មេឃុំ​ក្រយា​ ខេត្ត​កំពង់ធំ​ពី​បក្ស​ភ្លើងទៀន​បង្ហាញ​បទពិសោធន៍​ជាប់ឆ្នោត​ជា​មេ​ឃុំ​ ៣អាណត្តិ​ជាប់​គ្នា

0:00 / 0:00

មេឃុំ​ក្រយា​ជាប់ឆ្នោត​មកពី​គណបក្ស​ភ្លើងទៀន ខេត្ត​កំពង់ធំ លោក យ៉ាប់ យូត បង្ហាញ​បទពិសោធន៍​ជាប់ឆ្នោត​ជា​មេឃុំ ៣​អាណត្តិ​ជាប់​គ្នា កូតា​ពី​គណបក្សប្រឆាំង​។ មេឃុំ​រូប​នេះ ចាត់ទុក​ភាព​ស្មោះត្រង់ គោរព​ស្រឡាញ់​ពលរដ្ឋ​ដោយ​ស្មើភាព​គ្នា មិន​រើស​អើ គឺជា​គន្លឹះ​សំខាន់ ធ្វើ​ឱ្យ​លោក​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ច្រើន​ជាង​គណបក្ស​កាន់អំណាច។

មេឃុំ​ក្រយា ស្រុក​ប្រាសាទបល្ល័ង្គ អំពាវនាវ​ដល់​មេឃុំ​/​ចៅសង្កាត់​ដែល​ទើប​ជាប់ឆ្នោត​ទូទាំង​ប្រទេស ពី​គ្រប់​គណបក្ស​នយោបាយថា ​ត្រូវ​មាន​ភាពស្មោះត្រង់ មិន​ប្រកាន់​បក្ស​ពួកនិយម និង​មិន​ប្រព្រឹត្ត​អំពើពុករលួយ ទើប​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​មាន​ប្រសិទ្ធភាព និង​ការ​អភិវឌ្ឍ​មូលដ្ឋាន​រីក​ចម្រើន។

មេឃុំ​ជាប់ឆ្នោត​មកពី​គណបក្ស​ភ្លើងទៀន លោក យ៉ាប់ យូត ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៨ មិថុនា​ថា ក្រោយពី​ជាប់ឆ្នោត​ជា​មេឃុំ លោក​នឹង​ធ្វើ​សមាជ​នៅ​ពេល​ឆាប់ៗ ​នេះ ដើម្បី​ស្តាប់​កង្វល់​របស់​ពលរដ្ឋ ហើយ​ពិភាក្សា​រក​ដំណោះស្រាយ​។ លោក​សង្កេត​ឃើញ​ថា​ កន្លងទៅ​គ្មាន​វត្តមាន​គណបក្សប្រឆាំង ធ្វើ​ឱ្យ​ការ​អភិវឌ្ឍ​មូលដ្ឋាន​ខ្វះចន្លោះ​ច្រើន ហើយ​ការប្រើប្រាស់​កញ្ចប់​ថវិកា​ឃុំ អាច​នឹង​មាន​ភាព​មិន​ប្រក្រតី​ច្រើន។

​លោក​រំពឹង​ថា ក្រោយ​ពី​មាន​គណបក្ស​នយោបាយ​ជំទាស់​ចូលរួម អាច​នឹង​កាត់​បន្ថយ​​អំពើពុករលួយ ហើយ​ការ​អភិវឌ្ឍ​មូលដ្ឋាន នឹង​រីក​ចម្រើន​៖ «វា​គ្មាន​អី​ដល់​តម្លាភាព​ទេ ធ្វើ​អី​មាន​តម្លាភាព ធ្វើតាម​តម្រូវការ​របស់​ពលរដ្ឋ ពួកគាត់​សំណូមពរ បញ្ហា​អី​មាន​អាទិភាព​ជាងគេ​។ ប្រជាជន​មាន​បញ្ហា​អីយើង​ជួយ​ដោះស្រាយ​អស់​ពី​លទ្ធភាព»។

មេឃុំ​វ័យ ៥២ ឆ្នាំ​រូប​នេះ បន្ថែម​ថា ពលរដ្ឋ​រស់នៅ​ឃុំ​នេះ ត្អូញត្អែរ​រឿង​ផ្លូវលំ​តូចៗ​ ជាច្រើន​ភ្ជាប់​ពី​ភូមិ មួយ​ទៅ​ភូមិ​មួយទៀត ពិបាកធ្វើ​ដំណើរ ហើយ​បញ្ហា​នេះ​កើត​មាន​ជាច្រើន​ឆ្នាំ​មក​ហើយ ​មិន​ទាន់​ឃើញ អាជ្ញាធរ​មូលដ្ឋាន​ដោះស្រាយ​បាន​នៅឡើយ​ទេ​។ លោក​ថា បច្ចុប្បន្ន​ក្នុង​ឃុំ​ក្រយា មិនទាន់​មាន មណ្ឌល​សុខភាព​នៅ​ឡើយ​ទេ ពលរដ្ឋ​ត្រូវ​ចំណាយ​ពេល​ច្រើន​ទៅ​ព្យាបាល​ជំងឺ​នៅ​ឃុំ​ផ្សេង​ទៀត ឆ្ងាយ​ពី​ភូមិ ហេតុនេះ​ ​លោក​នឹង​​ពិភាក្សា​ដោះស្រាយ​រឿង​នេះ​ជា​អាទិភាព។

​ឃុំ​ក្រយា ស្រុក​ប្រាសាទបល្ល័ង្គ ខេត្ត​កំពង់ធំ មាន​គណបក្ស​នយោបាយ​៥ ចូលរួម​ប្រកួត​ប្រជែក​ការបោះឆ្នោត គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ភ្លើងទៀន គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ។

លទ្ធផល​បណ្ដោះអាសន្ន​របស់​ គ.ជ.ប បន្ទាប់ពី​រាប់​សន្លឹកឆ្នោត បង្ហាញ​ថា គណបក្ស​ភ្លើងទៀន​ទទួល​បាន​សំឡេង​ ១.៣៦០​សំឡេង ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន ១.១១១សំឡេង ក្នុង​ចំណោម ​៧អាសនៈ។

លោក យ៉ាប់ យូត ជាប់ឆ្នោត​ជា​មេឃុំ ៣​អាណត្តិ​ជាប់ៗ ​គ្នា ពោល​កាល​ពី​ឆ្នាំ២០១២ ក្នុង​អាណត្តិ​ទី​៣ លោក​ជាប់ឆ្នោត​ជា​មេឃុំ មក​ពី​គណបក្ស​ សម រង្ស៊ី ហើយ​កាល​ពី​ឆ្នាំ២០១៧ ក្នុង​អាណត្តិ​ទី៤ លោក​ក៏​ជាប់ឆ្នោត​ជា​មេឃុំ​កូតា​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អតីត​មេឃុំ​ក្រយា លោក ឡាញ់ ធឿន បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី៨ មិថុនា។

ឆ្លើយតប​រឿង​នេះ អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច លោក សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា សមាសភាព​អាជ្ញាធរ​មកពី​គណបក្ស​ប្រជាជន មិនដែល​មានចិត្ត​ចង្អៀត​ចង្អល់​ជាមួយ​គណបក្ស​ដទៃទៀត​នោះ​ទេ​។ លោក​ជឿជាក់​ថា ក្រុមប្រឹក្សាឃុំ​មាន​ចម្រុះ​គណបក្ស នឹង​សហការ​គ្នា​ល្អ បំពេញ​តួនាទី​ស្របតាម​ច្បាប់​ស្ដីពី​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដែល​តម្រូវ​ឱ្យ​យក​មតិ​ភាគ​ច្រើន៖ «មានច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ហើយ​មាន​ការ​ត្រួតពិនិត្យ​ពី​ក្រសួង​មហាផ្ទៃ​ទៀត អត់​មាន​រឿង​អត់​សហការ​ទេ ត្រូវ​តែ​សហការ​។ សមាសភាព​គណបក្ស​ប្រជាជន មិនដែល​មានចិត្ត​ចង្អៀត​ចង្អល់​ជាមួយ​បងប្អូន​គណបក្ស​ដទៃ​ទេ»។

​ជុំវិញ​រឿង​នេះ មន្ត្រី​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែន​ករុណា ផ្តល់​ទស្សនៈ​ថា អាជ្ញាធរ​ឃុំ​មកពី​គណបក្ស​នយោបាយ​ចម្រុះ មិន​ត្រូវ​ប្រកាន់​និន្នាការ​នយោបាយ​នោះ​ទេ រួម​ទាំង​សមត្ថកិច្ច​មូលដ្ឋាន​ផង​ដែរ ដោយ​ត្រូវ​សហការ​គ្នា​ដោះស្រាយ​បញ្ហា​ប្រឈម និង​អភិវឌ្ឍន៍​មូលដ្ឋាន​ឱ្យ​ល្អ​ប្រសើរ​។ លោក​សង្កេត​ឃើញ​ថា កន្លងទៅ​អាជ្ញាធរ​គណបក្សកាន់អំណាច តែងតែ​រើសអើង​មេឃុំ​មកពី​គណបក្សជំទាស់ ធ្វើ​ឱ្យ​ការ​ដោះស្រាយ​បញ្ហា​រអាក់រអួល​៖ «ទាំង​សមាជិក​គណបក្សកាន់អំណាច ជាប់​និន្នាការ​នយោបាយ​បក្ស​ហ្នឹង គាត់​តែងតែ​មិន​ទម្លាក់​ចោល​នូវ និន្នាការ​បក្ស​របស់​ខ្លួន តែង​មាន​ការរើសអើង ពុំ​មាន​សហការ​គ្នា​ល្អ​ទេ តែងតែ​មើលបំណាំ​គ្នា រក​ឱកាស​ចាប់កំហុស ហើយ​ធ្វើការ​ប្តឹងផ្តល់ និង​បង្អាក់ នូវ​គម្រោង​ដែល​បាន​លើកឡើង​ពី​ខាង​គណបក្ស​ជំទាស់ ឬ​ពី​គណបក្ស​ផ្សេង។

លទ្ធផល​បណ្ដោះអាសន្ន​ប្រកាស​ដោយ គ​.​ជ​.​ប កាលពី​ព្រឹក​ថ្ងៃទី​៦ ខែ​មិថុនា នៅ​ខេត្តកំពង់ធំ គណបក្ស​ភ្លើងទៀន ឈ្នះ​តំណែង​ជា​មេឃុំ មាន​ឃុំ​៣ រួម​មាន ឃុំ​ចំណា​លើ​នៅ​ស្រុក​ស្ទោង ឃុំ​ដូង និង​ឃុំ​ក្រយា នៅ​ស្រុក​ប្រាសាទ​បល្ល័ង្ក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។