សារ​បែក​ធ្លាយ​បង្ហាញ​ថា​បក្ស​កាន់​អំណាច​រៀបចំ​ផែនការ​សម្ងាត់​ទប់ទល់​បក្ស​ប្រឆាំង

ដោយ អាស៊ីសេរី
2017.09.30
រង្ស៊ី ហ៊ុន សែន កឹម សុខា ៦២២ ពីឆ្វេង) លោក កឹម សុខា និងលោក សម រង្ស៊ី កាល​ពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៣ លោក ហ៊ុន សែន និងភរិយា លោកស្រី ប៊ុន រ៉ានី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មុថិនា ឆ្នាំ​២០១៣។
Photo: RFA

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​មួយ​ចំនួន ដែល​ជា​ក្រុម​ការងារ​បក្ស​ប្រជាជន​កម្ពុជា រង​ការ​ចោទ​ប្រកាន់​ថា បាន​ពឹង​បរទេស​ឲ្យ​ជួយ​រៀបចំ​យុទ្ធសាស្ត្រ​ដោយ​សម្ងាត់ ដើម្បី​ទប់ទល់​នឹង​គណបក្ស​ប្រឆាំង។

អ្នក​វិភាគ​នយោបាយ យល់​ឃើញ​ថា ភាព​រង្គោះរង្គើ​របស់​បក្ស​ប្រឆាំង​នៅ​ពេល​នេះ វា​ពុំ​មែន​ជា​ការ​គាប់​ជួន​ទេ ពោល​នេះ​ជា​យុទ្ធសាស្ត្រ របស់​គូ​ភាគី​ដើម្បី​កម្ទេច​បក្ស​ប្រឆាំង នៅ​មុន​ការ​បោះឆ្នោត​មក​ដល់។

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​សារ​បែក​ធ្លាយ​នេះ បដិសេធ​ក្នុង​ការ​អត្ថាធិប្បាយ ខណៈ​មន្ត្រី​២រូប​ផ្សេង​ទៀត ក្នុង​ជួរ​រដ្ឋាភិបាល ពុំ​អាច​ទាក់ទង​បាន​ដើម្បី​ស្នើ​សុំ​ប្រតិកម្ម​ចំពោះ​គម្រោង​ដែល​ថា នឹង​រក​វិធី​ទប់ទល់​បក្ស​ប្រឆាំង​នេះ​នៅ​ឡើយ​ទេ។

លោក ទេព នីថា ដែល​ត្រូវ​បាន​គណនី​ហ្វេសប៊ុក (Facebook) ឈ្មោះ "ធ្លាយ​ហើយបាន​បញ្ចេញ​សារ​សម្ងាត់​ឆ្លើយឆ្លង​ក្នុង​អ៊ីមែល រួម​និង​មន្ត្រី​ជាន់​ខ្ពស់ ២រូប​ផ្សេង បដិសេធ​យ៉ាង​ខ្លី​ក្នុង​ការ​អធិប្បាយ​ចំពោះ​ការ​ចោទ​ប្រកាន់ ដោយ​បង្វែរ​សំណួរ​នេះ ឲ្យ​ទៅ​អ្នក​នាំ​ពាក្យ​គ..ប​វិញ។

សារ​បែក​ធ្លាយ​​មួយ​តាមរយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ “ធ្លាយ​ហើយ” កាល​ពី​ថ្ងៃ​ទី ១៩ កញ្ញា បាន​លាត​ត្រដាង​ពី​ការ​សន្ទនា​តាម​សារ​អេឡិចត្រូនិក ឬ អ៊ីមែល រវាង​មន្ត្រី​មន្ត្រី​សំខាន់​ៗ​មួយ​ចំនួន នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ជា​មួយ​និង​អ្នក​ជំនួញ​បរទេស។ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​លោក ប្រាក់ សុខុន លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រួម​ទាំង​លោក ទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ផង ត្រូវ​បាន​គណនី​ហ្វេសប៊ុក​ឈ្មោះ ធ្លាយ​ហើយ ចុះ​ផ្សាយ​ថា ជា​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​រៀបចំ​ផែនការ​ដ៏​សំខាន់ ក្នុង​ការ​កម្ទេច​បក្ស​ប្រឆាំង។

សារ​បែក​ធ្លាយ ដែល​ឆ្លើយឆ្លង​គ្នា​យ៉ាង​ពិស្ដារ​រវាង​លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​មួយ​និង​លោក អារុន សាវីវ (Aron Shaviv) នៅ​ក្នុង​អំឡុង​ខែ កញ្ញា ឆ្នាំ២០១៦ ស្ដីពី​ការ​ទប់ទល់​និង​ធ្វើ​អោយ​បក្ស​ប្រឆាំង​ត្រូវ​ចុះ​ខ្សោយ​នោះ ពុំបាន​លំអិត​អំពី​វិធី​ជាក់លាក់​របស់​បក្ស​កាន់​អំណាច​នោះ​ទេ

ដោយ​គ្រាន់តែ​បញ្ជាក់​ថា នឹង​បង្ហាញ​នៅ​ក្នុង​ឯកសារ (Slideshow ) ពេលក្រោយ។ ប៉ុន្តែ​សារ​ដែល​បាន​បែក​ធ្លាយ​នេះ ក៏​បាន​ជីក​ឫស​ជីក​គល់​អំពី​ភាព​ខ្លាំង និង​ភាព​ខ្សោយ​របស់​បក្ស​ប្រឆាំង​ដែរ ហើយ​ត្រូវ​រក​ពី​វិធី​ទប់ទល់ តាម​របៀប​ណា​ជាដើម។

ប្រភព​បន្ត​ថា ទាំង​លោក ប្រាក់ សុខុន និង លោក អូន ព័ន្ធមុន្នីរ័ត្ន ដែល​ជា​ក្រុម​ការងារ​បក្ស​កាន់​អំណាច បាន​រៀបចំ​ផែនការ​ដ៏​សម្ងាត់​តាម​អ៊ីមែល ដោយ​ពឹង​បរទេស​​ជា​ជន​ជាតិ​អ៊ីស្រាអែល ឈ្មោះ អារុន សាវីវ ដែល​មាន​តួនាទី​ជា​នាយកប្រតិបត្តិ​របស់​ក្រុមហ៊ុន​មួយ​មាន​ឈ្មោះ​ថា Shaviv Strategy and Campaigns។ សារ​ដែល​បាន​បែក​ធ្លាយ​នេះ បញ្ជាក់​ថា លោក អារុន ព្រម​ទទួល​រៀបចំ​យុទ្ធសាស្ត្រ តាម​ផែនការ​ដែល​បាន​ស្នើ​ឡើង​ដោយ​មន្ត្រី​រដ្ឋាភិបាល​នេះ។

ទោះ​ជា​យ៉ាង​ណា មក​ដល់​ពេល​នេះ មន្ត្រី​ដែល​ពាក់ព័ន្ធ​នឹង​ចោទ​ប្រកាន់​នេះ ពុំ​អាច​ទាក់ទង​ដើម្បី​សុំ​ប្រតិកម្ម​បាន​ភ្លាមៗ​ទេ នៅ​ថ្ងៃ​ទី៣០ខែ កញ្ញា។

លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត មាន​បដិសេធ​ថា លោក​ពុំ​ដែល​បាន​ដឹង​ពី​ផែនការ​សម្ងាត់ ក្នុង​ហេតុផល​នយោបាយ​ណា​មួយ ដែល​មាន​ជាប់​ពាក់ព័ន្ធ​និង​មន្ត្រី​ទាំង​នេះ​ឡើយ។ លោក​បន្ត​ថា មក​ដល់​ពេល​នេះ កុំ​ថា​ឡើយ​គណនី​សំខាន់​ៗ របស់​ស្ថាប័ន​ដទៃ សូម្បី​គេហទំព័រ​ផ្លូវការ របស់​គ..ប និង​គណនី​ហ្វេសប៊ុក​របស់​លោក​ផ្ទាល់​ក៏​មាន​គេ​រំខាន​ដែរ។

អ្នក​ឃ្លាំមើល​ពី​បញ្ហា​សង្គម​លោក​បណ្ឌិត មាស នី សង្កេត​ឃើញ​ថា ការ​បង្ក​ទៅ​ជា​ជម្លោះ​ផ្នែក​នយោបាយ​នេះ ផ្ដើម​ចេញ​ពី​សារ​បែក​ធ្លាយ​តាម​បណ្ដាញ​សង្គម រួច​មក​អ្នក​នយោបាយ យក​បញ្ហា​នេះ​ធ្វើ​ជា​ទុន​ក្នុង​ការ​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក។ បើ​ទោះ​ជា​បែប​ណា អ្នក​វិភាគ​រូប​នេះ នៅ​មិន​ប្រាកដ​ថា​តើ សារ​ដែល​បាន​បែក​ធ្លាយ​ជា​ហូរហែ​នេះ អាច​ជា​ចេតនា របស់​អ្នក​នយោបាយ ឬ​ភាគី​ទីបី​ជា​អ្នក​បញ្ចេញ​នោះ​ឡើយ។

លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ គ​ជប យល់​ឃើញ​ថា លោក​មិន​ចង់​ឃើញ​បុគ្គល​ណា​ម្នាក់ ទម្លាក់​អម្រែក​នៃ​ការ​លាប​ពណ៌​ដ៏​ធ្ងន់​នេះ មក​លើ​មន្ត្រី គ..ប នោះ​ទេ។ លោក​បន្ត​អំពាវនាវ ដោយ​ស្នើ​សូម​ឲ្យ​លោក និង​អ្នក​ផ្សេង​ទៀត អាច​មាន​ពេល​​បំពេញ​កិច្ចការ​ដោយ​ផ្អែក​លើ​បច្ចេកទេស​​បោះឆ្នោត​ដោយ​ស្ងប់​ស្ងាត់​ផង​ទៅ​ចុះ។ លើស​ពី​នេះ​ទៀត មន្ត្រី​នាំ​ពាក្យ​រូប​នេះ មិន​ចង់​ឃើញ​ការ​លាប​ពណ៌​នេះ សូម្បី​មន្ត្រី​ជំនាញ​រៀបចំ​ការ​បោះឆ្នោត ក៏​មិន​លើក​លែង​​​ដែរ។

ក្នុង​ចំណោម​សារ​ឆ្លើយឆ្លង​ទាំង​នោះ​ដែរ គេ​ឃើញ​មាន​សារ​ឆ្លើយឆ្លង​របស់​ជនជាតិ​ប៉ាគីស្ថាន (Pakistan) ឈ្មោះ ចូសេហ្វ ម៉ាត់ស៊ូ (Joseph Matthews) ដែល​គេ​ដឹង​ថា ជា​នាយក​មជ្ឈមណ្ឌល​សិក្សា​អាស៊ាន ហើយ​ដែល​តែង​និយាយ​សរសើរ​ពី​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន ឬ​និយាយ​ការពារ​លោក ហ៊ុន សែន ពី​ការ​រិះគន់​របស់​សហគមន៍​អន្តរជាតិ​នោះ។ លោក​បាន​សរសេរ​ស្នើ​ឲ្យ​លោក ហ៊ុន ម៉ាណែត ជួយ​លោក​ក្នុង​ការ​ទទួល​បាន​សញ្ជាតិ​កម្ពុជា។

ជនជាតិ​ប៉ាគីស្ថាន ដែល​មាន​ភរិយា​ជា​ជនជាតិ​ខ្មែរ​រូប​នេះ ក៏​បាន​អរគុណ​លោក ហ៊ុន ម៉ាណែត ដែល​បាន​ជួយ​ធ្វើ​ឲ្យ​បំណង​របស់​លោក​បាន​សម្រេច។ លោក ចូសេហ្វ ម៉ាត់ស៊ូ បាន​សរសើរ​លោក ហ៊ុន ម៉ាណែត ហើយ​បាន​សន្យា​ថា នឹង​ជួយ​កិច្ចការ​របស់​លោក ហ៊ុន ម៉ាណែត និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​នោះ​ក៏​មាន​ការ​រៀបចំ​យុទ្ធសាស្ត្រ​ដើម្បី​ទទួល​បាន​ជ័យជំនះ​សម្រាប់​ការ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ផង​ដែរ។

អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា ស្ថិត​ក្នុង​កាលៈទេសៈ​ពេល​នេះ អ្វី​ដែល​បក្ស​​កាន់​អំណាច​ធ្វើ​ទៅ​លើ​បក្ស​ប្រឆាំង ប្រាកដ​ណាស់​នេះ​ជា​ផែនការ​យុទ្ធសាស្ត្រ ធ្វើ​យ៉ាង​ណា​ឲ្យ​បក្ស​ប្រឆាំង​ដើរ​ទៅ​មុខ​លែង​រួច។ អ្នក​វិភាគ​នយោបាយ កត់​សំគាល់​ថា សព្វថ្ងៃ​នេះ បក្ស​ប្រឆាំង​ធ្វើ​អ្វី​ក៏​ខុស​ច្បាប់ បើ​ទោះ​ជា​សកម្មភាព​ទាំង​នោះ តស៊ូ​មតិ​តាម​រូបភាព​អហិង្សា ប្រជាធិបតេយ្យ យ៉ាង​ណា​ក្ដី។ សកម្មជន​បក្ស​មួយ​ចំនួន ត្រូវ​រត់​ភៀស​ខ្លួន និង​មួយ​ចំនួន​ទៀត ត្រូវ​ជាប់​បណ្ដឹង​តាម​ផ្លូវ​តុលាការ ក្រោម​បទ​ប្រកាន់​ថា មាន​ជាប់​និន្នាការ​បដិវត្ត​ពណ៌ ក្នុង​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល។ កាល​ពី​ថ្ងៃ​ទី៣ ខែ កញ្ញា លោក កឹម សុខា ប្រមុខ​ដឹកនាំ​បក្ស​ប្រឆាំង​ត្រូវ​បាន​កម្លាំង​នគរបាល ឡោមព័ទ្ធ​ផ្ទះ ហើយ​ចាប់​ខ្លួន​ដោយ​បង្ខំ ទាំង​ពុំ​មាន​ដីកា និង​នៅ​មាន​អភ័យឯកសិទ្ធិសភា​ផង។ ការ​ចាប់​ខ្លួន​ស្រស់​ៗ ដែល​ស្ថិត​ក្រោម​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ​នេះ ក្រោម​ហេតុផល​ថា លោក កឹម សុខា ឃុបឃិត​ជា​មួយ​ជន​បរទេស រៀបចំ​យុទ្ធសាស្ត្រ ក្នុង​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល របស់​លោក ហ៊ុន សែន ។

លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម មាន​ប្រសាសន៍​ថា បញ្ហា​ដែល​កើត​ឡើង​ចំ​ពោះ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ពេល​នេះ គឺ​ជា​ផែនការ​ចាត់តាំង​មួយ​ដ៏​ជាក់លាក់ ពី​បក្ស​នយោបាយ​ផ្សេង​ទៀត។ លោក​បន្ត​ថា មាន​ពេល​ខ្លះ​បើ​ទោះ​ជា​អ្នក​តំណាងរាស្ត្រ​ត្រូវ​បាន​ច្បាប់​រដ្ឋធម្មនុញ្ញ​ការពារ​ក្ដី ក៏​នៅ​តែ​ពុំ​អាច​ធានា​ពី​សិទ្ធិ និង​កាតព្វកិច្ច​របស់​អ្នក​តំណាងរាស្ត្រ​បាន​ដដែល។

យ៉ាង​ណា​ក៏​ដោយ មន្ត្រី​រដ្ឋាភិបាល​តែង​ថ្លែង​ការពារ​ពី​ជំហរ​របស់​ខ្លួន​ថា ការ​ចាប់​ខ្លួន​អ្នក​តំណាងរាស្ត្រ និង​សកម្មជន​របស់​បក្ស​ប្រឆាំង ដោយ​សារ​ពួក​គេ​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ។ ដោយ​ឡែក មន្ត្រី​ក្រសួង​យុត្តិធម៌​វិញ ធ្លាប់​បញ្ជាក់​ថា នៅ​កម្ពុជា​ពុំ​មាន​អ្នក​ទោស​នយោបាយ​ទេ ពោល​មាន​តែ​អ្នក​នយោបាយ​មាន​ទោស។

អ្នក​ច្បាប់​យល់​ឃើញ​ថា ការ​ផ្សព្វផ្សាយ​ការ​សន្ទនា​ឯកជន​បែប​នេះ គឺ​ជា​ការ​រំលោភបំពាន​យ៉ាង​ធ្ងន់​លើ​សិទ្ធិ​​ឯកជន ដែល​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់។ អ្នក​វិភាគ​ចាត់​ទុក​ថា ដោយសារ​អាជ្ញាធរ​មិន​បាន​ស៊ើប​អង្កេត​ករណី​ទាំង​នេះ ទើប​ការ​រំលោភ​ការ​សម្ងាត់​ឯកជន​នេះ​នៅ​តែ​កើត​មាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។