ប្រជាពលរដ្ឋមួយចំនួននៅក្នុងខេត្តព្រៃវែង ចាប់ផ្ដើមជួបប្រជុំគ្នាដើម្បីពិភាក្សាស្វែងយល់ពីលទ្ធភាព ក្នុងការបង្កើតគណបក្សនយោបាយមួយចេញពីប្រជាពលរដ្ឋនៅមូលដ្ឋាន។
ការផុសឡើងនៃចលនាបង្កើតគណបក្សនយោបាយថ្មីនៅតាមមូលដ្ឋាននេះ ដោយមានពលរដ្ឋមួយចំនួនហាក់អស់ជំនឿលើគណបក្សដែលខ្លួនធ្លាប់គាំទ្រ។ អង្គការដែលឃ្លាំមើលការបោះឆ្នោត នៅតាមដានមើលនៅឡើយពីលក្ខខណ្ឌនៃការបង្កើតគណបក្សនៅតាមមូលដ្ឋាននេះ។
ប្រជាពលរដ្ឋប្រមាណ ៥០នាក់ មកពីស្រុកចំនួន៣ ក្នុងខេត្តព្រៃវែង បានជួបប្រជុំគ្នាជាលើកដំបូងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៥ ដើម្បីពិភាក្សាពីលទ្ធភាពនៃការបង្កើតគណបក្សនយោបាយ ដែលកើតចេញពីប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
លោក កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម មានប្រសាសន៍ថា ការប្រជុំគ្នានេះ គឺដើម្បីស្វែងយល់ពីឆន្ទៈរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានទាក់ទងរឿងនយោបាយ សិក្សាពីលទ្ធភាពរបស់ពលរដ្ឋក្នុងការបង្កើតបក្សចេញពីមូលដ្ឋានរបស់គាត់នៅតាមឃុំ ជាដើម។
លោក កែម ឡី ថ្លែងថា «ខ្ញុំគិតថា មានសារប្រយោជន៍ ព្រោះនិយាយពីការរួបរួមគ្នានៅខាងលើនោះមិនទទួលបានជោគជ័យទេ គឺសំខាន់មើលសក្ដានុពលការរួបរួមគ្នានៅថ្នាក់មូលដ្ឋានវិញ រឿងរើសមេភូមិ មេឃុំ ឬបេក្ខភាពតំណាងរាស្ត្រដោយប្រជាពលរដ្ឋនោះ ខ្ញុំគិតថា ជោគជ័យហើយប្រទេសកម្ពុជា។ មូលដ្ឋានគ្រឹះប្រជាធិបតេយ្យ គឺនៅភូមិឃុំហ្នឹងហើយ មិនមែននៅតែថ្នាក់ជាតិតិចតួចនោះ រួបរួមគ្នា ហើយពលរដ្ឋបែកបាក់គ្នាក៏មិនល្អដែរ»។
ការបង្កើតគណបក្សនយោបាយថ្មីនេះ ដើម្បីឲ្យប្រជាពលរដ្ឋបានចូលរួមសកម្មក្នុងការងារនយោបាយនៅតាមមូលដ្ឋាន និងចូលរួមជជែកពីគោលនយោបាយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចនៅថ្នាក់មូលដ្ឋាន។
ពលរដ្ឋដែលធ្លាប់គាំទ្រគណបក្សដែលមានអាសនៈនៅក្នុងសភាកន្លងមក គឺគាត់ខកចិត្តក្នុងការចូលរួមដឹកនាំរដ្ឋាភិបាល ឬការសម្រេចកិច្ចការនយោបាយ និងការអភិវឌ្ឍប្រទេសជាដើម ទើបពួកគាត់ហាក់អស់ជំនឿបន្តិចម្ដងៗ។
លោក ពុធ ឃឹម ពលរដ្ឋរស់នៅក្នុងឃុំស្រែកោង ស្រុកបាភ្នំ ខេត្តព្រៃវែង បានថ្លែងថា លោកហាក់ស្ទាក់ស្ទើរក្នុងការគាំទ្រគណបក្សនយោបាយ ដែលលោកធ្លាប់ដើរតាមកន្លងមកនោះ។ លោកថ្លែងថា «អាណត្តិក្រោយខ្ញុំនៅកណ្ដាលមិនបោះឆ្នោត តែបើមានបណ្ដាញថ្មីខ្ញុំគាំទ្រ ព្រោះខ្ញុំជឿលើការសម្រេចធ្វើដោយប្រជាពលរដ្ឋ យើងដឹងខុស ដឹងត្រូវ តែបើមិនមានបណ្ដាញថ្មីទេ ខ្ញុំមិនបោះឆ្នោតទេ»។
អ្នកដែលចូលរួមពិភាក្សានោះ គឺគាំទ្រចំពោះការបង្កើតបក្សថ្មីនៅមូលដ្ឋាននេះ ប្រសិនបើមានការចូលរួមពីសមាគមអ្នកប្រជាធិបតេយ្យផងនោះ។ ការជួបជុំក្នុងការបង្កើតគណបក្សមូលដ្ឋាននៅតាមភូមិឃុំនេះ គឺត្រូវរងការរិះគន់ពីក្រុមគណបក្សប្រឆាំងថា ជាសកម្មភាពបំបែកសំឡេងឆ្នោតគាំទ្រពីគណបក្សប្រឆាំង ហើយផ្ដល់លទ្ធភាពឲ្យគណបក្សកាន់អំណាចកាន់តែមានសំឡេងកើនឡើងទៅវិញ។
តែ លោក កែម ឡី ថ្លែងថា ប្រសិនបើគណបក្សមូលដ្ឋាននេះធ្វើបានល្អនោះ នឹងទាញសំឡេងគាំទ្រពីគណបក្សកាន់អំណាចដែរ ដែលជាការចាប់ផ្ដើមលទ្ធិប្រជាធិបតេយ្យនៅតាមមូលដ្ឋាន។
នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា មានប្រសាសន៍ថា នេះជាលើកទីមួយហើយ ប្រសិនបើប្រទេសកម្ពុជា អាចមានគណបក្សមូលដ្ឋាន បើផ្អែកទៅលើច្បាប់បង្កើតគណបក្សនយោបាយទាមទារលក្ខខណ្ឌច្រើននោះ។ លោកបន្ថែមទៀតថា នេះជាប្រការល្អ ប្រសិនបើរដ្ឋបាលថ្នាក់ជាតិបង្កលទ្ធភាពឲ្យមានការបង្កើតគណបក្សនយោបាយថ្នាក់មូលដ្ឋាន ហើយលក្ខខណ្ឌមិនស្មុគស្មាញដូចគណបក្សថ្នាក់ជាតិនោះ។
លោក គល់ បញ្ញា ថ្លែងថា «តាមពិតជាគំនិតមួយល្អម្យ៉ាងដែរ ប្រសិនបើយើងបង្កើតឲ្យមានភាពចម្រុះក្នុងកិច្ចការនយោបាយនោះនៅប្រទេសសេរី ហ្នឹងគេចូលចិត្តបង្កើតប្រព័ន្ធចម្រុះ គឺថ្នាក់ជាតិមានក្រុមឯករាជ្យ បេក្ខជនឯកត្តនាម មានក្រុមបក្សតូចៗនៅតាមមូលដ្ឋាន ដូចនៅប្រទេសហ្វីលីពីន មានគណបក្សមូលដ្ឋាន ហើយគេមានអាសនៈសម្រាប់គណបក្សដែលគេហៅថា ការពារប្រយោជន៍មូលដ្ឋាននោះទៀត»។
ទោះយ៉ាងណា លោក កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លើកឡើងថា ប្រសិនបើប្រជាពលរដ្ឋនៅតាមមូលដ្ឋានមានឆន្ទៈក្នុងការបង្កើតនោះ គណបក្សមូលដ្ឋានអាចនឹងចូលរួមលើកដំបូងក្នុងការបោះឆ្នោតឃុំសង្កាត់នៅពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។