មេធាវីការពារក្ដីលោក សៀម ភ្លុក ដែលជាស្ថាបនិកគណបក្សបេះដូងជាតិ ដាក់ពាក្យប្ដឹងតវ៉ាទៅសាលាឧទ្ធរណ៍ ទាមទារឲ្យសាលាដំបូងរាជធានីភ្នំពេញដោះលែងកូនក្ដីឲ្យមានសេរីភាពវិញ។
មេធាវីការពារក្ដីលោក សៀម ភ្លុក គឺលោក ជូង ជូងី ថ្លែងថា លោកបានដាក់ពាក្យប្ដឹងទៅសាលាឧទ្ធរណ៍នៅថ្ងៃទី២៩ មេសា តវ៉ាចំពោះសាលាដំបូងរាជធានីភ្នំពេញដែលបានសម្រេចឃុំខ្លួនកូនក្ដីលោកដោយអយុត្តិធម៌ មិនស្របតាមនីតិវិធីច្បាប់។ លោកមេធាវីថា នៅថ្ងៃដដែលលោកក៏បានទៅជួបសួរសុខទុក្ខលោក សៀម ភ្លុក ក្នុងពន្ធនាគារព្រៃសដែរ៖ « ខ្ញុំបានទៅសួរសុខទុក្ខលោក សៀម ភ្លុក រួចហើយ អត់មានការកោរសក់អីទេ សុខភាពគាត់ជាធម្មតា អត់មានការធ្វើទុក្ខបុកម្នេញអីទេ ស្មារតីគាត់ភ្លឺស្វាងល្អ អត់មានបញ្ហាអ្វីទេ។ ខ្ញុំបានប្ដឹងឧទ្ធរណ៍តវ៉ាការឃុំខ្លួនគាត់ ដើម្បីឲ្យដោះលែងគាត់វិញ » ។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក លិ សុខា បានចេញដីកាថ្ងៃទី២៧ ខែមេសា បង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្នស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក នៅពន្ធនាគារព្រៃស(ម១) បន្ទាប់ពីឃាត់ខ្លួនលោកនៅថ្ងៃដដែល។ តុលាការ បានចោទប្រកាន់លោកពីបទក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង ពាក់ព័ន្ធនឹងការស្នើសុំបង្កើតគណបក្សបេះដូងជាតិ កាលពីឆ្នាំ២០២១។
ការប្តឹងផ្តល់ស្ថាបនិកគណបក្សបេះដូងជាតិទៅតុលាការនេះ គឺបន្ទាប់ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និងអ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ចោទថា គណបក្សនេះ មាន លោក សម រង្ស៊ី នៅពីក្រោយ។
ករណីនេះ នាំឲ្យមានការរិះគន់ពីអ្នកតាមដានស្ថានការណ៍នយោបាយថា ការចាត់វិធានការលើលោក សៀម ភ្លុក នេះ គឺជារឿងនយោបាយសុទ្ធសាធ និងកាន់តែធ្វើឲ្យបរិយាកាសនយោបាយក្នុងសង្គមប្រជាធិបតេយ្យ មានភាពអាប់អួបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។