សកម្មជន​ដីធ្លី​ម្នាក់​នៅ​ខេត្ត​បាត់ដំបង​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ​ក្រោយ​រង​បណ្ដឹង​តុលាការ

ដោយ ជីវិតា
2023.09.22
សកម្មជន​ដីធ្លី​ម្នាក់​នៅ​ខេត្ត​បាត់ដំបង​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ​ក្រោយ​រង​បណ្ដឹង​តុលាការ សកម្មជនដីធ្លី នយោបាយ និងសិទ្ធិមនុស្ស អ្នកស្រី នួន នឿន (ឆ្វេង) ដែលរត់ភៀសខ្លួនទៅប្រទេសថៃ ជាមួយកូនស្រី។
Photo Provided

ស្ត្រី​ដែល​ជា​សកម្មជន​ដីធ្លី មួយ​រូប​នៅ​ខេត្ត​បាត់ដំបង បាន​បង្ខំចិត្ត​ចាកចេញ​ពី​គ្រួសារ​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ ក្រោយ​រង​ពាក្យ​បណ្ដឹង​របស់​តុលាការ និង​ការ​គំរាមកំហែង​ធ្វើ​ទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​នៅ​ក្នុង​មូលដ្ឋាន​។ មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ឱ្យ​អាជ្ញាធរ​ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​តាម​ផ្លូវ​ច្បាប់​ប្រកបដោយ​ភាព​យុត្តិធម៌ ចៀសវាង​ការ​គំរាមកំហែង​ធ្វើ​ឱ្យ​ពលរដ្ឋ​ភ័យខ្លាច​រហូត​ដល់​រត់​ចោល​ស្រុក។

ការ​មិនទុកចិត្ត ភាព​យឺតយ៉ាវ​របស់​ប្រព័ន្ធ​តុលាការ និង​ការ​គំរាមកំហែង​តាម​គ្រប់​រូបភាព បាន​រុញច្រាន​ឱ្យ​ស្ត្រី​ម្នាក់​ដែល​ជា​សកម្មជន​ដីធ្លី ជា​អ្នកតស៊ូ​មតិ​ដើម្បី​សេរីភាព និង​ជា​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស ដើម្បី​គេច​ចេញ​ពី​ការ​កាត់ទោស​ដោយ​ភាព​អយុត្តិធម៌។

សកម្មជន​ដីធ្លី នៅ​ឃុំ​បឹង​ប្រាំ ស្រុក​បវេល អ្នកស្រី នួន នឿន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២១ កញ្ញា ថា អ្នកស្រី​ចាកចេញ​ពី​ស្រុកកំណើត​ទាំង​ក្ដី​ឈឺចាប់ ដោយសារ​មិន​អាច​ទ្រាំ​នឹង​ការ​គំរាមកំហែង ការ​ដៀលត្មះ ការ​បញ្ចុះ​បញ្ចូល​ឱ្យ​ចូលបក្ស​កាន់អំណាច និង​ការ​តាមដាន​ពី​មនុស្ស​ប្លែក​មុខជា​ប្រចាំ​។ អ្នកស្រី​ថា ប្រសិនបើ​លោកស្រី​បន្ត​រស់នៅ​ក្នុង​ប្រទេស អ្នកស្រី​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ ឬ​គ្រោះថ្នាក់​ដល់​អាយុជីវិត ខណៈ​អ្នកស្រី​សង្កេតឃើញ​ថា តុលាការ​តែង​រុញ​សំណុំរឿង​អ្នកស្រី​ទៅវិញទៅមក គ្មាន​ការ​កាត់ក្ដី​ឱ្យ​ជាក់លាក់​និង​ប្រកបដោយ​យុត្តិធម៌​នោះ​ឡើយ។

អ្នកស្រី នួន នឿន៖ «នៅ​បន្ទប់​តូច ហើយ​ជួល​គេ​នេះ មិនទាន់​មាន​លុយ​ឱ្យ​គេ​ទេ ព្រោះ​អី​ប្រជាជន​ខ្មែរ​យើង​ដែល​មក​ដែរ​ហ្នឹង ក៏​គេ​ចេះ​ថៃ​ខ្លះ​គេ​ជួយ​និយាយ​ទៅ​ម្ចាស់ផ្ទះៗ​ក៏​គេ​អនុគ្រោះ ហើយក៏​គេ​ឱ្យ​ម្ហូប​ឱ្យ​អី​ហូប​ខ្លះទៅ។ ខ្ញុំ​រាល់ថ្ងៃ​រស់​ដោយសារ​ថៃ ហើយ​និង​បងប្អូន​ខ្មែរ​យើង​អ្នក​មក​មុន​ហ្នឹង គេ​ចេះតែ​ជួយ​អាណិត​ចែករំលែក​ឱ្យ​ហូប។ ហើយ​កូន​ខ្ញុំ​ក៏​អត់​បាន​រៀន​ដែរ រាល់ថ្ងៃ​ពីរ​នាក់​ម៉ែកូន​នៅតែ​ក្នុង​បន្ទប់»

អ្នកស្រី នួន នឿន គឺជា​សកម្មជន​ដីធ្លី​តំណាង​ឱ្យ​ពលរដ្ឋ​ជិត​២០០ (១៩៤) គ្រួសារ ដែល​មាន​ទំនាស់​ដីធ្លី​ក្នុង​ឃុំ​បឹង​ប្រាំ ជាមួយ​ដើមបណ្ដឹង​ឈ្មោះ ថោង ឆោម ដែល​សហគមន៍​អះអាង​ថា បុគ្គល​រូប​នេះ​មាន​អាជ្ញាធរ​ធ្វើជា​ខ្នងបង្អែក។ អ្នកស្រី​ក៏​ធ្លាប់​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ មក​ពី​គណបក្ស​ភ្លើងទៀន និង​ជា​សមាជិក​ស្ត្រី​ថ្ងៃ​សុក្រ ដែល​ចេញ​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​អ្នក​ទោស​នយោបាយ​ផង​ដែរ។ នៅ​អំឡុង​ពេល​នោះ អ្នកស្រី​បាន​ទទួល​រង​អំពើ​ហិង្សា​ដោយ​ការ​អូស​ចេញ​យ៉ាង​កម្រោល​ក្នុង​ពេល​តវ៉ា និង​ការប្រើ​ពាក្យ​មើលងាយ​ពី​មន្ត្រី​បក្ស​កាន់អំណាច​ក្នុង​មូលដ្ឋាន​ទៅលើ​គោលជំហរ​របស់​គាត់​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង ចាប់​តាំង​ពី​គណបក្ស​សង្គ្រោះ​ជាតិ រហូត​មក​ដល់​គណបក្ស​ភ្លើងទៀន។

អ្នកស្រី នួន នឿន ព្រមទាំង​សកម្មជន​ដីធ្លី​នៅ​សហគមន៍​បឹង​ប្រាំ ៩​នាក់​ផ្សេងទៀត បាន​រង​ការ​ចោទប្រកាន់ ពី​បទ​ប៉ះពាល់​កម្មសិទ្ធិឯកជន តាម​មាត្រា​២៤៨ និង​២៥៣ នៃ​ច្បាប់​ភូមិបាល តាំងពី​ឆ្នាំ​២០១៥ ដោយមាន​ឈ្មោះ ថោង ឆោម ជាដើម​បណ្ដឹង បន្ទាប់ពី​អ្នកស្រី​ចេញមុខ​ទាមទារ​តវ៉ា​ជាមួយ​ពលរដ្ឋ​ជាង ១៩០​គ្រួសារ​ផ្សេងទៀត លើ​បញ្ហា​ទំនាស់​ដីធ្លី​នៅ​ស្រុក​បវេល ខេត្ត​បាត់ដំបង។

អ្នកស្រី​បាន​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ​ជាមួយ​កូនស្រី​ម្នាក់ កាលពី​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២៣ បន្ទាប់ពី​តុលាការ​កំពូល រុញ​បណ្ដឹង​អ្នកស្រី​មក​សាលាឧទ្ធរណ៍​វិញ ដោយ​កន្លងមក​សាលាឧទ្ធរណ៍​បាន​តម្កល់​សេចក្ដីសម្រេច​របស់​សាលាដំបូង​ខេត្តបាត់ដំបង ដែល​សម្រេច​ផ្ដន្ទាទោស​អ្នកស្រី​ដាក់​ពន្ធនាគារ ១​ឆ្នាំ។

អ្នកស្រី នួន នឿន៖ «តាំង​ពី​ឆ្នាំ​២០១៤ ២០១៥ អា​រឿង​ដីធ្លី​ហ្នឹង​។ តែ​អត់​ដែល​មាន​ការ​ដោះស្រាយ​ទេ មានតែ​ដីកា​កោះហៅ​ខ្ញុំ​ឡើង​(​សវនាការ​) ជា​ហូរហែ។ អ៊ីចឹង​ខ្លួន​ខ្ញុំ​មួយ​នេះ គ្រាន់តែ​ទោស​២​ករណី ហើយ​ដីកា​កោះហៅ​ខ្ញុំ​វា​ច្រើន។ អាគេ​កាត់ទោស​កំបាំងមុខ​ផង សវនាការ​ផង​។ រឿង​ខ្ញុំ​មួយ​ដល់​តុលាការ​កំពូល តែ​គេ​ត្រឡប់​មក​ឧទ្ធរណ៍​វិញ»

វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​ភ្នំពេញ លោក ប្លង់ សំណាង និង​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​បាត់ដំបង លោកស្រី ជា ច័ន្ទរស្មី ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​២១ កញ្ញា។

ជុំវិញ​រឿង​នេះ អ្នកសម្របសម្រួល​នៃ​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​បាត់ដំបង លោក អ៊ិន គង់ជិត យល់ឃើញ​ថា វិវាទ​ដីធ្លី​របស់​សហគម​ន៍​ដីធ្លី​នៅ​ឃុំ​បឹងប្រាំ បាន​អូស​បន្លាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ក្នុង​នោះ​មាន​ពលរដ្ឋ​ជាច្រើន​នាក់​ជាប់​បណ្ដឹង​នៅ​តុលាការ​។ លោក​បញ្ជាក់​ថា អ្នកស្រី នួន នឿន ពិត​ជា​បាន​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ។

លោក អ៊ិន គង់ជិត៖ «កាល​មុន​បោះឆ្នោត​ហ្នឹង គឺ​មាន​ក្រុម​មន្ត្រី​អាជ្ញាធរ​នៅ​បឹង​ប្រាំ​ហ្នឹង បាន​ទៅ​បញ្ចុះបញ្ចូល​លួងលោម​គាត់ ឱ្យ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន ទៅ​គំរាមកំហែង​គាត់​អ៊ីចឹង​ជាដើម»

លោក អ៊ិន គង់ជិត ទទូច​ឱ្យ​អាជ្ញាធរ ដោះស្រាយ​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ​នេះ ដោយ​តម្កល់​ផលប្រយោជន៍​ពលរដ្ឋ​ជាធំ ជាជាង​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​គំរាមកំហែង រហូត​ដល់​ពួកគាត់​បង្ខំចិត្ត​ភៀសខ្លួន​ទៅ​ក្រៅប្រទេស។

លោក អ៊ិន គង់ជិត៖ «រាជរដ្ឋាភិបាល ឬ​អាជ្ញាធរ​ដែនដី សមត្ថកិច្ច ដែល​មាន​សមត្ថកិច្ច​ដោះស្រាយ​ដីធ្លី​ហ្នឹង គួរ​រួសរាន់​ដើម្បី​ព្យាយាម​ដោះស្រាយ​បញ្ចប់​បញ្ហា​ពួកគាត់​ទៅ​។ កាលណា​ពួកគាត់​ទទួល​បាន​ផល គាត់​មិន​ធ្វើ​ការ​ទាមទារ​អ្វី​ទៀត​ទេ»

បើទោះបី​នៅ​ប្រទេស​ថៃ​អាច​ជា​កន្លែង​មាន​សុវត្ថិភាព​សម្រាប់​អ្នកស្រី នួន នឿន តែ​កូន​អ្នកស្រី​ដែល​មាន​អាយុ​ទើបតែ​១៤​ឆ្នាំ កំពុង​រៀន​ក្នុង​ថ្នាក់​អនុវិទ្យាល័យ បាន​បោះបង់​ការសិក្សា ដើម្បី​រត់​ទៅ​ជាមួយ​ម្ដាយ។ ជាមួយ​គ្នា​នេះ ស្ត្រី​វ័យ​៤៩​ឆ្នាំ​រូប​នេះ ក៏​កំពុង​ជួបប្រទះ​នូវ​បញ្ហា​ថ្មី គឺ​ជីវភាព​រស់នៅ​ក្រៅ​ប្រទេស​ដែល​គ្មាន​មុខរបរ​ច្បាស់លាស់ គ្មាន​ប្រាក់​កាស​បង់ថ្លៃ​បន្ទប់​ស្នាក់​នៅ អាហារ​ហូប​ចុក​ប្រចាំថ្ងៃ ស្រប​ពេល​ដែល​អ្នកស្រី​មាន​ជំងឺ និង​មិន​ចេះ​និយាយ​ភាសា​ថៃ​ដែរ​នោះ។

អ្នកស្រី នួន នឿន អះអាង​ថា អ្នកស្រី​នឹង​មិន​ព្រម​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច​នោះ​ទេ បើ​ទោះ​ជា​អ្នកស្រី និង​គ្រួសារ​ទទួលរង​នូវ​ការ​ធ្វើទុក្ខបុកម្នេញ​ដូច​ពេល​បច្ចុប្បន្ន​នេះ​ក្អី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សភា​អឺរ៉ុប ជំរុញ​ឱ្យ​​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅសល់៨០% និង​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា
អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន ប្ដេជ្ញា​បន្ត​ប្រកាន់​ជំហរ​គោល​នយោបាយ​ចិន​តែ​មួយ និង​ថា ​ប្រទេសចិន​បាន​ជួយ​នយោបាយ​កម្ពុជា​​ឱ្យ​មាន​ឯករាជ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។