ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី និងសម្ដេចម៉ែ យាងទៅទីក្រុងប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃទី១៦ ខែសីហា ដើម្បីពិនិត្យនិងព្យាបាលព្រះរាជសុខភាព។ ដំណើរយាងទៅពិនិត្យព្រះរាជសុខភាពនេះ មិនទាន់កំណត់ពេលនៃការយាងត្រឡប់មកវិញនៅឡើយ។
ក្រុមមេដឹកនាំក្រុងភ្នំពេញជាអ្នកថ្វាយព្រះរាជដំណើររបស់ទ្រង់។ អំឡុពេលអវត្តមានរបស់អង្គព្រះមហាក្សត្រនេះ ប្រធានព្រឹទ្ធសភារបបឯកបក្សលោក សាយ ឈុំ ត្រូវឡើងជាប្រមុខរដ្ឋស្ដីទីកាន់កិច្ចការជំនួសព្រះអង្គ។
ព្រះបាទ នរោត្តម សីហមុនី ទ្រង់យាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិនជាទៀងទាត់ ក៏ប៉ុន្តែគេសង្កេតឃើញថាជួនកាលទ្រង់ក៏យាងទៅប្រទេសចិនមុនកាលវិភាគដែរ នៅពេលរដ្ឋាភិបាលធ្វើច្បាប់ណាមួយដែលប្រាស់ចាកពីស្មារតីនៃរដ្ឋធម្មនុញ្ញ។ ជាឧទាហរណ៍ កាលពីដើមខែមីនា ឆ្នាំ២០២១ ទ្រង់បានយាងចេញពីកម្ពុជា និងគង់នៅទីក្រុងប៉េកាំងអស់រយៈពេលជាច្រើនសប្តាហ៍ ស្របពេលដែលរបបលោក ហ៊ុន សែន កំពុងបង្កើតច្បាប់ ស្តីពី វិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ផ្សេងៗទៀត ដែលអ្នកឃ្លាំមើល វាយតម្លៃថា ច្បាប់នេះ ផ្ទុយពីស្មារតីរដ្ឋធម្មនុញ្ញ និងរំលោភសិទ្ធិមនុស្សបន្ថែមទៀត។ ហើយកាលពីពាក់កណ្តាលឆ្នាំ២០២០ ព្រះអង្គ ក៏ទ្រង់យាងទៅប្រទេសចិនដែរ ចំពេលរបបក្រុងភ្នំពេញចាប់ផ្តើមធ្វើច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្នដែលអ្នកឃ្លាំមើលយល់ថាច្បាប់នេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទុកប្រើប្រាស់ក្នុងពេលផ្ទេរអំណាចឲ្យកូនប្រុសរបស់លោកនៅពេលខាងមុខ។
អ្នកវិភាគនយោបាយយល់ថា ព្រះរាជដំណើររបស់ព្រះអង្គនៅពេលនោះ គឺដោយសារទ្រង់មិនសព្វព្រះរាជហឫទ័យក្នុងការឡាយព្រះហស្តលេខាលើការបង្កើតច្បាប់ទាំងនេះឡើយ ព្រោះទ្រង់ដឹងថា របបលោក ហ៊ុន សែន នឹងយកលេសនេះធ្វើទុក្ខបុកម្នេញថែមទៀតលើសកម្មជនបក្សប្រឆាំង មន្ត្រីសង្គមស៊ីវិល និងអ្នករិះគន់ ដើម្បីរក្សាអំណាចតវង្សត្រកូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។