អង្គការ សមាគម​ខ្មែរ​កម្ពុជាក្រោម​ប្រារព្ធ​ខួប៧៣ឆ្នាំ​ថ្ងៃ​បារាំង​ផ្ទេរ​កម្ពុជាក្រោម​ឲ្យ​វៀតណាម​ត្រួតត្រា

ដោយ សេក បណ្ឌិត
2022.07.03
Share on WhatsApp
Share on WhatsApp
អង្គការ សមាគម​ខ្មែរ​កម្ពុជាក្រោម​ប្រារព្ធ​ខួប៧៣ឆ្នាំ​ថ្ងៃ​បារាំង​ផ្ទេរ​កម្ពុជាក្រោម​ឲ្យ​វៀតណាម​ត្រួតត្រា អង្គការ​​និង​​សមាគម​ខ្មែរ​​កម្ពុជាក្រោម​ ​នៅ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី៣ ខែកក្កដា ឆ្នាំ២០២២ បានប្រារព្ធ​ខួប​គម្រប់​៧៣ឆ្នាំ​ ដែល​​អាណានិគម​បារាំង​បាន​កាត់​ដែន​ដី​​កម្ពុជា​ក្រោម​ឲ្យ​​វៀតណាមនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩។​
រូប៖ ពលរដ្ឋ​ផ្ដល់​ឲ្យ

អង្គការ​និង​សមាគម​ខ្មែរ​កម្ពុជាក្រោម​  ដែល​មាន​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី៣ ខែកក្កដា បាន​ជួបជុំ​គ្នា​ជា​ក្រុម​​ធំ​មួយដើម្បី​ប្រារព្ធ​ខួប​គម្រប់​៧៣ឆ្នាំ​ ដែល​​អាណានិគម​បារាំង​​បាន​​កាត់​ដែន​ដី​​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម។​ ពលរដ្ឋ និង​សហគមន៍​ខ្មែរ​កម្ពុជាក្រោម ដែល​បាន​ចូល​រួម​ក្នុង​ពិធី​នេះ មាន​ចិត្ត​មោះមុត​ថា នឹង​រួបរួម​គ្នា​ជា​ធ្លុងមួយ​ ដើម្បី​តស៊ូ​មតិ​ក្នុង​ការ​ទាមទារ​នូវ​សិទ្ធិ​សេរីភាព​​ជា​ខ្មែរ​​ម្ចាស់​ស្រុក ពី​រដ្ឋាភិបាល​វៀតណាម ឲ្យ​បាន។ ពួកគេ​ថែម​ទាំង​នឹក​ទៅ​ដល់​គុណ វីរបុរស​ស្នេហា​ជាតិ​គ្រប់​ជំនាន់ ដែល​បាន​ពលី​ជីវិត​ ចំពោះ​បុព្វហេតុ​ជាតិ​ ​សាសនា និង​មាតុភូមិ​ខ្មែរ​ក្រោម ដោយ​ពុំ​មាន​ថ្ងៃ​បំភ្លេច​​បាន​ឡើយ។ 

ពិធី​​រំឭក​ខួប​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ដែល​មាន​ព្រះសង្ឃ​ប្រមាណ ពលរដ្ឋ​ខ្មែរ​ក្រោម និង អង្គការ​សង្គម​ស៊ីវិល ប្រមាណ​ប្រាំពីរ​រយ(៧០០)អង្គ និង​នាក់​ចូល​រួម។ អ្នក​​ចូល​រួម​​អះអាង​ថា ពួកគេ​នៅ​តែ​មាន​ការឈឺចាប់ ​ដែល​បារាំង​កាត់​ដែនដី​កម្ពុជាក្រោម​ឲ្យ​វៀតណាម​ត្រួតត្រា ទាំង​ខុស​ច្បាប់។ 

អ្នក​ចូលរួម​ក្នុង​ទិវា​នេះ​ទាំងអស់​បាន​ក្រោក​ឈរ​ឡើង ដើម្បី​គោរព​ដួង​វិញ្ញាណក្ខន្ធ​របស់​វីរបុរស​​គ្រប់រូប ដែល​បាន​លះបង់​ជីវិត​ដើម្បី​ការពារ​អត្តសញ្ញាណ ទំនៀមទម្លាប់ អក្សរសាស្ត្រ​ជាតិ​ខ្មែរ ក្នុង​អត្ថន័យ​ចម្រៀង​ថា​ ខ្មែរ​ក្រោម​គ្រប់​រូប គ្រប់​ជំនាន់​សុខ​ចិត្ត​ស្លាប់ ដើម្បី​ឲ្យ​ជាតិ​រស់៖ «ចិត្ត​អើយ​សែន​នឹក​ដល់​ជន​ដែល​ឃ្លាត ព្រោះ​ប្រយោជន៍​ជាតិ​ពូជពង្ស​ខេមរា ខំប្រឹង​តស៊ូ​ដល់​ប្ដូរ​ជីវា ការពារ​នូវ​ជាតិ​សាសនា​ឲ្យ​បាន​ស្ថិតស្ថេរ​ស្ថាពរ»។​

បវរកញ្ញា​ចក្រវាល​កម្ពុជាក្រោម ដែល​ជាប់​ចំណាត់​ថ្នាក់​រង​ទី១ ក្នុង​ការ​ប្រកួត​បវរកញ្ញា​ឆ្នាំ​២០២១ កញ្ញា ឆន ស្រី​ណែត អាយុ​២០ឆ្នាំ​ជាងមក​ពី​ខេត្ត​ព្រះត្រពាំង ដែល​វៀតណាម​ហៅថា​ ត្រា​វិញ (Tra Vinh) ថ្លែង​ក្នុង​​ពិធី​រំឭក​ខួប​ថា ទោះបី​កញ្ញា​បាន​អណ្ដែតត្រសែត​ឆ្ងាយ​ពី​ដែនដី​កម្ពុជាក្រោម​មក​ជា​យូរ​ឆ្នាំ​មក​ហើយ​ក៏ដោយ ក៏​កញ្ញា​ពុំ​មាន​ថ្ងៃ​ភ្លេច​ទឹក​ដី​កម្ពុជាក្រោម​ដ៏​កម្សត់​ ដែល​បាន​ផ្ដល់​កំណើត​ដល់​កញ្ញា​បាន​ឡើយ កញ្ញា​តែង​ចូលរួម​គ្រប់​កម្មវិធី​រំឭក​ខួប​ខ្មែរ​ក្រោម​ ជា​រៀងរាល់​ឆ្នាំ។

កញ្ញា​បន្ត​ថា ខ្មែរ​ក្រោម​គ្រប់​រូប​ នៅ​តែ​រំពឹង​ក្នុង​ចិត្ត​ថា ថ្ងៃណាមួយ​ខ្មែរ​ក្រោម​ខ្មែរ​កណ្ដាល នឹង​រួបរួម​ជា​ដែនដី​តែ​មួយ​វិញ កញ្ញា​ផ្ដាំ កុំ​ឲ្យ​ខ្មែរ​កណ្ដាល​បោះបង់ ឬ​បំភ្លេច​ខ្មែរ​ក្រោម ទោះបី​ស្ថិត​ក្នុង​កាលៈទេសៈ​លំបាក​យ៉ាងណា​ក៏ដោយ ក៏​ត្រូវ​តែ​ព្រួត​ដៃ​គ្នា ចិត្ត​មួយ​ថ្លើម​មួយ ក្នុង​ការ​បណ្ដេញ​សត្រូវ​ឲ្យ​ចេញ​ពី​ដែន​ដី​ខ្មែរ៖ «កាល​ណា​ដែល​វប្បធម៌​ប្រពៃណី​អត្តសញ្ញាណ​ជាតិ​ខ្លាំង​ គឺ​ជាតិ​យើង​មិន​បាត់​បង់​ទៅ​ណា​ឡើយ។ ក្នុង​នាម​នាង​ខ្ញុំ​ជា​កូន​ខ្មែរ​ក្រោម​ម្នាក់ នាងខ្ញុំ​បាន​ជោគជ័យ​នៅ​ក្នុង​វិស័យ​បវរកញ្ញា​ក្នុង​ទឹកដី​ភ្នំពេញ។ នាងខ្ញុំ​មិន​ដែល​ភ្លេច​ខ្លួន​ ដែល​ជាមិន​ដែល​ភ្លេច​មាតុភូមិ​ខ្មែរ​ក្រោម​ឡើយ។ នាងខ្ញុំ​បាន​ព្យាយាម​ផ្សព្វផ្សាយ​ឈ្មោះ​ខ្មែរ​ក្រោម​ឲ្យ​ទូលំទូលាយ និង​ឲ្យ​ពិភពលោក​ស្គាល់​ខ្មែរ​ក្រោម​ជា​នរណា។ នាងខ្ញុំ ​សូម​អំពាវនាវ​ឲ្យ​ពុក​ម៉ែ​យើង​ទាំងអស់​គ្នា​មិន​ថា​នៅ​ទី​ណា​ឡើយ ​ពួក​យើង កុំ​ភ្លេច​ទឹកដី​កម្ពុជាក្រោម និង​ប្រជាជន​ខ្មែរ​យើង​ ដែល​កំពុង​តែ​រស់នៅ​ទី​នោះ»​​

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​ខ្មែរ​ក្រោម មក​រស់​នៅ​ទីក្រុង​ភ្នំពេញ​តាំង​ពី​កុមារ លោក ស៊ី សក្ដិ​បូរិន្ទ និយាយ​ថា លោក​នឹង​ខិតខំ​បំពេញ​សកម្មភាព​គ្រប់យ៉ាង ដើម្បី​បម្រើ​ផល​ប្រយោជន៍​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម ទាំង​នៅ​កម្ពុជា ទាំង​នៅ​កម្ពុជាក្រោម ក្នុង​ការ​បង្ហាញ​អត្តសញ្ញាណ​ឲ្យ​ខ្មែរ​ទាំងអស់​ដឹង​ថា ទឹកដី​ខ្មែរ​នៅ​ទីណា​ខ្លះ។ លោក​បន្ត​ថា ឆ្នាំ​មុន​លោក​បាន​រចនា​ម៉ូដ​ឈុត​បវរកញ្ញា​ខ្មែរ​ក្រោម ដល់​បវរកញ្ញា​ខ្មែរ​ក្រោម​ ដើម្បី​ប្រកួត​កម្មវិធី​បវរកញ្ញា​កម្ពុជា ក្នុង​បំណង​ឲ្យ​ពលរដ្ឋ​ក្នុងស្រុក​ស្គាល់​ពលរដ្ឋ​ខ្មែរ​ក្រោម។

លោក​បន្ថែម​ថា មុន​នឹង​ឲ្យ​គេ​ស្គាល់​ថា​យើង​ជា​នរណា​ មុន​ដំបូង​យើង​ត្រូវ​ស្គាល់​ខ្លួនឯង​សិន ដោយ​លោក​បង្ហាញ​ក្នុង​ពិធី​នោះ​ថា ខ្មែរ​ក្រោម​ទោះបី​ទៅ​ដល់​ទីណា​ ក៏​មិន​អាច​បំភ្លេច​បាន​នៅ​ពណ៌​សម្បុរ​របស់​ខ្លួន​ឡើយ៖ «កញ្ញា​ ឆន ស្រី​ណែត គាត់​បាន​ប្រកួត​នៅ​ក្នុង​កម្មវិធី​កញ្ញា​ឯក​ចក្កវាឡ​ ដែល​បង្ហាញ​ពី​ខ្មែរ​ក្រោម​យើង ឈុត​នោះ​មាន​ឈ្មោះ​ថា អឺពន្លឺ​ក្ដី​សង្ឃឹម​​ក្រោម​នឹម​អសុរិន្ទ បាទដែល​ឈុត​នេះ​និយាយ​ពី​អំពី​រា​ហ៊ូ​ចាប់​ច័ន្ទ បាទជា​និមិត្តរូប​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ និង​ជា​តំណាង​នៃ​​ក្ដី​សង្ឃឹម​របស់​ពួក​យើង​គ្រប់​គ្នា ឲ្យ​តែ​ជីវិត​យើង​នៅ​រស់​ សូម្បី​តែ​មួយ​វិនាទី​ក៏​យើង​ត្រូវ​មាន​សង្ឃឹម​ដែរ បាទ។ កុំ​ថា​ឡើយ​តែ​ទឹកដី​កម្ពុជាក្រោម បារាំង​បាន​កាត់​ទឹកដី​ទៅ​ឲ្យ​វៀតណាម រយៈពេល៧៣ឆ្នាំ​កន្លង​មក។ បាទ!អញ្ចឹង​ហើយ​ឲ្យ​តែ​ព្រះអាទិត្យ​នៅ​រះ​ យើង​ត្រូវតែ​មាន​សង្ឃឹម»​​

ដោយឡែក​យុវតី​ខ្មែរ​កណ្ដាល ដែល​ចូល​រួម​ក្នុង​ពិធី​រំឭក​ខួប​នេះ​ដែរ គឺ​កញ្ញា គៀត កញ្ញា ​សម្ដែង​ទឹកចិត្ត សោកស្ដាយ​នូវ​ទឹកដី​កម្ពុជាក្រោម​ដ៏​ស្រស់​ស្អាត តែ​បែរ​ជា​ស្ថិត​នៅ​ក្រោម​នឹម​អាណានិគម​វៀតណាម​ទៅ​វិញ តែ​កញ្ញា​មាន​ចិត្ត​ត្រេកអរ ពេល​ដែល​កញ្ញា​ធ្វើ​ដំណើរ​ទៅ​លេង​ដែនដី​កម្ពុជាក្រោម ដែល​ឃើញ​ពលរដ្ឋ​នៅ​ទីនោះ​ បាន​រាប់អាន​កញ្ញា​ដូច​សាច់ឈាម​តែ​មួយ ពលរដ្ឋ​ខ្មែរ​ក្រោម​នៅតែ​ចងចាំ​ជានិច្ច​ និង​នឹក​រឭក​ដល់​ពលរដ្ឋ​ខ្មែរ​កណ្ដាល​​រហូត។

កញ្ញា​បន្ត​ថា ក៏​ប៉ុន្តែ​កញ្ញា​ខ្លោចផ្សា​នៅ​ពេល​បាន​ឮ​ថា មាន​អាជ្ញាធរ​​ទាមទារ​ប្រាក់​ក្នុង​ការ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​ពី​ព្រះសង្ឃ​ខ្មែរ​ក្រោម ដោយ​ពួក​មន្ត្រី​ទាំងនោះ​មិន​បាន​ចាត់​ទុក​ខ្មែរ​ក្រោម​ជា​ខ្មែរ​ទេ។ តែ​ទោះ​យ៉ាងណា​កញ្ញា​ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា​ កុំ​ចាត់​ទុក​ខ្មែរ​ក្រោម​ជា​ជាតិ​សាស្ត្រ​ដទៃ​ឡើយ៖ «គាត់​ដូច​ទឹកភ្នែក​ផង​អី​ផង​ គាត់​ដូច​រំភើប សូម្បី​តែ​ខ្ញុំ​ឡាយ​ហ្នឹង​ក៏​គាត់​ចូល​មក​គាត់​សប្បាយ​ចិត្ត​ណាស់។ គាត់​ថា​អរគុណ​ដែល​បាន​មក​លេង អរគុណ​យើង អរគុណ​រហូត ចែក​រំលែក​ចាស ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​សប្បាយ​ចិត្ត​ទី១ ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ខ្មែរ​យើង ​ដែល​គាត់ ជាពិសេស​ក្មេងៗ​ជំនាន់​ក្រោយ ក្មេងៗ​ជំនាន់​ក្រោយ​នៅ​ក្នុង​ខ្មែរ​កណ្ដាល​យើង​ហ្នឹង​ ឲ្យ​គាត់​ដឹង​ថា​ទឹកដី​កម្ពុជាក្រោម គឺ​ជា​ទឹកដី​របស់​យើង​ចាសហើយ​ខ្ញុំ​ចង់​ឲ្យ​គាត់​ឆ្លៀត​ពេល ​ឲ្យ​ដឹង​ពី​ប្រវត្តិសាស្ត្រ​យើង​ខ្លះ​ៗ​ ដើម្បី​ត​កូន​ ត​ជំនាន់​ក្រោយ​ទៀត កុំ​ឲ្យ​គាត់​អត់​ដឹង​ថា ទឹកដី​កម្ពុជាក្រោម​ជា​ទឹកដី​របស់​​នរណា​គេ»​​

ចំណែក​​នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជាក្រោម​លោក ថាច់ សេដ្ឋា លើកឡើង​ថា ថ្ងៃ​នេះ​ជា​ថ្ងៃ​ដ៏​ឈឺចាប់​បំផុត សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំងមូល ដែល​កាល​ពី​៧៣ឆ្នាំ​មុន បារាំង​បាន​ផ្ទេរ​ការ​កាន់កាប់​ទឹកដី​កម្ពុជាក្រោម​ទៅ​ឲ្យ​អាណានិគម​យួន លោក​ថា​មាន​​គេ​មក​គំរាមកំហែង​លោក​មិន​ឲ្យ​ប្រារព្ធ​ពិធី​រំឭក​ខួប​នេះ តែ​លោក​ថា​ ទោះ​លោក​ស្លាប់​ក៏​លោក​មិន​ស្ដាយ​ជីវិត​ដែរ គឺ​ត្រូវ​តែ​រំឭក​ដើម្បី​ឲ្យ​ខ្មែរ​ទាំងអស់​បាន​ដឹង​នូវ​ប្រវត្តិសាស្ត្រ​មួយ​នេះ។ លោក​បន្ត​ថា ព្រះ​មហាក្សត្រ​ខ្មែរ​គ្រប់​ព្រះ​អង្គ​ពុំ​ដែល​បោះបង់​ការ​ទាមទារ​ទឹកដី​ខ្មែរ​កម្ពុជាក្រោម​ពី​វៀតណាម​វិញ​ឡើយ ហើយ​ក៏​ពុំ​ដែល​យល់​ព្រម​ប្រគល់​ទឹកដី​ឲ្យ​វៀតណាម​កាន់កាប់​ដែរ។ 

លោក​អំពាវនាវ​ឲ្យ​ខ្មែរ​គ្រប់រូប​ប្រឹងប្រែង​សិក្សា​ស្វែងយល់​ពី​ប្រវត្តិ​ទឹកដី​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់ ដើម្បី​កុំ​ឲ្យ​ប្រទេស​ជិត​ខាង​លេប​ត្របាក់​ទឹក​ដី​ខ្មែរ​បាន៖ «យើង​ចង់​រំឭក​ឡើង​វិញ​នូវ​ប្រវត្តិសាស្ត្រ ដែល​កប់​បាត់​ស្ទើរ​តែ​ភ្លេច​គ្រប់​គ្នា​អស់​ហើយ ហើយ​ដល់​ភ្លេច​យូរ​ទៅ ស្ទើរតែ​​មិន​ដឹង​ថា​ទឹកដី​កំណើត​របស់​ខ្លួន​នៅ​ឯណា ប្រជាជាតិ​ដែល​ជា​ជន​រួម​ជាតិ​របស់​ខ្លួន​ រួម​ឈាម​របស់​ខ្លួន ​នៅ​ឯណា​ខ្លះ។ អា​នេះ​ដែល​ជា​បញ្ហា​វិបត្តិ​នៅ​ក្នុង​ បើ​យើង​និយាយ​ប្រវត្តិសាស្ត្រ​តែ​ម្ដងដែល​យើង​ជា​ខ្មែរ​ដែរ ​តែ​អត់​ដឹង​ថា​ តើ​ទឹកដី​ខ្មែរ​នៅ​ឯណា​ខ្លះ ហើយ​ជា​ពិសេស​ដូច​យើង​និយាយ​ដល់​រឿង​កម្ពុជាក្រោម អ្នក​ខ្លះ​ហ្នឹង​ គាត់​អត់​ដឹង​ថា​កម្ពុជាក្រោម​នៅ​ឯណា​ទេ»។​​​​​​​​​​​​​

គិត​ពី​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ១៩៤៩ ដល់​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២នេះ​​ គឺ​មាន​ចំនួន ៧៣ឆ្នាំ ​១ខែ​ ហើយ ដែល​ពលរដ្ឋ​ខ្មែរ​ក្រោម​បាត់បង់​នូវ​សិទ្ធិ​សេរីភាព​គ្រប់​បែប​យ៉ាង នៅ​លើ​ទឹក​ដី​ដូនតា​ខ្លួន។​ ពលរដ្ឋ​ខ្មែរ​ក្រោមអះអាង​ថា រដ្ឋាភិបាល​វៀតណាម តែងតែ​ព្យាយាម​លុប​បំបាត់​អត្តសញ្ញាណ​​គ្រប់​យ៉ាង​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម ដូចជា​ វត្ត​អារាម មរតក​ប្រវត្តិសាស្ត្រ ស្លាកស្នាម​ប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ អក្សរសាស្ត្រ ឲ្យ​តែ​វត្ថុ​អ្វី​សម្គាល់​ថា​ខ្មែរ​គឺ​គេ​រំលាយ​ទាំងអស់។

ពលរដ្ឋ​ខ្មែរ​ក្រោម តែងតែ​ថ្កោល​ទោស​រដ្ឋាភិបាល​​បារាំង ដែល​បាន​យក​ទឹកដី​ខ្មែរ​ក្រោម​ទាំងមូល​ កាត់​ឲ្យ​វៀតណាម​គ្រប់គ្រង ដោយ​ពុំ​មាន​ការ​យល់​ព្រម​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​ឡើយ។ សហគមន៍​ខ្មែរ​កម្ពុជាក្រោម និង​ពលរដ្ឋ​ខ្មែរ នៅ​តែ​មាន​ក្ដី​សង្ឃឹម​ថា ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម នឹង​បាន​មក​កម្ពុជា​វិញ បើសិនជា​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ចេះ​រួបរួម​សាមគ្គី​គ្នា​ទាមទារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
លោក ហ៊ុន សែន ទទួល​ស្គាល់​ថា ការ​ដោះ​ស្រាយ​បញ្ហា​ភូមា ដែល​លោក​ធ្វើ​ជា​ប្រធាន​អាស៊ាន​គ្មាន​ភាព​ជឿនលឿន​ទេ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល