បណ្ដុំភ្នាក់ងារកិច្ចការសម្ងាត់របស់អាមេរិក វាយតម្លៃថា ចិននៅតែបន្តចិញ្ចឹមចិត្តចង់ដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅកម្ពុជាដដែល។ ស្ថាប័នដដែលនេះក៏វាយតម្លៃដែរថា សាធារណរដ្ឋប្រជាមានិតចិន ប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ក្នុងជួររដ្ឋាភិបាលរបស់ខ្លួនដើម្បីសម្ញែងអំណាច និងបង្ខំឱ្យប្រទេសជិតខាងធ្វើតាមការចង់បានរបស់ខ្លួន។
ឆ្នាំ២០២៣ នេះ កម្ពុជានៅតែបន្តជាប់ឈ្មោះក្នុងរបាយការណ៍ប្រចាំឆ្នាំស្ដីពីការវាយតម្លៃអំពីការគំរាមកំហែងជាសាកលមកលើសន្តិសុខជាតិរបស់អាមេរិក ចេញផ្សាយដោយសហគមន៍កិច្ចការសម្ងាត់ ឬចារកម្មរបស់អាមេរិក។ ការជាប់ឈ្មោះនេះ មិនមែនដោយសារតែកម្ពុជាបង្កការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខសហរដ្ឋអាមេរិកឡើយ ក៏ប៉ុន្តែដោយសារតែមហិច្ឆតារបស់សាធារណរដ្ឋប្រជាមានិតចិន (PRC) មកលើប្រទេសនេះ ជាពិសេសពាក់ព័ន្ធនឹងកំពង់ផែកងទ័ពជើងទឹករាម។
របាយការណ៍ចេញផ្សាយនៅដើមខែមីនានេះដោយការិយាល័យរបស់ប្រធានកិច្ចការសម្ងាត់អាមេរិកាំង (ODNI) ដែលជាបណ្តុំភ្នាក់ងារកិច្ចការសម្ងាត់អាមេរិកាំងចំនួន ១៧ស្ថាប័ន ក្នុងនោះរួមទាំងភ្នាក់ងារ ស៊ី.អាយ.អេ (CIA) ផង បានវាយតម្លៃថា កងទ័ពរំដោះប្រជាជនចិន (PLA) នឹងបន្តមហិច្ឆតាបង្កើតមូលដ្ឋានទ័ពនៅក្រៅប្រទេសរបស់ខ្លួន និងសម្រេចបាននូវកិច្ចព្រមព្រៀងផ្តល់លទ្ធភាពឱ្យយោធារបស់ខ្លួនអាចចេញចូលតាមកំពង់ផែបរទេសនានា។ ការធ្វើដូច្នេះគឺដើម្បីពង្រីកអំណាច និងការពារផលប្រយោជន៍របស់ចិននៅក្រៅប្រទេស។
បច្ចុប្បន្ន ចិនមានមូលដ្ឋានទ័ពនៅក្រៅប្រទេសតែមួយគត់នៅលើពិភពលោក គឺនៅប្រទេសជីបូទី (Djibouti) ដែលស្ថិតនៅភូមិភាគខាងកើតនៃទ្វីបអាព្រិក ហើយដែលចិនបានបង្កើតកាលពីឆ្នាំ២០១៧ កន្លងទៅ។
បណ្តុំភ្នាក់ងារកិច្ចការសម្ងាត់អាមេរិកាំងដដែល វាយតម្លៃថា បើទោះបីជាដំណើរវិវឌ្ឍន៍នៃការបង្កើតមូលដ្ឋានទ័ពនៅក្រៅប្រទេសរបស់កងទ័ពរំដោះប្រជាជនចិនប្រព្រឹត្តទៅដោយមិនស្មើគ្នាក៏ដោយ ក៏កងទ័ពរំដោះប្រជាជនចិននឹងនៅតែបន្តប្រើប្រាស់វិធីសាស្ត្រប្រែប្រួលតាមភាពជាក់ស្តែង ដើម្បីដោះស្រាយកង្វល់ក្នុងស្រុក ខណៈប្រទេសនេះព្យាយាមកែលម្អទំនាក់ទំនងជាមួយប្រទេសដែលចំណុះនឹងខ្លួន និងពង្រីកគោលដៅបង្កើតមូលដ្ឋានទ័ពនៅក្រៅប្រទេសរបស់ខ្លួន។ របាយការណ៍គូសបញ្ជាក់ថា បន្ថែមលើការបន្តអភិវឌ្ឍមូលដ្ឋានទ័ពក្រៅប្រទេសដែលមានស្រាប់របស់ខ្លួនគឺនៅប្រទេសជីបូទី ក្រុងប៉េកាំងត្រូវបានគេរាយការណ៍ថាកំពុងព្យាយាមបង្កើតនូវមូលដ្ឋានទ័ពដែលមានសក្តានុពលនៅក្នុងប្រទេសកម្ពុជា ប្រទេសហ្គីណេ (Equatorial Guinea) និងប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE)។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បីសុំអត្ថាធិប្បាយជុំវិញរឿងនេះបានទេ កាលពីល្ងាចថ្ងៃទី២៩ ខែមីនា។
ទោះយ៉ាងណា ទាំងភាគីកម្ពុជា និងទាំងភាគីចិន តែងតែបដិសេធចំពោះសេចក្តីរាយការណ៍នានាដែលចោទប្រកាន់ថា ចិនមានមហិច្ឆតាដាក់មូលដ្ឋានទ័ពនៅកំពង់ផែកងទ័ពជើងទឹករាមរបស់កម្ពុជា ឬថាកម្ពុជានិងចិនបានចុះកិច្ចព្រមព្រៀងយោធាសម្ងាត់ជាមួយគ្នាដែលអនុញ្ញាតឱ្យចិនអាចប្រើប្រាស់កំពង់ផែរាម«ផ្តាច់មុខ»។ កាលពីពាក់កណ្តាលខែមីនានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅការចោទប្រកាន់ជុំវិញរឿងកំពង់ផែរាមនេះ ថាជា«យុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា»។
លោក ហ៊ុន សែន៖«ខ្ញុំគួរតែដាស់តឿនចំពោះអ្នកទាំងឡាយនៅខាងក្រៅ។ យុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាតាមរយៈកំពង់ផែរាមកំពុងបានចាប់ផ្តើមឡើងវិញ។ ខ្ញុំជូនសារទៅអ្នកទាំងឡាយមិនចាំបាច់ថតពីផ្កាយរណបអីទេ។ មិនចាំបាច់ថតទេ!កម្ពុជាបានប្រកាសហើយតើ ទៅបើកការដ្ឋាន សម្តេចពិជ័យសេនា ទៀ បាញ់ ទៅបើកការដ្ឋាន។ ឱ្យតែបើកការដ្ឋានហើយគេធ្វើហើយ កុំខ្វល់ពេក!ម៉េចក៏ចាំបាច់ថា អាហ្នឹងជាព័ត៌មានចារកម្ម បើគេបើកម៉ាចំហហើយ?»។
គិតត្រឹមដើមខែមីនា ឆ្នាំ២០២៣នេះ កម្ពុជាអនុញ្ញាតឱ្យសាធារណរដ្ឋប្រជាមានិតចិនធ្វើទំនើបកម្មកំពង់ផែកងទ័ពជើងទឹករាម បានជាង៨ខែហើយ។
រូបភាពតាមផ្កាយរណបបង្ហាញថា មានការប្រែប្រួលដ៏សម្បើមនៅក្នុងបរិវេណនៃកំពង់ផែកងទ័ពជើងទឹករាម។ ក្នុងនោះមានដូចជាការសាងសង់សំណង់ថ្មីៗនៅចំកណ្តាលមូលដ្ឋានទ័ពរាម ដែលសំណង់មួយមានលក្ខណៈស្រដៀងទៅនឹងរោងចក្រស៊ីម៉ង់ត៍សម្រាប់ផ្គត់ផ្គង់ទៅគម្រោងសាងសង់ទាំងមូល ការចាក់ពង្រីកផ្ទៃដីលយចូលជ្រៅទៅក្នុងសមុទ្រ ការឈូសឆាយសម្អាតផ្ទៃដីដ៏ធំ និងការសាងសង់ផែសំចតថ្មីចំនួនពីរ ជាដើម។
គម្រោងធ្វើទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹករាមត្រូវប្រើពេលពីរឆ្នាំ។ គម្រោងនេះ បានចាប់ផ្តើមជាផ្លូវការកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ហើយគ្រោងនឹងបិទបញ្ចប់ទៅវិញនៅឆ្នាំ២០២៤ ខាងមុខ។ ទាំងភាគីកម្ពុជា និងទាំងភាគីចិនពុំបានលាតត្រដាងឱ្យដឹងពីចំនួនទឹកប្រាក់ជាក់លាក់នៃជំនួយយោធាឥតសំណងរបស់រដ្ឋាភិបាលចិនសម្រាប់គម្រោងនេះឡើយ។ តាមផែនការ គម្រោងនេះមានដូចជាការសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្តាឃ្លង ជាដើម។ គម្រោងនេះត្រូវបានអនុវត្តដោយក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋអំណាចចិនឈ្មោះ Metallurgical Group Corporation (MCC)។
ក្រៅពីវាយតម្លៃពីមហិច្ឆតាយោធារបស់ចិន សហគមន៍កិច្ចការសម្ងាត់របស់អាមេរិកាំងក៏វាយតម្លៃថា បក្សកុម្មុយនិស្តចិន (CCP) នឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ក្នុងការធ្វើឱ្យប្រទេសចិនក្លាយជាមហាអំណាចដ៏សំខាន់មួយក្នុងតំបន់អាស៊ីបូព៌ា និងនៅលើពិភពលោក។ របាយការណ៍គូសបញ្ជាក់ថា សាធារណរដ្ឋប្រជាមានិតចិន កំពុងប្រើប្រាស់នូវឧបករណ៍ ឬមធ្យោបាយគ្រប់លំដាប់ថ្នាក់ក្នុងជួររដ្ឋាភិបាលរបស់ខ្លួនដើម្បីសម្ញែងអំណាច និងបង្ខំឱ្យប្រទេសជិតខាងធ្វើតាមការចង់បានរបស់ខ្លួន រួមមានការទាមទារអធិបតីលើដែនដី សមុទ្រ និងលំហអាកាសនៅក្នុងតំបន់ ជាពិសេសនៅកោះតៃវ៉ាន់ (Taiwan)។
កាលពីឆ្នាំ២០១៩ សហគមន៍កិច្ចការសម្ងាត់របស់អាមេរិកដដែល ធ្លាប់បាន វាយតម្លៃថាការរអិលធ្លាក់របស់កម្ពុជាចូលទៅក្នុងរបបគ្រប់គ្រងបែបផ្តាច់ការនិយម ដែលបណ្តាលឲ្យគណបក្សប្រជាជនកម្ពុជា គ្រប់គ្រងបានទាំងស្រុងនូវអំណាចនីតិប្បញ្ញត្តិ ឬរដ្ឋសភារបស់ប្រទេសនេះ អាចនឹងបើកផ្លូវឲ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលអាចបណ្តាលឲ្យមានវត្តមានយោធាចិននៅក្នុងប្រទេសនេះបាន។ របាយការណ៍របស់ស្ថាប័នដដែល ធ្លាប់ចាត់ទុកលោក ហ៊ុន សែន ថាគឺជាមេដឹកនាំមួយរូបដែលបង្កការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យក្នុងតំបន់អាស៊ីអាគ្នេយ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។