សវនាការជំនុំជម្រះប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះជាការដាក់ភស្តុតាងដោះបន្ទុកលោក កឹម សុខា។ ភស្តុតាងនេះជាការថ្លែងរបស់លោក កឹម សុខា នៅតាមកម្មវិធីនានា ដែលបញ្ជាក់ថា គ្មានការប្រទុស្ដរាយ គ្មានហិង្សា និងគ្មានការត្រូវរ៉ូវជាមួយបរទេសដើម្បីផ្ដួលរំលំរដ្ឋាភិបាលនោះដែរ។ មន្ត្រីសង្គមស៊ីវិលដែលឃ្លាំមើលសវនាការនេះថា សំណុំរឿងនេះ នៅតែវែងអន្លាយរកទីបញ្ចប់មិនឃើញ។
សវនាការព្រឹកមិញនេះ ក៏មិនខុសពីសប្ដាហ៍មុនៗ ដែរ ដោយមេធាវីការពារក្ដីលោក កឹម សុខា បានដាក់ភស្តុតាងចំនួន៩ ជាវីដេអូ អំពីភស្តុតាងទី៧ ដល់ទី១៥ ដើម្បីលាងភាពស្អាតស្អំលោក កឹម សុខា។ ខ្លឹមសារសំខាន់ៗ នៃភស្តុតាងគឺ គោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ អហិង្សាឆ្ពោះទៅការអភិវឌ្ឍន៍ភូមិ ឃុំ និងបង្ហាញថា គណបក្សសង្គ្រោះជាតិកើតចេញពីពលរដ្ឋ ដើម្បីពលរដ្ឋឆ្ពោះទៅការបោះឆ្នោត។
សហមេធាវីការពារក្ដីឱ្យប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា គឺលោក ផែង ហេង ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយចេញពីបន្ទប់សវនាការថា ក្នុងចំណោមវីដេអូទាំងនោះមានវីដេអូមួយនៃការធ្វើសមាជរបស់គណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧ នៃការតែងតាំងលោក កឹម សុខា ជាប្រធានគណបក្សសង្គ្រោះជាតិ។ លោកឲ្យដឹងទៀតថា លោក កឹម សុខា ក៏បានថ្លែងក្នុងតុលាការដែរថា លោក កឹម សុខា បានអប់រំណែនាំយុវជនបន្តវេនឲ្យស្គាល់ពីតម្លៃប្រជាធិបតេយ្យ តម្លៃអហិង្សា និងត្រូវនាំគ្នាទៅបោះឆ្នោត៖ « ពេលមេធាវីយើងឆ្លើយបញ្ជាក់ហ្នឹងមិនគ្រប់ជ្រុងជ្រោយឯកឧត្តម កឹម សុខា គាត់ជួយបន្ថែមខ្លះដែរ ដូចជា ក្នុងឃ្លីបវីដេអូ មួយគាត់ចង់បញ្ជាក់ថា គាត់បានអប់រំណែនាំយុវជនបន្តវេនកុំប្រកាន់យកអំពើហិង្សាទោះបីគេប្រើហិង្សាក៏ដោយត្រូវតែអហិង្សាជាមួយគេដើម្បីចូលរួមបោះឆ្នោតព្រោះខ្លឹមសារនៃការឈ្នះ គឺឈ្នះដោយកិត្តិយសមិនមែនឈ្នះដោយសម្ដីអសុរោះ ហិង្សាលើភាគី ឬការរើសអើងពូជសាសន៍ » ។

វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានក្រុមមេធាវីតំណាងរដ្ឋាភិបាល លោក គី តិច ដើម្បីឆ្លើយតបនឹងរឿងភស្តុតាងរបស់ក្រុមមេធាវីលោក កឹម សុខា នេះបានទេនៅថ្ងៃទី១៦ ខែកុម្ភៈ។
ទោះយ៉ាងណា នៅពេលក្រុមមេធាវីរបស់លោក កឹម សុខា បង្ហាញភស្តុតាងទាំងនោះ តំណាងអយ្យការបានសួរសំណួរមួយចំនួន ទាក់ទងពាក្យពេចន៍ និងពេលវេលាទាក់ទងភស្តុតាងដោះបន្ទុករបស់លោក កឹម សុខា។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ដែលតាមដានសវនាការនេះបានសរសរលើកហ្វេសប៊ុករបស់ខ្លួន អំពីការកត់សម្គាល់របស់អ្នកស្រីថា ភាគីបន្តចោទគ្នាទៅវិញទៅមករឿងការដេញដោលហួសនីតិវិធី ឬចេតនាពន្យារពេល និងភាពតានតឹងប៉ះពាក្យសម្តីគ្នារវាងព្រះរាជអាជ្ញា និងមេធាវីរហូតចៅក្រមអន្តរាគមន៍និងរម្លឹកមិនឱ្យភាគីទាំងសង្ខាងឌឺដងវាយប្រហារគ្នា។ អ្នកស្រីបន្តថា មានការពោលពាក្យបែបវាយប្រហារគ្នាជាលក្ខណៈបុគ្គលលើសមត្ថភាព ចំណេះដឹង ឬបទពិសោធន៍ផងដែរ ដែលប្រការនេះមិនគួរកើតឡើងក្នុងអង្គជំនុំនោះឡើយ។ អ្នកស្រី ចក់ សុភាព កត់សម្គាល់ទៀតថា ចំពោះភាពស្របច្បាប់នៃបាតុកម្មត្រូវបានព្រះរាជអាជ្ញាលើកដេញដោលសារជាថ្មីមិនខុសពីសវនាការមុនៗ ដែរ ហើយមេធាវីការពារក្តីលោក កឹម សុខា ក៏បានការពារថានេះមិនពាក់ព័ន្ធនឹងបទចោទ និងហួសចូលនីតិវិធីដេញដោលដែលគួរធ្វើពេលក្រោយ។ មេធាវីលោក កឹម សុខា បានស្នើទៅព្រះរាជអាជ្ញាបង្ហាញឈ្មោះប្រទេស ពេលវេលាជាក់លាក់នៃអំពើក្បត់ ឬឃុបឃិតជាមួយបរទេស។
អ្នកឃ្លាំមើលសវនាការម្នាក់ទៀតដែលជាអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា កត់សម្គាល់ថា នេះជាសវនាការលើកទី៣០ ប៉ុន្តែសំណុំរឿងនេះនៅតែវែងអន្លាយរកទីបញ្ចប់មិនឃើញ។ លោកនៅតែយល់ថា សំណុំរឿងនេះគឺជាការធ្វើទុក្ខបុកម្នេញលើគូប្រកួតប្រជែងនយោបាយលើមេបក្សប្រឆាំង។ លោកថា បញ្ហានយោបាយគួរកុំយកប្រព័ន្ធតុលាការមកដោះស្រាយដែលធ្វើឲ្យភាគីជម្លោះខាងបក្សប្រឆាំងពិបាកនឹងទទួលបានយុត្តិធម៌៖ « ជារឿងដដែលៗ ទេ ក្នុងករណីសំណុំរឿង លោក កឹម សុខា នេះ យើងឃើញហើយ ជាសំណុំរឿងកើតឡើងក្នុងន័យជម្លោះនយោបាយ យើងឃើញហើយពេលមានវិវាទនយោបាយហ្នឹង គឺមានចាត់វិធានការលើសកម្មជន បក្សជំទាស់ហ្នឹងតាំងពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់កំពូល » ។
ដូចគ្នានេះដែរ លោកមេធាវី ផែង ហេង លើកឡើងដែរថា ការពន្យារ ឬការយឹតយ៉ាវ ក្នុងការផ្ដល់យុត្តិធម៌ជាការបដិសេធនៃការផ្ដល់យុត្តិធម៌។
អាជ្ញាធរនៃរដ្ឋាភិបាលលោក ហ៊ុន សែន បានដកហូតសិទ្ធិនយោបាយរបស់លោក កឹម សុខា អស់រយៈពេលជាង ៤ឆ្នាំមកហើយ។ មេបក្សប្រឆាំងរូបនេះកំពុងប្រឈមនឹងការបាត់បង់ឱកាសចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣ ខាងមុខ ប្រសិនបើសំណុំរឿងរបស់លោកនៅតែបន្តអូសបន្លាយដូចពេលបច្ចុប្បន្ននេះទៀត។
ជុំវិញករណីនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក តាំង ស៊ុនឡាយ និងប្រធានលេខាធិការដ្ឋានសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេ នៅថ្ងៃទី១៦ ខែកុម្ភៈ។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ធ្លាប់ថ្លែងដដែលៗ ថា សំណុំរឿងនេះកំពុងស្ថិតនៅក្នុងដំណើរការនៃនីតិវិធីរបស់តុលាការ ដូច្នេះការប្រើពេលវេលាយូរឬឆាប់ជាសិទ្ធិរបស់តុលាការ។
ដូចរាល់ដងដែរសវនាការលោក កឹម សុខា សប្ដាហ៍នេះមានការចូលរួមតាមដានពីតំណាងស្ថានទូតប្រទេសប្រជាធិបតេយ្យ មន្ត្រីអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និងអង្គការសង្គមស៊ីវិលមួយចំនួននៅក្នុងបន្ទប់សវនាការ។ ចំណែកនៅខាងក្រៅបរិវេណតុលាការវិញអ្នកគាំទ្រ សកម្មជនសង្គម និងមន្ត្រីអង្គការសង្គមស៊ីវិលប្រមាណ ៣០នាក់បានទៅឃ្លាំមើលដំណើរការក្ដីនេះក្រោមការរឹតបន្តឹងសន្តិសុខពីសំណាក់អាជ្ញាធរ និងនគរបាលជាច្រើននាក់។
ពេលចប់សវនាការម៉ោងជិត ១២ថ្ងៃត្រង់សមត្ថកិច្ចការពារសន្តិសុខនៅតុលាការ មិនអនុញ្ញាតឲ្យឡានលោក កឹម សុខា ចេញតាមទ្វារមុខដើម្បីអាចឲ្យអ្នកគាំទ្រលោក ឃើញមុខនោះដែរ។
មេធាវីលោក កឹម សុខា ម្នាក់ទៀត លោក ចាន់ ចេន ឲ្យដឹងថា នៅរយៈពេលចុងក្រោយនេះសមត្ថកិច្ចការពារសន្តិសុខនៅតុលាការក្រុងភ្នំពេញមិនអនុញ្ញាតឲ្យឡានលោក កឹម សុខា ចេញចូលតាមទ្វារមុខឡើយ។
តុលាការនឹងបន្តសវនាការរបស់មេបក្សប្រឆាំង លោក កឹម សុខា នៅសប្ដាហ៍ក្រោយថ្ងៃទី២៣ ខែកុម្ភៈ។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព យល់ថា លោក កឹម សុខា និងសមាជិកបក្សប្រឆាំងដទៃទៀតមិនគួរត្រូវប្រឈមបទចោទប្រកាន់ដោយសារតែភាពសកម្មខាងនយោបាយរបស់ខ្លួន និងគណបក្សខ្លួនឡើយ។ អ្នកស្រីយល់ថា ការបន្តចោទប្រកាន់ និងអូសបន្លាយពេលជាការបំពានដល់សិទ្ធិសេរីភាពខាងនយោ បាយដែលកម្ពុជាបានទទួលស្គាល់ក្នុងរដ្ឋធម្មនុញ្ញ និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ។ មន្ត្រីសិទ្ធិមនុស្សរូបនេះរម្លឹកថា ដើម្បីឆ្ពោះទៅមុខនិងធានាបរិយាកាសអំណោយផលក្នុងការបោះឆ្នោតខាងមុខការសម្របសម្រួលឲ្យអ្នកនយោបាយនិងពលរដ្ឋគ្រប់រូបអាចចូលរួមដោយសេរីក្នុងដំណើរការប្រជាធិបតេយ្យពិតជាការចាំបាច់បំផុត និងគួរដល់ពេលដែលខ្មែរបញ្ចប់ការចោទខ្មែរ និងគួរស្វែងរកវិធីធ្វើការដោះស្រាយបញ្ហាជាតិបម្រើផលប្រយោជន៍ជាតិទើបកម្ពុជាបានប្រសើរទៅមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។