មន្ត្រី​ស្ថានទូត​វៀតណាម​សុំ​យោបល់​ពី​ទីក្រុង​ហាណូយ​អំពី​រឿង​ទទួល​ញត្តិ

មន្ត្រី​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​២១ កក្កដា កំពុង​ទាក់ទង​មន្ត្រី​ក្រសួង​ការបរទេស​វៀតណាម នៅ​ទី​ក្រុង​ហាណូយ ថា​តើ​ត្រូវ​ទទួល​ញត្តិ​ពី​ក្រុម​អ្នក​តវ៉ា​ខាង​ភាគី​កម្ពុជា ឬ​យ៉ាង​ណា។

ទន្ទឹម​នឹង​នេះ មន្ត្រី​ស្ថានទូត​វៀតណាម មិន​ព្រម​ចេញ​មុខ​មក​ទទួល​ញត្តិ​ពី​អ្នក​តវ៉ា​ទេ ហើយ​បាន​ជំរុញ​ឲ្យ​អ្នក​តវ៉ា​យក​ញត្តិ​នោះ​ទៅ​ដាក់​នៅ​សាលា​ខណ្ឌ​ចម្ការមន ជំនួស​វិញ ក៏ប៉ុន្តែ​អ្នក​តវ៉ា​មិន​ព្រម ក៏​បន្ត​តវ៉ា​នៅ​ក្បែរ​ស្ថានទូត​នោះ​ត​ទៅ​ទៀត។

មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ អះអាង​ថ្ងៃ​ទី​២១ កក្កដា ថា មន្ត្រី​សាលា​រាជធានី​ភ្នំពេញ នឹង​អាច​ជួយ​សម្របសម្រួល​មន្ត្រី​ស្ថានទូត​វៀតណាម ឲ្យ​ទៅ​ទទួល​ញត្តិ​នោះ​តាម​រយៈ​ក្រសួង​ការបរទេស​កម្ពុជា​វិញ ដោយ​លោក​បញ្ជាក់​ថា ការ​បញ្ជូន​ញត្តិ​ទៅ​ដាក់​នៅ​កម្រិត​ខណ្ឌ​ដូច្នេះ គឺ​ជា​រឿង​មិន​សម​ហេតុផល។

សហព័ន្ធ​និស្សិត​បញ្ញវន្ត និង​ព្រះសង្ឃ​ខ្មែរ​ក្រោម​ ទាមទារ​ឲ្យ​វៀតណាម ទទួល​ស្គាល់​ការ​ពិត​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម និង​សុំ​ទោស​ប្រជាពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ ចំពោះ​ការ​លើក​ឡើង​ដោយ​បំពាន​ដែល​ថា ទឹកដី​កម្ពុជា​ក្រោម ជា​របស់​វៀតណាម តាំង​ពី​យូរ​មក​ហើយ ហើយ​បារាំង​មិន​បាន​កាត់​ទឹកដី​នេះ​ទៅ​ឲ្យ​វៀតណាម​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។