ព្រះមហាក្សត្រ​​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​និង​រដ្ឋសភា​អាណត្តិ​ថ្មី​បង្រួបបង្រួម​ផ្សះផ្សា​ជាតិ

ដោយ ថា ថៃ
2023.08.21
ព្រះមហាក្សត្រ​​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​និង​រដ្ឋសភា​អាណត្តិ​ថ្មី​បង្រួបបង្រួម​ផ្សះផ្សា​ជាតិ ព្រះមហាក្សត្រ ព្រះបាទ សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី យាងជាអធិបតីក្នុងសម័យប្រជុំដំបូង នៃរដ្ឋសភា នីតិកាលទី៧ នៅថ្ងៃទី២១ សីហា ២០២៣។
រូប៖ តេឡេក្រាមលោក ហ៊ុន សែន

ព្រះមហាក្សត្រ​​ខ្មែរ​ចេញ​ព្រះរាជសារ​អំពាវនាវ​ឱ្យ​រដ្ឋសភា​ និង​រដ្ឋាភិបាល​​អាណត្តិ​ទី​៧ ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​ក្លែងក្លាយ​​​បង្រួបបង្រួម​ផ្សះផ្សា​ជាតិ និង​ប្រកាន់​ភ្ជាប់​នូវ​ព្រហ្មវិហារ​ធម៌ ៤​យ៉ាង​របស់​សាសនា​ព្រះពុទ្ធ។ ព្រះរាជសារ​អំពាវនាវ​នេះ​ធ្វើ​ឡើង​ក្នុង​ពេល​​ព្រះអង្គ​ធ្វើ​ជា​ព្រះរាជ​ប្រធាន​​​កិច្ច​ប្រជុំ​រដ្ឋសភា​​​អាណត្តិ​ថ្មី​នេះ លើក​ដំបូង​​នៅ​ព្រឹក​ថ្ងៃ​ទី​២១ សីហា។ មន្ត្រី​បក្ស​ប្រឆាំង​និង​អ្នក​វិភាគ​​លើក​ឡើង​ថា ការ​អំពាវនាវ​របស់​ព្រះមហាក្សត្រ​នេះ​ដោយសារ​ព្រះអង្គ​មើល​ឃើញ​ពី​​ការ​បែកបាក់​របស់​អ្នក​នយោបាយ​ខ្មែរ ដែល​នឹង​ធ្វើ​ឱ្យ​អន្តរាយ​ដល់​​ប្រទេស​ជាតិ។

ព្រះមហាក្សត្រ ព្រះបាទ សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី មាន​ព្រះរាជ​បន្ទូល​នៅ​ក្នុង​ពេល​ធ្វើ​ជា​ប្រធាន នៃ​សម័យ​ប្រជុំ​សភា​​​លើក​ដំបូង​ ដោយ​រំពឹង​ថា ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នឹង​ទទួល​បាន​ការ​ទុកចិត្ត​ពី​រដ្ឋសភា ដើម្បី​អភិវឌ្ឍន៍ និង​ពង្រឹង​ប្រព័ន្ធ​ការពារ​សង្គម​ដែល​មាន​វិសាលភាព​គ្របដណ្ដប់​លើ​ពលរដ្ឋ​គ្រប់រូប។ ព្រះអង្គ​បន្ត​ថា​ ប្រការ​នេះ​ដើម្បី​ធានា​អត្ថិភាព​ដ៏​រឹងមាំ​​នៃ​អត្តសញ្ញាណ​ជាតិ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម និង​ការ​លើក​កម្ពស់​សីលធម៌​សម្រាប់​ភាព​សុខដុម​នៃ​សង្គមជាតិ។ ព្រះអង្គ​​មាន​ព្រះ​រាជបន្ទូល​ទៀត​ថា ដើម្បី​​សម្រេច​ភារកិច្ច​នេះ ​កម្ពុជា​ត្រូវ​​មាន​ឯកភាព និង​សាមគ្គីភាព​ខ្ពស់​ដោយ​ឈរ​លើ​ស្មារតី​បង្រួបបង្រួម​ជាតិ។

សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី៖ «និង​ប្រកាន់​ខ្ជាប់​នូវ​ព្រហ្ម​វិហារធម៌​៤ គឺ​មេត្តា​ ករុណា មុទិតា និង​ឧបេក្ខា ។ នៅ​ក្នុង​ឱកាស​ដ៏​ឧត្ដុង្គឧត្ដម​នេះ​ខ្ញុំ​សូម​ប្រសិទ្ធពរ​ សូម​រដ្ឋសភា​នីតិកាល​ទី​៧ មាន​ដំណើរការ​ល្អ​ និង​អនុវត្ត​តួនាទី​របស់​ខ្លួន ប្រកប​ដោយ​មនសិការ​ទទួល​ខុស​ត្រូវ​ ដើម្បី​ទទួល​បាន​ជោគជ័យ​ថ្មីៗ​ថែម​ទៀត​ ជា​ឧត្ដម​ប្រយោជន៍​រួម​ជូន​ជាតិ​មាតុភូមិ»

ព្រះអង្គ​មាន​ព្រះរាជ​បន្ទូល​បែប​នេះ នៅ​ចំពោះ​មុខ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​​ អតីត​ប្រធាន​រដ្ឋសភា​លោក​ ហេង សំរិន រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ លោក ស ខេង និង​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច សរុប ១២៥​រូប​ ក្នុង​សម្លៀកបំពាក់​អាវកុត​ពណ៌​ស​​សំពត់​ចងក្បិន​​ពណ៌ស្លាទុំ នៅ​ក្នុង​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ទី​២១ សីហា

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ លោក អ៊ុំ សំអាន ​មាន​ប្រសាសន៍​ថា ​ការ​ដែល​​ព្រះមហាក្សត្រ​មាន​ព្រះបន្ទូល​បែប​នេះ​ គឺ​ដើម្បី​​ណែនាំ​​ដល់​រដ្ឋាភិបាល​ថ្មី និង​​សមាជិក​សភា​​អាណត្តិ​ទី៧​ដែល​កើត​ចេញ​ពី​ការ​​បោះឆ្នោត​បង្គ្រប់​កិច្ច​នេះ ឱ្យ​​ងាក​មក​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​​ឡើង​វិញ​ ដើម្បី​ផលប្រយោជន៍​រួម​របស់​​សង្គម​ជាតិ។ បន្ថែម​ពី​នេះ​លោក​​ថា ​ព្រះ​មហាក្សត្រ​ក៏​ទំនង​មិន​ពេញ​ចិត្ត​នឹង​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​ឯកបក្ស​កន្លង​​ទៅ​ដែរ​ ដែល​តែង​ធ្វើ​ទុក្ខបុកម្នេញ​​មក​លើ​អ្នក​ដែល​មាន​មតិផ្ទុយ និង​ក្រុម​គណបក្ស​ប្រឆាំង។

លោក អ៊ុំ សំអាន៖ «លោក​ដូច​ថា​មាន​ការ​ឈឺ​ចាប់​ចំពោះ​ភាព​អយុត្តិធម៌​នៅ​ក្នុង​សង្គម​​ចំពោះ​ប្រជាពលរដ្ឋ។ អ៊ីចឹង​បាន​លោក​ដាស់​តឿន​​ឱ្យ​តំណាងរាស្ត្រ​ហ្នឹង​ចេះ​ឈឺ​ឆ្អាល ឬ​មាន​ព្រហ្ម​វិហារធម៌​​ចំពោះ​ប្រជាពលរដ្ឋ។ បញ្ហា​ទី​២​លោក​ឃើញ​ថា វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ហ្នឹង​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ​ ហើយ​រៀបចំ​ការ​បោះឆ្នោត​ក្លែងក្លាយ​វា ២​ដង​ហើយ​ ឆ្នាំ​២០១៨​​ម្ដង​ឥឡូវ​២០២៣​ម្ដង​ទៀត។ អ៊ីចឹង​លោក​យល់​ថា ​ប្រជាធិបតេយ្យ​នឹង​ការ​គោរព​សិទ្ធិមនុស្ស​នឹង​គឺ​កាន់​តែ​ដុនដាប​នៅ​កម្ពុជា»

ទាក់​ទង​នឹង​បញ្ហា​នេះ​​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក សុខ ឥសាន​ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ​ព្រះរាជបន្ទូល​របស់​ព្រះមហាក្សត្រ​នេះ​ជា​សារ​ដាស់​ទៀន​ទូទៅ​​ដល់​ពលរដ្ឋ​​គ្រប់​មជ្ឈដ្ឋាន​ គឺ​ពុំ​មែន​សំដៅ​លើ​រដ្ឋាភិបាល ឬ​រដ្ឋសភា​អាណត្តិ​ថ្មី​​នោះ​ទេ។ ទោះ​យ៉ាង​ណា​លោក​ថា​ ការ​បង្រួបបង្រួម​​ជាតិ​បាន​អាស្រ័យ​លើ​​អកប្បកិរិយា​របស់​ក្រុម​គណបក្ស​ប្រឆាំង។

លោក សុខ ឥសាន៖ «ពីព្រោះ​គណបក្ស​ប្រជាជន​ហើយ​ដែល​ជា​អ្នក​លើក​នូវ​​នយោបាយ​បង្រួបបង្រួម​ជាតិ​តាំង​ពី​ទសវត្ស​ឆ្នាំ​១៩៨០​មក​ម៉្លេះ​ ។ ក៏​ប៉ុន្តែ​ដោយសារ​មហិច្ឆតា​របស់​ពួក​គណបក្ស​ប្រឆាំង​ដែល​តែងតែ​លើក​ឡើង​ថា ខ្លួន​ឯង​​ជា​អ្នក​ប្រជាធិបតេយ្យ ក៏​ប៉ុន្តែ​ខ្លួន​​ឯង​ប្រព្រឹត្ត​អំពើ​អនាធិបតេយ្យ​ជា​រៀង​រហូត»

បើ​ទោះ​បី​ជា​អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​​រូប​នេះ ខំ​ប្រឹង​និយាយ​ការពារ​​រដ្ឋាភិបាល​​យ៉ាង​ណា​​​ក៏​ដោយ​ ក៏​ប៉ុន្តែ​​​ហាក់​ខុស​ស្រឡះ​​ពី​ការ​ពិត។ កាល​ពី​ឆ្នាំ​២០១៧​តុលាការ​​ក្រោម​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល​ ដែល​អ្នក​វិភាគ​មើល​ឃើញ​ថា ដោយសារ​ លោក ហ៊ុន សែន​ ព្រួយបារម្ភ​ខ្លាច​ចាញ់​ឆ្នោត។ កន្លង​ទៅ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​ លោក សម រង្ស៊ី ក៏​តែង​រក​ច្រក​វិល​ចូល​ស្រុក​វិញ​ម្ដង​ហើយ​ម្ដង​ទៀត​ ដើម្បី​​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ប៉ុន្តែ​​ត្រូវ​បាន​លោក ហ៊ុន សែន​ រារាំង​។ បន្ថែម​​ពី​នេះ​ ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង​ក៏​តែង​អំពាវនាវ​​សុំ​ឱ្យ​មាន​ការ​សម្របសម្រួល​នយោបាយ​ដែរ ក៏​ប៉ុន្តែ​ត្រូវ​បាន​លោក​ ហ៊ុន សែន​ ច្រាន​ចោល។

ជុំវិញ​រឿង​នេះ​អ្នក​វិភាគ​នយោបាយ​ លោក គឹម សុខ មាន​ប្រសាសន៍​ថា ការ​ដែល​លោក ហ៊ុន សែន​ធ្វើ​បែប​នេះ​ ដើម្បី​ងាយស្រួល​ផ្ទេរ​អំណាច​​​តពូជ​របស់​លោក។ ចំណែក​​​ការ​អំពាវនាវ​របស់​​​ព្រះមហាក្សត្រ​​វិញ​ ​លោក គឹម សុខ​ មើលឃើញ​ថា ដោយសារ ​ព្រះអង្គ​​ព្រួយបារម្ភ​ពី​​ហានិភ័យ​នៃ​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ​នៅ​ពេល​ខាង​មុខ​ ដែល​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​​ពលរដ្ឋ​ក្រីក្រ។

លោក គឹម សុខ៖ «រដ្ឋាភិបាល​និង​រដ្ឋសភា​ខុស​ច្បាប់​នេះ​ប្រឈម​ធំ​ណាស់​​នឹង​ប្រតិកម្ម​របស់​សហគមន៍​អន្តរជាតិ​​ប្រតិកម្ម​របស់​ពលរដ្ឋ​ដែល​នឹង​តវ៉ា​ទូទាំង​ពិភព​លោក។ ហើយ​ប្រឈម​ទៅ​នឹង​​វិបត្តិ​ទាំង​សេដ្ឋកិច្ច និង​វិបត្តិ​សង្គម​ ភាព​ក្រីក្រ​ការ​អត់​ការងារ​ធ្វើ​​ក៏​នឹង​កើត​ឡើង។ វិបត្តិ​ទាំងអស់​​នេះ​ធ្វើ​ឱ្យ​ប្រទេស​ខ្មែរ​យើង​ខ្សោយ​ ព្រះអង្គ​​ដឹង​អ៊ីចឹង​ហើយ​បាន​ជា​ព្រះអង្គ​អំពាវនាវ​ ហើយ​សមត្ថកិច្ច​របស់​ព្រះអង្គ​អត់​មាន​អ្វី​ក្រៅ​ពី​ការ​អំពាវនាវ​ទេ»

ក្រោយ​​ពេល​ព្រះមហាក្សត្រ​ផ្ដល់​ព្រះរាជ​ឱវាទ​ក្នុង​អំឡុង​​បើក​សម័យ​ប្រជុំ​លើក​ដំបូង​​នៃ​រដ្ឋសភា​អាណត្តិ​ទី​៧​​នេះ​ហើយ​ ព្រះអង្គ​ក៏​បាន​ថត​រូប​ជា​មួយ​សមាជិក​សភា​​ទាំង​១២៥​រូប​នៅ​មុខ​រដ្ឋសភា​​ជាតិ​ផង​ដែរ។

​​លទ្ធផល​ការ​បោះ​ឆ្នោត​​ជ្រើស​រើស​​​តំណាង​រាស្ត្រ​​​ដែល​​គ្មាន​គណបក្ស​ប្រឆាំង​ចូល​រួម​ប្រកួតប្រជែង​កាល​ពី​ថ្ងៃ​ទី​២៣ កក្កដា កន្លង​ទៅ​ បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ហ៊ុន សែន ទទួល​បាន​​១២០​អាសនៈ និង​​គណបក្សហ៊្វុនស៊ិនប៉ិច​ របស់​ព្រះអង្គម្ចាស់ នរោត្ដម​ចក្រាវុធ​ ទទួល​បាន​៥​អាសនៈ។ទោះ​ជា​យ៉ាងណា សហគមន៍​ជាតិ​និង​អន្តរជាតិ ចាត់ទុក​ថា ជា​ការបោះឆ្នោត​ក្លែងក្លាយ ខ្វះ​ភាព​ស្របច្បាប់ និង​គ្មាន​យុត្តិធម៌​ត្រឹមត្រូវ ដោយសារ​ផាត់​ចោល​គណបក្ស​ភ្លើង​ទៀន ហើយ​គ្រាន់តែ​ល្បែង​នយោបាយ​ឆ្ពិនភ្នែក​របស់​លោក ហ៊ុន សែន ដើម្បី​ផ្ទេរអំណាច​តពូជ​ដែល​ស្តែង​ឲ្យ​ឃើញ​ស្រាប់៕

ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ព្រះចៅ​អធិការ​វត្ត​ដំរីស ខេត្ត​បាត់ដំបង បណ្ដេញ​ព្រះសង្ឃ​មួយ​អង្គ​ចេញ​ពី​វត្ត​បន្ទាប់​ពី​ចូលរួម​បុណ្យ​ខួប​បាញ់សម្លាប់​បណ្ឌិត កែម ឡី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។