សហព័ន្ធខ្មែរកម្ពុជាក្រោមថ្កោលទោសរដ្ឋាភិបាលវៀតណាមដែលប្រើប្រាស់នយោបាយសងសឹកខ្មែរក្រោម ដែលហ៊ានទាមទារសិទ្ធិជនជាតិដើម។ វៀតណាមបានកោះហៅពួកគេទៅគំរាមកំហែងនិងបណ្តេញ ចេញពីការងារដោយសារតែពួកគេប្រារព្ធខួប ១៥ឆ្នាំ នៃទិវា សេចក្តីប្រកាសស្តីពីសិទ្ធិជនជាតិដើម (UNDRIP) ដែលបានអនុម័តដោយអង្គការសហប្រជាជាតិ។
សហព័ន្ធខ្មែរកម្ពុជាក្រោមចាត់ទុកទង្វើអាជ្ញាធរវៀតណាមដែលបានបន្តគំរាមកំហែងពលរដ្ឋខ្មែរកម្ពុជាក្រោមដោយគ្រាន់តែពួកគេចូលរួមអបអរសាទរខួប ១៥ឆ្នាំ នៃទិវា សេចក្តីប្រកាសស្ដីពីសិទ្ធិជនជាតិដើម (UNDRIP)ថា ជាការធ្វើផ្ទុយទៅនឹងការប្តេជ្ញាចិត្តរបស់វៀតណាម ចំពោះមុខសមាជិកអង្គការសហប្រជាជាតិដែលថា វៀតណាមនឹងលើកតម្កើងវិស័យសិទ្ធិមនុស្ស។ មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ ទី១១ តុលា បានបោះឆ្នោតទទួលយកវៀតណាមជាសមាជិកថ្មីនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស បើទោះបីជា សហព័ន្ធខ្មែរកម្ពុជាក្រោម និងអង្គការសិទ្ធិ មនុស្សអន្តរជាតិមួយចំនួន បានអំពាវនាវឲ្យឯកអគ្គរដ្ឋទូត និងតំណាងប្រទេសជាសមាជិកអង្គការសហប្រជាជាតិ កុំបោះឆ្នោតគាំទ្របេក្ខភាពប្រទេសវៀតណាម ឲ្យធ្វើជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិក្តី។ អង្គការសិទ្ធិទាំងនោះលើកឡើងថា ប្រទេសវៀតណាមបន្តរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរលើពលរដ្ឋខ្លួនឯង និងជនជាតិដើម ដែលជាម្ចាស់ស្រុក រួមមាន ពលរដ្ឋខ្មែរក្រោមជាដើម។ ពាក់ព័ន្ធនឹងការមិនគោរព តួនាទីរបស់វៀតណាម ជាសមាជិកស្ថាប័នការពារសិទ្ធិមនុស្សថ្មីថ្មោងដែរនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម ឲ្យដឹងថា ចាប់តាំងពីថ្ងៃទី ១៣ កញ្ញា មក ក្រោយពេលយុវជនខ្មែរកម្ពុជាក្រោមនៃសមាគមកូនខ្មែរដើម្បីអភិវឌ្ឍន៍បានប្រមូលផ្តុំគ្នា ប្រមាណ១០០នាក់ ធ្វើពិធី អបអរសាទរខួប១៥ឆ្នាំនៃថ្ងៃ ដែលអង្គការសហប្រជាជាតិដាក់ចេញអនុម័ត សេចក្តីប្រកាសស្តីពីសិទ្ធិជនជាតិដើម (UNDRIP) នៅខេត្តព្រះត្រពាំងមក យ៉ាងហោចណាស់ក៏មានពលរដ្ឋខ្មែរក្រោមចំនួនបីនាក់ ត្រូវបានវៀតណាមកោះហៅទាំងគ្មានដីកា និងបណ្តេញចេញពីការងារ។ អាជ្ញាធរវៀតណាម បានគំរាមចាប់ពលរដ្ឋខ្មែរក្រោមដាក់ពន្ធនាគារ ៧ឆ្នាំប្រសិនបើពួកគេបន្តសកម្មភាពតស៊ូមតិ ទាមទារសិទ្ធិជនជាតិដើម ហើយពលរដ្ឋខ្មែរក្រោមម្នាក់ទៀតមិនអាចរកការងារធ្វើបានដោយសារតែម្ចាស់ក្រុមហ៊ុនមិនហ៊ានទទួលយកដោយខ្លាចអាជ្ញាធរវៀតណាម។
សកម្មជនខ្មែរក្រោម លោក យឿង ខាយ ប្រាប់វិទ្យុអាស៊ីសេរីថា លោកសោកស្តាយ ដែលវៀតណាម ជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ បន្តរំលោភសិទ្ធិមនុស្ស ខ្មែរកម្ពុជាក្រោម។
លោក យឿង ខាយ៖ « ប្អូនគិតថា វៀតណាមមិនបានគោរពសិទ្ធិមនុស្សខ្មែរក្រោម ការច្បាប់អង្គការសហប្រជាជាតិនោះទេ។ ខ្លួនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស បានប៉ុន្មានសោះហ្នឹង គាបសង្កត់ពលរដ្ឋខ្មែរក្រោម ជាជនជាតិដើម »។
សមាជិកអង្គការសហប្រជាជាតិបានបោះឆ្នោត ឲ្យវៀតណាមធ្វើជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិសម្រាប់អាណត្តិបី ឆ្នាំពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥។ វៀតណាមធ្លាប់ក្លាយជាសមាជិកក្រុមប្រឹក្សានេះម្តងរួចហើយ កាលពីចន្លោះឆ្នាំ២០១៤ និង ២០១៦។ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ជាស្ថាប័នអន្តររដ្ឋាភិបាល ក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ ដែលមានតួនាទីដើម្បីពង្រឹងលើកតម្កើង និងការពារសិទ្ធិមនុស្សជុំវិញពិភពលោក ដោះស្រាយ ការរំលោភសិទ្ធិមនុស្ស និងផ្តល់អនុសាសន៍ស្ដីពីបញ្ហាសិទ្ធិមនុស្ស។ ក្រុមប្រឹក្សានេះ មានសមាជិក៤៧ មកពីប្រទេសជាសមាជិកអង្គការសហប្រជាជាតិហើយតែងជួបប្រជុំគ្នាមួយឆ្នាំម្តង ដើម្បីជជែកបញ្ហាសិទ្ធិមនុស្សពិភពលោក នៅការិយាល័យ អង្គការសហប្រជាជាតិនៅទីក្រុង ហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland)។ ជុំវិញការបន្តធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោមនៅលើទឹកដីកំណើតនេះដែរ សហព័ន្ធខ្មែរកម្ពុជាក្រោម អំពាវនាវឲ្យអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិអន្តរាគមន៍បញ្ឈប់វៀតណាម កុំឲ្យបន្តធ្វើទុក្ខបុកម្នេញខ្មែរក្រោមជាបន្តទៀត។
ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមលោក ប្រាក់ សេរីវុឌ្ឍ ព្រមានថា សហព័ន្ធនឹងបន្តតាមដានការអនុវត្តសិទ្ធិមនុស្សរបស់រដ្ឋាភិបាលវៀតណាម ហើយប្រសិនបើវៀតណាមហ៊ានបន្តរំលោភសិទ្ធិមនុស្ស ពលរដ្ឋខ្មែរក្រោមទៀតនោះ សហព័ន្ធនឹងដាក់ពាក្យបណ្តឹងទៅអង្គការសហប្រជាជាតិជាបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។