អ្នក​ច្បាប់​រិះគន់​ក្រសួង​មហាផ្ទៃ​រឿង​យក​សារ​អំពាវនាវ​លោក សម រង្ស៊ី ទៅ​គំរាម​រម្លាយ​បក្ស​នយោបាយ

0:00 / 0:00

អ្នកច្បាប់​មួយចំនួន​លើកឡើង​ថា សារ​គំរាម​របស់​ក្រសួង​មហាផ្ទៃ​រម្លាយ​គណបក្ស​ណា​ដែល​ពាក់ព័ន្ធ​នឹង​លោក សម រង្ស៊ី ជា​ការ​អនុវត្ត​ច្បាប់​ទេ តែ​ជា​ទង្វើ​គំរាមកំហែង​ដាក់​សម្ពាធ​នយោបាយ​ទៅវិញ​។ ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃទី​១២ ខែ​មករា បាន​ចាត់​ទុក​ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី ថា ជា​ការ​បង្គាប់បញ្ជា​ផ្ទុយ​ពី​ស្មារតី​នៃ​ច្បាប់ និង​បម្រើ​ប្រយោជន៍​ខ្លួន។

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​លើកឡើង​ថា ក្រសួង​មហាផ្ទៃ​មិនអាច​យក​លិខិត​ចំហ​របស់​លោក សម រង្ស៊ី ធ្វើជា​ភស្តុតាង​ដើម្បី​ចោទប្រកាន់​គំរាម​រំលាយ​គណបក្ស​នយោបាយ​ណាមួយ​តាម​ចិត្ត​បាន​នោះ​ទេ។

លោក លី ចាន់ដារ៉ាវុធ ថា បក្ស​ទាំងនោះ​មាន​សិទ្ធិ​ក្នុង​ការ​ធ្វើ​សកម្មភាព​នយោបាយ ហើយ​ការ​សម្រេច​រួបរួម ឬ​មិន​រួបរួម​គ្នា​តាម​ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី នោះ​ក៏​ជា​សិទ្ធិ​សម្រេច​ពួកគេ​ដែរ។ ប៉ុន្តែ​លោក​យល់​ថា ដែល​ក្រសួង​លើកយក​មាត្រា​មួយចំនួន​នៃ​ច្បាប់​ស្តី​គណបក្ស​នយោបាយ​កើត​ចេញ​ពី​ការ​ធ្វើ​វិសោធនកម្ម​ដ៏​ចម្រូងចម្រាស​កន្លង​ទៅ មក​បង្ហាញ​ហាក់​គាបសង្កត់ និង​រារាំង​អ្នក​នយោបាយ​ក្នុង​ជួរ​បក្ស​ប្រឆាំង​រួបរួម​គ្នា​ដោយសារ​រឿង​នេះ​ជា​ឧបសគ្គ​សម្រាប់​គណបក្ស​កាន់អំណាច​ទៅ​ថ្ងៃ​ខាងមុខ។

លោក លី ចាន់ដារ៉ាវុធ៖ «ខ្ញុំ​យល់ថា​ការ​ចេញ​លិខិត​ជា​ចំហ​បែបនេះ​មិនអាច​យក​ជា​ភស្តុតាង​ក្នុង​ការ​បញ្ជាក់​ថា គណបក្ស​ទាំង​បី​ហ្នឹង​បាន​ពាក់ព័ន្ធ​ជាមួយ​លោក សម រង្ស៊ី ត្រូវ​បាន​ចាត់ទុកជា​ទណ្ឌិត​នៅឡើយ​ទេ​។ ខ្ញុំ​គិត​ថា វា​បង្ហាញ​ពី​ការ​គំរាមកំហែង គាប​សិទ្ធិ​របស់​អ្នកតំណាងរាស្ត្រ ឬ​បេក្ខជន​ព្រឹទ្ធសភា​នៅក្នុង​គណបក្ស​ទាំង​បី​ទៅវិញ ពីព្រោះ​ការ​គំរាម​នេះ​ហាក់ដូចជា​ក្នុង​គោលបំណង​ដើម្បី​រារាំង​គណបក្ស​ទាំង​បី​រួបរួម​គ្នា បើ​គណបក្ស​ទាំង​បី​មិន​រួម​រួមគ្នា គឺ​គណបក្ស​កាន់អំណាច​យក​ឈ្នះ​យ៉ាង​ស្រួល»។

ការ​លើក​ឡើង​របស់​អ្នកច្បាប់​ដូច្នេះ​ធ្វើឡើង បន្ទាប់ពី​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃទី​១២ ខែមករា​បាន​ចាត់ទុក​សារ​របស់​លោក សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​គណបក្ស​ចំនួន​បី ឱ្យ​អនុវត្ត​សកម្មភាព​ផ្សេងៗ និង​ធ្វើតាម​បង្គាប់បញ្ជា​ផ្ទុយ​ពី​ស្មារតី នៃ​ច្បាប់​ដើម្បី​បម្រើ​ប្រយោជន៍​ខ្លួន។ មិន​តែ​ប៉ុណ្ណោះ ក្រសួង​មហាផ្ទៃ​ព្រមាន​ដល់​គណបក្ស​នយោបាយ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ព្រឹទ្ធសភា​អាណត្តិ​ទី​៥ ឱ្យ​បញ្ឈប់​សកម្មភាព​ដែល​បំពាន​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​ច្បាប់​នេះ​ផ្តល់​សមត្ថកិច្ច​ដល់​ក្រសួងមហាផ្ទៃ​ចាត់វិធានការ​ក្នុង​ការ​ផ្អាក​សកម្មភាព​បក្ស​នយោបាយ​នោះ ឬ​ប្តឹង​ទៅ​តុលាការ​ដើម្បី​រំលាយ​បក្ស​នយោបាយ​នោះ​ចោល។

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី បាន​ចេញ​លិខិត​មួយ​ច្បាប់​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​កាល​ពី​ទី​១១ ខែ​មករា ដោយ​លោក​អំពាវនាវ​ដល់​គណ​បក្ស​ភ្លើងទៀន គណបក្ស​កម្លាំង​ជាតិ និង​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​តំណាង​ឱ្យ​អ្នក​ប្រជាធិបតេយ្យ​ទាំងអស់​នៅ​ប្រទេស​កម្ពុជា​រួបរួម និង​សហការ​គ្នា កុំឱ្យ​មានការ​វាយប្រហារ​គ្នា​ទៅវិញទៅមក​ហើយ ត្រូវតែ​ចែក​តួនាទី​គ្នា ត្រូវ​រក្សា​ភាពស្មោះត្រង់​ចំពោះ​ប្រទេសជាតិ​និង​ប្រជារាស្ត្រ រក្សា​ឧត្តមគតិ​ដើម ឈរ​លើ​សីលធម៌ សច្ចធម៌ និង​យុត្តិធម៌ ដើម្បី​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​ទទួល​បាន​ជ័យជម្នះ​រួម។

គណបក្ស​ភ្លើងទៀន គណបក្ស​កម្លាំង​ជាតិ និង​គណបក្ស​ឆន្ទៈ​ខ្មែរ​ដែល​មាន​មេដឹកនាំ​កើត​ចេញ​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មេដឹកនាំ​គណបក្ស​ទាំងនេះ ភាគច្រើន​មាន​និន្នាការ​គោរព​ស្រឡាញ់ លោក សម រង្ស៊ី។

ជុំវិញ​រឿង​នេះ ទីប្រឹក្សា​គណបក្ស​ភ្លើងទៀន​លោក រ៉ុង ឈុន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា គណបក្ស​កម្លាំង​ជាតិ​ធ្វើ​សកម្មភាព​ឈរលើ​គោលការណ៍​ប្រជាធិបតេយ្យ និង​ស្របតាម​រដ្ឋធម្មនុញ្ញ​ឆ្ពោះ​ទៅ​រក​ប្រកួតប្រជែង​តាមរយៈ​ការ​បោះឆ្នោតជាតិ​ខាងមុខ​។ លោក​យល់​ថា ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី ដើម្បី​ឱ្យ​អ្នក​ប្រជាធិបតេយ្យ​សាមគ្គី និង​ការពារ​ផលប្រយោជន៍​ជាតិ​គឺជា​សិទ្ធិ​សេរីភាព​បញ្ចេញមតិ ឬ​ទស្សនៈ​ដែល​ក្រសួងមហាផ្ទៃ​មិន​គួរ​ព្រួយបារម្ភ​រហូត​គំរាម​រំលាយ​គណបក្ស​ប្រឆាំង​ចោល​នោះ​ទេ។

លោក រ៉ុង ឈុន៖ «គាត់​(​លោក សម រង្ស៊ី​)​ទើបតែ​ធ្វើការ​អំពាវនាវ​ម្សិលមិញ​នេះ​គឺជា​សិទ្ធិ​សេរីភាព​របស់​គាត់ ហើយ​បើ​យើង​ចោទ​ជា​សំនួរ​ជា​សួរ​ថា ចុះបើ​សិន​គាត់​អំពាវនាវ​ពាក់ព័ន្ធ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​សួរ​ថា ក្រសួងមហាផ្ទៃ​គិត​បែប​ម៉េច​ដែរ»។

ស្រដៀង​គ្នា​នេះ​ដែរ បេក្ខជន​ព្រឹទ្ធសភា​មកពី​គណបក្ស​ឆន្ទៈ​ខ្មែរ លោក គីមសួរ ភីរិទ្ធិ ថ្លែង​ថា​គណបក្ស​នៅក្នុង​សម្ព័ន្ធ​ឆ្ពោះទៅ​អនាគត​បាន​រួបរួម​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ជា​បន្តបន្ទាប់។ លោក​យល់​ថា ក្រសួង​មហាផ្ទៃ​កំពុង​យក​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​មក​ព្រមាន និង​ដាក់​សម្ពាធ​​ផ្នែក​នយោបាយ។

អ្នកសម្របសម្រួល​ផ្នែក​អង្កេត​របស់​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស មាន​ប្រសាសន៍​ថា សហគមន៍​ជាតិ និង​អន្តរជាតិ​នៅតែ​ស្នើ​រដ្ឋាភិបាល​កែប្រែ​ច្បាប់​គណបក្ស​នយោបាយ​ដែល​គាប​សង្កត់​សិទ្ធិ​គណបក្ស​នយោបាយ​ឡើងវិញ ។ ទោះ​យ៉ាងណា​អ្នកជំនាញ​បោះឆ្នោត​រូប​នេះ​លើក​ឡើង​ថា ទោះ​បីច្បាប់​នេះ​បាន​ហាមឃាត់​គណបក្ស​នយោបាយ​ឃុបឃិត ឬ​ពាក់ព័ន្ធ​ជាមួយ​ទណ្ឌិត​ក្តី តែ​អាជ្ញាធរ​មិន​ត្រូវ​ទាញ​ភ្ជាប់ ឬ​ចោទប្រកាន់​ដើម្បី​រំលាយ​គណបក្ស​នយោបាយ​ណាមួយ​ចោល​ដោយ​គ្រាន់តែ​លោក សម រង្ស៊ី ថ្លែង​សារ​ពី​ក្រៅ​ប្រទេស​ដែល​ជា​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​លោក​នោះ​ឡើយ។

លោក កន សាវាង្ស៖ «សម្រាប់​ខ្ញុំ​គិត​ថា នេះ​ជា​ការ​រំលឹក​ទេ បើសិន​អនុវត្ត​ច្បាប់​លុះត្រាតែ​អាជ្ញាធរ​រក​ឃើញ​គណបក្ស​នយោបាយ​ហ្នឹង​មានការ​ពាក់ព័ន្ធ ឬ​ជាប់​ទាក់ទង បើ​គ្រាន់តែ​អ្នក​នៅ​ខាងក្រៅ​គេ​លើក​អាហ្នឹង​វា​ជា​រឿង​របស់​អ្នក​ខាងក្រៅ​ទេ​ដោយ​មិនអាច​ហាមឃាត់​អ្នក​ខាងក្រៅ​បានទេ​។ វា​ជា​រឿង​មួយ​ប៉ះពាល់​ហើយ​បើសិនជា ឮ​ខាង​ណា​លើកឡើង​ហើយ​យក​មក​កាត់ទោស ចោទ​ប្រកាន់​ដល់​គណបក្ស​នយោបាយ អាហ្នឹង​ជា​បញ្ហា​មួយ​ធ្ងន់ធ្ងរ​ណាស់»។

កាល​ពី​ឆ្នាំ​២០១៧ រដ្ឋាភិបាល​ធ្វើ​លោក ហ៊ុន សែន បាន​កែ​ធ្វើ​ច្បាប់​ស្ដីពី​គណបក្ស ហាម​គ្រប់​គណបក្ស​នយោបាយ​មិន​ត្រូវ​ប្រើប្រាស់​សារ​ជា​សំឡេង រូបភាព ឯកសារ​ជា​លាយលក្ខណ៍អក្សរ ឬ​សកម្មភាព​របស់​ទណ្ឌិត​ជាប់ទោស​ពី​បទ​ឧក្រិដ្ឋ ឬ​ពី​បទ​មជ្ឈិម ដើម្បី​ជា​ផលប្រយោជន៍​នយោបាយ​សម្រាប់​គណបក្ស​របស់​ខ្លួន។ ច្បាប់​នេះ​កែប្រែ​ឡើង​ដើម្បី​តម្រូវ​ចិត្ត​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​បិទផ្លូវ​លោក សម រង្ស៊ី ឲ្យ​ចាក​ឆ្ងាយ​ពី​ជីវិត​នយោបាយ។ ជាមួយ​គ្នា​នេះ​លោក ហ៊ុន សែន បាន​យក​ច្បាប់​នេះ​ធ្វើជា​ឧបករណ៍​សម្រាប់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ចុងឆ្នាំ​២០១៧ និង​បិទ​សិទ្ធិ​របស់​អ្នកនយោបាយ និង​គំរាម​រំលាយ​គណបក្សប្រឆាំង​ចោល​ដែល​គំរាមកំហែង​ដល់​អំណាច​របស់​គ្រួសារ​របស់​លោក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។