អង្គការ​លីកាដូ ចេញ​សេចក្ដី​ថ្លែងការណ៍​ ​ស្នើ​​រដ្ឋាភិបាល​បិទ​មណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ ក្រោយ​ពី​រក​ឃើញ​មាន​មនុស្ស​ស្លាប់​ជា​បន្តបន្ទាប់​

អង្គការ​លីកាដូ​ស្នើ​ឱ្យ​រដ្ឋាភិបាល​បិទ​មណ្ឌល​សង្គមកិច្ច​ព្រៃស្ពឺ​របស់​រដ្ឋ បន្ទាប់​ពី​រក​ឃើញ​អ្នក​ជាប់​ឃុំ​នៅ​ក្នុង​មណ្ឌល​នេះ​បាន​ស្លាប់​ដោយសារ​ការ​ឃុំខ្លួន​មិន​ត្រឹមត្រូវ​ជា​បន្តបន្ទាប់។ មន្ត្រី​សង្គម​ស៊ីវិល​យល់ថា​ រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ គួរ​បិទ​មណ្ឌល​សង្គមកិច្ច​ទាំង​ឡាយ​ណា​ ដែល​រំលោភ​សិទ្ធិមនុស្ស​ ដោយ​មាន​ការ​ឃុំ​ខ្លួន​ និង​ធ្វើ​ទារុណ​កម្ម​មនុស្ស​។ អង្គ​ការ​ការពារ​សិទ្ធិមនុស្ស​នេះ​ថា រដ្ឋ​ត្រូវ​ធានា​នូវ​សិទ្ធិ​រស់​រាន​មាន​ជីវិត​របស់​ពលរដ្ឋ ទោះ​ពួកគេ​មាន​មុខរបរ​អ្វី​ក៏ដោយ​។

មនុស្ស​ពីរ​នាក់​បាន​ស្លាប់​ ​ពេល​កំពុង​​ឃុំ​ខ្លួន​ដោយ​មិន​ត្រឹមត្រូវ​ក្នុងមណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ​របស់​រដ្ឋ​​ ដែល​ស្ថិត​នៅ​សង្កាត់​ចោមចៅ ខណ្ឌ​​ពោធិ៍​សែន​ជ័យ រាជធានី​​ភ្នំពេញ​ កាលពី​ខែ​សីហា។ នេះ​បើ​យោង​តាម​ សេចក្ដីថ្លែងការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ។ លើស​ពី​នេះ​ អង្គការ​នេះ​ បញ្ជាក់​ថា​ ខ្លួន​មាន​ភស្តុតាង​បង្ហាញ​ថា​ ​មនុស្សជា​ង​​១​០​នាក់​បាន​ស្លាប់ ​​ក្នុងចំណោម​អ្នកជាប់ឃុំ​ទាំងអស់​នៅ​ចន្លោះ​ពី​ខែ​ កក្កដា​ ​និង​​ខែ​សីហា ​​​​កន្លងទៅ។​ ​​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​អំពី​ការ​ស្លាប់ ​ ​អង្គការ​លី​កា​ដូ ​បាន​ដាក់​លិខិត​ស្នើសុំ​ការអនុញ្ញាត​ ​បញ្ជូន​ក្រុម​គ្រូពេទ្យ​ ​វាយ​តម្លៃ​ ​និង​ព្យាបាល​អ្នកជាប់ឃុំ​នៅ​ក្នុងមណ្ឌល​ ​ប៉ុន្តែ ​លិខិត​ស្នើសុំ​ ​ដែល​​ដាក់​ទៅ​មន្ទីរសង្គមកិច្ច​ ​អតីត​យុទ្ធជន​ ​និង​យុ​វ​នីតិសម្បទា​រាជធានី​ភ្នំពេញ​ ​ពុំ​បាន​ទទួល​ការ​ឆ្លើយ​តប​ទេ​ ស្រប​ពេល​ការ​រឹតត្បិត​ក្នុង​ការ​ចូល​ទៅ​កាន់​មណ្ឌល​ព្រៃ​ស្ពឺ​នោះ​នៅ​តែ​បន្ត​កើត​មាន​ដដែល​។ នាយិកា​ទទួលបន្ទុក​កិច្ចការ​ក្រៅ​តំបន់​នៃ​អង្គការ​លី​កា​ដូ អ្នកស្រី​ ​ណា​លី​ ​ពី​ឡូ​ក​ ​​មាន​ប្រសាសន៍​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថា​៖

«​ការ​ស្លាប់​របស់​មនុស្ស​ពីរ​នាក់​នេះ​ ​ជា​បញ្ហា​បន្ថែម​លើ​ ​ការ​រំលោភបំពាន​ ​ការ​ធ្វើ​ទារុណកម្ម​ ​និង​ការ​បាត់បង់ជីវិត​ដែល​មិន​គួរ​កើតមាន​ ​អស់​រយៈពេល​ជិត​ពីរ​ទសវត្សរ៍​មកនេះ​ ​នៅ​ក្នុងមណ្ឌល​ព្រៃ​ស្ពឺ​រាជរដ្ឋាភិបាល​ ​គួរតែ​បិទ​មណ្ឌល​នេះ​តែម្ដង​ ​ហើយ​បញ្ចប់​ភាព​រងគ្រោះ​យ៉ាង​អាក្រក់​ដែល​មិន​គួរ​កើតមាន​នេះ»​​។​

អង្គការ​លី​កា​ដូ ​បាន​ចងក្រង​ឯកសារ​ស្ដីពី​ការ​រំលោភបំពាន​ក្នុង​មណ្ឌល​ព្រៃ​ស្ពឺ​ ​តាំង​ពី​មណ្ឌល​នេះ​​បើក​ដំណើរការ​ក្នុង​ឆ្នាំ២០០៤​ ​និង​បាន​ស្នើសុំ​ជា​សាធារណៈ​ឱ្យ​បិទ​មណ្ឌល​នេះ​វិញ​ កាល​ពី ឆ្នាំ​២០០៨​ បន្ទាប់​រក​ឃើញ​ថា​មាន​ការ​ធ្វើ​ទារុណ​កម្ម​ និង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​។ ​អង្គការ​នេះ ​ស្នើ​ដល់​ឱ្យ​រដ្ឋាភិបាល​បិទ​មណ្ឌល​ព្រៃ​ស្ពឺ​ជាថ្មី​ម្ដងទៀត​ ​​នៅថ្ងៃទី៧ ខែធ្នូ ដើម្បី​​បញ្ចប់​ស្ថានភាព​អាក្រក់​ទៅលើ​​​មនុស្ស​ជាប់​ឃុំ​នៅ​ទីនោះ។​

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បដិសេធ​ធ្វើ​អត្ថាធិប្បាយ​​ ដោយ​បង្វែរ​អោយ​ទៅ​សួរ​ខាង​ក្រសួង​សង្គមកិច្ច​វិញ ព្រោះ​លោក​មិន​បាន​ដឹង​ច្បាស់​ពី​បញ្ហា​នេះ​ និង​មិន​ដឹង​ថា​មណ្ឌល​ព្រៃ​ស្ពឺ​នេះ​ជា​កន្លែង​អ្វី​នោះ​ឡើយ​៖

«អត់​ទាំង​ស្គាល់​មណ្ឌល​ព្រៃ​ស្ពឺ​ហ្នឹង​ផង​ ស្អី​ទៅ​អា​កន្លែង​​ហ្នឹង​ អញ្ជើញ​សួរ​ខាង​សង្គមកិច្ច​ អត់​ដឹង​ក្មួយ​អើយ​ អត់​ដឹង​រលីង​ អត់​ដឹង​សូម​អធ្យាស្រ័យ​»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួងសង្គមកិច្ច លោក តូច ចាន់នី និង​ប្រធាន​មន្ទីរសង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិ​សម្បទា​រាជធានី​ភ្នំពេញ អ្នកស្រី មុំ ចាន់​ដា​នី​ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ​ថ្ងៃ​ទី​ ៧ វិច្ឆិកា ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល​។

អង្គការ​លីកា​ដូ​បញ្ជាក់​ទៀត​ថា​ គិត​ត្រឹម​ខែ​សីហា​ ​ឆ្នាំ​២​០​២​២​ ដែល​ជា​អំឡុង​ពេល​នៃ​ការ​​​កើន​ឡើង​នូវ​អ្នកជាប់ឃុំ​នៅ​ក្នុងមណ្ឌល​ឃុំ​ខ្លួន​ព្រៃ​ស្ពឺ​ ​មាន​​មនុស្សជា​ង​៤រយនាក់(​៤​០​០​) ​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​​មិន​ត្រឹមត្រូវ​ ដោយ​គ្មាន​ការ​យក​ចិត្ត​ទុក​ និង​អើពើ​ពី​បុគ្គលិក​មណ្ឌល ​រហូត​ដល់​មាន​មនុស្ស​ស្លាប់​២នាក់​។​ ​សាក្សី​មួយ​ចំនួន​ ​បញ្ជាក់​ថា​ស្ថានភាព​មណ្ឌល​​ដូច​ឋាន​នរក​ ដោយ​​មាន​​បន្ទប់​ឃុំឃាំង​​ចង្អៀត​ណែន​ខ្លាំង​ ​កង្វះ​ចំណីអាហារ​ ​មាន​ការ​ប្រើ​អំពើ​ហិង្សា​​ដល់​អ្នក​មិន​ស្ដាប់​តាម​ការ​ណែ​នាំ​ ​ខណៈ​ការថែទាំ​សុខភាព​អ្នក​ជាប់​ឃុំ​ ​គឺ​ទទួល​បានតែ​ថ្នាំ​ ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល (Paracetamol) ​​តែ​ប៉ុណ្ណោះ​ ​ទោះបី​ជា​មាន​ជំងឺ​ធ្ងន់ធ្ងរ​យ៉ាងណា ​ក៏ដោយ​​។​

នាយក​ទទួល​បន្ទុក​ចាត់ការ​ទូទៅ​ នៃ​អង្គការ​លីកាដូ ​ លោក អុំ សំអាត បញ្ជាក់ថា បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ក្នុង​មណ្ឌល​សង្គម​កិច្ច​ព្រៃ​ស្ពឺ​នេះ​ មិនមែន​ទើប​តែ​កើត​ឡើង​នោះ​ទេ គឺ​មាន​តាំង​ពី​ឆ្នាំ​ ២០០៤មកម្លេះ ក្រោយ​ពី​មាន​ការ​ស្រាវជ្រាវ​ពី​អង្គការ​លីកាដូ។​ លោក​ថាកន្លងមកមណ្ឌលសង្គមកិច្ចមាន២ កន្លែង គឺ​មណ្ឌល​កោះគរ​ និង​មណ្ឌល​ព្រៃ​ស្ពឺ ប៉ុន្តែ​មណ្ឌល​កោះ​គរ​ត្រូវ​បាន​ក្រសួងសង្គមកិច្ច​បិទ​ក្នុង​ឆ្នាំ ២០០៩ ​ដោយសារ​មាន​មនុស្ស​ស្លាប់ ​ក្រោយ​ពី​មាន​ការ​ធ្វើ​ទារុណកម្ម​ ការ​វាយ​ដំ​ ការ​ឃុំឃាំង​ដោយ​ខុស​ច្បាប់។​ លោក​បន្ត​ថា​ ចន្លោះ​ខែ​កក្កដា​ និង​ខែ​សីហា កន្លង​ទៅ​ថ្មីៗនេះ អង្គការ​លីកាដូ បាន​សិក្សា​ស្រាវជ្រាវ​ដោយ​មាន​សាក្សី និង​ភស្តុតាង​ បង្ហាញ​ថា​មាន​ការ​ស្លាប់​មនុស្ស​ជាង​១០​នាក់​ និង​ក្រោយ​មក​២​នាក់​​បាន​ស្លាប់​បន្ថែម​ទៀត​។ លោក​បន្ថែម​ថា មណ្ឌល​ព្រៃ​ស្ពឺ ភាគ​ច្រើន​ដាក់​មនុស្ស​អនាថា អ្នក​សុំ​ទាន​ ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ ដែល​ប្រមូល​ពី​តាម​ដង​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​ផ្ទុយ​ពី​គោល​បំណង​ នៃ​មណ្ឌល​សង្គមកិច្ច​ យុវៈ​នីតិ​សម្បទា​ ដែល​ជា​កន្លែង​សម្រាប់​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ដល់​អ្នក​គ្មាន​មុខរបរ​ អោយ​មាន​ជំនាញ​ទៅ​បង្កើត​មុខ​របរ​ដោយ​ស្ម័គ្រចិត្ត​។

លោក អំ សំអាត បញ្ជាក់​ថា​ កន្លងមក​អង្គការ​សិទ្ធិ​មនុស្ស​បាន​ផ្ដល់​អនុសាសន៍​ជា​ច្រើន​ ដើម្បី​អោយ​មាន​ការ​កែប្រែ​ ប៉ុន្តែ​គ្មាន​ការ​កែប្រែ​ទាក់ទង​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ឡើយ​។ លោក អំ សំអាត អំពាវនាវ​ដល់​រដ្ឋាភិបាល​អោយ​បិទ​មណ្ឌល​ទាំង​ឡាយ​ណា​ ដែល​មាន​លក្ខណៈ​ដូច​មណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ​៖

«កាល​ណា​គេ​មិន​ស្ម័គ្រចិត្ត​នៅ​ ហើយ​យើង​ធ្វើការ​ឃាត់​គេ​ទុក​ វា​ស្មើ​នឹង​ការ​ឃុំ​ខ្លួន​ដោយ​មិន​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​ ព្រោះ​ការ​ឃុំ​ខ្លួន​តាម​ផ្លូវ​ច្បាប់​បាន​ វា​មាន​តែ​ពន្ធនាគារ​ ឬ​មណ្ឌល​អប់រំ​កែ​ប្រែ​ដែល​សម្រេច​ចេញ​ដីកា​ឃុំ​ដោយ​តុលាការ​ទេ​។ អ៊ីចឹង​គ្មាន​កន្លែង​ណា​មួយ​ ដែល​ធ្វើការ​ឃុំ​ខ្លួន​ដក​សេរីភាព​ របស់​មនុស្ស​ដោយ​ខុស​ច្បាប់​ទេ​។ បញ្ហា​ទី​២ មនុស្ស​ឈឺ​ទោះ​បី​ជា​ឈឺ​ពី​ខាង​ក្រៅ​ក៏​ដោយ​ កន្លែង​យក​ទៅ​ មិនមែន​កន្លែង​មណ្ឌល​ទេ​ គាត់​ឈឺ​ គឺ​មន្ទីរពេទ្យ​ ដែល​ត្រូវ​បញ្ជូន​ ហើយ​បើ​មាន​ការ​ឈឺ​នៅ​ក្នុង​មណ្ឌល​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ មិន​អាច​ទុក​មនុស្ស​អោយ​ស្លាប់​ក្នុង​មណ្ឌល​ទេ​ អា​ហ្នឹង​ដែល​យើង​ចាត់​ទុក​ថា​ជា​ការ​រំលោភ​បំពាន​»។

កន្លងមក​អង្គការ​លី​កា​ដូ ​និង​អង្គការ​សិទ្ធិ​មនុស្ស​ជា​ច្រើន​ទៀត​ រួម​ទាំង​ ​អង្គការលើ​ក​លែងទោស​អន្តរជាតិ​ ​និង​ការិយាល័យ​សិទ្ធិមនុស្ស​ នៃ​អង្គការសហប្រជាជាតិ​ ​បាន​លើកឡើង​ម្ដង​ហើយ​ម្ដងទៀត​អំពី​ ​កង្វល់​ជុំវិញ​ការ​រំលោភបំពាន​ ​និង​ការ​ស្លាប់​ដែល​គួរតែ​អាច​ការពារ​បាន​នៅ​ក្នុងមណ្ឌល​ព្រៃ​ស្ពឺ​។​

ក្នុង​ឆ្នាំ​២០០៨ បន្ទាប់ពី​មណ្ឌល​នេះ​ត្រូវ​បាន​បិទ​ជា​បណ្ដោះ​អាសន្ន​ ដោយសារ​មានការ​រាយការណ៍​ពី​ការ​រំលោភបំពាន​ ​ហើយ​អង្គការ​លី​កា​ដូ ក៏​​ បាន​ចងក្រង​ឯកសារ​របស់​អ្នកជាប់ឃុំ ដែល​បាន​សរសេរ​នៅ​លើ​ជញ្ជាំង​នៃ​មណ្ឌល​ ​ដែល​បាន​រៀបរាប់​ពី​ការ​ឃុំ​ខ្លួន​ ​និង​ការ​រំលោភបំពាន​​ផ្សេង​ៗ​ពី​បុគ្គលិក​មណ្ឌល​ ដោយ​មាន​ខ្លឹមសារ​ថា«​អនុស្សាវរីយ៍​ដែល​ខ្ញុំ​រស់នៅ​ក្នុង​អំពើ​ភេរវកម្ម​ក្រោម​ការជិះជាន់» ​​ «​ជីវិត​ដូច​នរក​» និង​«អាណិត​ខ្លួន​​​ ​ជួយ​ផង​»។ ​​

អង្គការ​លី​កា​ដូ ​បាន​ចងក្រង​ឯកសារ​ជា​ច្រើន​តាំង​ពី​មណ្ឌល​នេះ​​បើក​ដំណើរការ​ក្នុង​ឆ្នាំ២០០៤ ដល់​សព្វ​ថ្ងៃ ស្ដីពី​ការ​រំលោភបំពាន​ក្នុង​មណ្ឌល​ព្រៃ​ស្ពឺ​ រួម​មាន​ ​ការ​វាយដំ​ ​ការ​ស្លាប់​ ​ការ​ធ្វើ​អត្តឃាត​ ​ភាព​ចង្អៀត​ណែន​ខ្លាំង​ ​កង្វះ​អាហារ​និង ​ការ​ព្យាយាម​រត់ចេញ​របស់​អ្នកជាប់ឃុំ​ ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។