មន្ត្រី​សង្គម​ស៊ីវិល​ថា ការ​ពន្យារ​ពេល​ជំនុំ​ជម្រះ​ក្ដី​សកម្មជន​បក្ស​ប្រឆាំង​ធ្វើ​ឱ្យ​អ្នក​ទាំង​នោះ​រង​ភាព​អយុត្តិធម៌​កាន់​តែ​យូរ

ដោយ ទីន ហ្សាការីយ៉ា
2021-04-02
Share
មន្ត្រី​សង្គម​ស៊ីវិល​ថា ការ​ពន្យារ​ពេល​ជំនុំ​ជម្រះ​ក្ដី​សកម្មជន​បក្ស​ប្រឆាំង​ធ្វើ​ឱ្យ​អ្នក​ទាំង​នោះ​រង​ភាព​អយុត្តិធម៌​កាន់​តែ​យូរ លោក ស៊ឹង សែនករុណា អ្នក​នាំ​ពាក្យ​សមាគម​អាដហុក និង​លោក ឡោ ជុនធី មេធាវី​មក​ពី​អង្គការ​ជំនួយ​ផ្នែក​ច្បាប់។
រូប៖ RFA និង​ហ្វេសប៊ុក Chunthy Lor

មន្ត្រី​សង្គម​ស៊ីវិល​ថា ការ​ពន្យារ​ពេល​ជំនុំ​ជម្រះ​ក្ដី​សកម្មជន​បក្ស​ប្រឆាំង​ធ្វើ​ឱ្យ​អ្នក​ទាំង​នោះ​រង​ភាព​អយុត្តិធម៌​កាន់​តែ​យូរ និង​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ដែល​កំពុង​ជាប់​ឃុំ។ ការ​លើក​ឡើង​នេះ ក្រោយ​មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន​បក្ស​ប្រឆាំង​ឱ្យ​ដឹង​ថា មេធាវី​មិន​ទាន់​ទទួល​ដំណឹង​អំពី​ការ​បន្ត​សវនាការ​ពី​តុលាការ​នៅ​ឡើយ​ទេ។

តុលាការ​គួរ​ព្យាយាម​ពន្លឿន​សវនាការ​ជំនុំជម្រះក្ដី​សកម្មជន​បក្ស​ប្រឆាំង​ឱ្យ​បាន​លឿន​ដោយ​គោរព​តាម​គោល​ការណ៍​សិទ្ធិមនុស្ស និង​សិទ្ធិ​សេរីភាព​បុគ្គល។ ជាង​នេះ​ទៅ​ទៀត បើ​រក​មិន​ឃើញ​ភស្តុតាង​ដាក់​បន្ទុក​ណា​មួយ​ទេ ស្ថាប័ន​យុត្តិធម៌​មួយ​នេះ​គួរ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​សកម្មជន​ទាំង​នោះ។ នេះ​ជា​ការ​លើក​ឡើង​របស់​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​ដែល​តាម​ដាន​យ៉ាង​ដិត​ដល់​ចំពោះ​ដំណើរ​ការ​ក្ដី​ក្នុង​សំណុំ​រឿង​នយោបាយ​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នក​នាំ​ពាក្យ​សមាគម​អាដហុក លោក ស៊ឹង សែនករុណា សង្កេត​ឃើញ​ថា ពេល​នេះ​តុលាការ​ចាប់​ផ្ដើម​បើក​សវនាការ​លើ​សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​រួច​ហើយ ដូច្នេះ​លោក​យល់​ថា សំណុំ​រឿង​សកម្មជន​បក្ស​ប្រឆាំង​តុលាការ​គួរ​ដំណើរ​ឡើង​វិញ​ដែរ។ លោក​ថា ការ​ដំណើរ​ក្ដី​ឡើង​វិញ ជា​រឿង​សំខាន់ ចំពោះ​សកម្មជន​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ ព្រោះ​អ្នក​ខ្លះ​កំពុង​ជួប​បញ្ហា​សុខភាព និង​មាន​បន្ទុក​រក​ចំណូល​ចិញ្ចឹម​គ្រួសារ។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​លើក​ឡើង​ទៀត​ថា បើ​ករណី​ជំងឺ​កូវីដ១៩ នៅ​តែ​មិន​ថមថយ ហើយ​រាំង​ស្ទះ​ដល់​ការ​ជំនុំ​ជម្រះក្ដី តុលាការ​គួរ​អនុញ្ញាត​ឱ្យ​ពួក​គេ​អាច​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដែល​នេះ​ក៏​ជា​មធ្យោបាយ​ល្អ​មួយ​ដែរ៖ «

ការ​អំពាវនាវ​របស់​មន្ត្រី​សិទ្ធិមនុស្ស​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ​បាន​ចាប់​ផ្ដើម​បើក​សវនាការ​សំណុំ​រឿង​មួយ​ចំនួន​ឡើងវិញ។ ប៉ុន្តែ​សំណុំ​រឿង​សកម្មជន​បក្ស​ប្រឆាំង​ជាង១០០ នាក់​នោះ​វិញ តុលាការ​មិន​ទាន់​កំណត់​ថ្ងៃ​បើក​សវនាការ​ជា​ថ្មី​នៅ​ឡើយ​ទេ បន្ទាប់​ពី​បាន​លើក​ពេល​ម្ដង​ហើយ​ម្ដង​ទៀត​ ក្រោម​ហេតុផល​ បង្ការ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ-១៩ ក្នុង​សហគមន៍។

មេធាវី​មក​ពី​អង្គការ​ជំនួយ​ផ្នែក​ច្បាប់ លោក ឡោ ជុនធី ដែល​ការពារ​ជន​ជាប់​មួយ​ចំនួន ឱ្យ​អាស៊ី​សេរី​ដឹង​ថា ចាប់​តាំង​ពី​តុលាការ​ប្រកាស​ឱ្យ​ផ្អាក​សវនាការ​មក ក្រុម​មេធាវី​មិន​ទាន់​ទទួល​បាន​ដំណឹង​ស្ដីពី​ការ​បន្ត​ការ​ជម្រះ​ក្ដី​ឡើង​វិញ​នៅ​ឡើយ​ទេ គិត​មក​ដល់​ថ្ងៃ​ទី២ ខែមេសា។ លោក​មេធាវី​លើក​ឡើង​ទៀត​ថា ការ​ពន្យារ​ពេល​បែប​នេះ គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​សិទ្ធិ និង​សេរីភាព​កូន​ក្ដី​របស់​លោក៖ «

មេធាវី​រូប​នេះ​គូស​បញ្ជាក់​ថា បើ​តុលាការ​ធ្វើ​ការ​ធម្មតា​ឡើង​វិញ លោក​ថា​សំណុំ​រឿង​នេះ​អាច​នឹង​ត្រូវ​បញ្ចប់​ក្នុង​រយៈពេល​មួយ​ខែ ព្រោះ​តុលាការ​បាន​សាកសួរ​មនុស្ស​មួយ​ចំនួន​រួច​ទៅ​ហើយ។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​ប្រធាន​លេខាធិការដ្ឋាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ បាន​ទេ នៅ​ថ្ងៃ​ទី២ ខែមេសា ដោយ​ទូរស័ព្ទ​ចូល តែ​គ្មាន​អ្នក​ទទួល។

តុលាការ​ក្រុង​ភ្នំពេញ​បាន​ចាប់​ផ្ដើម ជំនុំជម្រះក្ដី​ជា​ទ្រង់ទ្រាយ​ធំ​លើ​សមាជិក និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​ហោច​ណាស់ ១២០នាក់ ទាក់ទង​បឹង​បទ​ចោទ​រួម​គំនិត​ក្បត់ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម កាលពីចុងឆ្នាំ២០២០។ តាម​គម្រោង​តុលាការ​គ្រោង​បើក​សវនាការ​ខែ​មករា និង​ខែ​មីនា ឆ្នាំ២០២១ ប៉ុន្តែ​ដោយ​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូវីដ១៩ ទ្រង់ទ្រាយ​ធំ​លើក​ទី៣ កាល​ពី​ថ្ងៃ​ទី២០ ខែកុម្ភៈ តុលាការ​សម្រេច​ពន្យារ​ពេល​ជំនុំ​ជម្រះក្ដី​សិន។ ទោះ​យ៉ាង​ណា​ក្ដី កាល​ពី​ថ្មីៗ នេះ​តុលាការ​ក្រុង​ភ្នំពេញ​បាន​ជម្រះ​ក្ដី​លើ​សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ ហើយ​សាលាដំបូង​នៅ​តាម​ខេត្ត​មួយ​ចំនួន​ក៏​ចាប់​ផ្ដើម​ដំណើរ​ក្ដី​ឡើង​វិញ​ខ្លះៗ ដែរ លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ។

សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ ហើយ​ដែល​រង​ការ​ចោទ​ប្រកាន់​ដែរ​នោះ គឺ​លោក ទុំ ប៊ុនថន និយាយ​ថា លោក​មិន​ចាប់​អារម្មណ៍​ការ​ជម្រះក្ដី​នេះ​ទេ ព្រោះ​លោក​គិត​ថា​នេះ​ជា​រឿង​នយោបាយ។ លោក​ចោទ​ប្រកាន់​ថា តុលាការ​កម្ពុជា​មិន​ឯករាជ្យ​នោះ​ឡើយ ហើយ​តែងតែ​ធ្វើ​តាម​បញ្ជា​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ៖ « ​

គិត​មក​ដល់​ពេល​នេះ តុលាការ​បាន​ផ្ដន្ទាទោស​សកម្មជន​បក្ស​ប្រឆាំង​ចំនួន​១១ នាក់​ហើយ ឱ្យ​ជាប់​ពន្ធនាគារ​ពី ៥ឆ្នាំ​ដល់ ៧ឆ្នាំ​ពី​បទ​រួម​គំនិត​ក្បត់។ ចំណែក​ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​វិញ តុលាការ​បាន​កាត់​ទោស​ពួក​គេ ៩នាក់ ឱ្យ​ជាប់​ពន្ធនាគារ​ពី ២០ឆ្នាំ​ដល់ ២០ឆ្នាំ​ពី​បទ​ឧបឃាត ក្នុង​នោះ ក៏​រួម​ទាំង​លោក សម រង្ស៊ី ផង​ដែរ។

ក្រុម​ប្រទេស​ប្រជាធិបតេយ្យ អង្គការ​សង្គម​ស៊ីវិល​ជាតិ-អន្តរជាតិ និង​ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ បាន​ចាត់​ទុក​សវនាការ និង​ការ​ផ្ដន្ទាទោស​មន្ត្រី និង​ថ្នាក់ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​នេះ​ថា ធ្វើ​ឡើង​ដោយ​មិន​ត្រឹម​ត្រូវ ខ្វះ​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់ ​និង​ជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​សិទ្ធិ​របស់​អ្នក​ទាំងនោះ។ ពួក​គេ​ស្នើ​យ៉ាង​ទទូច​ដល់​របប​ក្រុង​ភ្នំពេញ ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​លុប​ចោល​សាលក្រម​ផ្ដន្ទាទោស​ទាំង​នោះ​វិញ ដើម្បី​ឈាន​ទៅ​រក​ការ​បើក​លំហ​នយោបាយ និង​ស្ដារ​ស្ថាន​ការណ៍​យ៉ាប់យ៉ឺន​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល