ស្ថាបនិកគណបក្សបេះដូងជាតិសម្រេចប្ដឹងទៅតុលាការកំពូលករណីក្រសួងមហាផ្ទៃបដិសេធចុះបញ្ជីគណបក្សនេះ
2021.11.27
ស្ថាបនិកគណបក្សបេះដូងជាតិសម្រេចប្ដឹងទៅតុលាការកំពូលនៅថ្ងៃទី២៦ វិច្ឆិកា នេះករណីក្រសួងមហាផ្ទៃមិនយល់ព្រមចុះបញ្ជីផ្លូវការឲ្យគណបក្សនេះធ្វើសកម្មភាពនយោបាយ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃព្រមានថា បើក្រសួងប្ដឹងបកវិញគឺស្ថាបនិកគណបក្សបេះដូងជាតិ នឹងត្រូវជាប់គុក។
គណបក្សបេះដូងជាតិ លើកឡើងថា ការម្រេចប្ដឹងទៅតុលាការកំពូល នេះគឺជាការស្វែងរកយុត្តិធម៌តាមច្បាប់ ព្រោះគណបក្សយល់ថា ការសម្រេចរបស់ក្រសួងមហាផ្ទៃដែលមិនចុះបញ្ជីឲ្យនោះ មិនបានឈរលើអង្គហេតុ និងអង្គច្បាប់។
ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក បញ្ជាក់ក្នុងពាក្យបណ្ដឹងនោះថា គណបក្សបេះដូងជាតិបានដាក់ពាក្យស្នើសុំចុះបញ្ជីកាលពីថ្ងៃទី៩ កក្កដា ទៅក្រសួងមហាផ្ទៃ ហើយក្រសួងបានទាមទារឲ្យកែសម្រួលលក្ខន្តិកៈចំនួន៣លើក ហើយគណបក្សនេះតែងធ្វើតាមការណែនាំ ប៉ុន្តែក្រសួងមិនបានជូនដំណឹងពីស្នាមមេដៃនោះទេ។ គណបក្សនេះបន្តថា ទីបំផុតក្រសួងបដិសេធចុះបញ្ជីឲ្យគណបក្សបេះដូងជាតិ ដោយសំអាងហេតុថា មានការផ្ដិតមេដៃជំនួស ក្លែងបន្លំអត្តសញ្ញាណបុគ្គល ការផ្ដិតមេដៃធ្វើឲ្យខូចគុណភាពដើម្បីបង្កើនបរិមាណចំនួនអ្នកគាំទ្រ និងលក្ខន្តិកៈគណបក្សផ្ទុយនឹងច្បាប់ស្ដីពីគណបក្សនយោបាយ។
ពាក្យបណ្ដឹងនោះបញ្ជាក់ទៀតថា ការប្ដឹងនេះ គឺដើម្បីសុំឲ្យតុលាការកំពូលចេញសាលដីកាបង្គាប់ទៅក្រសួងមហាផ្ទៃចុះបញ្ជីជូនគណបក្សបេះដូងជាតិ។
លោក សៀម ភ្លុក ប្រាប់វិទ្យុអាស៊ីសេរីក្រោយដាក់ពាក្យបណ្ដឹងថា ការសម្រេចប្ដឹងនេះគឺគណបក្សបេះដូងជាតិបំពេញកាតព្វកិច្ចខ្លួនតាមនីតិវិធី។ លោកបន្តថា បើតុលាការពិនិត្យ ពិចារណាតាមអង្គហេតុនិងអង្គច្បាប់ លោកមានសង្ឃឹមជានិច្ច ប៉ុន្តែបើតុលាការពិនិត្យពិចារណាតាមឥទ្ធិពលនយោបាយ លោកមានសង្ឃឹមតិចតួចណាស់។ ទោះបីយ៉ាងណា លោកនៅតែជឿជាក់ថា តុលាការនិងអ្នកនយោបាយពាក់ព័ន្ធនឹងពិចារណាអនុញ្ញាតឱ្យគណបក្សបេះដូងបានចុះបញ្ជីតាមសំណើដោយតម្កល់ប្រយោជន៍ជាតិជាធំ។
ការសម្រេចរកយុត្តិធម៌តាមផ្លូវតុលាការរបស់គណបក្សបេះដូងជាតិពេលនេះក្រោយពេលក្រសួងមហាផ្ទៃសម្រេចមិនចុះបញ្ជីឱ្យគណបក្សបេះដូងជាតិ ដោយចោទប្រកាន់ថា គណបក្សបានបន្លំស្នាមមេដៃអ្នកគាំទ្រនិងស្នាមមេដៃខ្លះខូចគុណភាព កាលពីទី៨ វិច្ឆិកាកន្លងទៅ។
ជុំវិញការករណីនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានទេ នៅថ្ងៃ២៦ ខែវិច្ឆិកា។
ទោះយ៉ាងណា លោក ខៀវ សុភ័គ ធ្លាប់ប្រាប់សារព័ត៌មានក្នុងស្រុក(រស្មីកម្ពុជា) ដោយព្រមានលោក សៀម ភ្លុក ថា បើក្រសួងប្ដឹងវិញ ប្រយ័ត្នជាប់គុក។ អ្នកនាំពាក្យដដែលបន្តចោទប្រកាន់ថា គណបក្សបេះដូងជាតិ មានជាប់ពាក់ព័ន្ធក្លែងបន្លំស្នាមមេដៃ ដែលដាក់មកក្រសួងមហាផ្ទៃ ស្នើសុំបញ្ជី គណបក្ស។
ជុំវិញការព្រមានបែបនេះរបស់មន្ត្រីជាន់ខ្ពស់ ក្រសួងមហាផ្ទៃនេះ លោក សៀម ភ្លុក យល់ថា នេះជាការគំរាមកំហែងបំភិតបំភ័យស្មារតីអ្នកនយោបាយដែលមានទស្សនៈនយោបាយផ្សេងគ្នា។ លោកបន្ថែមថា រដ្ឋាភិបាលគួរគិតផលប្រយោជន៍ជាតិនិងកិត្តិយសមុខមាត់ប្រទេសលើឆាកអន្តរជាតិសំខាន់ជាងការធ្វើទុក្ខបុកម្នេញលើសកម្មជននយោបាយតូចតាចដូចជារូបលោក។
ជុំវិញបញ្ហានេះ អ្នកវិភាគនយោបាយបណ្ឌិត សេង សារី យល់ថា ការសម្រេចប្ដឹងទៅតុលាការរបស់គណបក្សបេះដូងជាសិទ្ធិរបស់គណបក្សដែលចែងក្នុងច្បាប់ស្ដីពីគណបក្សនយោបាយ។ ទោះយ៉ាងណា លោក សេង សារី សង្កេតឃើញថា កន្លងមកបើភាគីរដ្ឋាភិបាលសម្រេចបែបណា តុលាការក៏សម្រេចឬកាត់ក្ដីមិនខុសពីរដ្ឋាភិបាលបានសម្រេចនោះដែរ៖ «អំណាចនីតិប្រតិបត្តិជាមួយអំណាចតុលាការមិនសូវជាប្រទាំងប្រទើសគ្នាទៅជាមួយគ្នាយ៉ាងរលូនគាំទ្រគ្នាទៅវិញទៅមកអ៊ីចឹងទោះបីគណបក្សបេះដូងជាតិប្ដឹងទៅតុលាការកំពូលក៏ដោយខ្ញុំគិតថា មិនទទួលបានផ្លែផ្កាពីតុលាការទេ»។
បណ្ឌិត សេង សារី កត់សម្គាល់ឃើញថា ការមិនចុះបញ្ជីឲ្យគណបក្សបេះដូងជាតិគឺបញ្ហាស្នាមមេដៃ ដូច្នេះលោកយល់ថា ការសម្រេចថា ស្នាមដៃនោះមានបញ្ហាគួរតែជាការសម្រេចរបស់តុលាការ មិនមែនត្រឹមការសម្រេចរបស់ក្រសួងមហាផ្ទៃអាចយកជាការបាននោះទេ។ លោកបន្តទៀតថា ក្រសួងមហាផ្ទៃគួរអនុញ្ញាតគណបក្សបេះដូងជាតិរកស្នាមមេដៃអ្នកគាំទ្រថ្មីមកជំនួសស្នាមមេដៃ ដែលក្រសួងចោទថា មានបញ្ហានោះ ដែលនេះក៏ជាដំណោះស្រាយល្អដែរ។
ស្របពេលការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ កាន់តែខិតជិតមកដល់នេះ ក្រុមអង្គការសង្គមស៊ីវិលបានស្នើយ៉ាងទទូចដល់រដ្ឋាភិបាលលោក ហ៊ុន សែន ធានាឱ្យបាននូវលក្ខខណ្ឌអប្បបរមាចំនួន ៦ចំណុច ដើម្បីឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។ ចំនុចទាំងនោះ មានជាអាទិ៍ បង្កើតបរិយាកាសនយោបាយសេរី ធានាសិទ្ធិនយោបាយ និងសិទ្ធិបោះឆ្នោត កែសម្រួលសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធានាឯករាជ្យនៃអំណាចតុលាការ និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងធានាការអនុវត្តតួនាទីដោយសេរីរបស់សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។