សមាគមខ្មែរកម្ពុជាក្រោម ហៅថ្ងៃទី៤ ខែមិថុនាថា ជាថ្ងៃកាន់ទុក្ខជាតិខ្មែរដោយ សារបារាំងកាត់ដីកម្ពុជាក្រោមទៅឱ្យវៀតណាមគ្រប់គ្រងទាំងខុសច្បាប់។ ពួកគេនៅរក្សាជំហរទាមទារទឹកដីកម្ពុជា ក្រោមមកវិញ។ ប៉ុន្តែអ្នកនាំពាក្យបក្ស កាន់អំណាចថា ការចង់បានទឹកដីកម្ពុជាមកវិញគ្រាន់តែជាអារម្មណ៍នឹកស្តាយស្រណោះទឹកដីតែប៉ុណ្ណោះ ប៉ុន្តែករណីជាក់ស្ដែងមិនអាចទាមទារបានមកវិញឡើយ។
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោមនិងជាអតីតសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី លោក ថាច់ សេដ្ឋា លើកឡើងថា តាមផ្លូវច្បាប់ទឹកដីខ្មែរក្រោមមិនទាន់ផុតអាជ្ញាយុកាលនៃការទាមទារនោះទេ។ លោកបញ្ជាក់ថា ទឹកដីកម្ពុជាក្រោម ឬកូសាំងស៊ីនដែលមានខេត្តចំនួន២១ មិនមែនជាទឹកដី ដែលខ្មែរបោះបង់ចោល ឬប្រគល់ទៅឱ្យវៀតណាមដោយកិច្ចព្រមព្រៀងណាមួយនោះឡើយ។ ប៉ុន្តែផ្ទុយទៅវិញ គឺអាណានិគមបារាំងឃុបឃិតជាមួយវៀតណាមផ្ទេរទៅឱ្យវៀតណាមគ្រប់គ្រង៖ «ដូច្នេះបើយើងនិយាយពីអាជ្ញាយុកាលនៃច្បាប់អត់ផុតទេ ដូច្នេះបងប្អូនបានសិក្សាពីច្បាប់រួចហើយដូចនៅក្នុងប្រទេសកម្ពុជាយើងអំពីច្បាប់ដីធ្លីដូចថា គេរំលោភយើងគេនៅលើដីយើងចំនួនប្រាំឆ្នាំដោយគ្មានការតវ៉ា ឬបោះបង់ចោលបានបាត់បង់សិទ្ធិ ប៉ុន្តែបើមានគេតវ៉ាគេទាមទារ អាហ្នឹងអាជ្ញាយុកាលអត់ផុតនៅតែមានដរាប។ ដូច្នេះទឹកដីខ្មែរក្រោមខ្មែរក្រោមមិនដែលបោះបង់ចោលម្ដងណាទេ»។
លោក ថាច់ សេដ្ឋា លើកឡើងបែបនេះ ក្នុងពិធីប្រារព្ធខួបទិវាកាន់ទុក្ខជាតិខ្មែរលើកទី៧១ ថ្ងៃទី៤ ខែមិថុនា។ សហគមន៍ខ្មែរកម្ពុជាក្រោម នៅឆ្នាំនេះ មិនបានធ្វើការជួបជុំធំដុំនោះទេ ហើយក៏មិនបានយាងព្រះរាជតំណាងព្រះមហាក្សត្រចូលរួមក្នុងពិធីនេះដែរ ដោយសារតែការការរាតត្បាតជំងឺកូវីដ-១៩។
ចំណែកអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនបានប្ដូរ រូបលើប្រូហ្វាល (Profile) របស់ខ្លួន នូវរូបសញ្ញាកាន់ទុក្ខជារូបទង់ជាតិកម្ពុជាក្រោម ដោយសរសេរថា កាន់ទុក្ខជាតិខ្មែរ ៤ មិថុនា ១៩៤៩ យួនត្រួតត្រាកម្ពុជាក្រោម។
យុវជនខ្មែរក្រោម លោក ខឿន វីរ៉ាត់ និយាយថា គោលបំណងនៃការកាន់ទុក្ខនេះដើម្បីផ្ញើសារទៅរដ្ឋាភិបាលកុម្មុយនីសវៀតណាមត្រូវគោរពសិទ្ធិពលរដ្ឋខ្មែរក្រោម ក្នុងនាមជាម្ចាស់ទឹកដីកម្ពុជាក្រោម។ លោកបន្តថា ខ្មែរក្រោមសព្វថ្ងៃស្ទើរបាត់បង់សិទ្ធិទទួលបានការអប់រំ ជំនឿសាសនា វប្បធម៌ប្រពៃណី និងទំនៀមទំលាប់ជាដើម៖ «ជាសារផ្ញើទៅរដ្ឋាភិបាលយួនត្រូវគោរពសិទ្ធិប្រជាពលរដ្ឋកម្ពុជា ត្រូវគោរពពលរដ្ឋកម្ពុជាក្រោមក្នុងមានជាម្ចាស់ទឹកម្ចាស់ដីនៅក្នុងថ្ងៃនេះខ្មែរក៏ដោយអង្គការសមាគមខ្មែរកម្ពុជាក៏ដោយគឺធ្វើពិធីនេះឡើងក្នុងគោលដីរំលឹកជារៀងរាល់ឆ្នាំអំពីការបាត់សិទ្ធិពលរដ្ឋខ្មែរក្រោម»។
ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មិនយល់ដូច្នេះទេ។ លោកយល់ថា ប្រទេសបារាំងបានប្រគល់ទឹកដីកម្ពុជាក្រោមឱ្យវៀតណាមដោយស្របច្បាប់និងត្រឹមត្រូវតាមនីតិវិធីរួចរាល់អស់ហើយ។ លោកបន្តថា ចំពោះឆន្ទៈពលរដ្ឋខ្មែរដែលចង់ទាមទារទឹកដីកម្ពុជាមកវិញ ជាមនោសញ្ចេតនា និងការឈឺចាប់របស់បុគ្គល ប៉ុន្តែលោកថាតាមផ្លូវច្បាប់គឺមិនអាចទាមទារបានឡើយ៖ «អញ្ចឹងខ្ញុំយល់ថា បងប្អូនដែលសោកស្ដាយចំពោះការបាត់បង់ទឹកដីកម្ពុជាក្រោមគ្រាន់តែជាមនោសញ្ចេតនារបស់បុគ្គលក៏ដូចបងប្អូនកម្ពុជាក្រោមដែលមានរាប់លាននាក់នៅពេលនោះ ប៉ុន្តែបើតាមផ្លូវច្បាប់ខ្ញុំយល់ថា អត់មានលទ្ធភាពក្នុងការទាមទារ»។
សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្រ្ត និងខេមរវិទ្យា នៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា លោក សំបូរ ម៉ាណ្ណារ៉ា យល់ថា ដើម្បីអាចទាមទារទឹកដីមកវិញត្រូវពង្រឹងចំណេះដឹង និងរៀនពីប្រវត្តិសាស្ត្រឲ្យបានជ្រៅជ្រះ។ លោកបន្តថា បើទោះពលរដ្ឋខ្មែរក្រោមរងការរឹតត្បិតក្នុងការសិក្សាពីប្រវត្តិសាស្រ្តក្តី ប៉ុន្តែខ្មែរក្រោមអាចរៀនសូត្រពីឪពុកម្តាយ និងតាមប្រព័ន្ធអ៊ីនធើណែត៖ «ការបាត់បង់ទឹកដីដោយសារយើងបែកបាក់ឬក៏ដោយសារយើងរឹងមាំនេះជាចំណុចមួយដែលយើងត្រូវសិក្សារៀនសូត្រអញ្ចឹងដើម្បីចងចាំ ៤ មិថុនា យើងត្រូវនាំគ្នាសិក្សាប្រវត្តិសាស្ត្រ»។
កម្ពុជាបានបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោមឬកូសាំងស៊ីនដែលមានខេត្តចំនួន២១កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ដោយសារតែបារាំងកាត់ទឹកដីខ្មែរកម្ពុជាក្រោមទៅឱ្យវៀតណាមទាំងខុសច្បាប់និងគ្មានការយល់ព្រមពីកម្ពុជា និងពលរដ្ឋខ្មែរកម្ពុជាក្រោម។
អគ្គលេខាធិការសមាគមខ្មែរក្រោមដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍ លោក សឺន ជុំជួន លើកឡើងថា ទឹកដីកម្ពុជាក្រោមមិនទាន់បាត់បង់ឬជាកម្មសិទ្ធិផ្ដាច់មុខរបស់វៀតណាមនោះទេ។ លោកបន្តថា ផ្អែកលើធម្មនុញ្ញនៃអង្គការសហប្រជាជាតិឆ្នាំ១៩៤៦ ដែលចែងមុនពេលបារាំងផ្ទេរទឹកដីកម្ពុជាក្រោមទៅឲ្យវៀតណាមបានចែងថា រដ្ឋណាមួយ ដែលខ្លួនឯងមិនមែនជាម្ចាស់រដ្ឋនោះមិនអាចផ្ទេសិទ្ធិឱ្យទៅភាគីណាមួយនោះទេ។
ចាប់តាំងពីបានសិទ្ធិគ្រប់គ្រងពីបារាំងមក វៀតណាមបានប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ដើម្បីបំបាត់វប្បធម៌ អត្តសញ្ញាណ សាសនា និងទំនៀមទម្លាប់ប្រពៃណីខ្មែរ។ វៀតណាមក៏បានធ្វើទុក្ខបុកម្នេញចាប់ព្រះសង្ឃនិងពលរដ្ឋខ្មែរកម្ពុជាដាក់ពន្ធនាគារ ដើម្បីកុំឱ្យងើបប្រឆាំងឬតវ៉ាសិទ្ធិជាជនជាតិដើមកំណើត។
កាលពីប្រារព្ធខួបបាត់បង់ទឹកដីខ្មែរក្រោមលើកទី៧០ សហព័ន្ធខ្មែរកម្ពុជាក្រោមបានធ្វើជាយុទ្ធនាការមួយនៅជុំវិញពិភពលោក ដើម្បីឱ្យសហគមន៍ជាតិ និងអន្តរជាតិដឹងថា ពលរដ្ឋខ្មែរក្រោមកំពុងស្រែកឃ្លាន សិទ្ធិសេរីភាពផ្នែកសាសនា អក្សរសាស្ត្រ ជំនឿ និងប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។