សហមេធាវីការពារក្ដីប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បង្ហាញសុទិដ្ឋិនិយមយ៉ាងមុតមាំថា សវនាការនៅថ្ងៃទី១៩ ខែមករា នឹងនាំមកនូវយុត្តិធម៌ជូនកូនក្ដីរបស់ពួកគាត់។ ថ្លែងនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោក នៅមួយថ្ងៃមុនថ្ងៃសវនាការ លោកមេធាវី ចាន់ ចេន ថា ការទន្ទឹងរង់ចាំយុត្តិធម៌សម្រាប់លោក កឹម សុខា បានមកដល់ហើយ។
លោក ចាន់ ចេន មិនបានបញ្ជាក់ថា តើយុត្តិធម៌សម្រាប់លោក កឹម សុខា ដែលមកដល់ហើយនោះ មកដល់យ៉ាងដូចម្តេចនោះទេ។ ប៉ុន្តែលោកថា សហមេធាវី និងកូនក្តី បានត្រៀមខ្លួនរួចជាស្រេចហើយ នឹងចូលរួមសវនាការនៅថ្ងៃទី១៩ ខែមករា នៅវេលាម៉ោង ៨ និង ៣០ព្រឹក បន្ទាប់ពីបានស្នើសុំជាច្រើនលើកច្រើនសា និងរង់ចាំជាយូរមកហើយនោះ។
សវនាការក្នុងសំណុំរឿងលោក កឹម សុខា ដែលបានផ្អាកដំណើរការជិតពីរឆ្នាំមកហើយ ដោយសារតុលាការយកលេសថា ដើម្បីបង្ការជំងឺកូវីដ-១៩។ សវនាការចុងក្រោយ ធ្វើឡើងកាលពីខែមេសា ឆ្នាំ២០២០។ ទោះបីជាសវនាការក្ដីទូទៅ បានបើកឡើងវិញជាងមួយឆ្នាំទៅហើយក្ដី ក៏សំណុំរឿងលោក កឹម សុខា នៅគាំងទ្រឹងមួយកន្លែង។ សហមេធាវីការពារក្ដីលោក កឹម សុខា បានដាក់ពាក្យសុំឲ្យបើកសវនាការឆាប់ៗ ឡើងវិញច្រើនដង ប៉ុន្តែតុលាការនៅតែបន្តពន្យារពេលសវនាការនោះ។
ទោះជាយ៉ាងណា ក្រោយលោក កឹម សុខា និងកូនស្រីទាំងពីររបស់លោក ចេញសារកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១ រិះគន់លោក សម រង្ស៊ី រួចមក ស្រាប់តែតុលាការ កាលពីមុនដាច់ឆ្នាំ ប្រញាប់ប្រញាល់កំណត់ថ្ងៃសវនាការឡើងវិញ ដោយប្រកាសយកថ្ងៃទី២២ ខែមករា ជាថ្ងៃធ្វើបើកសវនាការឡើងវិញនេះ។ ប៉ុន្តែដោយថ្ងៃនោះប៉ះចំថ្ងៃសៅរ៍ ដែលជាថ្ងៃអត់ធ្វើការ ទើបតុលាការបានដូរមកថ្ងៃទី១៩ ខែមករាវិញ។
លោក កឹម សុខា ត្រូវបានលោកនាយករដ្ឋមន្ត្រីបញ្ជាឲ្យចាប់ខ្លួនទាំងកម្រោល នៅរំលងអាធ្រាត្រ ចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ តែប៉ុន្មានខែមុនរម្លាយគណបក្សសង្គ្រោះជាតិ។ លោកត្រូវតុលាការចោទពីបទក្បត់ជាតិ ឬត្រូវរ៉ូវជាមួយបរទេសចង់ផ្ដួលរំលំរដ្ឋាភិបាល។ តុលាការបានឃុំខ្លួនលោក កឹម សុខា នៅគុកត្រពាំងផ្លុង ជាប់ព្រំដែនវៀតណាម ជាងមួយឆ្នាំ។ ក្រោយមក តាមការបញ្ជារបស់លោក ហ៊ុន សែន អាជ្ញាធរបានយកលោកមកឃុំខ្លួននៅក្នុងផ្ទះជាងមួយឆ្នាំទៀត ទើបតុលាការដកបម្រាមឃុំខ្លួនក្នុងផ្ទះចេញខ្លះ ប៉ុន្តែ ហាមធ្វើសកម្មភាពនយោបាយ និងចេញទៅក្រៅប្រទេស។
អ្វីដែលតុលាការយកជាសម្អាង ក្នុងការចោទប្រកាន់លោក កឹម សុខា គឺសម្ដីលោក កឹម សុខា ដែលថ្លែងក្នុងវេទិកាសាធារណៈ នៅប្រទេសអូស្រ្តាលី កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣។ កាលណោះលោក កឹម សុខា មានឋានៈជាអនុប្រធានគណបក្សសង្គ្រោះជាតិ និងលោក សម រង្ស៊ី ជាប្រធានបក្សនេះ។
ទោះជាយ៉ាងនេះក្ដី តុលាការមិនបានកោះហៅលោក សម រង្ស៊ី ដើម្បីចូលបំភ្លឺរឿងនេះដែរនោះឡើយ។ លោក សម រង្ស៊ី ចាត់ទុកការមិនកោះហៅលោកឲ្យចូលបំភ្លឺនេះថា ជារឿងមិនប្រក្រតីមួយនៃប្រព័ន្ធតុលាការកម្ពុជា។ លោកប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៧ ខែមករាថា លោកស្ម័គ្រចិត្តចូលខ្លួនទៅបំភ្លឺរឿងនេះ និងថា បើអាជ្ញាធរពិតជាចង់ចោទប្រកាន់ក្នុងរឿងនេះ គួរចោទប្រកាន់រូបលោកវិញទើបត្រូវ ព្រោះលោកថា លោកដឹងរឿង និងធ្វើលើសលោក កឹម សុខា រាប់រយដងឯណោះ ហេតុអ្វីមិនកាត់ទោសលោក ជំនួសលោក កឹម សុខា វិញ៖ «អ្វីដែលលោក កឹម សុខា និយាយនោះ ខ្ញុំបានដឹងទាំងអស់ និងធ្វើលើសពីលោក កឹម សុខា ១០០ ដង។ រឿងទាក់ទងជាមួយបរទេស NDI, IRI រដ្ឋាភិបាល រដ្ឋសភា ប្រទេសទាំងប៉ុន្មានសភាអឺរ៉ុប លោក កឹម សុខា ដឹងរឿងតិចជាងខ្ញុំឆ្ងាយណាស់។ លោក កឹម សុខា មិនបានចេញក្រៅ ទំនាក់ទំនងអន្តរជាតិច្រើនដូចខ្ញុំទេ។ ខ្ញុំជាប្រធាន។ តុលាការហ្នឹងបើនិយាយមើលទៅ គឺចម្លែកមែនទែន ! បើលោក កឹម សុខា ប្រព្រឹត្តបទល្មើសមែនទែន។ ឧបមាសម្លាប់គេ ធ្វើអ្វីឆ្គងមែនទែន អ្នកដែលគេត្រូវសួរ ច្បាស់ណាស់គេត្រូវចាប់លោក កឹម សុខា ប៉ុន្តែគេត្រូវសួរប្រមូលភស្តុតាង ប្រមូលសាក្សីគឺសួរខ្ញុំ ព្រោះលោក កឹម សុខា ជាអនុប្រធាន ខ្ញុំជាប្រធាន។ បើអនុប្រធានធ្វើអ្វីខុស គេត្រូវហៅប្រធានមកសួរ ថាអនុប្រធានអ្នកឯងហ្នឹងបានធ្វើនេះធ្វើនោះ តើអ្នកឯងដឹងរឿងហ្នឹងទេ ? អ្នកឯងមានចូលដៃជាមួយអនុប្រធានឬទេ ? ដូចថានៅក្នុងគ្រួសារអីណាមួយ បើអ្នកណាធ្វើអ្វីខុសមួយ គេសួរក្នុងចំណោមគ្រួសារ ជាពិសេសគេសួរម៉ែឪ ថាតើម៉េចកូនអ្នកឯងទៅវាយដំអ្នកណា កូនអ្នកឯងទៅលួច ទៅសម្លាប់អីអ្នកណា គេសួរម៉ែឪ និងក្រុមគ្រួសារ។ ចុះនេះខ្ញុំជាប្រធាន កឹម សុខា អនុប្រធាន ម៉េចក៏មិនសួរខ្ញុំផង បើអនុប្រធានបានធ្វើរឿងអ្វី ហើយរឿងហ្នឹង គឺជារឿងនយោបាយ រឿងគណបក្ស បើអ្នកទទួលខុសត្រូវហ្នឹង គឺគណបក្សទាំងមូល ហើយអ្នកទទួលខុសត្រូវមុនគេហ្នឹង គឺប្រធាន មិនមែនអនុប្រធានទេ។ ដូច្នេះស្ងាត់មិនមកសួរខ្ញុំ តើកាត់ទោសលោក កឹម សុខា តែឯងបែបនេះវាឆ្គង ឆ្គងមែនទែន ដោយសារមានចន្លោះធំណាស់ មិនហៅខ្ញុំទៅសួរនាំ។ ដូច្នេះបានខ្ញុំប្រាប់ថា ឥឡូវខ្ញុំស្ម័គ្រចិត្ត ខ្ញុំទៅឆ្លើយចំពោះលោក កឹម សុខា។ លោក កឹម សុខា ដឹងរឿងតិចជាងខ្ញុំឆ្ងាយណាស់។ ខ្ញុំចាំតែលាតត្រដាង ចាំឲ្យគេសួរ !»។
វិទ្យុអាស៊ីសេរី បានព្យាយាមសុំការបំភ្លឺពីអ្នកនាំពាក្យសាលាដំបូងក្រុងភ្នំពេញ លោក អ៊ី រិន្ទ អំពីសាររបស់លោក សម រង្ស៊ី ដែលសុំចូលខ្លួនទៅបំភ្លឺនៅចំពោះមុខតុលាការនេះដែរ ប៉ុន្តែទូរស័ព្ទចូលច្រើនលើក លោកមិនទទួល នៅថ្ងៃទី១៨ ខែមករា។
ស្របពេលដែលសហមេធាវីការពារក្តីលោក កឹម សុខា មានសង្ឃឹមថា នឹងមានយុត្តិធម៌សម្រាប់លោក កឹម សុខា នៅក្នុងសវនាការព្រឹកស្អែកនេះ អ្នកវិភាគនយោបាយលោក គឹម សុខ ឯណោះវិញ លោកថា សវនាការថ្ងៃទី១៩ ខែមករា ពុំមានសេចក្ដីសម្រេចអ្វីធំដុំនោះឡើយ។ លោកថា វិធានការច្បាប់នេះ គឺគ្រាន់តែជាលេសដែលក្រុមលោក ហ៊ុន សែន នៅតែប្រើ ដើម្បីអូសស្ថានការណ៍ ឲ្យវិវត្តតាមល្បែងបន្លាយពេល បន្តខ្ទប់សិទ្ធិនយោបាយលោក កឹម សុខា តែប៉ុណ្ណោះ។ លោកថា នឹងអាចមានការបន្ធូរជើងបន្ថែមទៀតដល់លោក កឹម សុខា លុះត្រាតែលោក កឹម សុខា បង្ហាញសញ្ញាផ្ទេរការងារដល់អ្នកជំនាន់ថ្មី៕