"តុលាការ​នឹង​លើកលែង​ការ​ចោទ​ប្រកាន់​លោក កឹម សុខា បើ​សិន​ជា​មេធាវី​មាន​ភស្ដុតាង​រឹងមាំ"

ដោយ ទីន ហ្សាការីយ៉ា
2019.08.08
មេធាវី ផែង ហេង ៦២២ លោក ផែង ហេង មេធាវី​ការពារក្ដី​ឲ្យ​លោក កឹម សុខា ប្រធាន​គណបក្ស​ សង្គ្រោះ​ជាតិ។
រូប៖ ហ្វេសប៊ុក​លោក ផែង ហេង

តុលាការចាប់ឃុំខ្លួនលោក កឹម សុខា មក​ទល់​ពេល​នេះ មាន​រយៈ​ពេល​ជិត​ពីរ​ឆ្នាំ​ហើយ។ មេធាវី​ការពារ​ក្ដី លោក កឹម សុខា លើក​ឡើង​ថា ការ​ឃុំ​ខ្លួន​លោក កឹម សុខា រយៈ​ពេល​យូរ​បែប​នេះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​កូន​ក្ដី​របស់​ខ្លួន ដោយ​ស្នើ​ឲ្យ​តុលាការ​ដោះ​លែង​កូន​ក្ដី​របស់​ខ្លួន​មាន​សេរីភាព​វិញ។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​លើក​ឡើង​ថា តុលាការ​នឹង​ពិចារណា បើ​សិន​ជា​ការ​ស្នើសុំ​នោះ មាន​មូលដ្ឋាន និង​ភស្ដុតាង​ត្រឹម​ត្រូវ។

អ្នកនាំពាក្យក្រសួង​យុតិ្តធម៌ លោក ជិន ម៉ាលីន អះអាង​ថា តុលាការ​នឹង​លើក​លែង​ការ​ចោទ​ប្រកាន់ លោក កឹម សុខា បើ​សិន​ជា​ការ​ស្នើសុំ​របស់​ក្រុម​មេធាវី មាន​ភស្ដុតាង​ត្រឹម​ត្រូវ​តាម​ផ្លូវ​ច្បាប់។

លោក ជិន ម៉ាលីន មានប្រសាសន៍​នៅ​រាត្រី​ថ្ងៃ​ទី៨ សីហា​ថា មេធាវី​ការពាក្ដី​លោក កឹម សុខា មាន​សិទ្ធិ​ស្នើសុំ ដើម្បី​ទម្លាក់​ការ​ចោទ​ប្រកាន់ លោក កឹម សុខា បើ​សិន​ជា​មេធាវី មាន​ទឡ្ហីករណ៍​ថ្មី​រឹងមាំ តុលាការ​នឹង​ពិចារណា ចំពោះ​ការ​លើក​លែង​ការ​ចោទ​ប្រកាន់ ឬ​យ៉ាង​ណា​នោះ៖ «លើក​លែង​តែ​យើង​មាន​ភស្ដុតាង​អី​ថ្មី​រឹងមាំ​ទើប​អាច​ដោះ​បន្ទុក​បាន ព្រោះ​ការ​ចោទ​ប្រកាន់​កន្លង​មក គឺ​យើង​មាន​ភស្ដុតាង​ច្បាស់លាស់ បើ​សិន​ជា​ស្នើសុំ​គ្រាន់​តែ​ជា​ការ​ស្នើ គឺ​គ្មាន​ប្រយោជន៍​អ្វី​ទេ ព្រោះ​ឥឡូវ​នេះ ស្ថិត​នៅ​ក្នុង​នីតិវិធី​ស៊ើប​សួរ​នៅ​ឡើយ»

ការលើកឡើង​របស់ លោក ជិន ម៉ាលីន ធ្វើ​ឡើង​ភ្លាមៗ ក្រោយ​ពី​មេធាវី​លោក កឹម សុខា ស្នើសុំ​ឲ្យ​លើក​លែង​ការ​ចោទ​ប្រកាន់​កូន​ក្ដី​របស់​ខ្លួន ដោយ​សំអាង​ថា ការ​ឃុំ​ខ្លួន​ប្រធាន​បក្ស​ប្រឆាំង​នេះ បាន​អូស​បន្លាយ​ពេល​យូរ​ជិត​ពីរ​ឆ្នាំ​មក ហើយ​តុលាការ​មិន​ភស្ដុតាង​ណា​មួយ​ដាក់​បន្ទុក​លើ​កូន​ក្ដី​របស់​ខ្លួន។

លោក មេធាវី ផែង ហេង ឲ្យដឹងនៅថ្ងៃ​ទី៨ សីហា​ថា កន្លង​មក​ក្រុម​មេធាវី បាន​ដាក់​ពាក្យ​ស្នើសុំ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ លោក កឹម សុខា នេះ​ទៅ​ចៅក្រម​ស៊ើបសួរ​ជាច្រើនលើក ប៉ុន្តែ​មកទល់​ពេល​នេះ ចៅក្រម​នៅ​តែ​អះអាង​ថា សំណុំ​រឿង​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​បន្ត​ដដែល។ លោក​បន្ថែម​ថា កូន​ក្ដី​របស់​លោក គ្មាន​ទោស​កំហុស​ដូច​ចៅក្រម​ចោទ​ប្រកាន់​ឡើយ ហើយ​លោក កឹម សុខា គួរ​តែ​ទទួល​បាន​ការ​លើក​លែង​ចោទ​ប្រកាន់​ពី​តុលាការ។ លោក​បញ្ជាក់​ថា ការ​ចោទ​ប្រកាន់​លោក កឹម សុខា នេះ មាន​លក្ខណៈ​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់៖ «កាល​ណា​មិន​មាន​ចំណាត់​ការ​ឆាប់ យើង​ចាំ​ភាព​យុត្តិធម៌​កូន​ក្ដី កាល​ណា​អូស​បន្លាយ​យូរ​ប៉ះ​ពាល់​ដល់​សិទ្ធិ​កូន​ក្ដី ហើយ​យើង​ក្នុង​នាម​ជា​មេធាវី យើង​ខិតខំ​អស់​ហើយ យើង​ក៏​បាន​ពិនិត្យ​អង្គហេតុ អង្គ​ច្បាស់លាស់​ដែរ»

លោក ជិន ម៉ាលីន អះអាង​ថា ការ​ចោទ​ប្រកាន់ និង​ការ​ចាប់​ខ្លួន​លោក កឹម សុខា នេះ មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ឡើយ។ លោក បញ្ជាក់​ថា តុលាការ​អនុវត្ត​ទៅ​តាម​នីតិវិធី​ច្បាប់៖ «ការ​សន្និដ្ឋាន​ថា​រឿង​នយោបាយ វា​មិន​គ្រប់គ្រាន់ និង​គ្រប់​ជ្រុង​ជ្រោយ​ដែរ គួរ​តែ​មើល​ការ​ចោទ​ប្រកាន់​នេះ មាន​ភស្ដុតាង​ផ្លូវ​ច្បាប់​អត់

ទោះបីជាយ៉ាងនេះក្ដី អ្នក​វិភាគ​នយោបាយ លោក មាស នី អះអាង​ថា ការ​ចាប់​បង្ខាំង និង​ការ​ចោទ​ប្រកាន់​លោក កឹម សុខានេះ គឺ​ជា​រឿង​នយោបាយ។ លោក បន្ថែមថា គោល​បំណង​សំខាន់​របស់​រដ្ឋាភិបាល​នោះ គឺ​មិន​ចង់​ឲ្យ​ក្បាល​ម៉ាស៊ីន​គណបក្ស​សង្រ្គោះ​ជាតិ​ជួប​ជុំ​គ្នា​ទេ ពោល​គឺ បំបែក​បំបាក់៖ «ការ​បង្ខាំង​លោក កឹម សុខា នេះ ទោះ​បី​ជារដ្ឋាភិបាល​ថា ជា​ការ​អនុវត្ត​ច្បាប់​ក៏​ដោយ ប៉ុន្តែ​រឿង​នេះ រដ្ឋាភិបាល​មិន​ចង់​ឲ្យ​មាន​ការ​ជួប​ជុំ​គ្នា​ឡើង​វិញ ហើយ​បើ​សិន​ជា​រដ្ឋាភិបាល​មើល​ឃើញ គ្រោះរ​បស់​សង្រ្គោះ​ជាតិ បែក​បាក់​គ្នា​ច្បាស់​ពេល​ណា​មួយ រឿង​ដោះ​លែង​លោក កឹម សុខា វិញ ជា​រឿង​ងាយ​ជា​ទី​បំផុត»

សមត្ថកិច្ចចាប់ខ្លួន លោក កឹម សុខ នៅម៉ោងជាង ១២រំលង​អធ្រាត្រ ចូល​ថ្ងៃ​ទី៣ ខែ​កញ្ញា ឆ្នាំ២០១៧ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន នៅ​ពន្ធនាគារត្រពាំងផ្លុង ខេត្ត​ត្បូង​ឃ្មុំ​ភ្លាមៗ ។ ព្រះរាជ​អាជ្ញា​រង​នៃ​តុលាការ​ក្រុង​ភ្នំពេញ​លោក សៀង សុខ បាន​ចោទ​ប្រកាន់​លោក កឹម សុខា ថា​ក្បត់​ជាតិ។ ចំណាត់​ការ​របស់​តុលាការ​ក្រុង​ភ្នំពេញ​នេះ បាន​ធ្វើ​ឡើង​ភ្លាមៗ បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទ​ថា លោក កឹម សុខា មាន​ចេតនា​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល ដែល​មាន​អង្គការ​ចាត់​តាំង​នៅ​ពី​ក្រោយ​ខ្នង គឺ​សហរដ្ឋ​អាមេរិក។ លោក​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ពន្ធនាគារ​ជា​បណ្តោះអាសន្ន នៅ​ថ្ងៃ​ទី១០ ខែ​កញ្ញា ឆ្នាំ២០១៨ ប៉ុន្តែ យក​ទៅ​ដាក់​ឃុំ​ក្នុង​ផ្ទះ​ជំនួស​វិញ។

លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បាន​ចេញ​សារ​ដ៏​កម្រ​មួយ​នា​ឱកាស​ពិធី​ខួប​កំណើត​របស់​លោក​គម្រប់ ៦៧ឆ្នំា កាល​ពី​ថ្ងៃ​ទី២៧ មិថុនា​ថា ដ៏​រាប​ណា​ព្រះអាទិត្យ​នៅ​តែ​រះ លោក​នៅ​តែ​មាន​ក្ដី​សង្ឃឹម​វិល​ទៅ​ជួប​ជុំ​អ្នក​គាំទ្រ​របស់​លោក និង​ដើម្បីទៅ​បម្រើ​ជាតិ​មាតុភូមិ​វិញ គឺ​លោក មិន​ស្ដាយ​ក្រោយ​ឡើយ។ លោក កឹម សុខា បង្ហាញ​ជំហរ​រឹងមាំ​ថា មិន​ថា​លោក​រង​ទុក្ខ ឬ​ការ​ធ្វើ​បាប​តាម​រូបភាព​ណា​ក៏​ដោយ វា​គ្មាន​ទេ​ពាក្យ​ថា “ស្តាយ​ក្រោយ​សម្រាប់ កឹម សុខា ដែល​បាន​បូជា​ជូន​ជាតិ ប្រជា​ពលរដ្ឋ ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិ​សេរីភាព អធិបតេយ្យភាព និង​ការ​ផ្សះផ្សា​ជាតិ” ។

លោក កឹម សុខា បាន​ប្ដេជ្ញា​ចិត្ត​ថា ទោះ​បី​ជា​លោក​ស្ថិត​នៅ​ទី​ឃុំ​ឃាំង​ក្នុង​ផ្ទះ គឺ​លោក​ជាប់​ឃុំ​តែ​រូប​កាយ បាត់​បង់​សេរីភាព​ក៏​ពិត​មែន ប៉ុន្តែ​ស្មារតី​ស្នេហា​ជាតិ​របស់​លោក​មិន​ជាប់​ឃុំ​ឃាំង​ឡើយ។ លោក កឹម សុខា បាន​សេរសរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី២៧ មិថុនា​ថា “ទឹក​ចិត្ត និង​សេចក្តី​នឹក​រលឹក​របស់​ជន​រួម​ជាតិ បាន​ផ្តល់​ដល់​រូប​ខ្ញុំ នូវ​កម្លាំង​ចិត្ត​ដែល​ជា​ថាមពល ជម្រុញឲ្យរូបខ្ញុំបន្តនូវស្មារតី​សេ្នហា​ជាតិ បើ​ទោះ​ជា​រូប​កាយ​ខ្ញុំ​ត្រូវ​បាន​បាត់បង់​សេរីភាព អស់​ជិត ២ឆ្នាំ​មក​ហើយ​ក្ដី។ មិន​មាន​អ្វី​ឡើយ ដែល​អាច​រារាំង​មនោសញ្ចេតនា​របស់​ខ្ញុំ​ដែល​មាន​ចំពោះ​ប្រជាជាតិ​មួយ​នេះ”

លោក កឹម សុខា បន្ត​ថា "ទោះ​បី​ខ្ញុំ​មិន​អាច​ជួប​ជុំ​ប្រជា​ពលរដ្ឋ​ដូច​កាល​ពី​មុន ទោះ​បី​ខ្ញុំ​មិន​អាច​ស្តាប់​ឮ​ដោយ​ផ្ទាល់​នូវ​ទុក្ខ​កង្វល់​របស់​បង​ប្អូន ទោះ​បី​មាន​ឧបសគ្គ​យ៉ាង​ណា បើ​ដរាប​ណា​ព្រះអាទិត្យ​នៅ​តែ​រះ សូម​ប្រជាជាតិ​ខ្មែរ​ជឿ​ចុះ​ថា ខ្ញុំ កឹម សុខា នៅ​តែ​ភ្ញាក់​ឡើង​ទន្ទឹង​រង់ចាំ​ថ្ងៃ​ដែល​បាន​ជួប​ជុំ និង​បម្រើ​ជាតិ​ខ្មែរ​ត​ទៅ​ទៀត"។ នៅ​ក្នុង​ចុង​បញ្ចប់​នៃ​សារ​លោក កឹម សុខា បញ្ជាក់​ជា​ថ្មី​ថា “សេចក្តី​ប្រាថ្នា​សម្រាប់​ខ្ញុំ​ព្រះករុណា ខ្ញុំ ក្នុង​ឱកាស​ថ្ងៃ​ខួប​កំណើត​នេះ គឺ​សេចក្តី​សុខ សន្តិភាព សិទ្ធិ​សេរីភាព វឌ្ឍនភាព និង​យុត្តិធម៌ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ” ។

លោក មេធាវី ផែង ហេង លើក​ឡើង​ថា ការ​ចោទ​ប្រកាន់​លោក កឹម សុខា នេះ​មាន​លក្ខណៈ​នយោបាយ​ច្រើន​ជាង ដូច្នេះ លោក​ស្នើ​ឲ្យ​ដោះ​ស្រាយ​តាម​ផ្លូវ​នយោបាយ ទើប​លោក កឹម សុខា មាន​សេរីភាព​ដើរ​ហើរ​ពេញលេញ​វិញ ពី​ព្រោះ​ថា ស្ថានភាព​ជំងឺ​គាប​សរសៃ​កូន​ក្ដី​របស់​លោក នៅ​តែ​ត្រូវ​ការ​ទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស​ដដែល៖ «ជំងឺ​គាត់​រឿង​គាប​សរសៃ​នៅ​តែ​ចាក់​ដោត ដូច​ជា ប៉ុន្មាន​ខែ​មុន​គាត់​រោយ​ស្មា ហើយ​គាត់​ព្យាយាម​ហាត់​ប្រាណ និង​ធ្វើ​គីណេ​ជា​ដើម»

អ្នកវិភាគលើក​ឡើង​ថា របប​ក្រុង​ភ្នំពេញ​លំបាក​នឹង​ដោះ​លែង លោក កឹម សុខា ពី​ព្រោះ​ថា ការ​ដោះ​លែង​មេ​បក្ស​ប្រឆាំង គឹ​ជា​ការ​ប្រថុយប្រថាន​របស់​គណបក្ស​កាន់​អំណាច ពោល​គឺ ការ​ចាប់​ខ្លួន​លោក កឹម សុខា នេះ គឺ​ជា​ហេតុផល​នយោបាយ​ដ៏​ចម្បង​មួយ ដែល​គណបក្ស​នេះ ចង់​រក្សា​អំណាច​ទៅ​ទៀត​មុខ​បាន​នោះ គឺ​ត្រូវ​កម្ទេច​បក្ស​ប្រឆាំង​ចោល ទោះ​ជា​ត្រូវ​ប្រឈម​នឹង​ទណ្ឌកម្ម​អន្តរជាតិ​យ៉ាង​ណា​ក្ដី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។