្សប្រជាជនខ្លួនឯង៖ «ហ៊ុន សែន ចប់ហើយ ! ចង់ទីមួយ គឺអស់ការគាំទ្រពីពលរដ្ឋ ព្រោះប្រជាជនស្អប់ខ្ពើមគាត់ដូចលាមក។ ទីពីរគាត់ចប់ការគាំទ្រពីអន្តរជាតិ និងទីបីចប់ដោយសារមន្ត្រីបក្សប្រជាជន គាំទ្រលោក ហ៊ុន សែន ដោយសារតែខ្លាចបាត់ប្រយោជន៍ខ្លួន និងដើម្បីតែបុណ្យសក្ដិ»។
របបលោក ហ៊ុន សែន រងការរិះគន់ និងថ្កោលទោសយ៉ាងចាស់ដៃ ពីប្រទេសលោកសេរី។ ប៉ុន្តែ របបនេះបានទទួលការសាទរ និងគាំទ្រពីរដ្ឋាភិបាលចិនកុម្មុយនិស្ត និងប្រទេសដែលមានមេដឹកនាំផ្ដាច់ការមួយចំនួនទៀត។ ប្រការនេះ ធ្វើឲ្យអ្នកតវ៉ាសរសេរញត្តិដើម្បីផ្ញើជូនទៅរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) ដោយទាមទារឲ្យចិន ឈប់ចូលដៃរំលោភសិទ្ធិមនុស្ស និងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាតទៅទៀត។
លោក ម៉ែន សុថាវរិន្ទ្រ ព្រមានទៅរដ្ឋាភិបាលចិន ថានឹងគេចមិនផុតពីការថ្កោលទោស ពីពលរដ្ឋខ្មែរឡើយ បើចិនមិនប្ដូរឥរិយាបថ៖ «សូមអំពាវនាវដល់ប្រទេសចិន កុំទទួលស្គាល់រដ្ឋាភិបាលខ្មែរ ដែលកើតចេញពីការបោះឆ្នោតក្លែងក្លាយ។ ចិនជាប្រទេសហត្ថលេខី កិច្ចព្រមព្រៀងទីក្រុងប៉ារីស មិនត្រូវអបអរសាទរ ការស្លាប់នៃប្រជាធិបតេយ្យ។ បើចិននឹងប្រឈមការថ្កោលទោសពីពលរដ្ឋខ្មែរ»។
លោក ថៃ មករា ដែលជាសកម្មជនគណបក្សសង្គ្រោះជាតិមួយរូបដែរ បានថ្លែងរម្លឹកអំពីភាពអវិជ្ជមាន នៃការលូកដៃចូលក្នុងកិច្ចការនយោបាយ និងការសម្រេចចិត្តរបស់ពលរដ្ឋខ្មែរ តាមរយៈការគាំទ្ររបបលោក ហ៊ុន សែន ទាំងមិនគិតអំពីផលប៉ះពាល់ នៃភាពរងទុក្ខវេទនារបស់ប្រជាជាតិនេះ ដោយសារតែចិន៖ «ទំនាក់ទំនងរវាងខ្មែរនិងចិន មានភាពជូរចត់បំផុត។ ចិនចូលរួមសម្លាប់ប្រជារាស្ត្រជាងបីលាននាក់ តាមរយៈការសម្លាប់សំឡេងប្រជាពលរដ្ឋខ្មែរ។ ចិនចូលរួមបំផ្លាញប្រទេសខ្មែរម្ដងទៀត»។
អ្នកចូលរួមបាតុកម្ម បានរម្លឹកអំពីអតីតកាលដ៏ជូរចត់ និងខ្មៅងងឹតនៃរបបនាវាពិឃាត កាលពីជាង ៤០ឆ្នាំមុន ដែលកាលណោះក៏ចិនជួយខ្មែរដែរ គឺជួយពួកខ្មែរក្រហម។ ក្រោមការដឹកនាំរបស់ពួកខ្មែរក្រហម កាលពីថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ ១៩៧៩ យ៉ាងហោចណាស់ ពលរដ្ឋខ្មែរជាង ១លាន ៧ សែននាក់ បានស្លាប់បាត់បង់ជីវិត ដោយសារការបង្អត់អាហារ ធ្វើការហួសកម្លាំង និងការយកទៅសម្លាប់ចោល។
នាយកកម្មវិធីសិក្សាអំពីប្រទេសចិន និង អាស៊ីប៉ាស៊ីហ្វិក នៃសាកលវិទ្យាល័យ ឃនែល (Cornell University) របស់សហរដ្ឋអាមេរិក លោក អែនឌ្រូ មើស្សា (Andrew Mertha) បានប្រាប់កាសែត the New York Times ថាជំនួយបរទេស ដែលរបបខ្មែរក្រហមទទួលបាន យ៉ាងហោចណាស់ ៩០% បានពីប្រទេសចិន។ ជំនួយទាំងនោះ រួមមានគ្រឿងសព្វាវុធផង ដូចជារថក្រោះ យន្តហោះ និងកាំភ្លើងធំ។ មិនតែប៉ុណ្ណោះ ចិនក៏បានបញ្ជូនជំនាញការ យោធាចិនជាច្រើន ទៅបណ្ដុះបណ្ដាលកម្មាភិបាលខ្មែរក្រហមផងដែរ។ លោក អែនឌ្រូ មើស្សា បញ្ជាក់ថា “បើកុំតែបានចិនជួយ កុំអីរបបវាលពិឃាដខ្មែរក្រហម មិនអាចបន្តកាន់អំណាចយូរលើសពីមួយសប្ដាហ៍បានផង។
លោក ថៃ មករា បានស្នើឲ្យប្រទេសចិន ភ្ញាក់ខ្លួន ឈប់គាំទ្ររបបលោក ហ៊ុន សែន និង ឈប់ចូលរួមសម្លាប់រាស្ត្រខ្មែរ តទៅទៀត ព្រោះខ្មែរឈឺចាប់ល្មមគ្រប់គ្រាន់ហើយ ដោយសារតែឥទ្ធិពលចិននេះ៖ «សូមអំពាវនាវឲ្យរដ្ឋាភិបាល ងាកមកគាំទ្រអ្នកកាន់ប្រជាធិបតេយ្យ។ ការគាំទ្រលោក ហ៊ុន សែន គឺជាការធ្វើឲ្យចិនអាម៉ាស់លើឆាកអន្តរជាតិដែរ»។
ក្នុងរយៈពេលជាងមួយឆ្នាំចុងក្រោយនេះ របបលោក ហ៊ុន សែន បានធ្វើទុក្ខបុកម្នេញសំឡេងប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយគ្រប់រូបភាព។ របបនេះបានបំបិទសិទ្ធិសេរីភាព ក្នុងការជួបប្រជុំ និងតវ៉ាផ្សេងៗ។ លោក ហ៊ុន សែន ថែមទាំងគំរាមវាយអ្នកតវ៉ា ដល់ក្រៅប្រទេសទៀតផង កាលពីមុនដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសអូស្ត្រាលី កាលពីខែមីនា ឆ្នាំ២០១៨។ ទោះជាយ៉ាងនេះក្តី ពលរដ្ឋខ្មែរនៅប្រទេសសេរី ក្រោកតវ៉ា កាន់តែខ្លាំងលើសដើម។
បាតុករមួយរូបទៀត ដែលចូលរួមតវ៉ា ក្នុងថ្ងៃម្សិលមិញនេះដែរ គឺលោក សួន ណារិទ្ធ បានអះអាងអំពីភាពជោគជ័យរបស់ពលរដ្ឋខ្មែរ នៅក្រៅប្រទេស តាមរយៈការនាំគ្នាក្រោកតវ៉ា ធ្វើបាតុកម្មគ្រប់ទិសទីនេះ៖ «យើងបានទទួលផ្លែផ្កា តាមរយៈការគាំទ្រពីសហគមន៍អឺរ៉ុប និងប្រទេសលោកសេរី។ ប្រទេសជប៉ុន ចុងក្រោយ តាមការទាមទាររបស់យើង សម្រេចមិនបញ្ជូនអ្នកសង្កេតការណ៍ទៅបោះឆ្នោត។ ទូតលោកសេរី ខ្ពើមរអើម និងមិនទៅចូលរួមអបអរសាទរ ការបង្កើតសភាថ្មីទេ»។
ពួកគាត់ប្ដេជ្ញាថា នឹងបន្តធ្វើបាតុកម្មប្រឆាំងវត្តមានលោក ហ៊ុន សែន ពេលលោកមកធ្វើទស្សនកិច្ច នៅអឺរ៉ុប នៅពេលខាងមុខនេះ៖ «យើងដឹងច្បាស់ណាស់ថា លោក ហ៊ុន សែន ទោះជាស្លាប់ ក៏គាត់តោងយកក្ដារមឈូសទៅតាមដែរ។ ដូច្នេះ យើងត្រូវតែរុញដូចថ្ងៃនេះ និងថ្ងៃមុនដែរ។ ខែក្រោយយើងទៅតវ៉ា នៅទីក្រុងប្រ៊ុចសែល»។
អាស៊ីសេរី មិនទាន់អាចសុំប្រតិកម្មពីខាងរបបលោក ហ៊ុន សែន បាននៅឡើយទេ នៅពេលនេះ។ ប៉ុន្តែ អ្នកនាំពាក្យគណបក្សកាន់អំណាច គឺលោក សុខ ឥសាន ធ្លាប់អះអាងថា ការតវ៉ារបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស គឺជាសិទ្ធិសេរីភាពរបស់ពួកគាត់ មិនប៉ះពាល់អ្វីដល់ដំណើរប្រព្រឹត្តិទៅ នៃការដឹកនាំរបស់របបក្រុងភ្នំពេញទេ។ លោកហៅក្រុមអ្នកតវ៉ានៅក្រៅប្រទេសថា ជាមតិភាគតិចប៉ុណ្ណោះ។
អាស៊ីសេរីក៏មិនទាន់អាចសុំការបំភ្លឺ ពីស្ថានទូតចិន ជុំវិញការទាមទារនេះនៅឡើយដែរ។
ជាចុងក្រោយ ក្រុមបាតុករបានដង្ហែក្បួនបាតុកម្មនេះ ទៅកាន់ការិយាល័យឧត្ដមស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។