អង្គការនិងសមាគមខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែកក្កដា បានជួបជុំគ្នាជាក្រុមធំមួយដើម្បីប្រារព្ធខួបគម្រប់៧៣ឆ្នាំ ដែលអាណានិគមបារាំងបានកាត់ដែនដីកម្ពុជាក្រោមឲ្យវៀតណាម។ ពលរដ្ឋ និងសហគមន៍ខ្មែរកម្ពុជាក្រោម ដែលបានចូលរួមក្នុងពិធីនេះ មានចិត្តមោះមុតថា នឹងរួបរួមគ្នាជាធ្លុងមួយ ដើម្បីតស៊ូមតិក្នុងការទាមទារនូវសិទ្ធិសេរីភាពជាខ្មែរម្ចាស់ស្រុក ពីរដ្ឋាភិបាលវៀតណាម ឲ្យបាន។ ពួកគេថែមទាំងនឹកទៅដល់គុណ វីរបុរសស្នេហាជាតិគ្រប់ជំនាន់ ដែលបានពលីជីវិត ចំពោះបុព្វហេតុជាតិ សាសនា និងមាតុភូមិខ្មែរក្រោម ដោយពុំមានថ្ងៃបំភ្លេចបានឡើយ។
ពិធីរំឭកខួបនេះធ្វើឡើងនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានព្រះសង្ឃប្រមាណ ពលរដ្ឋខ្មែរក្រោម និង អង្គការសង្គមស៊ីវិល ប្រមាណប្រាំពីររយ(៧០០)អង្គ និងនាក់ចូលរួម។ អ្នកចូលរួមអះអាងថា ពួកគេនៅតែមានការឈឺចាប់ ដែលបារាំងកាត់ដែនដីកម្ពុជាក្រោមឲ្យវៀតណាមត្រួតត្រា ទាំងខុសច្បាប់។
អ្នកចូលរួមក្នុងទិវានេះទាំងអស់បានក្រោកឈរឡើង ដើម្បីគោរពដួងវិញ្ញាណក្ខន្ធរបស់វីរបុរសគ្រប់រូប ដែលបានលះបង់ជីវិតដើម្បីការពារអត្តសញ្ញាណ ទំនៀមទម្លាប់ អក្សរសាស្ត្រជាតិខ្មែរ ក្នុងអត្ថន័យចម្រៀងថា ខ្មែរក្រោមគ្រប់រូប គ្រប់ជំនាន់សុខចិត្តស្លាប់ ដើម្បីឲ្យជាតិរស់៖ « ចិត្តអើយសែននឹកដល់ជនដែលឃ្លាត ព្រោះប្រយោជន៍ជាតិពូជពង្សខេមរា ខំប្រឹងតស៊ូដល់ប្ដូរជីវា ការពារនូវជាតិសាសនាឲ្យបានស្ថិតស្ថេរស្ថាពរ » ។
បវរកញ្ញាចក្រវាលកម្ពុជាក្រោម ដែលជាប់ចំណាត់ថ្នាក់រងទី១ ក្នុងការប្រកួតបវរកញ្ញាឆ្នាំ២០២១ កញ្ញា ឆន ស្រីណែត អាយុ២០ឆ្នាំជាងមកពីខេត្តព្រះត្រពាំង ដែលវៀតណាមហៅថា ត្រាវិញ (Tra Vinh) ថ្លែងក្នុងពិធីរំឭកខួបថា ទោះបីកញ្ញាបានអណ្ដែតត្រសែតឆ្ងាយពីដែនដីកម្ពុជាក្រោមមកជាយូរឆ្នាំមកហើយក៏ដោយ ក៏កញ្ញាពុំមានថ្ងៃភ្លេចទឹកដីកម្ពុជាក្រោមដ៏កម្សត់ ដែលបានផ្ដល់កំណើតដល់កញ្ញាបានឡើយ កញ្ញាតែងចូលរួមគ្រប់កម្មវិធីរំឭកខួបខ្មែរក្រោម ជារៀងរាល់ឆ្នាំ។
កញ្ញាបន្តថា ខ្មែរក្រោមគ្រប់រូប នៅតែរំពឹងក្នុងចិត្តថា ថ្ងៃណាមួយខ្មែរក្រោមខ្មែរកណ្ដាល នឹងរួបរួមជាដែនដីតែមួយវិញ កញ្ញាផ្ដាំ កុំឲ្យខ្មែរកណ្ដាលបោះបង់ ឬបំភ្លេចខ្មែរក្រោម ទោះបីស្ថិតក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ ក៏ត្រូវតែព្រួតដៃគ្នា ចិត្តមួយថ្លើមមួយ ក្នុងការបណ្ដេញសត្រូវឲ្យចេញពីដែនដីខ្មែរ៖ « កាលណាដែលវប្បធម៌ប្រពៃណីអត្តសញ្ញាណជាតិខ្លាំង គឺជាតិយើងមិនបាត់បង់ទៅណាឡើយ។ ក្នុងនាមនាងខ្ញុំជាកូនខ្មែរក្រោមម្នាក់ នាងខ្ញុំបានជោគជ័យនៅក្នុងវិស័យបវរកញ្ញាក្នុងទឹកដីភ្នំពេញ។ នាងខ្ញុំមិនដែលភ្លេចខ្លួន ដែលជា ! មិនដែលភ្លេចមាតុភូមិខ្មែរក្រោមឡើយ។ នាងខ្ញុំបានព្យាយាមផ្សព្វផ្សាយឈ្មោះខ្មែរក្រោមឲ្យទូលំទូលាយ និងឲ្យពិភពលោកស្គាល់ខ្មែរក្រោមជានរណា។ នាងខ្ញុំ សូមអំពាវនាវឲ្យពុកម៉ែយើងទាំងអស់គ្នាមិនថានៅទីណាឡើយ ពួកយើង កុំភ្លេចទឹកដីកម្ពុជាក្រោម និងប្រជាជនខ្មែរយើង ដែលកំពុងតែរស់នៅទីនោះ » ។
ស្រដៀងគ្នានេះដែរ ពលរដ្ឋខ្មែរក្រោម មករស់នៅទីក្រុងភ្នំពេញតាំងពីកុមារ លោក ស៊ី សក្ដិបូរិន្ទ និយាយថា លោកនឹងខិតខំបំពេញសកម្មភាពគ្រប់យ៉ាង ដើម្បីបម្រើផលប្រយោជន៍ដល់ពលរដ្ឋខ្មែរក្រោម ទាំងនៅកម្ពុជា ទាំងនៅកម្ពុជាក្រោម ក្នុងការបង្ហាញអត្តសញ្ញាណឲ្យខ្មែរទាំងអស់ដឹងថា ទឹកដីខ្មែរនៅទីណាខ្លះ។ លោកបន្តថា ឆ្នាំមុនលោកបានរចនាម៉ូដឈុតបវរកញ្ញាខ្មែរក្រោម ដល់បវរកញ្ញាខ្មែរក្រោម ដើម្បីប្រកួតកម្មវិធីបវរកញ្ញាកម្ពុជា ក្នុងបំណងឲ្យពលរដ្ឋក្នុងស្រុកស្គាល់ពលរដ្ឋខ្មែរក្រោម។
លោកបន្ថែមថា មុននឹងឲ្យគេស្គាល់ថាយើងជានរណា មុនដំបូងយើងត្រូវស្គាល់ខ្លួនឯងសិន ដោយលោកបង្ហាញក្នុងពិធីនោះថា ខ្មែរក្រោមទោះបីទៅដល់ទីណា ក៏មិនអាចបំភ្លេចបាននៅពណ៌សម្បុររបស់ខ្លួនឡើយ៖ « កញ្ញា ឆន ស្រីណែត គាត់បានប្រកួតនៅក្នុងកម្មវិធីកញ្ញាឯកចក្កវាឡ ដែលបង្ហាញពីខ្មែរក្រោមយើង ឈុតនោះមានឈ្មោះថា អឺ ! ពន្លឺក្ដីសង្ឃឹមក្រោមនឹមអសុរិន្ទ បាទ ! ដែលឈុតនេះនិយាយពីអំពីរាហ៊ូចាប់ច័ន្ទ បាទ ! ជានិមិត្តរូបនៃសហព័ន្ធខ្មែរកម្ពុជាក្រោម និងជាតំណាងនៃក្ដីសង្ឃឹមរបស់ពួកយើងគ្រប់គ្នា ឲ្យតែជីវិតយើងនៅរស់ សូម្បីតែមួយវិនាទីក៏យើងត្រូវមានសង្ឃឹមដែរ បាទ។ កុំថាឡើយតែទឹកដីកម្ពុជាក្រោម បារាំងបានកាត់ទឹកដីទៅឲ្យវៀតណាម រយៈពេល៧៣ឆ្នាំកន្លងមក។ បាទ ! អញ្ចឹងហើយឲ្យតែព្រះអាទិត្យនៅរះ យើងត្រូវតែមានសង្ឃឹម » ។
ដោយឡែកយុវតីខ្មែរកណ្ដាល ដែលចូលរួមក្នុងពិធីរំឭកខួបនេះដែរ គឺកញ្ញា គៀត កញ្ញា សម្ដែងទឹកចិត្ត សោកស្ដាយនូវទឹកដីកម្ពុជាក្រោមដ៏ស្រស់ស្អាត តែបែរជាស្ថិតនៅក្រោមនឹមអាណានិគមវៀតណាមទៅវិញ តែកញ្ញាមានចិត្តត្រេកអរ ពេលដែលកញ្ញាធ្វើដំណើរទៅលេងដែនដីកម្ពុជាក្រោម ដែលឃើញពលរដ្ឋនៅទីនោះ បានរាប់អានកញ្ញាដូចសាច់ឈាមតែមួយ ពលរដ្ឋខ្មែរក្រោមនៅតែចងចាំជានិច្ច និងនឹករឭកដល់ពលរដ្ឋខ្មែរកណ្ដាលរហូត។
កញ្ញាបន្តថា ក៏ប៉ុន្តែកញ្ញាខ្លោចផ្សានៅពេលបានឮថា មានអាជ្ញាធរទាមទារប្រាក់ក្នុងការចូលទស្សនាប្រាសាទអង្គរពីព្រះសង្ឃខ្មែរក្រោម ដោយពួកមន្ត្រីទាំងនោះមិនបានចាត់ទុកខ្មែរក្រោមជាខ្មែរទេ។ តែទោះយ៉ាងណាកញ្ញាស្នើដល់រដ្ឋាភិបាលកម្ពុជា កុំចាត់ទុកខ្មែរក្រោមជាជាតិសាស្ត្រដទៃឡើយ៖ « គាត់ដូចទឹកភ្នែកផងអីផង គាត់ដូចរំភើប សូម្បីតែខ្ញុំឡាយហ្នឹងក៏គាត់ចូលមកគាត់សប្បាយចិត្តណាស់។ គាត់ថាអរគុណដែលបានមកលេង អរគុណយើង អរគុណរហូត ចែករំលែកចាស ហើយខ្ញុំមានអារម្មណ៍ថាខ្ញុំសប្បាយចិត្តទី១ ខ្ញុំចង់ឲ្យបងប្អូនខ្មែរយើង ដែលគាត់ ជាពិសេសក្មេងៗជំនាន់ក្រោយ ក្មេងៗជំនាន់ក្រោយនៅក្នុងខ្មែរកណ្ដាលយើងហ្នឹង ឲ្យគាត់ដឹងថាទឹកដីកម្ពុជាក្រោម គឺជាទឹកដីរបស់យើងចាស ! ហើយខ្ញុំចង់ឲ្យគាត់ឆ្លៀតពេល ឲ្យដឹងពីប្រវត្តិសាស្ត្រយើងខ្លះៗ ដើម្បីតកូន តជំនាន់ក្រោយទៀត កុំឲ្យគាត់អត់ដឹងថា ទឹកដីកម្ពុជាក្រោមជាទឹកដីរបស់នរណាគេ » ។
ចំណែកនាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោមលោក ថាច់ សេដ្ឋា លើកឡើងថា ថ្ងៃនេះជាថ្ងៃដ៏ឈឺចាប់បំផុត សម្រាប់ប្រជាជាតិខ្មែរទាំងមូល ដែលកាលពី៧៣ឆ្នាំមុន បារាំងបានផ្ទេរការកាន់កាប់ទឹកដីកម្ពុជាក្រោមទៅឲ្យអាណានិគមយួន លោកថាមានគេមកគំរាមកំហែងលោកមិនឲ្យប្រារព្ធពិធីរំឭកខួបនេះ តែលោកថា ទោះលោកស្លាប់ក៏លោកមិនស្ដាយជីវិតដែរ គឺត្រូវតែរំឭកដើម្បីឲ្យខ្មែរទាំងអស់បានដឹងនូវប្រវត្តិសាស្ត្រមួយនេះ។ លោកបន្តថា ព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គពុំដែលបោះបង់ការទាមទារទឹកដីខ្មែរកម្ពុជាក្រោមពីវៀតណាមវិញឡើយ ហើយក៏ពុំដែលយល់ព្រមប្រគល់ទឹកដីឲ្យវៀតណាមកាន់កាប់ដែរ។
លោកអំពាវនាវឲ្យខ្មែរគ្រប់រូបប្រឹងប្រែងសិក្សាស្វែងយល់ពីប្រវត្តិទឹកដីរបស់ខ្លួនឲ្យបានច្បាស់ ដើម្បីកុំឲ្យប្រទេសជិតខាងលេបត្របាក់ទឹកដីខ្មែរបាន៖ « យើងចង់រំឭកឡើងវិញនូវប្រវត្តិសាស្ត្រ ដែលកប់បាត់ស្ទើរតែភ្លេចគ្រប់គ្នាអស់ហើយ ហើយដល់ភ្លេចយូរទៅ ស្ទើរតែមិនដឹងថាទឹកដីកំណើតរបស់ខ្លួននៅឯណា ប្រជាជាតិដែលជាជនរួមជាតិរបស់ខ្លួន រួមឈាមរបស់ខ្លួន នៅឯណាខ្លះ។ អានេះដែលជាបញ្ហាវិបត្តិនៅក្នុង បើយើងនិយាយប្រវត្តិសាស្ត្រតែម្ដងដែលយើងជាខ្មែរដែរ តែអត់ដឹងថា តើទឹកដីខ្មែរនៅឯណាខ្លះ ហើយជាពិសេសដូចយើងនិយាយដល់រឿងកម្ពុជាក្រោម អ្នកខ្លះហ្នឹង គាត់អត់ដឹងថាកម្ពុជាក្រោមនៅឯណាទេ » ។
គិតពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២នេះ គឺមានចំនួន ៧៣ឆ្នាំ ១ខែ ហើយ ដែលពលរដ្ឋខ្មែរក្រោមបាត់បង់នូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាង នៅលើទឹកដីដូនតាខ្លួន។ ពលរដ្ឋខ្មែរក្រោមអះអាងថា រដ្ឋាភិបាលវៀតណាម តែងតែព្យាយាមលុបបំបាត់អត្តសញ្ញាណគ្រប់យ៉ាងរបស់ពលរដ្ឋខ្មែរក្រោម ដូចជា វត្តអារាម មរតកប្រវត្តិសាស្ត្រ ស្លាកស្នាមប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ អក្សរសាស្ត្រ ឲ្យតែវត្ថុអ្វីសម្គាល់ថាខ្មែរគឺគេរំលាយទាំងអស់។
ពលរដ្ឋខ្មែរក្រោម តែងតែថ្កោលទោសរដ្ឋាភិបាលបារាំង ដែលបានយកទឹកដីខ្មែរក្រោមទាំងមូល កាត់ឲ្យវៀតណាមគ្រប់គ្រង ដោយពុំមានការយល់ព្រមពីប្រជាពលរដ្ឋខ្មែរណាម្នាក់ឡើយ។ សហគមន៍ខ្មែរកម្ពុជាក្រោម និងពលរដ្ឋខ្មែរ នៅតែមានក្ដីសង្ឃឹមថា ទឹកដីខ្មែរកម្ពុជាក្រោម នឹងបានមកកម្ពុជាវិញ បើសិនជាពលរដ្ឋខ្មែរទាំងអស់ចេះរួបរួមសាមគ្គីគ្នាទាមទារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។