មេធាវី និង​សង្គម​ស៊ីវិល មិន​រំពឹង​ថា លោក សុន ឆ័យ អាច​ទទួល​បាន​យុត្តិធម៌​ពី​តុលាការ​ឡើយ

ដោយ យន់ សាមៀន
2022.09.29
Share on WhatsApp
Share on WhatsApp
មេធាវី និង​សង្គម​ស៊ីវិល មិន​រំពឹង​ថា លោក សុន ឆ័យ អាច​ទទួល​បាន​យុត្តិធម៌​ពី​តុលាការ​ឡើយ លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន ផ្ដល់​កិច្ចសម្ភាសន៍​ទៅ​អ្នក​កាសែត នៅខាង​​មុខ​សលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៩ ខែ​កញ្ញា ឆ្នាំ២០២២ អំពី​សវនាការ​រឿង​ក្ដី ដែល​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ប្ដឹង​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និងទាមទារ​សំណង​ជំងឺ​ចិត្ត​លុយ​ ១​លាន​ដុល្លារ។
រូប៖ ហ្វេសប៊ុកគណបក្សភ្លើងទៀន

មេធាវី​ការពារ​ក្ដី​អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក សុន ឆ័យ ថា ចៅក្រម​មិន​បាន​ផ្ដល់​ឱកាស​ឱ្យ​មេធាវី​សួរ​សំនួរ​ដោះបន្ទុក​កូនក្ដី​របស់​ខ្លួន​នោះ​ទេ។ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​ជំនុំជម្រះ​ក្ដី​លោក សុន ឆ័យ ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ តាម​បណ្ដឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) ថ្ងៃ​ទី២៩ ខែ​កញ្ញា​នេះ។ មន្ត្រី​សង្គម​ស៊ីវិល យល់ឃើញ​ថា ការ​មិន​ផ្ដល់​ឱកាស​គ្រប់គ្រាន់ ឬ​ការ​ចែក​ពេល​មិន​ស្មើ​គ្នា​ដល់​គូរ​ក្ដី​ក្នុង​សវនាការ​នេះ ជា​ចំណែក​មួយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ទទួល​បាន​យុត្តិធម៌​របស់​លោក សុន ឆ័យ។

លោក ជូង ជូងី ឲ្យ​ដឹង​ថា សវនាការ​ជំនុំជម្រះ​ក្ដី​លោក សុន ឆ័យ កើត​មាន​ភាព​មិន​ប្រក្រតី​ពីរ​ចំណុច​គឺ ទី១ ចៅក្រម​មិន​បាន​ផ្ដល់​ពេល​វេលា​គ្រប់គ្រាន់​ដល់​មេធាវី​ការពារ​ក្ដី​លោក សុន ឆ័យ អាច​សួរ​សំណួរ​ដោះបន្ទុក​ឲ្យ​លោក សុន ឆ័យ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ចៅក្រម​ជំនុំជម្រះ​លោក ហម ម៉េងសែ បាន​ផ្ដល់​ពេល​វេលា​ច្រើន​លើសលប់​ទៅ​មេធាវី​ការពារ​ក្ដី គ..ប។ ចំណែក​តំណាង​អយ្យការ បាន​យក​ភស្តុតាង​ដាក់​បន្ទុក​ដែល​គ្មាន​ទម្ងន់​មក​ចោទប្រកាន់​លោក សុន ឆ័យ។

លោក ជូង ជូងី ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា ចៅក្រម​ជំនុំជម្រះ​លោក ហម ម៉េងសែ បំពេញ​ការងារ​មិន​ត្រឹមត្រូវ​តាម​វិជ្ជាជីវៈ​ទេ ព្រោះ​ចៅក្រម​រូប​នេះ​ដឹក​នាំ​សវនាការ ឃ្លាតចាក​ពី​យុត្តិធម៌។ លោក​បន្ត​ថា ចៅក្រម​បាន​ប្រើ​ឆន្ទានុសិទ្ធិ បំពាន​លោក​ជ្រុល​ហួសហេតុ ដែល​ធ្វើ​លោក​មេធាវី បាត់បង់​ឱកាស​សួរ​សំនួរ​ដោះបន្ទុក​ឲ្យ​លោក សុន ឆ័យ។ លោក​បន្ត​ថា នៅ​ពេល​លោក​ទាមទារ​ដាក់​សំនួរ​ទៅ​ភាគី​ដើម​បណ្ដឹង​គឺ​មន្ត្រី គ..ប លោក​សួរ​បាន​តែ​ពីរ​ឬ​បី​សំនួរ ហើយ​ចៅក្រម​ហាម​មិន​ឱ្យ​លោក​សួរ​សំណួរ​ទៅ​មន្ត្រី គ..ប ត​ទៅ​ទៀត។ លោក​មិន​រំពឹង​ថា លោក សុន ឆ័យ ទទួល​បាន​យុត្តិធម៌​ពី​តុលាការ​ទេ៖ «បញ្ចប់​នីតិវិធី​សួរ​ដេញដោល ទើប​ខ្ញុំ​ភ្ញាក់​ផ្អើល​តែ​ម្ដង បាន​ខ្ញុំ​លើក​ដៃ​សុំ​សិទ្ធិ​សួរ​ដេញដោល​ តែ​គាត់ (ចៅក្រម) ថា ចប់​នីតិវិធី​សួរ​ដេញដោល​ហើយ ខណៈ​ខ្ញុំ​រង់ចាំ​សួរ​សំណួរ ដើម្បី​ដោះ​បន្ទុក​កូនក្ដី គាត់​បាន​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​ទាល់តែ​តែ​ខ្ញុំ​ប្រតិកម្ម​ទាមទារ​ទៅ គាត់​អត់​ចង់​ឲ្យ​ខ្ញុំ​សួរ​សំនួរ​ទេ ហើយ​ដល់​ខ្ញុំ​ទាមទារ​ខ្លាំង​គាត់​ឲ្យ​ក៏​ឲ្យ​សួរ​សំណួរ ដល់​ពេល​ខ្ញុំ​សួរ​សំណួរ​ទៅ​មន្ត្រី គ..ប សំណួរ​ខ្ញុំ​លក្ខណៈ​ផ្ចាញ់​​ទៅ​មន្ត្រី គ..ប ចៅក្រម គាត់​ផ្អាក​ឈប់​ឲ្យ​ខ្ញុំ​សួរ​តទៅ​ទៀត»

ដូចគ្នា​នេះ​ដែរ​ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ឱ្យ​ដឹង​ដែរ​ថា សវនាការ​នេះ​និយាយ​ច្រើន​ទាក់ទង​ភស្តុតាង​ ហើយ​លោក​មាន​ភស្តុតាង​ច្រើន​បញ្ជាក់​ករណី​លួច​សន្លឹកឆ្នោត​។ លោក​រិះគន់​ថា ភស្តុតាង​ដែល​តំណាង​អយ្យការ លើក​មក​បង្ហាញ​នៅ​បន្ទប់​សវនាការ​ ជា​ភស្តុតាង​គ្មាន​តម្លៃ។ លោក សុន ឆ័យ ក៏​លើកឡើង​ដូចគ្នា​ទៅ​នឹង​ការ​លើកឡើង​របស់​មេធាវី​ការពារ​ក្ដី​ដែរ​ថា មេធាវី​របស់​លោក មិន​បាន​និយាយ​ជាង ៣ម៉ោង​ក្នុង​ពេល​តុលាការ​បើក​ការ​ជំនុំជម្រះ​ ខណៈ​មេធាវី​របស់​ គ..ប អាច​សួរ​សំនួរ​មក​លោក​តាម​ចិត្ត៖ «ដូច្នេះ​ការ​យក​សំអាង​ដោយ​អយ្យការ​នោះ មិន​ហេតុផល​ទេ អយ្យការ​នោះ​សុទ្ធតែ​ជា​សំអាង​គ្មាន ពុំ​មាន​តម្លៃ​ពិត​ ពុំ​មាន​គុណភាព​ និយាយ​ឲ្យ​ចំ»

ទាក់ទង​ភាព​មិន​ប្រក្រតី​ក្នុង​បន្ទប់​សវនាការ​នេះ​ដែរ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ លោក តាំង ស៊ុនឡាយ បាន​ទេ នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា។ ចំណែក​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ហង្ស ពុទ្ធា មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដែល​មេដឹកនាំ​ស្ថាប័ន​នេះ ធ្លាប់​ជា​តំណាងរាស្ត្រ និង​ជា​អតីត​អភិបាល​ខេត្តបាត់ដំបង​មក​ពី​គណបក្ស​កាន់អំណាច បាន​ប្ដឹង​លោក សុន ឆ័យ ពី​បទ​បរិហារកេរ្តិ៍ កាល​ពី​ខែ​មិថុនា ដោយ​ទាមទារ​ឱ្យ​លោក​ សុន ឆ័យ ធ្វើ​លិខិត​សុំទោស​ជា​សាធារណៈ។

..ប ប្ដឹង​អ្នក​នយោបាយ​ឡើង​តុលាការ​បែបនេះ ក្រោយ​ពេល លោក សុន ឆ័យ បញ្ចេញ​ព័ត៌មាន​ជា​សាធារណៈ  ដែល​លោក​បាន​រិះគន់​ការបោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី៥ កន្លង​ទៅ​ថា មាន​ការ​បំភិតបំភ័យ​ប្រជាពលរដ្ឋ និង​មិន​ឆ្លុះបញ្ចាំង​អំពី​ឆន្ទៈ​ប្រជាពលរដ្ឋ​ជាដើម​។

លោក សុន ឆ័យ ក៏​បាន​បំភ្លឺ​នៅ​មុខ​តុលាការ​ដែរ​ថា លោក​រិះគន់​បញ្ហា​បោះឆ្នោត ក្នុង​គោលបំណង​ចង់​ឱ្យ​ គ..ប ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការបោះឆ្នោត និង​ចង់​ឱ្យ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​មួយ​នេះ​មាន​កែលំអ ចំណុច​ខ្វះខាត​របស់​ខ្លួន​ដែល​បាន​កើត​ឡើង​កាល​ពី​ការបោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​០៥​កន្លង​ទៅ។

នាយក​ប្រតិបត្តិ​អង្គការ​ ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា ហៅ​កាត់​ថា និចហ្វិច (Nicfec) លោក សំ គន្ធាមី សោកស្ដាយ​នៅ​ពេល​ឃើញ​ស្ថាប័ន​ គ..ប ដែល​ជា​អាជ្ញាកណ្ដាល​ ប្ដឹង​គណបក្ស​នយោបាយ​បែបនេះ។ លោក​បន្ត​ថា បញ្ហា​នេះ​នឹង​ប៉ះពាល់​ដល់​ដំណើរ​ការបោះឆ្នោត​ឆ្នាំ​២០២៣​ ខាងមុខ៖ «រឿង​ហ្នឹង​ត្រូវ​តែ​នេះ​ហើយ​ ព្រោះ​អី​គេ​ប្ដឹង​អ៊ីចឹង​ហើយ មិន​ដឹង​ធ្វើ​ម៉េច អត់មាន​ជម្រើស​ទេ​ ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ហើយ​ជៀស​មិន​រួច​ទេ​ប្អូន»

ជុំវិញ​រឿង​នេះ​ដែរ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ លោក អំ សំអាត​យល់​ថា​ ចៅក្រម​គួរ​បើក​ឱកាស​មេធាវី​ទាំង​សងខាង​មាន​ពេល​គ្រប់គ្រាន់​ចោទ​សួ​ ព្រោះ​តុលាការ​ត្រូវការ​ដឹង​ទាំង​ការ​ដាក់​បន្ទុក និង​ការ​ដោះ​បន្ទុក។ លោក​បន្ត​ថា ការ​មិន​ផ្ដល់​វេលា​ស្មើ​គ្នា​បែប​នេះ ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ការ​ផ្ដល់​យុត្តិធម៌​ក្នុង​ដំណើរ​រឿង​នេះ​ដែរ៖ «បើ​សិន​ជា​រឹតត្បិត​នូវ​ក្នុង​ការ​តាំង​សួរ​នាំ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​យុត្តិធម៌​មួយ​ផ្នែក​ផង​ដែរ​បាទ ទាំង​មតិ​ជាតិ និង​អន្តរជាតិ គេ​នៅតែ​រិះគន់​ថា​ ជា​រឿង​នយោបាយ​ច្រើន​ជាង​ការអនុវត្ត​ច្បាប់​ណា»

តុលាការ​នឹង​ប្រកាស​សាលក្រម​សំណុំ​រឿង​ គ..ប ប្ដឹង​លោក សុន ឆ័យ នា​ថ្ងៃ​ទី៧ ខែ​តុលា​ ខាងមុខ​ ហើយ​ថ្ងៃ​ដដែល​នោះ​ដែរ​ តុលាការ​នឹង​ចាប់ផ្ដើម​បើក​សវនាការ​ជំនុំជម្រះ​បណ្ដឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​ម្ដង​ ដែល​បាន​ប្ដឹង​លោក សុន ឆ័យ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈនេះ​ដែរ​ និងទាមទារ​សំណង​ជំងឺ​ចិត្ត​លុយ​ ១​លាន​ដុល្លារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ប្ដី​ស្ត្រី​រងគ្រោះ​ដោយ​គ្រូ​ពេទ្យវះកាត់​ដាច់​ពោះវៀន​សម្រេច​ប្ដឹង​មន្ទីរ​សំរាក​ព្យាបាល​បង្ក​បញ្ហា​នោះ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។