សហព័ន្ធខ្មែរកម្ពុជាក្រោមបានបញ្ចប់បេសកកម្មជិតពីរសប្តាហ៍ចូលរួមកិច្ចប្រជុំ វេទិកាអចិន្ត្រយ៍ស្ដីពីបញ្ហាជនជាតិដើម នៅបុរីញូវយ៉ក(New York) កាលពីចុងសប្តាហ៍មុន។ សហព័ន្ធបានប្រើប្រាស់វេទិកានេះដើម្បីផ្សព្វផ្សាយការធ្វើទុក្ខបុកម្នេញជនជាតិដើមខ្មែរក្រោមពីសំណាក់រដ្ឋាភិបាលវៀតណាម និងស្នើឲ្យវៀតណាមចាត់ទុកខ្មែរក្រោមជាជនជាតិដើម ហើយត្រូវបូកបញ្ចូលសហគមន៍ខ្មែរក្រោមក្នុងគោល នយោបាយអភិវឌ្ឍន៍របស់វៀតណាម និងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) របស់អង្គការសហប្រជាជាតិ។
តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម និងតំណាងរដ្ឋាភិបាលវៀតណាម បានប៉ះទង្គិចពាក្យសម្ដីគ្នាយ៉ាងតឹងសរសៃកពេលធ្វើសេចក្តីថ្លែងការណ៍ ក្នុងវេទិកាអចិន្ត្រយ៍ស្ដីពីបញ្ហាជនជាតិដើម។ តំណាងរដ្ឋាភិបាលវៀតណាម បានបន្តចោទប្រកាន់សហព័ន្ធខ្មែរកម្ពុជាក្រោម ដោយមិនហៅឈ្មោះចំថា ជាក្រុមមួយកំពុងប្រើប្រាស់វេទិកាអង្គការសហប្រជាជាតិដើម្បីញុះញង់ ឲ្យមានការរើសអើង និងបែកបាក់ សហគមន៍ជនជាតិភាគតិច និងធ្វើការចោទប្រកាន់មិនត្រឹមត្រូវប្រឆាំងនឹងវៀតណាម។ តំណាងរដ្ឋាភិបាលដែលមិនបានបញ្ចេញឈ្មោះ បន្តបដិសេធថា វៀតណាមគ្មានជនជាតិដើម គឺមានតែជនជាតិដើមតិច។ ទោះបីជាយ៉ាង តំណាងវៀតណាមរូបនេះអះអាងថា វៀតណាមនឹងប្រឹងអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ។
«វៀតណាមមានគោលដៅច្បាស់លាស់ គឹធានាឲ្យមានភាពស្មើគ្នា និងសាមគ្គីគ្នាក្នុងសហគមន៍ជនជាតិដើម ហើយឲ្យមានការគោរព និងជួយគ្នាទៅវិញទៅមកដើម្បីដើរឆ្ពោះទៅមុខជាមួយគ្នា។ មិនថាពលរដ្ឋភាគច្រើនឬជនជាតិភាគតិចដែលរស់នៅតំបន់ដែលមានការអភិវឌ្ឍច្រើន ឬតិចនោះទេជនជាតិភាគតិចទាំងនោះ មានសិទ្ធិស្មើគ្នា និងមានកាតព្វកិច្ចស្មើគ្នាក្នុងគ្រប់វិស័យ រួមមាន ការចូលរួមក្នុងសង្គមនិងការធានាការពារដោយច្បាប់។ នៅវៀតណាម ជាតិភាគតិចរីករាយ នឹងសិទ្ធិសេរីភាព ការចូលរួមផ្នែកនយោបាយ និងអាចឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យក្នុងសភា និងក្រុមប្រឹក្សាពលរដ្ឋ»។
ជាការឆ្លើយតប ក្នុងកិច្ចសន្ទនារវាងតំណាងជនជាតិដើមនិងតំណាងប្រទេស កញ្ញា គឹម ការី កត់សម្គាល់ថា ទោះបីសេចក្តីប្រកាសជាសកលស្តីពីជនជាតិដើមត្រូវបានគេអនុម័តកាលពីឆ្នាំ២០០៧ក្តី ប្រទេសខ្លះ នៅតំបន់អាស៊ីមិនទាន់អនុវត្តសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិឲ្យមានប្រសិទ្ធភាពនៅឡើយទេ។ កញ្ញាបន្តថា វៀតណាមបន្តបដិសេធមិនទទួលស្គាល់ថា ខ្មែរក្រោមជាជនជាតិដើម ហើយបន្តចាត់ទុកខ្មែរក្រោមថា ជាជនជាតិភាគតិចហើយបានផាត់ខ្មែរក្រោមចេញពីគំរោងអភិវឌ្ឍន៍ ដូច្នោះខ្មែរក្រោមមិនដឹងនិងយល់ពីគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) របស់អង្គការសហប្រជាជាតិឡើយ។
កញ្ញា គឹម ការី ស្នើឲ្យវៀតណាមទទួលស្គាល់ខ្មែរក្រោមជាជនជាតិដើមទំនៀមទម្លាប់ និងផ្តល់ឲ្យខ្មែរក្រោមនូវធនធានចាំបាច់ និងបណ្ដុះបណ្តាលចំណេះដឹង និងចូលរួមផ្តល់យោបល់ក្នុងការសម្រេចចិត្តណាមួយ។ បន្ថែមលើនេះ កញ្ញាចង់ឲ្យវៀតណាម កំណត់ធនធានដើម្បីជួយសហគមន៍ជនជាតិដើម ដើម្បីសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) របស់អង្គការសហប្រជាជាតិ រួមទាំងការអាចទទួលបាននូវការអប់រំ សុខភាព និងសេវាកម្មជាមូលដ្ឋានសំខាន់ៗរបស់មនុស្ស។
វេទិកាអចិន្ត្រយ៍ស្ដីពីបញ្ហាជនជាតិដើមឆ្នាំនេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៨ មេសា ដោយផ្ដោតលើប្រធានបទ «ពលរដ្ឋជនជាតិដើម សុខភាពមនុស្ស ផែនដី និងបរិស្ថាន ដោយផ្អែកលើសិទ្ធិមនុស្សជាបំណង»។
វេទិកាអចិន្ត្រយ៍ ស្តីពីបញ្ហាជនជាតិដើមជាស្ថាប័នផ្ដល់ប្រឹក្សាទៅឲ្យក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម របស់អង្គការសហប្រជាជាតិ ដែលបានបង្កើតឡើងកាលពីឆ្នាំ២០០០ ដែលមានអាណត្តិពិនិត្យបញ្ហាប្រឈមរបស់ជនជាតិដើម ទាក់ទងនឹងសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម វប្បធម៌ អប់រំ សុខភាព និងសិទ្ធិមនុស្ស។ វេទិកានេះ ជាកន្លែងសំខាន់ ដើម្បីជម្រាបលើកឡើងឲ្យមានការដឹងលឺ និងការតស៊ូមតិនឹងអាជ្ញាធររដ្ឋាភិបាល ឲ្យមានការចាប់អារម្មណ៍ដើម្បីដោះស្រាយបញ្ហាដើរថយក្រោយនិងការអនុវត្តជាវិជ្ជមានជុំវិញសិទ្ធិជនជាតិដើមស្ត្រីកុមារ និងយុវជន។
ពាក់ព័ន្ធនឹងវេទិកានេះ អនុប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ម៉ៅ មុន្នី មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោមបានដាក់សំណើនិងរាយការណ៍ស្តីពីជនជាតិដើមខ្មែរក្រោមទៅឲ្យក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិហៅកាត់ថា (ECOSOC) ហើយ ក្រោយបញ្ចប់វេទិកាស្តីពីបញ្ហាជនជាតិដើម។ ECOSOC ត្រូវបានគេបង្កើតឡើងកាលពីឆ្នាំ១៩៤៥ ជាប្រព័ន្ធមួយរបស់អង្គការសហប្រជាជាតិ ដើរតួនាទីជា វេទិកាកណ្តាលដើម្បីជំរុញឲ្យមានជជែក និងរិះគិត ដើម្បីធ្វើឲ្យសម្រេច គោលដៅ របស់អង្គការសហប្រជាជាតិ។ លោក ម៉ៅ មុន្នី មានប្រសាសន៍បន្តថា សហព័ន្ធចាំបាច់ត្រូវរាយការណ៍ទៅឲ្យស្ថាប័នអន្តរជាតិ ដោយសារតែ វៀតណាមតែងតែសន្យាខ្យល់ និងបន្តរំលោភសិទ្ធិជនជាតិដើមខ្មែរក្រោម។
លោក ម៉ៅ មុន្នី៖ «យើងឃើញហើយថា វៀតណាមតែងតែអះអាងថាជួយជនភាគតិច ប៉ុន្តែមិនដែលឃើញថា បានជួយជនជាតិភាគតិចណាច្បាស់ទេ ហើយបានធ្វើអ្វីខ្លះ។ ក្នុងនាមជាខ្មែរក្រោម រស់នៅលើទឹកដីកំណើតយើងគ្មានបានទទួលផលអ្វីទេ»។
ស្របពេលដែលវៀតណាមអះអាងខ្លួនថា កំពុងលើកកម្ពស់សិទ្ធិជនជាតិភាគតិចនោះ អាជ្ញាធរវៀតណាមបានកោះហៅយុវជនខ្មែរក្រោមប្រមាណ ១០នាក់ទៅសំឡុតគំរាមកំហែង ជាបន្តបន្ទាប់មិនឲ្យងើបឡើងទាមទារសិទ្ធិស្វ័យសម្រេច និងនិយាយពីប្រវត្តិសាស្ត្រខ្មែរក្រោម។ ទង្វើរបស់វៀតណាម ធ្វើដូច្នោះ ក្នុងពេលដែលខ្លួនកំពុងដើរតួនាទីជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការ សហប្រជាជាតិ សម្រាប់រយៈពេលបីឆ្នាំ។ សហព័ន្ធខ្មែរកម្ពុជាក្រោមអះអាងថា តំណាងវៀតណាមនឹងខ្មាសគេ ក្នុងកិច្ចប្រជុំកំពូលរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការ សហប្រជាជាតិ នៅចុងឆ្នាំ ២០២៣នេះ នៅពេលមានសេចក្តីរាយការណ៍អំពីការរំលោភសិទ្ធិជនជាតិដើម និងសិទ្ធិពលរដ្ឋវៀតណាមខ្លួនឯងនោះ នៅពេលវៀតណាមជាសមាជិក និងធ្លាប់សន្យាថានឹងគោរពសិទ្ធិមនុស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។