អង្គការសមាគមខ្មែរក្រោមថា អាជ្ញាធរវៀតណាមរឹតត្បិតសិទ្ធិពលរដ្ឋខ្មែរក្រោមក្នុងការចូលរួមប្រារព្ធពិធីបុណ្យកឋិន
2024.11.05
អង្គការសមាគមខ្មែរក្រោមថា អាជ្ញាធរវៀតណាមរឹតត្បិតសិទ្ធិពលរដ្ឋខ្មែរក្រោមក្នុងការចូលរួមប្រារព្ធពិធីបុណ្យកឋិនទានក្នុងអំឡុងពេលភរិយារបស់ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ខែវិច្ឆិកា បានដឹកនាំមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួន ដង្ហែអង្គកឋិនទានចេញពីរាជធានីភ្នំពេញ ទៅកាន់វត្តពោធិគិរីវង្សារាម ឬវត្តស្វាយសៀមថ្មី ក្នុងខេត្តព្រះត្រពាំង ទឹកដីកម្ពុជាក្រោម ចាប់ពីថ្ងៃទី៤ និងថ្ងៃទី៥ ខែវិច្ឆិកា។
ពិធីបុណ្យអង្គកឋិនទាននៅវត្តស្វាយសៀមថ្មី ខេត្តព្រះត្រពាំង ដែលចូលរួមដោយមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលពីប្រទេសកម្ពុជាបានបិទបញ្ចប់ហើយនៅថ្ងៃទី៥ វិច្ឆិកា ក្រោមការឃ្លាំមើលយ៉ាងប្រុងប្រយ័ត្ន ការរំខាន និងរឹតត្បិតពីសំណាក់អាជ្ញាធររដ្ឋាភិបាលវៀតណាម។
អនុប្រធានសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បណ្ឌិត សឺន ជុំជួន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៥ ខែវិច្ឆិកាថា អាជ្ញាធរវៀតណាមបានធ្វើសកម្មភាពរឹតត្បិតព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ដូចជា ការហាមឃាត់មិនឱ្យព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមទាំងក្នុង និងក្រៅខេត្តព្រះត្រពាំងចូលរួមធ្វើបុណ្យកឋិនទាននៅវត្តវត្តពោធិគិរីវង្សារាម ឬវត្តស្វាយសៀមថ្មី។ លោកថាសកម្មជនខ្មែរក្រោមជាច្រើននាក់ផ្សេងទៀត ត្រូវបានអាជ្ញាធរវៀតណាមឃ្លាំមើលមិនឱ្យចេញពីផ្ទះបាននោះទេ ហើយអាជ្ញាធរវៀតណាម ក៏បានដកហូតទូរស័ព្ទពលរដ្ឋខ្មែរក្រោមមួយចំនួន ដែលបានថតសកម្មភាពថ្នាក់ដឹកនាំខ្មែរនៅតាមផ្លូវទីសាធារណៈ។
បណ្ឌិត សឺន ជុំជួន ថា ទង្វើរបស់អាជ្ញាធរវៀតណាមនេះ គឺជាការរំលោភសិទ្ធិមនុស្សជាមូលដ្ឋាន ដូច្នេះលោកអំពាវនាវឱ្យសហគមន៍អន្តរជាតិអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាមឱ្យបញ្ឈប់ការរំលោភបំពានសិទ្ធិមនុស្សបន្តទៀត។
បណ្ឌិត សឺន ជុំជួន៖ «ពិធីបុណ្យកឋិនទាននេះគឺជាពិធីបុណ្យ ដែលប្រជាពលរដ្ឋនៅគ្រប់ទិសទី មិនថា បងប្អូននៅកម្ពុជា មិនថា នៅកម្ពុជាក្រោមទេ គឺថា មានសិទ្ធិពេញលេញក្នុងការចូលរួមសប្បាយរីករាយអបអរសាទរក្នុងរដូវកឋិនទាននេះ ប៉ុន្តែនៅពេលដែលមានការរឹតត្បិត ការយាមកាមមិនឱ្យបងប្អូន ដែលចេញពីផ្ទះទៅចូលរួមគឺជាទង្វើមួយ ដែលរំលោភទៅសិទ្ធិសេរីភាពទៅលើជំនឿ»។
នេះជាលើកទី១ ដែលរដ្ឋាភិបាលកម្ពុជា ផ្ដួចផ្ដើមគំនិតដង្ហែអង្គកឋិនទានទៅកាន់វត្តខ្មែរក្រោមនៅក្នុងទឹកដីកម្ពុជាក្រោមដែលស្ថិតនៅក្រោមការត្រួតត្រារបស់ប្រទេសវៀតណាម។
មន្ត្រីសម្របសម្រួលលេខាធិការដ្ឋាន នៃអង្គការសមាគមខ្មែរកម្ពុជាក្រោម លោក គឹម ស៊ីសំណា ថា ពលរដ្ឋខ្មែរក្រោមតាមបណ្ដាខេត្តក្នុងទឹកដីកម្ពុជាក្រោមបានរៀបចំកក់ឡាន ដើម្បីធ្វើដំណើរទៅចូលរួមបុណ្យកឋិននេះ ប៉ុន្តែអាជ្ញាធរវៀតណាមបានគំរាម និងហាមឃាត់ពួកគាត់មិនឱ្យទៅចូលរួម។ លើសពីនេះ លោកថា នៅពេលថ្នាក់ដឹកនាំពីកម្ពុជាទៅដល់វត្តស្វាយសៀមថ្មី អាជ្ញាធរវៀតណាមបានព្យាយាមរារាំងមិនឱ្យពលរដ្ឋខ្មែរក្រោមបានជួបសួរសុខទុក្ខ ប្រតិភូពីកម្ពុជានោះទេ ដោយបានព្យាយាមបំបែកពួកគាត់ឱ្យនៅឃ្លាតឆ្ងាយពីគ្នា។
លោក គឹម ស៊ីសំណា៖ «ឃើញសមត្ថកិច្ចវៀតណាមហ្នឹងគាត់ទៅបំបែកគណៈប្រតិភូជាមួយ និងប្រជាពលរដ្ឋខ្មែរចេញ ឃើញស្ដែងៗ ឆៅនឹងភ្នែកហ្នឹងឃើញថា មានភាពអសីលធម៌ត្រង់កន្លែងហ្នឹង យ៉ាងណាក៏ទុកឱ្យដាក់ដឹកនាំគណៈប្រតិភូ មន្ត្រីជាន់ខ្ពស់របស់ខ្មែរយើងចុះទៅជួបសំណេះសំណាលជជែកគ្នាឱ្យបានពីរបីនាទីចុះបើមិនបានច្រើនក៏អស់ចិត្តដែរ ហើយក៏អញ្ជើញគាត់ទៅក្នុងវត្តតាមសម្រួលទៅ»។
ជាងនេះទៀត លោក គឹម ស៊ីសំណា ថា អាជ្ញាធរវៀតណាមហាក់ព្យាយាមបិទប្រព័ន្ធផ្សព្វផ្សាយ និងមានបញ្ហារអាក់រអួលសេវាអ៊ីនធឹណិត ដែលធ្វើឱ្យពលរដ្ឋខ្មែរក្រោមពិបាកផ្សាយផ្ទាល់ពីព្រឹត្តិការណ៍នេះនៅលើបណ្ដាញសង្គម។ លោកយល់ថា អាជ្ញាធរវៀតណាមបានព្យាយាមមិនឱ្យពលរដ្ឋខ្មែរក្រោមអាចលើកយកការរឹតត្បិតសេរីភាពរបស់ពលរដ្ឋខ្មែរក្រោមទៅកាន់ថ្នាក់ដឹកនាំកម្ពុជាបាន។
ក្រៅពីរឹតត្បិតមិនឱ្យពលរដ្ឋចូលរួម និងរារាំងមិនឱ្យពលរដ្ឋផ្សព្វផ្សាយព័ត៌មានពីបុណ្យអង្គកឋិនទាន អាជ្ញាធរវៀតណាមថែមទាំងមិនអនុញ្ញាតឱ្យមានកម្មវិធីសម្ដែងសិល្បៈ ដូចជា ការប្រគំតន្ត្រី ដែលមានអ្នកចម្រៀងមកពីខ្មែរក្រោម ពីប្រទេសកម្ពុជា និងពីខ្មែរសុរិន្ទ ទៅសម្ដែងរួមគ្នានោះទេ។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបរឿងនេះពីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា និងអ្នកនាំពាក្យនាយករដ្ឋមន្ត្រី លោក មាស សោភ័ណ្ឌ បានទេ នៅថ្ងៃទី៥ វិច្ឆិកា។
អាជ្ញាធរវៀតណាម ខេត្តលង់ហោ ដែលវៀតណាមហៅថា ខេត្ត វិញ ឡុង (Vinh Long ) កាលពីខែមីនា បានចាប់ផ្សឹកព្រះសង្ឃគង់នៅវត្តប្រជុំពលមង្គលបូរី ឬហៅថា វត្តទ្រនំសេកចំនួន ៥អង្គ រួមមាន ព្រះចៅអធិការវត្តទ្រនំសេកព្រះភិក្ខុ ថាច់ ចន្ទតារា និងព្រះភិក្ខុ យឿង ខាយ ជាដើម និងបានចាប់ឃុំខ្លួនពលរដ្ឋខ្មែរក្រោមចំនួន ៤នាក់ ក្រោមបទចោទថា «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ» តាមមាត្រា ៣៣១ និង ពីបទ «ការចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួនមនុស្សដោយខុសច្បាប់» តាមមាត្រា ១៥៧ នៃក្រមព្រហ្មទណ្ឌវៀតណាម។ គិតមកទល់ពេលនេះ មានព្រះសង្ឃ សកម្មជន និងពលរដ្ឋខ្មែរក្រោមចំនួន ១៣អង្គនាក់ ហើយត្រូវបានអាជ្ញាធរវៀតណាមចាប់ដាក់ពន្ធនាគារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។