មេធាវីការពារក្ដីអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ថា ចៅក្រមមិនបានផ្ដល់ឱកាសឱ្យមេធាវីសួរសំនួរដោះបន្ទុកកូនក្ដីរបស់ខ្លួននោះទេ។ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះក្ដីលោក សុន ឆ័យ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមបណ្ដឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្ងៃទី២៩ ខែកញ្ញានេះ។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា ការមិនផ្ដល់ឱកាសគ្រប់គ្រាន់ ឬការចែកពេលមិនស្មើគ្នាដល់គូរក្ដីក្នុងសវនាការនេះ ជាចំណែកមួយធ្វើឲ្យប៉ះពាល់ដល់ការទទួលបានយុត្តិធម៌របស់លោក សុន ឆ័យ។
លោក ជូង ជូងី ឲ្យដឹងថា សវនាការជំនុំជម្រះក្ដីលោក សុន ឆ័យ កើតមានភាពមិនប្រក្រតីពីរចំណុចគឺ ទី១ ចៅក្រមមិនបានផ្ដល់ពេលវេលាគ្រប់គ្រាន់ដល់មេធាវីការពារក្ដីលោក សុន ឆ័យ អាចសួរសំណួរដោះបន្ទុកឲ្យលោក សុន ឆ័យ។ ប៉ុន្តែផ្ទុយទៅវិញ ចៅក្រមជំនុំជម្រះលោក ហម ម៉េងសែ បានផ្ដល់ពេលវេលាច្រើនលើសលប់ទៅមេធាវីការពារក្ដី គ.ជ.ប។ ចំណែកតំណាងអយ្យការ បានយកភស្តុតាងដាក់បន្ទុកដែលគ្មានទម្ងន់មកចោទប្រកាន់លោក សុន ឆ័យ។
លោក ជូង ជូងី ឲ្យវិទ្យុអាស៊ីសេរីដឹងថា ចៅក្រមជំនុំជម្រះលោក ហម ម៉េងសែ បំពេញការងារមិនត្រឹមត្រូវតាមវិជ្ជាជីវៈទេ ព្រោះចៅក្រមរូបនេះដឹកនាំសវនាការ ឃ្លាតចាកពីយុត្តិធម៌។ លោកបន្តថា ចៅក្រមបានប្រើឆន្ទានុសិទ្ធិ បំពានលោកជ្រុលហួសហេតុ ដែលធ្វើលោកមេធាវី បាត់បង់ឱកាសសួរសំនួរដោះបន្ទុកឲ្យលោក សុន ឆ័យ។ លោកបន្តថា នៅពេលលោកទាមទារដាក់សំនួរទៅភាគីដើមបណ្ដឹងគឺមន្ត្រី គ.ជ.ប លោកសួរបានតែពីរឬបីសំនួរ ហើយចៅក្រមហាមមិនឱ្យលោកសួរសំណួរទៅមន្ត្រី គ.ជ.ប តទៅទៀត។ លោកមិនរំពឹងថា លោក សុន ឆ័យ ទទួលបានយុត្តិធម៌ពីតុលាការទេ៖« បញ្ចប់នីតិវិធីសួរដេញដោល ទើបខ្ញុំភ្ញាក់ផ្អើលតែម្ដង បានខ្ញុំលើកដៃសុំសិទ្ធិសួរដេញដោល តែគាត់ ( ចៅក្រម ) ថា ចប់នីតិវិធីសួរដេញដោលហើយ ខណៈខ្ញុំរង់ចាំសួរសំណួរ ដើម្បីដោះបន្ទុកកូនក្ដី គាត់បានផ្ដល់ឱកាសឲ្យខ្ញុំទាល់តែតែខ្ញុំប្រតិកម្មទាមទារទៅ គាត់អត់ចង់ឲ្យខ្ញុំសួរសំនួរទេ ហើយដល់ខ្ញុំទាមទារខ្លាំងគាត់ឲ្យក៏ឲ្យសួរសំណួរ ដល់ពេលខ្ញុំសួរសំណួរទៅមន្ត្រី គ . ជ . ប សំណួរខ្ញុំលក្ខណៈផ្ចាញ់ទៅមន្ត្រី គ . ជ . ប ចៅក្រម គាត់ផ្អាកឈប់ឲ្យខ្ញុំសួរតទៅទៀត » ។
ដូចគ្នានេះដែរ អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ឱ្យដឹងដែរថា សវនាការនេះនិយាយច្រើនទាក់ទងភស្តុតាង ហើយលោកមានភស្តុតាងច្រើនបញ្ជាក់ករណីលួចសន្លឹកឆ្នោត។ លោករិះគន់ថា ភស្តុតាងដែលតំណាងអយ្យការ លើកមកបង្ហាញនៅបន្ទប់សវនាការ ជាភស្តុតាងគ្មានតម្លៃ។ លោក សុន ឆ័យ ក៏លើកឡើងដូចគ្នាទៅនឹងការលើកឡើងរបស់មេធាវីការពារក្ដីដែរថា មេធាវីរបស់លោក មិនបាននិយាយជាង ៣ម៉ោងក្នុងពេលតុលាការបើកការជំនុំជម្រះ ខណៈមេធាវីរបស់ គ.ជ.ប អាចសួរសំនួរមកលោកតាមចិត្ត៖ « ដូច្នេះការយកសំអាងដោយអយ្យការនោះ មិនហេតុផលទេ អយ្យការនោះសុទ្ធតែជាសំអាងគ្មាន ពុំមានតម្លៃពិត ពុំមានគុណភាព និយាយឲ្យចំ » ។
ទាក់ទងភាពមិនប្រក្រតីក្នុងបន្ទប់សវនាការនេះដែរ វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក តាំង ស៊ុនឡាយ បានទេ នៅថ្ងៃទី២៩ ខែកញ្ញា។ ចំណែកអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា មិនអាចសុំការបំភ្លឺបានដែរនៅថ្ងៃដដែលនេះ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមេដឹកនាំស្ថាប័ននេះ ធ្លាប់ជាតំណាងរាស្ត្រ និងជាអតីតអភិបាលខេត្តបាត់ដំបងមកពីគណបក្សកាន់អំណាច បានប្ដឹងលោក សុន ឆ័យ ពីបទបរិហារកេរ្តិ៍ កាលពីខែមិថុនា ដោយទាមទារឱ្យលោក សុន ឆ័យ ធ្វើលិខិតសុំទោសជាសាធារណៈ។
គ.ជ.ប ប្ដឹងអ្នកនយោបាយឡើងតុលាការបែបនេះ ក្រោយពេល លោក សុន ឆ័យ បញ្ចេញព័ត៌មានជាសាធារណៈ ដែលលោកបានរិះគន់ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ កន្លងទៅថា មានការបំភិតបំភ័យប្រជាពលរដ្ឋ និងមិនឆ្លុះបញ្ចាំងអំពីឆន្ទៈប្រជាពលរដ្ឋជាដើម។
លោក សុន ឆ័យ ក៏បានបំភ្លឺនៅមុខតុលាការដែរថា លោករិះគន់បញ្ហាបោះឆ្នោត ក្នុងគោលបំណងចង់ឱ្យ គ.ជ.ប ស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត និងចង់ឱ្យស្ថាប័នរៀបចំការបោះឆ្នោតមួយនេះមានកែលំអ ចំណុចខ្វះខាតរបស់ខ្លួនដែលបានកើតឡើងកាលពីការបោះឆ្នោតឃុំសង្កាត់អាណត្តិទី០៥កន្លងទៅ។
នាយកប្រតិបត្តិអង្គការ ឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ហៅកាត់ថា និចហ្វិច (Nicfec) លោក សំ គន្ធាមី សោកស្ដាយនៅពេលឃើញស្ថាប័ន គ.ជ.ប ដែលជាអាជ្ញាកណ្ដាល ប្ដឹងគណបក្សនយោបាយបែបនេះ។ លោកបន្តថា បញ្ហានេះនឹងប៉ះពាល់ដល់ដំណើរការបោះឆ្នោតឆ្នាំ២០២៣ ខាងមុខ៖ « រឿងហ្នឹងត្រូវតែនេះហើយ ព្រោះអីគេប្ដឹងអ៊ីចឹងហើយ មិនដឹងធ្វើម៉េច អត់មានជម្រើសទេ ប៉ះពាល់ដល់ដំណើរការបោះឆ្នោតហើយជៀសមិនរួចទេប្អូន » ។
ជុំវិញរឿងនេះដែរ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាតយល់ថា ចៅក្រមគួរបើកឱកាសមេធាវីទាំងសងខាងមានពេលគ្រប់គ្រាន់ចោទសួ ព្រោះតុលាការត្រូវការដឹងទាំងការដាក់បន្ទុក និងការដោះបន្ទុក។ លោកបន្តថា ការមិនផ្ដល់វេលាស្មើគ្នាបែបនេះ ជាផ្នែកមួយដែលធ្វើឱ្យប៉ះពាល់ការផ្ដល់យុត្តិធម៌ក្នុងដំណើររឿងនេះដែរ៖« បើសិនជារឹតត្បិតនូវក្នុងការតាំងសួរនាំឱ្យប៉ះពាល់ដល់ដំណើរការយុត្តិធម៌មួយផ្នែកផងដែរបាទ ទាំងមតិជាតិ និងអន្តរជាតិ គេនៅតែរិះគន់ថា ជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់ណា » ។
តុលាការនឹងប្រកាសសាលក្រមសំណុំរឿង គ.ជ.ប ប្ដឹងលោក សុន ឆ័យ នាថ្ងៃទី៧ ខែតុលា ខាងមុខ ហើយថ្ងៃដដែលនោះដែរ តុលាការនឹងចាប់ផ្ដើមបើកសវនាការជំនុំជម្រះបណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជាវិញម្ដង ដែលបានប្ដឹងលោក សុន ឆ័យ ពីបទបរិហារកេរ្តិ៍ជាសាធារណៈនេះដែរ និងទាមទារសំណងជំងឺចិត្តលុយ ១លានដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។