មេធាវីការពារក្តីឲ្យយុវជន កាក់ សុវណ្ណច្ឆ័យ គឺលោក សំ សុគង់ បានដាក់ពាក្យប្តឹងឧទ្ធរណ៍ស្នើសុំដោះលែងកូនក្តីរបស់លោកឱ្យនៅក្រៅឃុំ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ សម្រេចបន្តឃុំខ្លួនកុមារ កាក់ សុវណ្ណច្ឆ័យ នៅថ្ងៃទី១៩ ខែកក្កដា។
នៅក្នុងពាក្យបណ្តឹងឧទ្ធរណ៍ផ្ញើជូនប្រធានសាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី១៩ ខែកក្កដា របស់លោកមេធាវី សំ សុគង់ បញ្ជាក់ថា សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញមិនផ្តល់ភាពយុត្តិធម៌ ហើយដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់កូនក្តីរបស់លោកដែលជាអនីតិជនអាយុក្រោម ១៨ឆ្នាំ និងជាសិស្សដែលកំពុងសិក្សាទៀតផង។
អាជ្ញាធររបបក្រុងភ្នំពេញបានចាប់ខ្លួនយុវជន កាក់ សុវណ្ណច្ឆ័យ កាលពីម៉ោង ៨យប់ ថ្ងៃទី២៤ ខែមិថុនា ដោយចោទថា បានប្រព្រឹត្តបទល្មើសជាក់ស្តែងពាក់ព័ន្ធនឹងការប្រើពាក្យសម្តីញុះញង់និងការជេរប្រមាថថ្នាក់ដឹកនាំ តាមបណ្តាញសង្គមតេឡេក្រាម (Telegram)។ ប៉ុន្តែម្តាយរបស់កាក់ សុវណ្ណច្ឆ័យ អះអាងថា មានសមត្ថកិច្ចមួយចំនួន បានបន្លំខ្លួនឆាតទៅបង្កជម្លោះជាមួយកូនរបស់គាត់ដូចជា ''ជេរថាកូនអាក្បត់ជាតិ'' ជាដើម ដែលនាំឲ្យ កាក់ សុវណ្ណច្ឆ័យ ជេរដោយកំហឹងតបតទៅវិញ។ តុលាការក្រុងភ្នំពេញ បានចោទប្រកាន់អនីតិជនរូបនេះ ចំនួនពីរបទល្មើស គឺបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថអ្នករាជការសាធារណៈ ហើយបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស (ម២) កាលពីព្រលប់ថ្ងៃទី២៥ ខែមិថុនា។
ម្តាយរបស់យុវជន កាក់ សុវណ្ណច្ឆ័យ គឺលោកស្រី ព្រុំ ចាន់ថា រៀបរាប់ថា លោកស្រីសោកស្តាយដែលមន្ត្រីតុលាការក្រុងភ្នំពេញកាត់ផ្តាច់ទឹកចិត្តរវាងលោកស្រីជាម្ដាយនិងកូន ដោយមិនអនុញ្ញាតឲ្យលោកស្រីជួបមុខ និងនិយាយជាមួយកូននៅពេលដែលអាជ្ញាធរនាំខ្លួនកូនប្រុសលោកស្រីមកសវនាការនៅថ្ងៃទី១៩ ខែកក្កដា ខណៈលោកស្រីព្រួយបារម្ភពីសុខទុក្ខកូនជាខ្លាំង។
ម្តាយ កាក់ សុវណ្ណច្ឆ័យ បន្តថា កូនប្រុសលោកស្រីនៅក្មេង និងមានសតិស្មារតីខ្សោយ ដែលត្រូវការយកចិត្តទុកនិងថែទាំពីសំណាក់ក្រុមគ្រួសារ ម្យ៉ាងទៀតកូនលោកស្រីក៏កំពុងរៀនថ្នាក់ទី៩ ហើយត្រូវប្រឡងមធ្យមសិក្សាបឋមភូមិនៅថ្ងៃទី៩ និងទី១០ ខែសីហា ខាងមុខនេះ ដូច្នេះលោកស្រីស្នើឱ្យតុលាការសាលាឧទ្ធរណ៍ដោះលែងកូនប្រុសឱ្យមានសេរីភាពឡើងវិញ ហើយលោកស្រីនឹងអនុត្តតាមនីតិវិធីរបស់តុលាការ៖ «គាត់ធ្វើមិនត្រឹមត្រូវ គេមានសិទ្ធិរិះគន់ និងមានសិទ្ធិថាឱ្យហើយចឹងគាត់ស្ថាបនាខ្លួនឯងទៅ មិនមែនចាប់គេដាក់គុកដាក់ខ្នោះ ហើយណាមួយគាត់ក្មេងធម្មតាចាប់ឪពុកគាត់ធ្វើទង្វើលើម្តាយគាត់ ក្មេងធម្មតាវាមានការឈឺចាប់ ចឹងមានតែងតែបញ្ចេញមតិយោបល់ខ្លះហើយ មានជនអសមត្ថភាពមួយចំនួនដែលមកញុះញុង់ឱ្យកូនខ្ញុំជេរ ចឹងតើវាត្រឹមត្រូវដែរមែន ចឹងបើសិនតុលាការសុក្រិតនិងឯករាជ្យគាត់ត្រូវលើកមកពិចារណាហើយដោះលែងគាត់ហើយមិនមែនឃុំខ្លូនបន្តទេ»។
ឆ្លើយតបជុំវិញរឿងនេះ ប្រធានតុលាការក្រុងភ្នំពេញលោក តាំង ស៊ុនឡាយ អះអាងថា ករណីតុលាការក្រុងភ្នំពេញមិនអនុញ្ញាតឱ្យសាច់ញាតិចូលស្តាប់សវនាការ គឺតុលាការធ្វើតាមច្បាប់អនីតិជន ដែលសវនាការត្រូវធ្វើឡើងដោយសម្ងាត់។ រីឯម្តាយយុវជន កាក់ សុវណ្ណច្ឆ័យ ដែលមិនបានអនុញ្ញាតឱ្យជួបមុខកូនប្រុសនៅតុលាការវិញ លោកថា វាស្ថិតលើការសម្រេចរបស់មន្រ្តីពន្ធនាគារ និងព្រះរាជអាជ្ញាជាអ្នកពិនិត្យរឿងនេះ៖ «ចៅក្រមគាត់សម្រេចហើយ អាហ្នឹងវាតាមនីតិវិធីមានការអីឱ្យគាត់ប្តឹងទៅឧទ្ធរណ៍ថែមទៅ សភាស៊ើបសួរទទួលត្រួតពិនិត្យមើលទៅ យើងអត់អាចថា គេខុសបានទេ បើសិនមិនពេញចិត្តខុសប្តឹងទៅសាលាឧទ្ធរណ៍បាន មានសិទ្ធិនិយាយរឿងហ្នឹង ខាងខ្ញុំក៏អត់មានយោបល់ដែរ ដោយសារអ្វីដែលគាត់សម្រេចហ្នឹងគាត់សរសេរនៅក្នុងដីកាសម្រេចគាត់ហើយ»។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា សង្គមស៊ីវិលចាត់ទុកករណីនេះជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយលើគ្រួសារសកម្មជនបក្សប្រឆាំង។ លោកយល់ថា ប្រសិនបើតុលាការប្រើប្រាស់សិទ្ធិសម្រេចក្តីដោយផ្អែកលើច្បាប់ គឺមិនគួរឃាត់ខ្លួន ឬឃុំខ្លួនយុវជនរូបនេះដាក់ពន្ធនាគារនោះទេ ព្រោះកាក់ សុវណ្ណច្ឆ័យ ជាអនីតិជន មានបញ្ហាខ្សោយសតិបញ្ញា និងមានជំងឺអូទីស៊ឹមពីកំណើត ដូច្នេះលោកទទូចឱ្យតុលាការជាន់ខ្ពស់គួរពិចារណាដោយទំលាក់ចោលការចោទប្រកាន់ និងដោះលែងយុវជនរូបនេះឱ្យមានសេរីភាពឡើងវិញ ដោយសារក្មេងប្រុសរូបនេះត្រូវសិក្សារៀនសូត្រ ហើយគាត់ថែមទាំងត្រូវការមើលថែទាំពីម្តាយទៀតផង៖ «មិនគួរណាឱ្យមានការឃាត់ខ្លួន ឬក៏ឃុំខ្លួនគាត់ទេ គួរតែទំលាក់ចោលការចោទប្រកាន់ គ្រាន់តែគាត់ប្រើប្រាស់សេរីភាពបញ្ចេញមតិហើយក្នុងនាមគាត់ជាកូនចៅដែលគាត់ខឹងសម្បារមានការប្រើប្រាស់ពាក្យសម្តីមិនសមរម្យទៅលើឪពុកគាត់មានការមាក់ងាយអីជាការខឹងសម្បាររបស់គាត់ មួយទៀតយើងដឹងថា គាត់មានវិបត្តិខាងស្មារតីទៀតផង ខ្ញុំគិតថា សាលាឧទ្ធរណ៍គួរយកមកពិចារណា »។
ក្រុមអ្នកការពារសិទ្ធិមនុស្សថា ការមិនអនុញ្ញាតឱ្យម្តាយជួបមុខកូនក្នុងពេលនាំខ្លួនក្មេងប្រុសកាក់ សុវណ្ណឆ័យ មកតុលាការ គឺជារឿងរំលោភសិទ្ធិមនុស្ស និងសិទ្ធិរបស់ជនសង្ស័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។