មន្ត្រីសង្គមស៊ីវិលថា ការពន្យារពេលជំនុំជម្រះក្ដីសកម្មជនបក្សប្រឆាំងធ្វើឱ្យអ្នកទាំងនោះរងភាពអយុត្តិធម៌កាន់តែយូរ និងប៉ះពាល់ដល់សិទ្ធិអ្នកដែលកំពុងជាប់ឃុំ។ ការលើកឡើងនេះ ក្រោយមេធាវីការពារក្ដីឱ្យសកម្មជនបក្សប្រឆាំងឱ្យដឹងថា មេធាវីមិនទាន់ទទួលដំណឹងអំពីការបន្តសវនាការពីតុលាការនៅឡើយទេ។
តុលាការគួរព្យាយាមពន្លឿនសវនាការជំនុំជម្រះក្ដីសកម្មជនបក្សប្រឆាំងឱ្យបានលឿនដោយគោរពតាមគោលការណ៍សិទ្ធិមនុស្ស និងសិទ្ធិសេរីភាពបុគ្គល។ ជាងនេះទៅទៀត បើរកមិនឃើញភស្តុតាងដាក់បន្ទុកណាមួយទេ ស្ថាប័នយុត្តិធម៌មួយនេះគួរទម្លាក់ចោលការចោទប្រកាន់លើសកម្មជនទាំងនោះ។ នេះជាការលើកឡើងរបស់អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សដែលតាមដានយ៉ាងដិតដល់ចំពោះដំណើរការក្ដីក្នុងសំណុំរឿងនយោបាយរបស់សកម្មជនគណបក្សសង្គ្រោះជាតិ។
អ្នកនាំពាក្យសមាគមអាដហុក លោក ស៊ឹង សែនករុណា សង្កេតឃើញថា ពេលនេះតុលាការចាប់ផ្ដើមបើកសវនាការលើសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិរួចហើយ ដូច្នេះលោកយល់ថា សំណុំរឿងសកម្មជនបក្សប្រឆាំងតុលាការគួរដំណើរឡើងវិញដែរ។ លោកថា ការដំណើរក្ដីឡើងវិញ ជារឿងសំខាន់ ចំពោះសកម្មជនសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំ ព្រោះអ្នកខ្លះកំពុងជួបបញ្ហាសុខភាព និងមានបន្ទុករកចំណូលចិញ្ចឹមគ្រួសារ។ មន្ត្រីសិទ្ធិមនុស្សរូបនេះលើកឡើងទៀតថា បើករណីជំងឺកូវីដ១៩ នៅតែមិនថមថយ ហើយរាំងស្ទះដល់ការជំនុំជម្រះក្ដី តុលាការគួរអនុញ្ញាតឱ្យពួកគេអាចនៅក្រៅឃុំបណ្ដោះអាសន្ន ដែលនេះក៏ជាមធ្យោបាយល្អមួយដែរ៖ «
ការអំពាវនាវរបស់មន្ត្រីសិទ្ធិមនុស្សនេះ ធ្វើឡើងបន្ទាប់ពីតុលាការក្រុងភ្នំពេញបានចាប់ផ្ដើមបើកសវនាការសំណុំរឿងមួយចំនួនឡើងវិញ។ ប៉ុន្តែសំណុំរឿងសកម្មជនបក្សប្រឆាំងជាង១០០ នាក់នោះវិញ តុលាការមិនទាន់កំណត់ថ្ងៃបើកសវនាការជាថ្មីនៅឡើយទេ បន្ទាប់ពីបានលើកពេលម្ដងហើយម្ដងទៀត ក្រោមហេតុផល បង្ការការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។
មេធាវីមកពីអង្គការជំនួយផ្នែកច្បាប់ លោក ឡោ ជុនធី ដែលការពារជនជាប់មួយចំនួន ឱ្យអាស៊ីសេរីដឹងថា ចាប់តាំងពីតុលាការប្រកាសឱ្យផ្អាកសវនាការមក ក្រុមមេធាវីមិនទាន់ទទួលបានដំណឹងស្ដីពីការបន្តការជម្រះក្ដីឡើងវិញនៅឡើយទេ គិតមកដល់ថ្ងៃទី២ ខែមេសា។ លោកមេធាវីលើកឡើងទៀតថា ការពន្យារពេលបែបនេះ គឺធ្វើឱ្យប៉ះពាល់សិទ្ធិ និងសេរីភាពកូនក្ដីរបស់លោក៖ «
មេធាវីរូបនេះគូសបញ្ជាក់ថា បើតុលាការធ្វើការធម្មតាឡើងវិញ លោកថាសំណុំរឿងនេះអាចនឹងត្រូវបញ្ចប់ក្នុងរយៈពេលមួយខែ ព្រោះតុលាការបានសាកសួរមនុស្សមួយចំនួនរួចទៅហើយ។
អាស៊ីសេរីមិនអាចសុំការបំភ្លឺរឿងនេះពីប្រធានលេខាធិការដ្ឋានសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេ នៅថ្ងៃទី២ ខែមេសា ដោយទូរស័ព្ទចូល តែគ្មានអ្នកទទួល។
តុលាការក្រុងភ្នំពេញបានចាប់ផ្ដើម ជំនុំជម្រះក្ដីជាទ្រង់ទ្រាយធំលើសមាជិក និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិយ៉ាងហោចណាស់ ១២០នាក់ ទាក់ទងបឹងបទចោទរួមគំនិតក្បត់ និងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម កាលពីចុងឆ្នាំ២០២០។ តាមគម្រោងតុលាការគ្រោងបើកសវនាការខែមករា និងខែមីនា ឆ្នាំ២០២១ ប៉ុន្តែដោយផ្ទុះឡើងនូវជំងឺកូវីដ១៩ ទ្រង់ទ្រាយធំលើកទី៣ កាលពីថ្ងៃទី២០ ខែកុម្ភៈ តុលាការសម្រេចពន្យារពេលជំនុំជម្រះក្ដីសិន។ ទោះយ៉ាងណាក្ដី កាលពីថ្មីៗ នេះតុលាការក្រុងភ្នំពេញបានជម្រះក្ដីលើសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ ហើយសាលាដំបូងនៅតាមខេត្តមួយចំនួនក៏ចាប់ផ្ដើមដំណើរក្ដីឡើងវិញខ្លះៗ ដែរ លើសកម្មជនគណបក្សសង្គ្រោះជាតិ។
សកម្មជនបក្សសង្គ្រោះជាតិ ដែលកំពុងភៀសខ្លួននៅប្រទេសថៃ ហើយដែលរងការចោទប្រកាន់ដែរនោះ គឺលោក ទុំ ប៊ុនថន និយាយថា លោកមិនចាប់អារម្មណ៍ការជម្រះក្ដីនេះទេ ព្រោះលោកគិតថានេះជារឿងនយោបាយ។ លោកចោទប្រកាន់ថា តុលាការកម្ពុជាមិនឯករាជ្យនោះឡើយ ហើយតែងតែធ្វើតាមបញ្ជារបស់លោក ហ៊ុន សែន ប៉ុណ្ណោះ៖ «
គិតមកដល់ពេលនេះ តុលាការបានផ្ដន្ទាទោសសកម្មជនបក្សប្រឆាំងចំនួន១១ នាក់ហើយ ឱ្យជាប់ពន្ធនាគារពី ៥ឆ្នាំដល់ ៧ឆ្នាំពីបទរួមគំនិតក្បត់។ ចំណែកក្រុមមេដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេសវិញ តុលាការបានកាត់ទោសពួកគេ ៩នាក់ ឱ្យជាប់ពន្ធនាគារពី ២០ឆ្នាំដល់ ២០ឆ្នាំពីបទឧបឃាត ក្នុងនោះ ក៏រួមទាំងលោក សម រង្ស៊ី ផងដែរ។
ក្រុមប្រទេសប្រជាធិបតេយ្យ អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ និងក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានចាត់ទុកសវនាការ និងការផ្ដន្ទាទោសមន្ត្រី និងថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិនេះថា ធ្វើឡើងដោយមិនត្រឹមត្រូវ ខ្វះមូលដ្ឋានច្បាប់ច្បាស់លាស់ និងជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិរបស់អ្នកទាំងនោះ។ ពួកគេស្នើយ៉ាងទទូចដល់របបក្រុងភ្នំពេញ ទម្លាក់ចោលការចោទប្រកាន់ និងលុបចោលសាលក្រមផ្ដន្ទាទោសទាំងនោះវិញ ដើម្បីឈានទៅរកការបើកលំហនយោបាយ និងស្ដារស្ថានការណ៍យ៉ាប់យ៉ឺនផ្នែកសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។