ព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោមជាជនរងគ្រោះនៃអំពើហិង្សាបង្កឡើងដោយអាជ្ញាធរនិងក្រុមជើងកាងវៀតណាមបន្តទាមទារយុត្តិធម៌ដោយសារតែវៀតណាមមិនទាន់បានឃាត់ខ្លួនជនសង្ស័យយកទៅផ្តន្ទាទោសតាមច្បាប់នៅឡើយ។អង្គការការពារសិទ្ធិមនុស្សថាវៀតណាមរើសអើងនឹងខ្មែរក្រោមទើបមិនផ្តល់យុត្តិធម៌ឲ្យជនរងគ្រោះ។
ព្រះសង្ឃខ្មែរកម្ពុជាក្រោមដែលត្រូវជនជាតិវៀតណាមព្រួតគ្នាវាយប្រហារឲ្យរងរបួសធ្ងន់កាលពីខែ កក្កដា ព្រះអង្គ សឺន ទី បាននិមន្តនិងកំពុងគង់នៅទឹកដីកំណើតនៅខេត្តឃ្លាំង ដើម្បីស្នើឲ្យអាជ្ញាធរវៀតណាមស៊ើបអង្កេតករណីជនជាតិវៀតណាមដែលព្រះអង្គសង្ស័យថាអាជ្ញាធរវៀតណាមជាអ្នកនៅពីក្រោយមកទទួលទោសបានផ្លូវច្បាប់។ជនសង្ស័យជាជនជាតិវៀតណាមប្រមាណ១០នាក់បានវាយព្រះអង្គ សឺន ទី ឲ្យមានរបួសធ្ងន់រហូតដល់ផុងលលាដ៍ព្រះកេសនិងមានស្នាមជាំជុំវិញខ្លួននិងដៃកាលពីថ្ងៃទី១២ខែកក្កដា។ អំពើហិង្សានេះកើតឡើងពេលព្រះអង្គនិមន្តទៅលេងឪពុកម្ដាយនិងបងប្អូននៅខេត្តឃ្លាំងទឹកដីកម្ពុជាក្រោម។
ព្រះអង្គសង្ស័យថាវៀតណាមលួយវាយប្រហារព្រះអង្គដោយសារតែព្រះអង្គចូលរួមសកម្មភាពទាមទារសិទ្ធិជនជាតិដើម។ ព្រះអង្គ សឺន ទី មានថេរដីកាថាព្រះអង្គបានធ្វើដំណើរទៅស្រុកកំណើតកាលពីចុងខែតុលាទៅចូលរួមបុណ្យកឋិនទាននិងចង់តាមដានការស៊ើបអង្កេតរបស់វៀតណាម។ ព្រះអង្គបន្តថា វៀតណាមបានកោះហៅព្រះអង្គទៅជួបហើយប្រាប់ថាអាជ្ញាធរវៀតណាមមិនពាក់ព័ន្ធនឹងការប្រើប្រាស់អំពើហិង្សាលើព្រះអង្គនោះទេប៉ុន្តែវៀតណាមត្រឹមតែមិនស៊ើបអង្កេតករណីនេះថែមទាំងដោយចោទថា ព្រះអង្គមិនបានដាក់ពាក្យបណ្តឹងឲ្យទាន់ពេលក្រោយកើតមានករណីអំពើហិង្សានោះ។វៀតណាមក៏បានគំរាមព្រះអង្គថាអាជ្ញាធរនឹងចាប់ព្រះអង្គដាក់ពន្ធនាគារនិងហាមឃាត់ព្រះអង្គមិនឲ្យមកស្រុកកំណើតសួរសុខទុក្ខបងប្អូនប្រសិនបើព្រះអង្គបន្តសកម្មភាពពាក់ព័ន្ធរឿងទាមទារសិទ្ធិជនជាតិដើម៖
«អាត្មាអន់ព្រះទ័យដែរព្រោះអាជ្ញាធរវៀតណាមហ្នឹងមិនបានរកខុសត្រូវមិនបានរកភស្តុតាងហើយចោទប្រកាន់យើងទៀត។គេចោទប្រកាន់យើងមកវិញថាអាត្មារៀបចំគំរោងផែនការឲ្យគេមកវាដើម្បីបង្ហោះលើហ្វេសប៊ុក»។
បច្ចុប្បន្នព្រះអង្គ សឺន ទី កំពុងព្រួយបារម្ភពីបញ្ហសុវត្ថិភាពដោយសារតែអាជ្ញាធរវៀតណាមកំពុងតាមដានព្រះអង្គគ្រប់ជំហាន។ព្រះអង្គគ្រោងនឹងវិលត្រឡប់ទៅកម្ពុជាវិញ ក្នុងពេលឆាប់ៗខាងមុខនេះ។
ពាក់ព័ន្ធនឹងរឿងពលរដ្ឋវៀតណាមបាញ់ប្រហារស្រ្តីខ្មែរក្រោមម្នាក់ឲ្យរងរបួសវិញវៀតណាមក៏មិនទាន់បានវែកមុខជនល្មើសមកផ្តន្ទាទោសផងដែរ។ ស្ត្រីខ្មែរក្រោម លោកស្រី យ័ញ ធីចាន់ផៃ នៅខេត្តក្រមួនសត្រូវក្រុមជើងកាងវៀតណាមបាញ់ឲ្យរបួសធ្ងន់ត្រង់ជើងកាលពីថ្ងៃទី២៧ ខែកញ្ញា។ ការបាញ់ប្រហារនេះកើតឡើងនៅពេលខ្មែរក្រោមតវ៉ាមិនឲ្យអាជ្ញាធរវៀតណាមរឹបអូសដីកេរ្តិ៍ដូនតារបស់ពួកគេ។ សកម្មជនការពារសិទ្ធិមនុស្សលោក យឿង ខាយ ប្រាប់វិទ្យុអាស៊ីសេរីថាអាជ្ញាធរវៀតណាមគ្មានឆន្ទៈនឹងស្វែងរកចាប់ជនសង្ស័យដែលបង្កអំពើហិង្សាលើពលរដ្ឋខ្មែរក្រោមនោះទេដោយសារតែការរើសអើង៖
«អាជ្ញាធរវៀតណាមធ្វើដូច្នោះវារំលោភបំពានរដ្ឋធម្មនុញ្ញវៀតណាមយ៉ាងធ្ងន់ធ្ងរហើយមិនជួយរកយុត្តិធម៌ឲ្យតែខ្មែរក្រោមរងគ្រោះហើយខ្មែរក្រោមទាមទាររកយុត្តិធម៌វៀតណាមតែងធ្វើព្រងើយកន្តើយហើយ»។
ជុំវិញនឹងរឿងអំពើហិង្សានិងការប៉ុងប៉ងសម្លាប់ពលរដ្ឋខ្មែរក្រោមនេះដែរសហព័ន្ធខ្មែរកម្ពុជាក្រោមអំពាវនាវដល់អាជ្ញាធរវៀតណាមត្រូវតែវែកមុខជនល្មើសដើម្បីយកមកផ្តន្ទាទោសឲ្យទាល់តែបាន។ ប្រធាននាយកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា មានថេរដីកាប្រាប់អាស៊ីសេរីថាសហព័ន្ធបានចងក្រងបណ្តឹងដាក់ជូនប្រទេសម្ចាស់ជំនួយវៀតណាមនិងអង្គការសិទិ្ធមនុស្សអន្តរជាតិដើម្បីអន្តរាគមន៍ឲ្យវៀតណាមបំពេញតួនាទីឲ្យស្មើភាពនិងគ្មានការរើសអើងចំពោះពលរដ្ឋទូទៅនិងជនជាតិដើម៖
«ប្រទេសវៀតណាមបានចុះហត្ថលេខាលើសន្និសញ្ញាជនជាតិដើមប៉ុន្តែវៀតណាមមិនដែលបានគោរពសិទ្ធិជនជាតិដើមខ្មែរក្រោមទេឲ្យតែខ្មែរក្រោមងើបឡើងតវ៉ាទាមទារសិទ្ធិត្រូវបានអាជ្ញាធរវៀតណាមកោះហៅទៅសួរចម្លើយ»។
សហព័ន្ធខ្មែរកម្ពុជាក្រោមក៏ធ្លាប់បានថ្កោលទោសរដ្ឋាភិបាលវៀតណាមដែលប្រើប្រាស់នយោបាយសងសឹកខ្មែរក្រោមដែលហ៊ានទាមទារសិទ្ធិជនជាតិដើម។
វៀតណាមបានកោះហៅយុវជនខ្មែរក្រោមទៅគំរាមកំហែងដោយសារតែពួកគេប្រារព្ធខួប១៥ឆ្នាំនៃទិវាសេចក្តីប្រកាសស្តីពីសិទ្ធិជនជាតិដើម (UNDRIP) ។ សហព័ន្ធថា ទង្វើរបស់វៀតណាមនេះផ្ទុយទៅនឹងការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះមុខសមាជិកអង្គការសហប្រជាជាតិដែលថាវៀតណាមនឹងលើកកម្ពស់វិស័យសិទ្ធិមនុស្ស។ មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ ទី១១ ខែតុលា បានបោះឆ្នោតទទួលយកវៀតណាមជាសមាជិកថ្មីនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស បើទោះបីអង្គការសិទ្ធិមនុស្សអន្តរជាតិមួយចំនួនបានអំពាវនាវឲ្យតំណាងប្រទេសជាសមាជិកអង្គការសហប្រជាជាតិកុំបោះឆ្នោតគាំទ្រវៀតណាមក្តី។ វៀតណាមធ្វើជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិសម្រាប់អាណត្តិបីឆ្នាំ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។