អ្នកច្បាប់ និងមន្ត្រីសិទ្ធិមនុស្ស បន្តសោកស្ដាយនិងរិះគន់ចំពោះការចាប់ឃុំឃាំងក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ដែលជាអនីតិជននិងមានបញ្ហាផ្នែកសតិបញ្ញានៅក្នុងពន្ធនាគារព្រៃ (ម២) ខណៈដែលឪពុករបស់គាត់ដែលជាមន្ត្រីបក្សប្រឆាំងក៏កំពុងជាប់ពន្ធនាគារព្រៃស (ម១) ទាំងអយុត្តិធម៌ដែរនោះ។
លោកមេធាវី សំ សុគង់ ដែលទើបទទួលបានការពឹងពាក់ឲ្យជួយកាន់ក្ដីរឿងនេះលើកឡើងថា ការសម្រុកចូលចាប់ខ្លួនទាំងយប់ និងការបន្តនីតិវិធីព្រហ្មទណ្ឌលើអនីតិជនដោយគ្មានវត្តមានមេធាវី ឬអាណាព្យាបាលនៅអមជាមួយ គឺជាការរំលោភសិទ្ធិកុមារ និងរំលោភនីតិវិធីព្រហ្មទណ្ឌ។ លោកមេធាវីបន្តថា នគរបាលមិនគួរចាប់តែក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ តែម្ខាងទេ ព្រោះភាគីជម្លោះម្ខាងទៀត ជាអ្នកចាប់ផ្ដើមជេរប្រមាថឪពុកម្ដាយរបស់ក្មេងប្រុសនេះមុន។ លោកមេធាវីជំរុញមានការស៊ើបអង្កេតករណីនេះឡើងវិញ។ លោកបន្តថា ទោះបីជាក្នុងករណីក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ បានប្រព្រឹត្តកំហុសពិតមែន តុលាការគួរតែបញ្ជូនក្មេងនេះទៅមណ្ឌលស្ដារនីតិសម្បទា ឬដាក់ឲ្យស្ថិតក្រោមការព្យាបាលរបស់ម្ដាយ ព្រោះក្មេងប្រុសនេះមានជំងឺខ្សោយបញ្ញាស្មារតី ឬអូទីហ្សឹម(Autism)ពីកំណើត៖ «ខ្ញុំ លើកឡើងនេះពីបញ្ហាផ្លូវច្បាប់។ ប៉ុន្តែបើសិនជារឿងនេះវាពាក់ព័ន្ធនឹងរឿងនយោបាយ ខ្ញុំគិតថា ការស្នើសុំរបស់មេធាវីការពារហ្នឹងមិនដឹងថា តុលាការហ៊ានសម្រេចតាមការស្នើសុំរបស់មេធាវី ឬបដិសេធទេ។ ប៉ុន្តែយើងចាំមើលការសម្រេចនៅពេលដែលមេធាវី ដាក់ពាក្យស្នើសុំសិន»។
អាជ្ញាធរបានឃុំខ្លួនក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ជិតមួយសប្ដាហ៍មកហើយ ដោយសារនគរបាលនិងតុលាការបានចោទក្មេងប្រុសវ័យ ១៦ ឆ្នាំរូបនេះ ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថអ្នករាជការសាធារណៈតាមរយៈការជេរប្រមាថគ្នាក្នុងក្រុម (Group) តាមបណ្ដាញសង្គមតេឡេក្រាម(Telegram)។
ម្ដាយរបស់យុវជន កាក់ សុវណ្ណច្ឆ័យ គឺលោកស្រី ព្រំ ចាន់ថា ថ្លែងថា លោកស្រីកំពុងតែព្រួយបារម្ភពីកូនប្រុសយ៉ាងខ្លាំងនិងមិនបានដឹងពីសុខទុក្ខកូនប្រុសនៅក្នុងពន្ធនាគារយ៉ាងណាទេ ដោយសារអនុរក្សមិនអនុញ្ញាតឲ្យចូលជួប។ តែយ៉ាងណា លោកស្រីអះអាងថា កូនប្រុសគ្មានកំហុស និងបានចោទអាជ្ញាធរថា ធ្វើទុក្ខបុកម្នេញគ្រួសារលោកស្រីដើម្បីគំរាមឲ្យឈប់ធ្វើសកម្មភាពតវ៉ាទាមទារដោះលែងប្ដីដែលជាសកម្មជនបក្សប្រឆាំងកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស។ ទោះជាយ៉ាងណា លោកស្រីប្ដេជ្ញាមិនខ្លាចនិងនៅតែបន្តការទាមទារឲ្យដោះលែងប្តីនិងកូនប្រុសរួមទាំងសកម្មជននយោបាយផ្សេងទៀតពីក្នុងពន្ធនាគារដដែល៖ « មកធ្វើអ៊ីចឹងដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋ។ ប្រសិនបើប្រជាពលរដ្ឋហ៊ានតែក្រោក គេនឹងធ្វើដូចក្រុមគ្រួសារខ្ញុំអ៊ីចឹង។ ហ្នឹងបំបាក់ស្មារតីប្រជាពលរដ្ឋទី១។ ទី២ទៀត គឺបំបាក់ស្មារតីខ្ញុំជាម្ដាយ ដែលម្ដាយខំប្រឹងធ្វើថ្ងៃសុក្រដើម្បីទាមទារឲ្យមានដំណោះស្រាយជូនលោកប៉ារបស់គាត់។ អ៊ីចឹងគាត់ធ្វើហ្នឹងដើម្បីបំបាក់ខ្ញុំ បំបាក់ប្រជាពលរដ្ឋទាំងអស់។ គឺថារបបមួយហ្នឹងណា គឺបំបាក់ស្មារតីអ៊ីចឹងមិនឲ្យក្មេងចេះដឹងទេ គឺដូចសម្លាប់កូនខ្ញុំទាំងរស់អ៊ីចឹង»។
ជុំវិញករណីនេះ មន្ត្រីសង្គមស៊ីវិលវិញជំរុញឲ្យមន្ត្រីតុលាការពិនិត្យសំណុំរឿងនេះម្ដងទៀត ដើម្បីជៀសវាងការរិះគន់ថា រំលោភសិទ្ធិកុមារ និងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។ អ្នកនាំពាក្យសមាគមអាដហុកលោកស៊ឹង សែនករុណា សង្កេតឃើញថា ការចាប់ខ្លួន និងឃុំឃាំងក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ មិនឆ្លុះបញ្ចាំងពីការអនុវត្តច្បាប់ស្មើភាពទេ។ លោកបារម្ភថា រដ្ឋាភិបាលនឹងរងការរិះគន់ពីសហគមន៍អន្តរជាតិបន្ថែមទៀត ដោយសារតែសំណុំរឿងនេះ៖ « ចំណុចទាំងអស់នេះហើយ គឺជាមូលដ្ឋានដែលខាងសហគមន៍អន្តរជាតិដែលគេចេះតែដាក់សម្ពាធផ្សេងៗហើយទទូចឲ្យមានការបើកនូវលំហសិទ្ធិមនុស្ស ហើយនិងការគោរពនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យអ្វីទាំងអស់ហ្នឹង ឲ្យបានត្រឹមត្រូវឡើងវិញ»។
បច្ចុប្បន្នសហគមន៍ជាតិនិងអន្តរជាតិកំពុងថ្កោលទោសនិងទាមទារឲ្យរបបក្រុងភ្នំពេញដោះលែងសកម្មជននយោបាយសង្គមនិងបរិស្ថានប្រមាណ ៨០ នាក់ដែលបានចាប់ដាក់ខ្លួនជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០២០មក។ ទោះជារដ្ឋាភិបាលអះអាងថា ការចាប់ខ្លួនអ្នកទាំងនោះតាមផ្លូវច្បាប់ តែសហគមន៍អន្តរជាតិអះអាងថា អាជ្ញាធរមានចេតនាបង្ក្រាបសំឡេងរិះគន់ក្រោមរូបភាពតុលាការ។ ក្រុមអ្នកនិយមលទ្ធិប្រជាធិបតេយ្យក៏ទាមទារឲ្យប្រទេសសេរីបន្ថែមទណ្ឌកម្មលើរបបក្រុងភ្នំពេញបន្ថែមទៀតដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។