អ្នក​ច្បាប់និងអ្នកវិភាគថា សភា​អាមេរិក​នឹង​អនុម័ត​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​មន្រ្តី​របបលោកហ៊ុនសែនដែល​បំផ្លាញ​ប្រជាធិបតេយ្យ

0:00 / 0:00

អ្នក​ជំនាញ​ខាង​ច្បាប់និង​អ្នក​វិភាគមាន​សុទ្ទិដ្ឋិនិយម​ថា​សេចក្ដីព្រាង​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​មន្រ្តី​របប​លោក ហ៊ុន សែន នេះ គ្មាន​ឧបសគ្គអ្វីដែល​រាំង​ខ្ទប់​ឡើយ។

មេធាវីកញ្ញា សេង ធារី មាន​ប្រសាសន៍​ថានេះជា​ឱកាស​មាស​សំរាប់​ពលរដ្ឋខ្មែរ​ដែល​សហរដ្ឋអាមេរិក​ចាប់​ផ្ដើម​ជំរុញ​ធ្វើច្បាប់​ដាក់​ទណ្ឌកម្ម​លើ​មន្រ្តី​របប​ឯកបក្ស​នេះ។ កញ្ញាអះអាងថា​ស្ថានភាព​ឥលូវ​នេះខុស​ពី​មុនពី​ព្រោះ​ថាសហរដ្ឋអាមេរិក​បាន​ព្រមាន​យូរ​ហើយឲ្យ​លោក ហ៊ុន​ សែន និង​បក្ខពួក​ងាក​មក​ដឹកនាំ​ប្រទេស​ដើរ​​លើ​​គន្លង​​ប្រជាធិបតេយ្យ​វិញ។មក​ទល់​ពេល​នេះ​លោក​ហ៊ុន សែន មិន​ផ្លាស់ប្ដូរ​ឥរិយាបទ​ដឹកនាំ​ដែល​ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក​យក​ចិត្ត​ទុក​ដាក់​លើ​សិទ្ធិសេរីភាព​របស់​​ប្រជាពលរដ្ឋ​កាន់​តែ​ខ្លាំង។កញ្ញា​បន្ថែម​ថារដ្ឋបាល​ថ្មីរបស់​លោក ចូ បៃឌិន (Joe Biden) ក៏មិន​ចង់​ឲ្យ​លោក ហ៊ុន សែន ងាកទៅ​រក​របបកុម្មុយនីស្ដចិន​ដែល​​បាត់បង់​អព្យាក្រិត្យ​ភាព​របស់​ខ្លួន​ដែរ​៖ «អត់មាន​អ្នកណា​មើល​ឃើញ​ឧបសគ្គអ្វីទេ រដ្ឋសភា និង​ព្រឹទ្ធសភា​ក៏​គ្មាន​ឧបសគ្គ ​ក្រសួង​ការបរទេស​ក៏គ្មាន​ឧបសគ្គ បាន​ន័យ​ថា នេះ​ជា​ឱកាសមាស​ ដែល​កំពុង​កើត​ហើយ​ផ្ទុះ​ព្រមគ្នា »

សមាជិកសភា និង​ព្រឹទ្ធសភា​អាមេរិក​បាន​ធ្វើសេចក្ដីព្រាងច្បាប់​ពីរដាច់​ដោយ​ឡែក​ពី​គ្នា។ គណៈកម្មាធិការ​កិច្ចការបរទេស​រដ្ឋសភាអាមេរិក ​កាលពីថ្ងៃទី២៨ ខែកក្កដា បាន​អនុម័ត​សេចក្តីព្រាង "​ ច្បាប់​ស្តីពី​ប្រជាធិបតេយ្យ​កម្ពុជា ឆ្នាំ២០២១ » H.R.4686 ​ ដើម្បីដាក់​ទណ្ឌកម្ម​ក្រុមមេដឹកនាំ​នៅ​កម្ពុជា​ ដោយ​សារ​តែបាន​រម្លាយ​ប្រជាធិបតេយ្យ និងរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។ សេចក្តីព្រាង​ច្បាប់​នេះ នឹង​ត្រូវ​បញ្ជូន​បន្តឱ្យ​រដ្ឋសភា​អាមេរិក​អនុម័ត នា​ពេល​ខាង​មុខ។

រីឯ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ដ៏​មាន​ឥទ្ធិពល៣រូបផ្សេង​ទៀតក៏​កំពុង​ដាក់​សេចក្តីព្រាង​ច្បាប់​ដាក់​ទណ្ឌកម្ម​​ស្រដៀង​គ្នា​មួយ​ទៀត​គឺ (សេចក្តីព្រាង​ច្បាប់​ស្តីពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យកម្ពុជា) ទៅឱ្យ​ព្រឹទ្ធសភា​អាមេរិក​ពិនិត្យ​ដើម្បី​ដាក់ទណ្ឌកម្ម​ក្រុមមេដឹកនាំ​នៅកម្ពុជាដែរ។ សមាជិក​ព្រឹទ្ធសភា​ទាំង​នេះបាន​ចេញ​សេចក្ដី​ថ្លែងការណ៍​កាលពី​ថ្ងៃទី៥ ខែសីហា​ថាលោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កំពុង​ដឹកនាំ​ប្រទេស​តាមបែប​ឯកបក្ស​ដែល​រំលោភ​រដ្ឋធម្មនុញ្ញ​កម្ពុជា ​តាមរយៈអំពើ​ពុករលួយ ​ការហាម​ឃាត់​សិទ្ធិអ្នក​នយោបាយ​បក្សប្រឆាំង​ ការធ្វើទុក្ខបុក​ម្នេញ​ផ្នែក​នយោបាយ ​ការបង្កើតច្បាប់​បែប​គាប​សង្កត់ ​ព្រមទាំង​​ការបង្ក្រាប​លើ​សេរីភាពប​ញ្ចេញមតិ​ និង​ប្រព័ន្ធផ្សព្វ​ផ្សាយឯករាជ្យជាដើម។

ខ្លឹមសារ " ច្បាប់​ស្តីពី​ប្រជាធិបតេយ្យ​កម្ពុជា ឆ្នាំ២០២១ » H.R.4686 រួមមាន ការបង្កក​ទ្រព្យសម្បត្តិ​ដែល​ពួកគេ​មាន​នៅ​ក្នុង​សហរដ្ឋអាមេរិក ​ការរឹតត្បិត​ទិដ្ឋាការ​​មិន​​ឱ្យ​ពួកគេ​​ជាន់​ទឹកដី​​អាមេរិក លើកលែង​តែ​​ចូលរួម​​កិច្ចប្រជុំ​របស់​អង្គការ​សហប្រជាជាតិ ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​បូរី​ញ៉ូវយ៉ក (New York)។ របប​ឯកបក្ស​នឹង​រួចផុត​ពី​ទណ្ឌកម្មនេះ​ លុះត្រា​ណា​ ស្ដារ​ប្រជាធិបតេយ្យ​ឡើង​វិញ បញ្ឈប់​សកម្មភាព​រំលោភ​សិទ្ធិមនុស្ស និងត្រូវឈរ​លើ​គោលការណ៍​អព្យាក្រិត្យ​ ចំពោះ​​នយោបាយ​ការបរទេស​របស់​ខ្លួន ដែលមិន​ត្រូវងាក​ទៅរក​ចិន​ជា​ខ្នង​បង្អែក​ទាំង​ស្រុង។

វិទ្យុ​អាស៊ីសេរីមិន​អាច​ទាក់ទង​ប្រធាន​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន​និង​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជាលោក សុខ ឥសាន ដើម្បី​សុំ​ការឆ្លើយ​តប​​អំពី​រឿង​​នេះបាន​នៅ​ឡើយ​ទេ​កាល​ពី​ថ្ងៃទី១១ខែសីហា។ ប៉ុន្តែ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាចលោក សុខ ឥសាន​ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា រដ្ឋាភិបាល​ដឹក​នាំ​​ដោយ​​គណបក្ស​ប្រជាជន​កម្ពុជា​ មិន​ចាប់​អារម្មណ៍​រឿង​អាមេរិក​ព្រមាន​ដាក់​ទណ្ឌកម្ម​នេះ​ទេ ព្រោះ​ជា​ការ​​លើកឡើង​ដដែលៗ ជា​យូរ​មក​ហើយ។ លោក​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា ​គ្មាន​ភាព​ចាំបាច់​ងាក​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​ឯ​ណា​ទៀតនោះ​ទេ ដោយ​លោក​អះអាង​ថា សព្វ​ថ្ងៃ​នេះ រដ្ឋាភិបាល​កំពុង​ដើរ​តាម​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ​ស្រាប់​ទៅ​ហើយ៖ « ប៉ះពាល់​ គឺប៉ះពាល់​តែ​អ្នក​មាន​លុយ​យក​ទៅ​ដាក់​ឲ្យ​គេ​រឹប​អូស​តែ​ប៉ុណ្ណឹង​ទេ ប៉ុន្តែ​ចំពោះ​មន្ត្រី​ទូទៅ​នៅ​ទូទាំង​ប្រទេស​កម្ពុជា អត់​មាន​ប៉ះពាល់​ទេ ព្រោះ​អត់មាន​លុយ​យក​ទៅ​ដាក់​ឲ្យ​គេ​រឹបអូស​ទេ »

ប្រជាធិបតេយ្យ​ដែល​លោក សុខ ឥសាន លើក​ឡើង​នេះត្រូវ​បាន​សហគមន៍​អន្តរជាតិ​រួមទាំង​គណបក្ស​ប្រឆាំង​ផង​អះអាង​ថាជា​ប្រជាធិបតេយ្យ​ក្លែងក្លាយ។ប្រធាន​ស្ដីទី​គណបក្ស​សង្រ្គោះជាតិ​លោក សម រង្ស៊ី ហៅការ​ដឹកនាំ​របស់​លោក ហ៊ុន​ សែន ថា ជាការ​ដឹកនាំផ្ដាច់​ការ​បែប​ហ្វាស៊ីស។

ទាក់ទង​នឹង​បញ្ហា​នេះអ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម​លោកបណ្ឌិត សេង សារី មាន​ប្រសាសន៍​ថាបើសិន​ជា​ច្បាប់​ដាក់​ទណ្ឌកម្ម​មន្រ្តី​រដ្ឋាភិបាល​កម្ពុជាត្រូវ​បាន​សភា​អាមេរិក​អនុម័ត​នោះ ច្បាប់នេះ​ជា​ឧបករណ៍​ដ៏សំខាន់​ក្នុងការ​បំបែក​ប្រព័ន្ធគ្រប់គ្រង​រដ្ឋ​របស់​លោក ហ៊ុន សែន៖ «វានឹង​ធ្វើឲ្យ​ចុះខ្សោយ​ប្រព័ន្ធ​គ្រប់គ្រង​ហ្នឹង ចុះខ្សោយ​មែកធាង​ប្រព័ន្ធគ្រប់គ្រង​របស់​សម្ដេចតេជោ ទី១ វានឹង​ធ្វើឲ្យ​ចុះខ្សោយ​ប្រព័ន្ធគ្រប់គ្រង​តាម​បែប​បក្ខពួក​ចុះ​ខ្សោយ ដែល​ប្រព្រឹត្តអំពើពុករលួយ ហើយ​ទី២​នោះ ​វា​នឹង​ធ្វើឲ្យ​ចុះខ្សោយ​ប្រព័ន្ធគ្រប់គ្រង​តាម​បែប​មេកន្ទ្រាញ»

សេចក្ដីព្រាង​ច្បាប់​ដាក់​ទណ្ឌកម្ម​មន្រ្តីរបប​លោក ហ៊ុន សែននេះ នឹង​ត្រូវ​ឆ្លងកាត់​​ដំណាក់កាល​ជា​ច្រើន​ទៀត មុន​នឹង​ដាក់​ឱ្យ​រដ្ឋសភា​អាមេរិក​អនុម័ត​ រួចក៏​បញ្ជូន​បន្ត​ទៅ​ឱ្យ​ព្រឹទ្ធសភា​អាមេរិក​អនុម័ត​ទៀត ទើប​ប្រធានាធិបតី​អាមេរិក​អាច​ចុះ​ហត្ថលេខាទទួលស្គាល់ ​ក្លាយជា​ច្បាប់​សម្រាប់​អនុវត្ត​ជា​ផ្លូវ​ការ​តែម្តង។ បើទោះ​បី​ជា​​មាន​សេចក្តីព្រាង​ច្បាប់​មួយចំនួន​បាន​ឆ្លងផុត​ពី​ដៃ​រដ្ឋសភា​អាមេរិក​អនុម័ត​រួចហើយ​ក៏ដោយ ក៏​មាន​ពេល​ខ្លះ​សេចក្តីព្រាង​ច្បាប់​ទាំងនោះ​ មិនអាចចេញរួច​នៅ​​ព្រឹទ្ធសភា​អាមេរិក ហើយ​ច្បាប់​ទាំង​នោះមិន​អាច​ធ្លាក់​ដល់​ដៃ​ប្រធានាធិបតី ​ដើម្បីចុះ​ហត្ថលេខា​ទទួលស្គាល់​ជា​ច្បាប់​បានឡើយ ​ដោយសារ​តែ​បញ្ហា​ខ្វែងគំនិតគ្នា​ផ្នែក​នយោបាយជាដើម។

ទោះបី​ជា​យ៉ាង​នេះក្ដី ប្រធាន​អនុគណៈ​កម្មាធិការ​ទំនាក់ទំនង​ការបរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក ​ទទួល​បន្ទុក​កិច្ចការ​អាស៊ីបូព៌ា​លោក អ៊ែដ ម៉ារ៍ឃី (Ed Markey)​ ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ថា ​ពលរដ្ឋខ្មែរ​សមតែ​ទទួល​បាននូវអ្វី​ដែល​​ជា​ការសន្យា​នៅក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស​១៩៩១ គឺ​លទ្ធិ​ប្រជាធិបតេយ្យ​​បែប​តំណាង​​ដែល​ឆ្លុះបញ្ចាំង​​ពី​ឆន្ទៈ​របស់ពលរដ្ឋ មិនមែនជា​ការ​គ្រប់​គ្រង​បែបផ្តាច់​ការឯកបក្សឡើយ។ លោកបន្តថា ​សំណើច្បាប់​ដាក់ទណ្ឌ​កម្មនេះ​ បញ្ជាក់​យ៉ាងច្បាស់ថា​ សហរដ្ឋអាមេរិក​ នឹងមិនឈរ​ឱបដៃ​នៅស្ងៀម​នោះទេ​ ​ពីព្រោះលោក ហ៊ុន សែន ​និង​បក្ខពួករបស់​គាត់ ​បាន​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ ​ធ្វើ​ទុក្ខបុកម្នេញ​និង​ដាក់​គុក​សកម្ម​ជន​នយោបាយប្រឆាំង ​ដាក់ទិសដៅ​បង្ក្រាប​លើ​សេរីភាពបញ្ចេញមតិ​និងប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ​ ព្រម​ទាំង​បង្កើន​ទ្រព្យ​សម្បត្តិ​របស់ខ្លួន​ឯង​កាន់តែ​ខ្លាំង​តាមរយៈ​អំពើ​ពុក​រលួយ​កំពុងរាល​ដាល​នៅកម្ពុជា​។

ទាក់ទងនឹង​បញ្ហានេះកញ្ញា​ សេង ធារី បញ្ជាក់ថា បើសិន​ជា​ពលរដ្ឋនៅតែ​រក្សាភាព​ស្ងៀមស្ងាត់​នោះ​របប​ឯកបក្ស​នៅតែ​មាន​កម្លាំង​គាប​សង្កត់។កញ្ញា​បន្ថែម​ថា​ពលរដ្ឋខ្មែរ​មិន​គួរ​បណ្ដែត​បណ្ដោយ​ឲ្យ​អាជ្ញាធរ​របបឯកបក្ស​ដក​សិទ្ធិសេរីភាព​បាន​ឡើយពីព្រោះ​ថាសិទ្ធិសេរីភាព​នេះ​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ៖ «ហួសភាព​ភ័យខ្លាច​ហើយ ក្នុងពេល​សម្លាប់​យើង យើង​នៅ​ស្ងៀម ​ដូចនៅ​ក្នុង​សម័យ​ខ្មែរក្រហម​ គេកាន់​ពូថៅតែ​ម្នាក់​ហើយ​ឈរ​ឲ្យ​គេ​សម្លាប់​ទាំង​ភូមិ​៥០​នាក់… . អាលូវ​នេះ​ខុស​ពី​មុន​ បើ​យើង​នៅ​ស្ងៀម​ពុំមាន​ន័យ​ថា យើង​មាន​សេក្ដីសុខឡើយ»

ជុំវិញ​ឥទ្ធិពល​របស់​សេចក្តីព្រាងច្បាប់​ដាក់​ទណ្ឌកម្មនេះបណ្ឌិត សេង សារី បន្ថែម​ថា​បើសិន​ជា​ច្បាប់​ដាក់​ទណ្ឌកម្មនេះចូល​ជាធរមាន​នោះគឺមិន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​សាមញ្ញ​ឡើយ។លោក​បញ្ជាក់​ថាមាន​តែ​មន្រ្តីគ្រាក់ៗ​ទេដែល​ភ័យនៅ​ពេល​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ជា​ផ្លូវ​ការ។

ក្រុម​អ្នកវិភាគ​រំពឹង​ថាសេចក្ដីព្រាង​ច្បាប់​ទាំងពីរ​នេះនឹង​មិន​ជួប​ឧសគ្គអ្វីឡើយពីព្រោះ​ថា​សេចក្តី​ព្រាង​ច្បាប់​នេះស្នើដោយ​តំណាង​រាស្រ្តមកពី​គណបក្ស​ប្រជាធិបតយ្យ​និង​តំណាងរាស្រ្ត​មក​ពី​គណបក្ស​សាធារណរដ្ឋជា​ពិសេសនៅស្រប​ពេល​របប​ឯកបក្ស​កំពុង​តែ​គាប​សង្កត់​និង​ចាប់​អ្នក​រិះគន់​ដាក់​ពន្ធនាគារ​ឥតឈប់​ឈរ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។