មេធាវី​​ស្ថាបនិក​​គណបក្ស​​បេះដូង​​ជាតិ​ស្នើ​​តុលាការ​​ចេញ​​ដីកា​​ឱ្យ​ចូល​​ខ្លួន និង​​បញ្ឈប់​​ដីកា​ចាប់​ខ្លួន

0:00 / 0:00

មេធាវី​ការពារ​ក្ដី​ឱ្យ​ស្ថាបនិក​គណបក្ស​បេះដូងជាតិលោក សៀម ភ្លុក ស្នើ​សុំ​សាលាដំបូង​រាជធានី​ភ្នំពេញ​ឱ្យ​បញ្ឈប់ដីកា​តាម​ចាប់​ខ្លួន ដោយ​ជំនួស​មក​វិញ​នូវ​ដីកា​បង្គាប់​ឱ្យ​ចូលខ្លួន​វិញ ដោយ​សំអាង​ហេតុ​ផ​ល​​ថា សមត្ថកិច្ច​បាន​បញ្ជូន​ដីកា​ទៅ​កូន​ក្តី​របស់​​ដោយ​ខុស​អាស័យដ្ឋាន​ស្នាក់នៅ។

លោកមេធាវី ជូង ជូងី បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​ដាក់​ទៅ​តុលាការ​ចុះ​ថ្ងៃ​ទី២២ ខែ​មេសា​ថា កូនក្ដី គឺ​លោក សៀម ភ្លុក មិន​បាន​ទទួល​ដីកា​ណាមួយ ដោយ​ផ្ទាល់​ពី​តុលាការ​សោះ ដែល​បង្គាប់​ឱ្យ​លោកចូល​ខ្លួន​​ទៅ​បំភ្លឺ​នៅ​តុលាការ​ពី​មុន​មក​ទេ។ តែ​បែរ​ជា​របាយការណ៍​របស់​នគរបាល​ថា​​ គេ​បាន​បញ្ជូន​ដីកា​ឱ្យ​ចូល​ទៅ​តុលាការ​ទៅ​អាស័យដ្ឋាន​រស់​នៅ​របស់លោក សៀម ភ្លុក ហើយ​ទីតាំង​នោះ​បាន​បិទ មិនអាច​ឱ្យ​សមត្ថកិច្ច​ទាក់ទង​បាន ទើប​តុលាការ​ចេញ​ដីកា​ឱ្យ​ចាប់​ខ្លួនលោក សៀម ភ្លុក តាម​រយៈ​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​កាល​ពី​ថ្ងៃ​ទី៤ ខែ​មីនា។

តែ​ទោះ​ជា​យ៉ាងណាលោកមេធាវី ជូង ជូងី បញ្ជាក់​ថា ​អាជ្ញាធរ​បញ្ជូន​ដីកា​ទៅ​ខុស​អាស័យដ្ឋាន ពោល​គឺ​កូនក្ដី​របស់​លោក​រស់​នៅ​សង្កាត់​ទួលស្វាយព្រៃ​ទី១ ខណ្ឌ​បឹង​កេងកង ឯ​ដីកា​បញ្ជូន​ទៅ​ខណ្ឌ​ឫស្សីកែវ។ លោក ​មេធាវី​ដដែល​ឱ្យ​ដឹង​ទៀត​ថា ចំណាត់​ការ​របស់​ចៅក្រម​ស៊ើបសួរ​បែប​នេះ​មិន​សមស្រប​ក្នុង​ការអនុវត្ត​នីតិវិធី​ឡើយ ហេតុនេះ ​លោក​ស្នើ​ឱ្យ​ប្រធាន​តុលាការ​បញ្ឈប់​​ការ​តាម​ចាប់​ខ្លួនលោក សៀម ភ្លុក ព្រោះ​កូនក្ដី​មិន​បាន​រឹងរូស ឬ​គេចវេស​ការចូលខ្លួន​ឡើយ ប៉ុន្តែ​ដោយសារ​កូនក្ដី​មិន​ទទួល​ដីកា​ទៅវិញ​ទេ។

កាលពីថ្ងៃ​ទី២០ ខែ​មេសា ស្ថាបនិក​គណបក្ស​បេះដូងជាតិលោក សៀម ភ្លុក បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថា​ លោក​នឹង​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ដីកា​ឱ្យ​ចូល​ខ្លួន​របស់​តុលាកា។

វិទ្យុ​អាស៊ីសេរី​នៅ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​អ្នកនាំ​ពាក្យ​តុលាការ​បាន​នៅ​ឡើយ​ទេ​ កាលពី​យប់​ថ្ងៃ​ទី២៤ ខែមេសា។

ចៅក្រម​ស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក លិ សុខា បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួនលោក សៀម ភ្លុក ប្រគល់​ជូន​សាលា​ដំបូង​រាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី២៥ ខែមេសា ពី​បទ​ចោទ «ក្លែងបន្លំ និងប្រើប្រាស់​លិខិត​ក្លែង» ក្នុង​ការ​បង្កើត​គណបក្ស​បេះដូងជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។