ពលរដ្ឋខ្មែរក្រោមនៅលើទឹកដីខ្មែរ និងនៅខ្មែរក្រោមបាននាំគ្នាប្រារព្ធពិធីរំឭកខួប ៧៤ឆ្នាំ ដែលអាណានិគមនិយមបារាំងបានកាត់ដីកម្ពុជាក្រោមចំនួន ២១ខេត្ត ឱ្យវៀតណាមគ្រប់គ្រង កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩។ ប៉ុន្តែការប្រារព្ធពិធីនេះនៅលើទឹកដីកម្ពុជាក្រោម ត្រូវបានអាជ្ញាធរវៀតណាមរារាំង និងបានប្រើប្រាស់អំពើហិង្សាលើព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមឱ្យរងរបួសជាច្រើននាក់។
ទិវាចងចាំ៤ មិថុនា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅតាមប្រទេសក្នុងពិភពលោក ដែលមានពលរដ្ឋខ្មែរកម្ពុជាក្រោមរស់នៅ ប៉ុន្តែពិធីនេះ ត្រូវអាជ្ញាធរវៀតណាម តែងរឹតត្បិតរំខានមិនអាចរៀបចំឡើងនៅលើទឹកដីខ្មែរក្រោមឡើយ។
ពលរដ្ឋរស់នៅខេត្តព្រះត្រពាំង ឬខេត្តត្រាវិញ (Tra Vinh) លោក ថាន់ ញ៉ា ប្រាប់អាស៊ីសេរីថា នៅវេលាម៉ោងជាង ១រសៀលថ្ងៃទី៤ មិថុនា សមត្ថកិច្ចវៀតណាមស្លៀកពាក់ស៊ីវិលប្រហែល៥០នាក់ ដែលខ្លះបានពាក់ម៉ាស់បិទមុខ និងពាក់មួក បានដើរជាក្រុមចូលទៅក្នុងវត្តរារាំងព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមប្រហែល៤០នាក់ មិនឱ្យរៀបចំប្រារព្ធពិធីរំឭកគុណដល់បុព្វបុរស និងដើម្បីរំឭកថ្ងៃផ្ទេរទឹកដីឱ្យវៀតណាមគ្រប់គ្រង។
លោកបន្តថា ការចុះទៅរារាំងនេះ សមត្ថកិច្ចវៀតណាមបានប្រើប្រាស់អំពើហិង្សា រួមមានការចាប់ក្រៀកព្រះសង្ឃ ចាប់ស្ត្រីខ្មែរផ្ដួលទៅលើដី និងការវាយប្រតាយប្រតប់ដាល់រូបលោកជាច្រើនដៃ និងពលរដ្ឋផ្សេងទៀត ឱ្យរងរបួស។ លោកបញ្ជាក់ថា ពិធីរំឭកគុណបុព្វបុរសនិងការចងចាំនៃការផ្ទេរទឹកដីនេះ ធ្វើឡើងនៅក្បែរចេតិយលោកឧកញ៉ា សឺន គុយ ស្ថិតនៅនៅវត្តពោធិ៍ចុឡាមណីចេតិយ ភូមិចេតិយ ឃុំចាបភ្លើង ស្រុកថ្កូវ ខេត្តព្រះត្រពាំង។ «»
លោកលើកឡើងទៀតថា ក្រុមសមត្ថកិច្ចបន្លំខ្លួនធ្វើជាក្រុមជើងកាងទាំងនោះ បានបង្ខំពលរដ្ឋខ្មែរក្រោម ឱ្យដោះអាវយឺតចេញ ដែលមានរូបទង់ជាតិខ្មែរក្រោម និងមានសរសេរអក្សររំឭកខួប៧៤ឆ្នាំ នៃការផ្ទេរទឹកដីខ្មែរក្រោមពីសំណាក់បារាំងទៅឱ្យវៀតណាមគ្រប់គ្រង រួមទាំងបានព្យាយាមដកហូតទូរស័ព្ទពីពលរដ្ឋខ្មែរក្រោម កុំឱ្យថតរូបនិងវីដេអូ។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបពីស្ថានទូតវៀតណាមប្រចាំកម្ពុជានៅថ្ងៃទី៤ មិថុនា ដើម្បីបកស្រាយជុំវិញបញ្ហានេះបាននៅឡើយទេ។
ទឹកដីខ្មែរក្រោម មានព្រំប្រទល់ខាងលិច ជាប់ខេត្តមណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កណ្ដាល តាកែវ និងខេត្តកំពត ខាងត្បូងឆៀងខាងលិចជាប់ឈូងសមុទ្រថៃ និងខាងកើតជាប់សមុទ្រចិនខាងត្បូង ដែលមានចំនួន២១ខេត្តក្រុង ប៉ុន្តែបច្ចុប្បន្ន ត្រូវប្ដូរទៅជាឈ្មោះវៀតណាមចំនួន ១៩ខេត្តក្រុង។
ពលរដ្ឋខ្មែរក្រោម មិនដែលចាត់ទុកទឹកដីខ្មែរក្រោមទាំង២១ខេត្តនោះ ជារបស់វៀតណាមឡើយ ហើយអះអាងថា គ្រាន់តែជាការត្រួតត្រាតាមបែបអាណានិគមបន្តវេនពីបារាំង ដែលជាអំពើខុសច្បាប់ មិនអាចទទួលយកបាន។ នៅឆ្នាំ១៩៤៩ អាណានិគមបារាំង បានផ្ទេរទឹកដីទាំងនោះឱ្យវៀតណាមគ្រប់គ្រង ដោយគ្មានការឯកភាព ឬដឹងឮ ពីពលរដ្ឋខ្មែរជាម្ចាស់ទឹកដី។ ពួកគាត់អះអាងថា ទឹកដីទាំងនោះនៅតែជារបស់ខ្មែរ និងតស៊ូរក្សាអត្តសញ្ញាណជាពលរដ្ឋខ្មែរ រួមទាំងបានប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាមជំនឿ សាសនា ទំលៀមទម្លាប់ វប្បធម៌ និងប្រពៃណី។
ចំណែកព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោមនៅរាជធានីភ្នំពេញ ក៏បានប្រារព្ធពិធីចងចាំថ្ងៃផ្ទេរទឹកដីនេះដែរ ដោយមានធ្វើពិធីតាមបែបព្រះពុទ្ធសាសនា និងរៀបរាប់ពីការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរវៀតណាម លើពលរដ្ឋខ្មែរក្រោម។

ប្រធានលេខាធិការដ្ឋាននៃអង្គការសមាគមខ្មែរកម្ពុជាក្រោមលោក សឺន យឿង ថ្លែងនៅក្នុងពិធីនេះថា បើទោះបីជាបារាំងបានប្រគល់ទឹកដីខ្មែរក្រោមឱ្យវៀតណាមគ្រប់គ្រង ប៉ុន្តែនៅមុនការឡើងកាន់អំណាចពីពួកវៀតណាមកុម្មុយនិស្តឆ្នាំ១៩៧៥ ខ្មែរកណ្ដាលនិងខ្មែរក្រោម នៅមានទំនាក់ទំនងនឹងគ្នា លើការគ្រប់គ្រងវិស័យសិក្សាធិការជាតិផ្នែកភាសាខ្មែរ ចាប់ពីបឋមសិក្សារហូតដល់មធ្យមសិក្សា ហើយទាំងផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រ ដោយសិស្សខ្មែរក្រោម ត្រូវឡើងមកសិក្សាបន្តផ្នែកឧត្ដមសិក្សា នៅខ្មែរកណ្ដាល។ លោកបន្តថា រីឯការគ្រប់គ្រងផ្នែកសាសនា នៅខ្មែរកណ្ដាលមានសម្ដេចព្រះសង្ឃរាជ និងមានពុទ្ធសាសនាបណ្ឌិត្យ រីឯនៅខ្មែរក្រោម មានសម្ដេចសង្ឃនាយក និងមានពុទ្ធសាសនាបណ្ឌិត្យរង ស្ថិតនៅខេត្តព្រះត្រពាំង ដែលកសាងឡើងដោយសម្ដេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។
ប៉ុន្តែលោក សឺន យឿង បញ្ជាក់ថា ទំនាក់ទំនងនេះ ត្រូវបានបញ្ចប់ជាស្ថាពរ បន្ទាប់ពីពួកវៀតណាមកុម្មុយនិស្ដ ឡើងកាន់អំណាចនៅថ្ងៃទី៣០ ខែមេសាឆ្នាំ១៩៧៥ រហូតមកដល់បច្ចុប្បន្ន ហើយបានព្យាយាមកែប្រែប្រវត្តិសាស្ត្ររបស់ពលរដ្ឋខ្មែរក្រោម ដោយបានប្ដូរឈ្មោះខេត្តក្រុងទៅជាឈ្មោះវៀតណាម ដើម្បីកុំឱ្យកូនខ្មែរក្រោមជំនាន់ក្រោយ ស្គាល់ពីភូមិសាស្ត្រ និងប្រវត្តិសាស្ត្ររបស់ខ្លួន។ លោកបន្ថែមថា នៅក្នុងរយៈពេលប្រហែល៤០ឆ្នាំ រដ្ឋបាលកុម្មុយនិស្តវៀតណាម បានដកហូតសិទ្ធិជនជាតិដើមពលរដ្ឋខ្មែរក្រោម ឱ្យក្លាយជាជនជាតិភាគតិច និងធ្វើឱ្យក្លាយជាជនគ្មានចំណេះដឹងផ្នែកអក្សរសាស្ដ្ររបស់ខ្លួន និងបានលួចដកហូតសញ្ជាតិពលរដ្ឋខ្មែរក្រោមមួយចំនួន បញ្ចូលទៅជាជនជាតិវៀតណាមទៅវិញ។ «»
របាយការណ៍ពីអង្គការសមាគមខ្មែរកម្ពុជាក្រោមបង្ហាញថា ស្ថានភាពពលរដ្ឋខ្មែរក្រោមបច្ចុប្បន្ន នៅតែបន្តរងការរឹតត្បិតពីវៀតណាម ក្នុងគោរពតាមវប្បធម៌ ជំនឿ និងការប្រតិបត្តិសាសនារបស់ខ្លួន។ រដ្ឋាភិបាលវៀតណាម បន្តព្យាយាមកាឡៃវប្បធម៌ ប្រពៃណី សិល្បៈ ដោយបានបញ្ចូលវប្បធម៌របស់ខ្លួនលាយឡំជាមួយ និងការកាត់បន្ថយកិច្ចខ្លះនៃការសម្ដែងសិល្បៈ វប្បធម៌ និងប្រពៃណី។ ការវាយកម្ទេចសំណង់ប្រវត្តិសាស្ត្រ ដែលមានរចនាប័ទ្មវប្បធម៌ខ្មែរ ការយកវត្តអារាមខ្មែរ បញ្ចូលជាតំបន់បេតិកភណ្ឌវប្បធម៌របស់វៀតណាម ការបន្តរឹបអូសយកដីធ្លីធ្វើស្រែចម្ការរបស់ពលរដ្ឋខ្មែរក្រោមយក ទៅចែកឱ្យពលរដ្ឋវៀតណាមដោយគ្មានសំណង និងបានបង្ខំឱ្យពលរដ្ឋខ្មែរក្រោមមួយចំនួនធំ ធ្វើចំណាកស្រុកបម្រើការឱ្យវៀតណាមតាមផ្ទះ និងរោងចក្រ និងការប្រើអំពើហិង្សា និងប្រើប្រព័ន្ធតុលាការចាប់ចងពលរដ្ឋខ្មែរក្រោម ដែលងើបតវ៉ាទាមទារដីស្រែកេរដូនតា និងការដាក់ពង្រាយភ្នាក់ងារសម្ងាត់តាមឃ្លាំមើលពលរដ្ឋខ្មែរក្រោម កុំឱ្យបញ្ចេញព័ត៌មាននៃការរំលោភសិទ្ធិមនុស្សទៅបណ្ដាញសារព័ត៌មាន និងអង្គការការពារសិទ្ធិមនុស្សជាដើម។
សិទ្ធិមនុស្សជាមូលដ្ឋានរបស់ពលរដ្ឋខ្មែរក្រោមកម្ពុជា ត្រូវបានរំលោភទាំងស្រុងពីអាជ្ញាធររដ្ឋកុម្មុយនិស្តវៀតណាមរួចទៅហើយ។ ពួកគាត់បានអំពាវនាវដល់ពលរដ្ឋខ្មែរគ្រប់ទិសទី ត្រូវសាមគ្គីគ្នាជាធ្លុងមួយ ទើបអាចជំរុញឱ្យការតវ៉ាតាមបែបអហិង្សាស្របតាមច្បាប់អន្តរជាតិនានាទទួលបានជោគជ័យ។
អង្គការសមាគមខ្មែរកម្ពុជាក្រោមលើកឡើងថា ថ្វីត្បិតការតស៊ូរបស់ខ្លួន មិនទាន់ទទួលបានជោគជ័យ ប៉ុន្តែបច្ចុប្បន្ន ទទួលបានលទ្ធផលមួយចំនួនជាទីមោទនភាព ដោយបានធ្វើឱ្យសហគមន៍អន្តរជាតិ កំពុងចាប់អារម្មណ៍យ៉ាងខ្លាំង និងដឹងឭយ៉ាងច្បាស់ពីទុក្ខលំបាករបស់ព្រះសង្ឃ និងពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលរងការធ្វើទុក្ខបុកម្នេញ និងការជិះជាន់គ្រប់រូបភាពពីសំណាក់អាជ្ញាធររដ្ឋាភិបាលវៀតណាម។ លើសពីនេះ អង្គការសមាគមខ្មែរកម្ពុជាក្រោម ក៏ត្រូវបានអង្គការអន្តរជាតិនានា ទទួលយកជាសមាជិកដែលមិនធ្លាប់ក្នុងប្រវត្តិសាស្ត្រ និងជាក្ដីសង្ឃឹមមួយសម្រាប់ពលរដ្ឋខ្មែរក្រោម ដែលថ្ងៃណាមួយ នឹងទទួលបានសិទ្ធិសេរីភាពពេញលេញដូចមនុស្សជាតិនានានៅលើពិភពលោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។