ទាក់ទងនឹងបាតុកម្មរបស់ពលរដ្ឋខ្មែរនៅប្រទេសជប៉ុនថ្ងៃទី១២ ខែសីហា ស្អែកនេះ ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក កាណាដា និងកូរ៉េខាងត្បូងក៏នឹងទៅចូលរួម ដែរដើម្បីប្រឆាំងរបបក្រុងភ្នំពេញ។ អ្នកវិភាគថា បាតុកម្មនេះជាសារមានឥទ្ធិពលជំរុញឱ្យមានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។
តាមគម្រោងបាតុកម្មនេះចែកចេញជាពីរវគ្គ ចាប់ផ្ដើមពីម៉ោង ១០ ព្រឹកដល់ម៉ោង ១២ថ្ងៃត្រង់ ដែលជាការធ្វើវេទិកាសាធារណៈ បន្ទាប់មកក្រុមបាតុករនឹងដើរហែក្បួនពីម៉ោង២ ដល់ម៉ោង៣រសៀល នៅកណ្ដាលទីក្រុងតូក្យូ ប្រទេសជប៉ុនដែលមានមនុស្សរាប់រយចូលរួម។
អ្នកដឹកនាំបាតុកម្ម និងជាប្រធានចលនាយុវជនសង្គ្រោះជាតិ នៅប្រទេសជប៉ុន លោក ហៃ វណ្ណា ប្រាប់ថា នឹងមានបាតុករចូលរួមធ្វើបាតុកម្មចន្លោះពី៣០០ ទៅ៥០០នាក់។ លើសពីនេះ ក៏មានពលរដ្ឋខ្មែរមកពីសហរដ្ឋអាមេរិក ប្រទេសកូរ៉េខាងត្បូង និងប្រទេសកាណាដា ចូលរួមគាំទ្របាតុកម្មនេះដែរ។ លោក ហៃ វណ្ណា អំពាវនាវដល់ពលករ និងពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុនឱ្យចូលរួមបាតុកម្មនេះបានច្រើន៖ «ជាកិត្តិយសរបស់យើងជាអ្នករៀបចំព្រោះកន្លងមកអត់ដែលមានភ្ញៀវពីប្រទេសផ្សេងៗចូលរួមទេ ហើយនៅពេលនេះគាត់មកចូលរួម យើងសូមថ្លែងអំណរគុណពេលវេលាដ៏មានតម្លៃរបស់ពួកគាត់ដែលតែងតែខិតខំប្រឹងប្រែងចូលរួមសកម្មភាពទាំងអស់ដើម្បីធ្វើឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននៅកម្ពុជា ធ្វើឱ្យមានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស»។
វត្ថុបំណងនៃបាតុកម្មនៅថ្ងៃទី១២ ខែសីហា នេះ គឺដើម្បីជំរុញឱ្យប្រទេសហត្ថលេខី នៃកិច្ច ព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ជួយជ្រោមជ្រែងស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ និងទាមទារឱ្យដោះលែងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា
ប៉ុន្តែ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចំអកថា បាតុកម្មនេះធ្វើច្រើនដងមកហើយមិនបានការអ្វីនោះទេ។ លោកថា រដ្ឋាភិបាលមិនចាប់អារម្មណ៍ នឹងបាតុកម្មនេះទេ៖ «យើងមិនមានការចាប់អារម្មណ៍អីទេ គាត់ធ្វើអីក៏ធ្វើទៅជាសិទ្ធិរបស់គាត់នៅក្រៅទេ មានបញ្ហាអីមានឥទ្ធិពលដល់ក្នុងស្រុក»។
ឆ្លើយតបទៅនឹងការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រធានចលនាយុវជនសង្គ្រោះជាតិ នៅប្រទេសជប៉ុន លោក ហៃ វណ្ណា បាតុកម្មនេះមានតម្លៃណាស់ ហើយសកម្មភាពទាមទារនេះក៏ធ្វើជំនួសឱ្យពលរដ្ឋខ្មែរក្នុងប្រទេសដែលគ្មានសិទ្ធិសេរីភាពពេញលេញដូចពលរដ្ឋនៅក្រៅប្រទេស។ មេដឹកនាំ បាតុកម្មរូបនេះថា លោកនៅតែបន្តដឹកនាំធ្វើបាតុកម្មរហូតដល់មានការផ្លាស់ប្ដូរជាវិជ្ជមាននៅប្រទេសកម្ពុជា៖ «រាល់ទង្វើដែលយើងធ្វើសុទ្ធសឹងជាទង្វើដែលមានអត្ថន័យជ្រាលជ្រៅ មិនមែនអត់តម្លៃទេ អ្វីដែលគាត់មានប្រសាសន៍គឺផ្ទុយស្រឡះ ហើយបើបាតុកម្មនេះមានអ្នកចូលរួមច្រើនលើស ពី៥០០នាក់ បញ្ជាក់ថា លោក ហ៊ុន សែន គាត់អស់លក្ខណ៍ហើយ»។
អ្នកវិភាគនយោបាយលោក គឹម សុខ យល់ថា បាតុកម្មរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសជាការបង្ហាញថា ពួកគេមិនបោះបង់គោលដៅដើម្បីប្រជាធិបតេយ្យ និងការប្រើប្រាស់សិទ្ធិក្នុងការទាមទារឱ្យរបបក្រុងភ្នំពេញកែប្រែខ្លួនឡើងវិញ។ លោកបន្តថា ការមិនបោះបង់សកម្មភាពនេះ គឺមានទម្ងន់ធ្វើឱ្យក្រុមលោក ហ៊ុន សែន ពិនិត្យពិចារណាវិលទៅរកផ្លូវប្រជាធិបតេយ្យឡើងវិញ៖ «ដូច្នេះរឿងអីថា គ្មានឥទ្ធិពលរដ្ឋវាសម្ពាធធំរួមដើម្បីឱ្យរបបក្រុងភ្នំពេញត្រូវតែពិចារណា»។
មេដឹកនាំបាតុកម្មប្រទេសជប៉ុនប្រាប់ទៅពលរដ្ឋខ្មែរដែលគ្រោងចូលរួមបាតុកម្មនេះ ឱ្យត្រៀមឆត្រ ទឹក និងម្ហូបអាហារមកជាមួយផងក្នុងពេលធ្វើបាតុកម្មនេះ ពេលនេះនៅប្រទេសជប៉ុនជារដូវក្ដៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។