មេធាវី​​ថា កូន​ក្ដី​​ជា​មន្ត្រី​​បក្ស​​ប្រឆាំង​​ទើប​​តែ​​ចាប់​​ខ្លួន​ ៣នាក់ ​ជាប់​គុក​ដោយ​អយុត្តិធម៌

0:00 / 0:00

មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន​គណបក្ស​ប្រឆាំង​ចំនួន ​​៣នាក់​ ដែល​​​​ប៉ូលិស​ទើប​តែ​​ចាប់​ខ្លួន​​ដាក់​ពន្ធនាគារ​ ស្នើ​​តុលាការ​ឱ្យ​​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ ​និង​ដោះ​លែង​កូន​ក្ដី​របស់​​ពួក​គេ​​ឱ្យ​​មាន​សេរីភាព​ឡើង​វិញ​។ លោក​មេធាវី​ថា កូន​ក្តី​លោក​មិនបាន​ប្រព្រឹត្ត​បទល្មើស​នោះ​ទេ។

មេធាវី​ការពារ​ក្ដី​ឱ្យ​ជន​ជាប់​ឃុំ​លោក សំ សុគង់ មាន​ប្រសាសន៍​ថា ​ការ​ចោទ​ប្រកាន់​នេះ​ជា​រឿង​អយុត្តិធម៌​បំផុត​ដល់​កូន​ក្ដី​របស់​ខ្លួន​ ពី​ព្រោះ​ពួក​គេ​ជា​មនុស្ស​ស្អាតស្អំ។ លោក​បន្ត​ថា ​​ការ​ចាប់​ខ្លួន​នេះ​​ ដំបូង​ឡើយ​ផ្ដើម​ចេញ​ពី​ការ​បង្ហោះ​សារ​រឿង​ជំងឺ​កូវិដ១៩ ក៏ប៉ុន្តែ​ក្រោយ​ពេល​ចាប់​​ខ្លួន​ គឺ​តុលាការ​បាន​ចោទ​ប្រកាន់​អ្នក​ទាំង៣ លើ​សំណុំ​រឿង​ចាស់​អំឡុង​​ពេល​យុទ្ធនាការ​បង្ក្រាប​បក្ស​ប្រឆាំង​​​កាល​ពី​ឆ្នាំ២០១៩ បន្ថែម​ទៅ​វិញ។ លោក​បន្ថែម​ថា ​ការ​ចាប់​ឃុំ​​នេះ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សុខភាព​របស់​កូនក្ដី ​ដែល​ពួកគេ​កំពុង​តែ​មាន​ជំងឺ​ប្រចាំ​កាយ ធ្វើ​ឱ្យ​រាងកាយ​កាន់តែ​ទ្រុឌទ្រោម ជា​ពិសេស លោក កែវ ថៃ និង​លោក យឹម សារ៉េត ប្រឈម​នឹង​គ្រោះ​គ្រោះ​ថ្នាក់​​ដល់​រាងកាយ​ខ្លាំង​ជាង​គេ ព្រោះ​​មាន​ជំងឺ​លើស​ឈាម​ធ្ងន់ធ្ងរ​ដែល​ត្រូវ​ការ​ថ្នាំ​ពេទ្យ​លេប​ព្យាបាល​ឱ្យ​បាន​ទៀងទាត់៖ «ខ្ញុំ​មាន​ការ​អាណិតអាសូរ​ដល់​ពូក​គាត់​ ហើយ​វា​ជា​រឿង​ការ​ឃុំ​ខ្លួន​ដោយ​អយុត្តិធម៌​ ហើយ​ខ្ញុំ​នឹង​មេធាវី​ផ្សេង​ទៀត​​គ្រោង​ដាក់​ពាក្យ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​តាម​នីតិវិធី​ច្បាប់​ ឱ្យ​តុលាការ​ក្រុង​ភ្នំពេញ​ហ្នឹង​ គឺ​ចៅក្រម​ស៊ើបសួរ​ហ្នឹង​ ពិចារណា​អំពី​ ឱ្យ​ពួកគាត់​នៅ​ក្រៅ​ឃុំ​ និង​ឱ្យ​មាន​សេរីភាព​ជា​បណ្ដោះ​ ហើយ​ទាក់​ទង​លើ​អង្គសេចក្ដី​ ចាំ​បន្ត​នីតិ​វិធី​លើ​ក្រោយ​ទៀត​ »

ជន​ជាប់​ឃុំ​ទាំង ៣រូប​នេះ រួម​មាន ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ឆ្នាំង លោក កែវ ថៃ លោក ថៃ គន្ធា ចាប់​ខ្លួន​នៅ​ខេត្ត​កំពង់ឆ្នាំង និង​ជំទប់​ទី១ ឃុំ​ចន្ទ្រី ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង គឺ​លោក យឹម សារ៉េត ចាប់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៧ មីនា ដោយ​ចោទ​ប្រកាន់​ រួម​គំនិត​ក្បត់ជាតិ ញុះញង់​ឱ្យ​បង្ក អសន្តិសុខ​នៅ​ក្នុង​សង្គម​សង្គម​ និង​បទ​ញុះញង់​ឱ្យ​យោធា​មិន​ស្ដាប់​បង្គាប់។

លោក សំ សុគង់ បន្ថែម​ថា ពួក​គេ​រង​ភាព​អយុត្តិធម៌​មួយ​ទៀត គឺ​សមត្ថកិច្ច​ចូល​ទៅ​ចាប់​ខ្លួន​អ្នក​ទាំង៣ ដោយ​មិន​មាន​ដីកា​ពី​តុលាការ​ និង​មិន​បាន​ប្រាប់​មូលហេតុ​ពី​ការ​ចាប់​ខ្លួន​ទៅ​ជន​ជាប់​ឃុំ​និង​សាច់ញាតិ​ឱ្យ​បាន​ដឹង​នោះ​ឡើយ៖ «អីចឹង​វា​ជា​ការ​រំលោភ​សិទ្ធិ​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​ជន​ជាប់​ឃុំ​ ក៏​ដូច​ជា​ជន​ដែល​ត្រូវ​ចាប់​ខ្លួន​នឹង​ហើយ​ក៏​ជា​ការ​រំលោភ​នីតិវិធី​ និង​ក៏​ជា​ការ​រំលោភ​ដល់​រដ្ឋធម្មនុញ្ញ​ដែល​ធានា​ដោយ​ច្បាប់​​រដ្ឋធម្មនុញ្ញ​ផង​ដែរ »

លោក​បន្ថែម​ថា សព្វ​ថ្ងៃ​អ្នក​ទាំង៣ ត្រូវ​បាន​ប៉ូលិស​ពន្ធនាគារ​ដាក់​នៅ​ក្នុង​ឃុំ​ឃាំង​ក្នុង​បន្ទប់​ជា​មួយ​គ្នា​នៅ​ពន្ធនាគារ​ព្រៃ​ស។ លោក​បន្ត​ថា លោក​នឹង​ដាក់​ពាក្យ​ទៅ​តុលាការ​នៅ​ក្នុង​សប្ដាហ៍​នេះ ស្នើ​ឱ្យ​កូនក្ដី​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដើម្បី​បាន​ព្យាបាល​ជំងឺ​នៅ​ខាង​ក្រៅ​ពន្ធនាគារ។

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៣១ មីនា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

ទាក់ទង​នឹង​ការ​ចាប់​ខ្លួន​នេះ​ដែរ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹម ឃឿន​ មាន​ប្រសាសន៍​ថា ​ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​​តាម​ដីកា​របស់​តុលាការ​ត្រឹមត្រូវ​តាម​ច្បាប់ ដោយ​ពុំ​មែន​ជា​​ការ​រំលោភ​សិទ្ធិ​របស់​ជន​ជាប់​ឃុំ​ដូច​ការ​លើក​ឡើង​របស់​សាច់ញាតិ​និង​មេធាវី​ឡើយ។

កូន​ស្រី​លោក កែវ ថៃ គឺ​កញ្ញា កែវ ចាន់​រចនា ថ្លែង​ថា ឪពុក​របស់​ខ្លួន​មិន​បាន​ក្បត់​ជាតិ ឬ​ធ្វើ​អ្វី​ខុស​ច្បាប់​នោះ​ទេ។ កញ្ញា​បន្ត​ថា ចាប់​តាំង​ពី​ប៉ូលិស​ចាប់​ខ្លួន​ឪពុក​ដាក់​ពន្ធនាគារ​មក គឺ​មនុស្ស​នៅ​ក្នុង​គ្រួសារ​គ្មាន​ស្មារតី​ធ្វើ​ការងារ​នោះ​ទេ ដោយសារ​តែ​បារម្ភ​ពី​សុខភាព​របស់​ឪពុក​នៅ​ក្នុង​ពន្ធនាគារ និង​ធ្វើ​ឱ្យ​បាត់បង់​មេ​គ្រួសារ​សំខាន់ ដើម្បី​រក​ប្រាក់​ចំណូល​ចាយវាយ​ប្រចាំ​ថ្ងៃ៖ «ហើយ​ទី២ ខ្ញុំ​ឈឺ​ចាប់​ ដោយសារ​ប៉ា​ខ្ញុំ​អត់​មាន​កំហុស​អី​ទេ។ គេ​មក​ចាប់​ប៉ា​ខ្ញុំ​តែ​ម្ដង ហើយ​ក៏​អត់​មាន​ដីកា​ចាប់​ខ្លួន​ដែរ ព្រោះ​អី​ខ្ញុំ​ជឿជាក់​ប៉ាវ​ខ្ញុំ​ណាស់​គាត់​ដឹង​តែ​បង្រៀន​តែ​មួយ​មុខ​ទេ។ គាត់​តាំង​ពី​គេ​រំលាយ​គណបក្ស​មក គឺ​ប៉ា​ខ្ញុំ អត់​មាន​ធ្វើ​ការ​ទៀត​ទេ។ គាត់​ធ្វើ​តែ​គ្រួ​បង្រៀន។ គាត់​បង្រៀន​នៅ​សាលា​រដ្ឋ ហើយ​និង​បង្រៀន​គួរ​នៅ​ផ្ទះ​ទេ។ គាត់​អត់​មាន​ទៅ​ក្បត់​ជាតិ​លួច​គេ ឬ​ក៏​ទៅ​យក​ដី​គេ គឺ​អត់​មាន​ទេ »

ស្រដៀង​គ្នា​នេះ​ដែរ​ប្រពន្ធ​របស់​លោក យឹម សារ៉េត គឺ​លោក​ស្រី អ៊ុក ចន្ធី ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​ប៉ូលិស​ចាប់​ខ្លួន​ប្ដី​មក គឺ​លោក​ស្រី​មិន​ទាន់​បាន​ចូល​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ​វិញ​នៅ​ឡើយ​ទេ ដោយសារ​ខ្វល់ខ្វាយ​ពី​ប្ដី​នៅ​ក្នុង​ពន្ធនាគារ​ខ្លាច​មិន​មាន​អាហារ​ហូប​ចុក​គ្រប់​គ្រាន់ និង​គ្មាន​ថ្នាំ​ព្យាបាល​ជំងឺ។ លោក​ស្រី​បន្ត​ថា កាល​ពី​ថ្ងៃ​ទី២៨ មីនា លោក​ស្រី​​បាន​យក​ថ្នាំ​ពេទ្យ​ផ្ញើ និង​ប្រាក់​ចំនួន​១០ម៉ឺន​រៀល តាម​រយៈ​មន្ត្រី​ពន្ធនាគារ​ព្រៃ​ស ដើម្បី​ឱ្យ​បាន​លេប​ការពារ​ជំងឺ​លើស​ឈាម និង​ចាយ​វាយ​ក្នុង​ពេល​ជាប់​ឃុំ។ លោក​បន្ថែម​ថា នៅ​ពេល​ខាង​មុខ​គ្រួសារ​របស់​លោក​ស្រី​នឹង​កាន់​តែ​ក្រ​ខ្លាំង ពី​ព្រោះ​​បាត់​បង់​ប្ដី ដែល​ជា​ចន្ទល់​សំខាន់​នៅ​ក្នុង​គ្រួសារ៖ «ព្រោះ​ខ្ញុំ​ធ្វើ​ការ​មួយ​ថ្ងៃ​ហូប​មួយ​ថ្ងៃ​មាន​រំពឹង​ លើ​ប្ដី​គាត់​ទៅ​ធ្វើ​ការ​មួយ​អាទិត្យ​បើក​ម្ដង​ អីចឹង​បាន​លុយ​ហ្នឹង​ទប់​ទល់​បង្វិល​​មក​រហូត​មក​ ទម្រាំ​បើក​លុយ​វា​បាន​លុយ​ហ្នឹង​បង្វិល​។ដល់​តែ​ពេល​អត់​គាត់​អីចឹង​ទៅ​ប៉ះពាល់​ខ្លាំង​បំផុត​គឺ​ជីវភាព​ហ្នឹង​តែ​ម្ដង​ ឥឡូវ​មិន​ទាន់​ដល់​ថ្ងៃ​គេ​យក​ថ្លៃ​បន្ទប់ ថ្លៃ​ហូប​ចុក​ហ្នឹង​ទេ ។ខ្ញុំ​ពឹងផ្អែក​លើ​ប្ដី​ទាំង​ស្រុង​តែ​ម្ដង​ ហើយ​ធ្វើ​ការ​បាន​តិច​តួច​ ហើយ​វា​អត់​មាន​ការងារ​ធ្វើ​ចេញ​តែ​ម៉ោង​៤ ហើយ​​យើង​ប្រាក់​ខែ​តិច​​តួច​​រោង​ចក្រ​ដឹង​ហើយ​មាន​តែ​ប្រាក់​ខែ​ច្រើន​អី »

លោក​មេធាវី សំ សុគង់ ឱ្យ​ដឹង​ថា​ ចាប់តាំង​ពី​ផ្ទុះ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី​នៅ​លើ​ពិភព​លោក​មក ​​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ បាន​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​​ ៧​នាក់​ហើយ​ដាក់​ពន្ធនាគារ​ជា​ថ្មី​ បន្ទាប់​ពី​សកម្មជន​គណបក្ស​នេះ​ជិត ​១០០​នាក់​ត្រូវ​បាន​ដោះលែង ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្រកាស​ឱ្យ​​អាជ្ញាធរ​ដោះលែង​អ្នក​ទោស​នយោបាយ​កាល​ពី​ចុង​ខែ​វិច្ឆិកា ​ឆ្នាំ២០១៩​។​​​ ចំពោះ​អ្នក​ដែល​ទើបតែ​បាន​ចាប់​ខ្លួន​ថ្មី​នេះ ​រួម​មាននៅ​ខេត្ត​ព្រៃវែង៣នាក់​ និង​​ខេត្ត​ស្វាយរៀង​ ២នាក់​ និង​ខេត្ត​កំពង់ឆ្នាំង​ ២នាក់​ ដោយ​សារ​តែ​ពួកគេ​បង្ហោះ​សារ​តាម​ហ្វេសប៊ុក និង​និយាយ​​ទូរស័ព្ទ​​ព្រួយបារម្ភ​អំពី​ការ​រីក​ការ​រាលដាល​ជំងឺ​កូវិដ១៩ នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។