សហគមន៍​ខ្មែរ​ក្រោម​នឹង​ប្រារព្ធ​ខួប​៧៣​ឆ្នាំ ដែល​កម្ពុជា​ក្រោម​នៅ​ក្រោម​អាណានិគម​វៀតណាម នៅ​ថ្ងៃទី​៣ កក្កដា

0:00 / 0:00

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម នឹង​ប្រារព្ធ​ទិវា​ខួប​៧៣​ឆ្នាំ នៃ​ថ្ងៃ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម ក្នុង​ថ្ងៃទី​៣​ខែ​កក្កដា ខាងមុខនេះ។ ការ​ប្រារព្ធ​ពិធី​នេះ ដើម្បី​រំឭក​ដល់​ថ្ងៃ​ឈឺចាប់ ដែល​បារាំង​ផ្ទេរ​ដែនដី​កម្ពុជា​ក្រោម ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​វៀតណាម​កុម្មុយនិស្ត​ទាំង​បំពាន ដោយ​ពុំ​មាន​ការ​យល់ព្រម​ពី​ខ្មែរ​ណា​ម្នាក់​ឡើយ។

​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​នៅ​កម្ពុជា​បាន​សម្រេច លើក​ពេល​ប្រារព្ធ​ទិវា​បាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​មក​ធ្វើ​នៅ​ថ្ងៃទី​៣ កក្កដា វិញ ដោយសារតែ ឆ្នាំនេះ ប្រទេស​កម្ពុជា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ ចំ​ថ្ងៃ​ជាន់គ្នា​នឹង​ទិវា​នៃ​ការ​ចងចាំ​នេះ។

ថ្ងៃទី​៤ ខែមិថុនា កន្លង​ទៅ​នេះ ជា​ខួប​គម្រប់​៧៣​ឆ្នាំ (៤​មិថុនា​១៩៤៩ ដល់ ៤​មិថុនា​២០២២) ជា​ថ្ងៃ​អាណានិគម​បារាំង បាន​ផ្ទេរ​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ឲ្យ​អាណានិគម​វៀតណាម​ត្រួតត្រា​បន្ត​រហូត​សព្វថ្ងៃ គឺជា​ថ្ងៃ​ដ៏​ឈឺចាប់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រជាជាតិ​ខ្មែរ។

អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ថា ការ​រំឭក​ខួប​៧៣​ឆ្នាំ​នេះ ដើម្បី​សម្ដែង​នូវ​កតញ្ញូ កតវេទីតា​ធម៌ និង​គារវកិច្ច ចំពោះ​ព្រះវីរសមណៈ ព្រះមហា​វីរក្សត្រ វីរបុរស វីរនារី វីរ​យុទ្ធជន វីរ​យុទ្ធ​នារី ខ្មែរ​ស្នេហា​ជាតិ ដែល​បាន​ពលី​ជីវិត ក្នុង​បុព្វហេតុ​ជាតិ សាសនា និង​មាតុភូមិ​ខ្មែរ ជាពិសេស​មាតុភូមិ​ខ្មែរ​កម្ពុជា​ក្រោម​។ អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម នឹង​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​រាប់បាត្រ​ព្រះសង្ឃ​ចំនួន ១៩៤៩​អង្គ។

ពលរដ្ឋ​ខ្មែរក្រោម ជា​អតីត​ព្រះ​ចៅ​អធិការ​វត្ត​រំដួល​ទួល​សូរភី ជីក្អេងក្រោម ខេត្ត​មាត់ជ្រូក ដែល​ធ្លាប់​ប្រឆាំង​នឹង​អាជ្ញាធរ​វៀតណាម​មក​ទន្ទ្រាន​ដី​វត្ត លោក ចៅ សំអឿន ប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃទី​៣០ ខែ​មិថុនា ថា ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​តែងតែ​ប្រារព្ធ​ទិវា​រំឭក​ខួប​ថ្ងៃ​ដែល​បារាំង​ផ្ទេរ​ដែនដី​កម្ពុជា​ក្រោម ទៅ​ឲ្យ​យួន​កុម្មុយនិស្ត​កាន់កាប់​រហូត​មក​ដល់​បច្ចុប្បន្ន ។ លោក​បន្ត​ថា ការដែល​ខ្មែរក្រោម​រំឭក​ទិវា​នេះ គឺ​ចង់​ដាស់តឿន​សតិ​ស្មារតី​កូន​ខ្មែរ​ទាំងអស់​ឲ្យ​ចងចាំ​ថា​ទឹកដី​ដូនតា​មាន​ត្រឹមណា ការ​លះបង់​របស់​បុព្វ​បុរស​ធំធេង​កម្រិត​ណា ក្នុង​ការ​ការពារ​អត្តសញ្ញាណ វប្បធម៌ អក្សរសាស្ត្រ ប្រពៃណី ទំនៀមទម្លាប់ ទុក​ឲ្យ​កូនចៅ​នៅ​ដែនដី​កម្ពុជា​ក្រោម រក្សា​គង់វង្ស​មកដល់​សព្វថ្ងៃ ។ លោក​ស្នើ​ដល់​រដ្ឋាភិបាល​វៀតណាម កុំ​ឲ្យ​ធ្វើទុក្ខបុកម្នេញ​ដល់​ពលរដ្ឋ​ខ្មែរក្រោម​ស្លូតត្រង់ និង​សូម​ឲ្យ​មាន​ការគោរព​សិទ្ធិ​របស់​មនុស្សជាតិ ជាពិសេស​ខ្មែរក្រោម​ដែល​ជា​ម្ចាស់​ស្រុក និង​ជា​ម្ចាស់​ទឹក ម្ចាស់​ដី​នេះ​ផង ។ ចំពោះ​ការ​ទាមទារ​ទឹកដី​កម្ពុជា​ក្រោម លោក​មាន​ជំនឿ​ទៅលើ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក នឹង​អាច​ទាមទារ​សិទ្ធិ​ជា​ជនជាតិ​ដើម​បាន ដើម្បី​ឲ្យ​ខ្មែរក្រោម​អាច​សម្រេច​វាសនា​ដោយ​ខ្លួនឯង​បាន​៖ «ទាមទារ​នឹង​ធ្វើ​ការ​តស៊ូ​មតិ​ដ៏​កក្រើក ធ្វើ​ឲ្យ​អាជ្ញាធរ​វៀតណាម​ហ្នឹង ក៏​មាន​ការ​បារម្ភ និង​មាន​ចំណុច​ខ្លះ ។ ក្នុង​នោះ​តាម​តំបន់​ខ្លះ​កោះហៅ​អញ្ជើញ ក៏ដូចជា​និមន្ត​ព្រះសង្ឃ​ទៅ​សួរនាំ​អំពី​បញ្ហា​ការ​តស៊ូ​មតិ​នេះ ។ ដូច្នេះ​ឃើញថា​សកម្មភាព​របស់​ស​ហ​ព័ន្ធ ក៏ដូចជា​សមាគម​នៅក្នុង និង​ក្រៅប្រទេស​នេះ ឃើញថា​ដាស់តឿន​ក្រើន​រំឭក​ឲ្យ​កូន​ខ្មែរ ដែល​រស់​នៅ​ក្នុង​ប្រទេស​នោះ​ចងចាំ​នូវ​ប្រវត្តិសាស្ត្រ ដែល​ទឹកដី​របស់​យើង ត្រូវ​បាត់បង់​ទៅលើ​អាណានិគម​វៀតណាម ដែល​ត្រួតត្រា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​បាទ»។

ស្រដៀង​គ្នា​នេះ​ដែរ និស្សិត​ឆ្នាំ​ទី​៤​នៃ​សាកលវិទ្យាល័យ​ពាណិជ្ជ​សាស្ត្រ លោក ចៅ ស៊ីផាន អាយុ ៣០​ឆ្នាំ មកពី​ដែនដី​កម្ពុជា​ក្រោម ប្រាប់​ថា ខ្មែរក្រោម​ពុំ​អាច​ភ្លេច​នូវ​ទិវា​ដ៏​ឈឺចាប់​នេះ​បាន ហើយ​តែង​ប្រារព្ធ​ធ្វើជា​រៀងរាល់​ឆ្នាំ គឺ​ចាស់ព្រឹទ្ធាចារ្យ​ចង់​បញ្ជ្រាប​នូវ​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ​នេះ ឲ្យ​កប់​ចូល​ទៅ​ជ្រៅ​ក្នុង​បេះដូង​កុលបុត្រ កុលធីតា​ខ្មែរ ថា​វៀតណាម​បាន​លេប​ត្របាក់​ទឹកដី​ខ្មែរ​។ លោក​បន្ថែម​ថា កូន​ខ្មែរ​ទាំងអស់​មិន​ត្រូវ​ភ្លេច​ទង្វើ​ឈ្លានពាន​របស់​វៀតណាម​មក​លើ​ដី​ខ្មែរ​ទេ ហើយ​លោក​នៅតែ​ចងចិត្ត​ថា ថ្ងៃ​ណាមួយ​កម្ពុជា​ក្រោម​នឹង​ស្ថិត​នៅ​ក្រោម​ការ​មើល​ថែ​ពី​ប្រទេស​កម្ពុជា​វិញ​។ លោក​ផ្ដាំ​ឲ្យ​យុវជន យុវនារី​ខិតខំ​សិក្សា​យកចំណេះ​វិជ្ជា​ទៅ​តតាំង​នឹង​បច្ចាមិត្ត ដែល​ប៉ុនប៉ង​រំលោភ​អធិបតេយ្យភាព​កម្ពុជា​៖ «​តាម​ដែល​ខ្ញុំ​បានដឹង​គឺ ទី​១ ដើម្បី​ដាស់​នូវ​ចំណុច​សំខាន់​ក្នុងថ្ងៃនេះ​ចូលទៅ​ក្នុង​ខួរក្បាល​កូន​ខ្មែរ​យើង​ទាំងអស់​ឲ្យ​បាន​ដឹង​បាន​ចងចាំ​។ អ្វី​ដែល​សំខាន់ គឺ​ខ្ញុំ​ចាប់អារម្មណ៍​តែ​ប៉ុណ្ណឹង គឺថា​ចង់​ឲ្យ​កូន​ខ្មែរ ឲ្យ​ទិដ្ឋភាព​ក្នុងថ្ងៃនេះ គឺ​នៅ​ពេញ​ក្នុង​ខួរក្បាល​កូន​ខ្មែរ កូនចៅ​យើង​ជំនាន់​ក្រោយ ។ ខ្ញុំ អ្វី​ដែល​សំខាន់ គឺ​បេះដូង​ខ្ញុំ គឺ​លំអោន​ទៅ​នឹក​ឃើញ​តែ​ចំណុច​ហ្នឹង គឺ​ចង់​ឲ្យ​កូន​ខ្មែរ គឺ​បាន​ចងចាំ ។ ហើយ​ក្នុង​ថ្ងៃ​ហ្នឹង អ្វី​ដែល​សំខាន់ គឺ​ចង់​បាន​ការ​រួបរួម​គ្នា​មួយ»។

ទិវា​រំឭក​ខួប​៧៣​ឆ្នាំ នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ថ្ងៃទី​៣ ខែកក្កដា ទីកន្លែង​ប្រារព្ធ​ពិធី នៅ​ទីស្នាក់ការ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ផ្ទះ​លេខ​៧២ ផ្លូវ​៤២៦A ភូមិ​គោកឃ្លាង សង្កាត់​គោកឃ្លាង ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ (​នៅ​ទល់មុខ​ផ្សារ​ឈូក​មាស)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។