សាលាដំបូងខេត្តកំពង់ចាម បានជូនដំណឹងពីការបិទបញ្ចប់ការស៊ើបសួរក្នុងសំណុំរឿងរួមគំនិតក្បត់ និងញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍លើសកម្មជនបក្សប្រឆាំង ២នាក់នៅស្រុកបាធាយ។ អ្នកឃ្លាំមើលសិទ្ធិមនុស្សនៅខេត្តកំពង់ចាមជំរុញតុលាការឱ្យទម្លាក់បទចោទលើសកម្មជនបក្សប្រឆាំងទាំងអស់ដែលកំពុងស្ថិតក្រោមការដាក់ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។
សកម្មជនគណបក្សសង្គ្រោះជាតិ ស្រុកបាធាយ ដែលត្រូវបានតុលាការខេត្តកំពង់ចាម បិទបញ្ចប់ការស៊ើបសួរ គឺ លោក ដុង សុវណ្ណារិទ្ធិ និងលោក ហម វុទ្ធី។
លោកមេធាវី សំ សុគង់ កាន់ក្ដីឲ្យសកម្មជនបក្សប្រឆាំងទាំង២ឲ្យដឹងថា ក្រោយការជូនដំណឹងនេះ ចៅក្រមស៊ើបសួរ មានសិទ្ធិទម្លាក់ចោលបទចោទ ឬ បញ្ជូនសំណុំរឿងទៅជម្រះ។ លោកមេធាវី ជំរុញឲ្យចៅក្រមស៊ើបសួរទម្លាក់បទចោទប្រឆាំងកូនក្ដីលោក។
លោក សំ សុគង់ ឲ្យដឹងទៀតថា ក្នុងដំណាក់កាលស៊ើបសួរ ប៉ុន្មានខែមកនេះ ចៅក្រមបានសួរនាំកូនក្ដីលោក តែកំឡុងពេលចាប់ខ្លួន ដូច្នេះការស៊ើបសួរមានថេរវេលាតិច ហើយណាមួយសំណុំរឿងនេះ ជាប្រភេទនយោបាយ គួរតែទទួលបានការទម្លាក់ចោលបទចោទប្រកាន់៖ « ប៉ុន្តែនៅក្នុងរឿងនេះ ខ្ញុំគិតថា វាពាក់ព័ន្ធនឹងរឿងនយោបាយ ហើយកាលដែលសម្រេចចុងក្រោយ ចៅក្រមស៊ើបសួរគួរតែទម្លាក់បទចោទឲ្យពួកគាត់ដើម្បីឲ្យពួកគាត់មានសេរីភាពពេញលេញ មានពេលវេលាក្នុងការរកស៊ី ចិញ្ចឹមជីវភាពផ្គត់ផ្គង់ក្រុមគ្រួសារផងដែរ»។
ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ចាម ឈ្មោះ លី ម៉ារីណា បានជូនដំណឹងទៅលោក ដុងសុវណ្ណារិទ្ធិ កាលពីថ្ងៃទី១៧ កុម្ភៈថា សំណុំរឿងបទចោទរួមគំនិតក្បត់ និងញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ បានបិទបញ្ចប់ការស៊ើបសួរហើយ។
ចំណែក លោក ហម វុទ្ធី មិនទាន់ទទួលបានលិខិតជូនដំណឹងពីអាជ្ញាធរទេ។ លោក ហម វុទ្ធី ប្រាប់អាស៊ីសេរីថា តុលាការ បានកោះហៅលោកឲ្យទៅទទួលយកលិខិតតែមិនដឹងលិខិតអ្វីទេ កាលពីប៉ុន្មានថ្ងៃមុន តែដោយសារលោករវល់ បានឲ្យប្រពន្ធទៅយកជំនួស ហើយមន្ត្រីតុលាការប្រាប់ថា បានផ្ញើទុកនៅស្នងការដ្ឋានខេត្តហើយ។ លោក ហម វុទ្ធី ថា លោកមិនទាន់មានពេលវេលាទៅយកលិខិតនោះទេ។
សកម្មជនបក្សប្រឆាំងលោក ដុង សុវណ្ណារិទ្ធិ និងលោក ហម វុទ្ធី មិនទាន់ហ៊ានបញ្ចេញមតិ ឬទស្សនៈលើលិខិតជូនដំណឹងរបស់តុលាការខេត្តកំពង់ចាមទេ ដោយសារលោកបារម្ភពីសុវត្ថិភាព នៅពេលតុលាការមិនទាន់ទម្លាក់បទចោទ។
អាស៊ីសេរី មិនសុំការបញ្ជាក់បន្ថែមពីប្រធានលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ចាម លោក ជុំ ណារ៉ាន់ បានទេ នៅថ្ងៃទី១៧ កុម្ភៈ ដោយសារទូរស័ព្ទរោទ៍គ្មានអ្នកទទួល។
អាជ្ញាធរខេត្តកំពង់ចាមបានចាប់ និងឃុំខ្លួន សកម្មជនបក្សប្រឆាំងចំនួន ១០នាក់ កាលពីកំឡុងមុនការធ្វើមាតុភូមិនិវត្តន៍របស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅខែវិច្ឆិកាឆ្នាំ២០១៩។ មនុស្សទាំង ១០នាក់ ទទួលបានការដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្នអស់ហើយ តែមិនទាន់ទទួលបានការទម្លាក់បទចោទប្រកាន់ទេ។
បុគ្គលិកអង្កេតសមាគមសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តកំពង់ចាម និងត្បូងឃ្មុំ លោក ឡេង សេងហាន សង្កេតឃើញថា ការចាប់ខ្លួន ចោទប្រកាន់ប្រឆាំងនឹងសកម្មជនគណបក្សសង្គ្រោះជាតិនៅខេត្តកំពង់ចាមកន្លងមក គឺជារឿងនយោបាយ ច្រើនជាងការអនុវត្តច្បាប់។ លោក សំណូមពរឲ្យតុលាការទម្លាក់ចោទបទចោទប្រកាន់លើសកម្មជនបក្សប្រឆាំងទាំងនោះដើម្បីឲ្យពួកគេមានភាពកក់ក្ដៅនិងទទួលបានសេរីភាពពេញលេញ ក្នុងការធ្វើសកម្មភាពតាមផ្លូវច្បាប់៖ « យើងមើលឃើញអ្នកទាំង២ ដូចជាមិនមានអ្វីត្រូវប្រព្រឹត្តិឬក៏ត្រូវលាក់បាំងដូច អ្វីដែលតុលាការបានចោទ។ រហូតមកដល់ថ្ងៃនេះ អ្វីដែលតុលាការចោទប្រកាន់វាអត់មានព្រឹត្តិការអ្វីកើតឡើង»។
កាលពីយុទ្ធនាការបង្ក្រាបសកម្មជនបក្សប្រឆាំង ដើម្បីរារាំងការប្រមូលពលរដ្ឋ ទៅទទួលដំណើរមាតុភូមិនិវត្តន៍របស់ លោក សម រង្ស៊ី នៅឆ្នាំ២០១៩ របបក្រុងភ្នំពេញ បានចាប់ខ្លួនសកម្មជនរបស់គណបក្សប្រឆាំងជិត ១០០នាក់ ដាក់ឃុំក្នុងពន្ធនាគារ ដោយចោទថា បានរួមគំនិតជាមួយលោក សម រង្ស៊ី មានបំណងបំផុសពលរដ្ឋឲ្យប្រឆាំងរបបក្រុងភ្នំពេញ។
មន្ត្រី និងសកម្មជនបក្សប្រឆាំង ជាង ៧០នាក់ ត្រូវបានដោះលែងតែដាក់ឲ្យស្ថិតក្រោមការអនុវត្តលក្ខខណ្ឌ ក្រៅឃុំបណ្ដោះអាសន្ន តាមបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ ប៉ុន្តែមេដឹកនាំរូបនេះហាមមិនឲ្យមន្ត្រីក្រសួងយុត្តិធម៌ សម្របសម្រួលឲ្យមានការទម្លាក់បទចោទលើសកម្មជនបក្សប្រឆាំង ទាំងនោះទេ ប៉ុន្តែលោកថា ស្រេចលើតុលាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។