ព្រះមហាក្សត្រ ផ្ដល់​គោរមងារ​ខ្ពស់​បំផុត នៃ​រាជបណ្ឌិត្យសភា ដល់​លោក ហ៊ុន ម៉ាណែត

ព្រះមហាក្សត្រ​ព្រះបាទ សម្ដេច នរោត្តម សីហមុនី ព្រះប្រមុខរដ្ឋ នៅ​ថ្ងៃ​ទី៨ សីហា ចេញ​ព្រះរាជក្រឹត្យ ផ្ដល់​គោរមងារ​កិត្តិយស​ខ្ពស់​បំផុត នៃ​រាជបណ្ឌិត្យសភា ដល់​លោក ហ៊ុន ម៉ាណែត។ តាម​រយៈ​ព្រះរាជក្រឹត្យ​នោះ គោរមងារ​ផ្ដល់​ឲ្យ​លោក ហ៊ុន ម៉ាណែត មាន​តែ​មួយ​គត់​គឺ កិត្តិ​ទេសាភិបាល​បណ្ឌិត។ នេះ​ជា​គោរមងារ​ដំបូង​បង្អស់ ដែល​លោក ហ៊ុន ម៉ាណែត ទទួល​បាន​ពី​ព្រះមហាក្សត្រ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុន​ពេល​លោក​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ត​ពី​ឪពុក​របស់​លោក​គឺ លោក ហ៊ុន សែន។

ការ​ផ្ដល់​គោរមងារ​ដល់​លោក ហ៊ុន ម៉ាណែត នេះ គឺ​នៅ​បន្ទាប់​ពី​ព្រះមហាក្សត្រ ទ្រង់​ត្រាស់​បង្គាប់​ចាត់តាំង​លោក ហ៊ុន ម៉ាណែត ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី សម្រាប់​នីតិកាល​ទី៧ នៃ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី៧ សីហា។

អ្នកវិភាគ​នយោបាយ និង​មន្ត្រី​គណបក្ស​ប្រឆាំង​លើក​ឡើង​ថា ការ​ចាត់តាំង​នាយក​រដ្ឋមន្ត្រី​ថ្មី​នេះ នឹង​នាំ​ឲ្យ​កម្ពុជា​មាន​នាយក​រដ្ឋមន្ត្រី​ខ្វះ​ភាព​ស្រប​ច្បាប់ ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​មួយ ដែល​សហគមន៍​អន្តរជាតិ​មិន​ទទួល​ស្គាល់។

ការ​បោះឆ្នោត​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី២៣ កក្កដា​កន្លង​ទៅ សហគមន៍​អន្តរជាតិ​បាន​ចាត់​ទុក​ថា គ្មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​មិន​ស្រប​តាម​របប​លទ្ធិ​ប្រជាធិបតេយ្យ សេរី ពហុបក្ស ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា ក្រោយ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គ.ជ.ប ស្ថិត​ក្រោម​ខ្សែ​ញាក់​របស់​លោក ហ៊ុន សែន បាន​ផាត់​គណបក្ស​ភ្លើង​ទៀន​មិន​ឱ្យ​ចូលរួម​ការ​បោះ​ឆ្នោត៕