អាជ្ញាធរ​មូលដ្ឋាន​នៅ​ខេត្ត​កំពង់ចាម​រារាំង​​សកម្មជន​បក្ស​ភ្លើង​ទៀន​មិន​ឱ្យ​លើក​ស្លាក​គណបក្ស

0:00 / 0:00

អាជ្ញាធរ​មូលដ្ឋាន​នៅ​ស្រុក​ចម្ការ​លើ​ខេត្ត​កំពង់ចាម រារាំង​​សកម្មជន​គណបក្ស​ភ្លើង​ទៀន​មិន​ឱ្យ​​លើក​ស្លាក​គណបក្ស​​នៅ​តាម​ចិញ្ចើម​ផ្លូវ​សាធារណៈ​នៅ​ព្រឹក​ថ្ងៃ​ទី​២១​កុម្ភៈ។ ​សកម្មជន​បក្ស​ភ្លើង​ទៀន ​ចាត់​ទុក​សកម្មភាព​របស់​អាជ្ញាធរ​បក្ស​កាន់​អំណាច​នេះ​ថា ​ជា​ការ​អនុវត្ត​ផ្ទុយ​ពី​ការ​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ និង ​បទ​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន។

សកម្មជន​គណបក្ស​ភ្លើង​ទៀន​​ស្រុក​ចម្ការ​លើ សោកស្ដាយ ដែល​មេភូមិ​និង​អាជ្ញាធរ​ឃុំ​​បក្ស​កាន់​អំណាច​ បាន​រារាំង​និង​បញ្ជូន​សមត្ថកិច្ច​ជា​ច្រើន​នាក់​តាម​ឃ្លាំមើល​ពួក​លោក​លើក​ស្លាក​គណបក្ស​​ជា​បន្ត​បន្ទាប់។

ប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើង​ទៀន ស្រុក​ចម្ការ​លើ លោក សយ ស៊ីថាត ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២១ កុម្ភៈ​ថា មេភូមិ​តាអុង ឈ្មោះ ហ៊ាង និង​ជំទប់​ទី១ ឃុំ​តាអុង គឺ​លោក ទី គឹមឆឺយ បាន​រារាំង និង​ដើរ​អុកឡុក​រំខាន​ដល់​ពួក​លោក​មិន​ឱ្យ​លើក​ស្លាក​គណបក្ស​នៅ​តាម​ដង​ផ្លូវ​ក្នុង​ភូមិ​តាអុង នៅ​ព្រឹក​ថ្ងៃ​ទី២១ កុម្ភៈ។ លោក​បញ្ជាក់​ថា នៅ​ពេល​នោះ​ជំទប់​ទី១ បក្ស​កាន់​អំណាច​រូប​នេះ​បាន​ហាមឃាត់​ពួក​លោក​មិន​ឱ្យ​លើក​ស្លាក​គណបក្ស ក្រោម​លេស​ថា ពួក​លោក​លើក​ស្លាក​គណបក្ស​ទទឹង​ផ្លូវ ប៉ុន្តែ​លោក​បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។ លោក​ចាត់​ទុក​សកម្មជន​របស់​អាជ្ញាធរ​បក្ស​កាន់​អំណាច​នេះ​ថា ជា​ការ​​​បង្ក​ការ​រំខាន​និង​អនុវត្ត​ផ្ទុយ​ពី​ការ​ណែនាំ​របស់​ក្រសួង​មហា​ផ្ទៃ និង​បទ​បញ្ជា​របស់​លោក ហ៊ុន សែន៖ «ខ្ញុំ​លើក​នៅ​តាម​ផ្លូវ​លំ​ហ្នឹង​គឺ​ចូល​ទៅ​ក្នុង នៅ​ក្បែរ​ផ្សារ​តាអុង​ហ្នឹង​ ហើយ​ក៏​មាន​ស្លាក​​ស្រាបៀ​ក៏​មាន​បង្គោល​ភ្លើង​ តែ​ខ្ញុំ​លើក​ចូល​ទៅ​ខាង​ក្នុង​ទៀត មិន​មែន​ដាក់​ទន្ទឹម​នឹង​បង្គោល​ភ្លើង​ទេ។ ខ្ញុំ​ថា​បើ​សិន​ជា​ការ​ណា​គេ​ដក​បង្គោល​ភ្លើង​ខ្ញុំ​ក៏​ដក​ដែរ ប៉ុន្តែ​ជា​ចេតនា​របស់​គាត់​គឺ​តែង​មាន​លេស​ហេតុ​ផល​សព្វ​គ្រប់​ហ្មង។ ក្រសួង​មហា​ផ្ទៃ​ដែល​ជា​ស្ថាប័ន​គ្រប់​គ្រង​លើ​មន្ត្រី​សាលា​ឃុំ​ទាំង​អស់​សូម​ឱ្យ​លោក​ជួយ​ណែនាំ​ពន្យល់​លោក​ខាង​ក្រោម​ហ្នឹង​ឱ្យ​ចេះ​ច្បាប់​ផង កុំ​ឱ្យ​មក​ដើរ​រារាំង​តាម​អំពើ​ចិត្ត​អីចឹង​ ប្រទេស​មាន​ច្បាប់ »

លោក​បន្ថែម​ថា ក្រៅ​អំពី​មេភូមិ​និង​អាជ្ញាធរ​ឃុំ​រារាំង​​ពួក​លោក​មិន​ឱ្យ​លើក​ស្លាក​គណបក្ស​នយោបាយ​ហើយ ក៏​មាន​ប៉ូលិស​ស្រុក​ចំការ​លើ​ចំនួន ៤នាក់​បាន​ស្លៀក​ពាក់​ស៊ីវិល បាន​ដើរ​ថត​រូប​និង​តាម​ឃ្លាំមើល​​ពួក​លោក​រហូត​ដែរ។

ទាក់​ទង​នឹង​បញ្ហា​នេះ​ជំទប់​ទី​១​ឃុំ​តាអុង លោក ទី គឹមឆឺយ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ​លោក​មិន​មាន​ចេតនា​ទៅ​រារាំង​ដល់​សកម្មជន​បក្ស​ភ្លើងទៀន​មិន​ឱ្យ​ស្លាក​គណបក្ស​​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។ លោក​បញ្ជាក់​ថា ​​​លោក​គ្រាន់​តែ​​ប្រាប់​មិន​ឱ្យ​​សកម្មជន​ទាំង​នោះ​​លើក​ស្លាក​​គណបក្ស​​កៀក​​ផ្លូវ​សាធារណៈ ដែល​​​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់​ធ្នាប់​។​ម្យ៉ាង​ទៀត​​លោក​​ថា អាជ្ញាធរ​មាន​គម្រោង​ពង្រីក​ផ្លូវ​នៅ​តំបន់​នោះ ​​ដែល​ឈូស​ឆាយ​ពង្រីក​ផ្លូវ​​អាច​នឹង​ប៉ះពាល់​​​លើ​ស្លាក​គណបក្ស​​នាំ​ឱ្យ​​ការ​ប្ដឹង​តវ៉ា​គ្នា​នៅ​ថ្ងៃ​ខាង​មុខ៖ «ខ្ញុំ​គ្រាន់​តែ​ប្រាប់​ថា ឈឿន ឯង​នៅ​តា​អុង​ហ្នឹង ឈឿន ឯង ប្រហែល​តែ​ជា​ដឹង​ថា ផ្លូវ​ហ្នឹង អាច​ឡើង​ទៅ​ជា​ក្រាល​កៅស៊ូ។ ប៉ុណ្ណឹង​ខ្ញុំ​អត់​មាន​ទៅ​ថា មិន​ឱ្យ​លើក​អី គឺ​អត់​មាន​និយាយ​ទេ​ ស្រាប់​តែ​ពួក​គាត់​ហ្នឹង​សុទ្ធតែ​ខ្ញុំ​ឯណា​យក​នីតិ​មាត់​មក​និយាយ។ ខ្ញុំ​ថា និយាយ​ម៉េច​ឥឡូវ​លោក​ឯង​មាន​សិទ្ធិ​ខ្ញុំ​អត់​​ឃាត់​ទេ​សិទ្ធិ​របស់​លោក​ឯង គណបក្ស​នយោបាយ​លោក​ឯង​ ប៉ុន្តែ​សិទ្ធិ ក៏​មាន​កំណត់​ក្នុង​ព្រំដែន​ច្បាប់​ដែរ បើ​លោក​ឯង​និយាយ​អីចឹង។ ឥឡូវ​លោក​ឯង​សាក​លើក​ស្លាក​គណបក្ស​លោក​ឯង​ដាក់​កាត់​ទទឹង​ផ្លូវ​មើល​ តើ​គេ​អនុញ្ញាត​ឬ​អត់​ទេ​ច្បាប់​នោះ »

ក្នុង​វីដេអូ​ឃ្លិប​ដែល​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បង្ហាញ​អំពី​សកម្មភាព​របស់​ជំទប់​ទី​១​ឃុំ​តាអុង លោក ទី គឹមឆឺយ បាន​ប្រកែក​តឹង​សរសៃ​ក​ជា​មួយ​ក្រុម​​សកម្មជន​បក្ស​ភ្លើងទៀន​ ដែល​មាន​គ្នា​ប្រមាណ ២០នាក់​​​កំពុង​លើក​ស្លាក​គណបក្ស​នៅ​ខាង​ក្រោយ​បង្គោល​អគ្គិសនី និង​មាន​បដា​ឃោសនា​របស់​ក្រុម​ហ៊ុន​​ទូរស័ព្ទ​​នៅ​ក្បែរ​នោះ​។ នៅ​​​គ្រា​នោះ​អាជ្ញាធរ​ឃុំ​រូប​នេះ​បាន​ចោទ​សកម្មជន​ទាំង​នោះ​ថា នាំ​គ្នា​លើក​ស្លាក​គណបក្ស​ខុស​ពី​​លិខិត​ដែល​ពួកគេ​ស្នើ​​ទៅ​អាជ្ញាធរ​ឃុំ។ យ៉ាង​ណា​ក្រុម​បក្ស​ប្រឆាំង​ទាំង​នោះ​មិន​បាន​ធ្វើ​តាម​ការ​រារាំង​របស់​អាជ្ញាធរ​ឃុំ​នោះ​ទេ ដោយ​ពួក​គេ​បន្ត​លើក​ស្លាក​គណបក្ស​របស់​ខ្លួន​បាន​ជោគជ័យ។

ជុំ​វិញ​រឿង​នេះ ​នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិក (NICFEC) លោក សំ គន្ធាមី​ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ធ្វើ​បែប​នេះ​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ ពីព្រោះ​ជា​ការ​រារាំង​ដល់​ការ​ធ្វើ​សកម្មភាព​នយោបាយ​របស់​គណបក្ស​​ភ្លើង​ទៀន​នេះ ផ្ទុយ​ពី​បទ​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «លើក​ហេតុ​ផល​បែប​ហ្នឹង​មិន​មាន​ហេតុ​ផល​សមរម្យ​ទេ​ សុខ​ចិត្ត​សម្រួល​ឱ្យ​គេ​លើក​ទៅ ហើយ​នាយករដ្ឋមន្ត្រី​អី​ទើប​មាន​ប្រសាសន៍​ថ្មីៗ នេះ​តើ​រឿង​អស់​ហ្នឹង។ វា​គឺ​ជា​ការ​រារាំង​មួយ​មិន​ឱ្យ​គេ​ធ្វើ​សកម្មភាព​នយោបាយ »

កាល​ពី​ថ្ងៃ​ទី១៦ កុម្ភៈ លោក ហ៊ុន សែន បាន​បញ្ជា​​​​​​ដល់​អាជ្ញាធរ​​​គ្រប់​លំដាប់​ថ្នាក់​ឱ្យ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​គណ​បក្ស​នយោបាយ ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​​ទាំង​អស់ អាច​ជួបជុំ​គ្នា ឬ​លើក​ស្លាក​គណបក្ស​ដោយ​ស្មើ​ភាព​គ្នា។ លោក បញ្ជាក់​ថា ថ្វីត្បិត​តែ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ពេល​យូរ​ទៀត​ តែ​​គណ​បក្ស​នយោបាយ ត្រូវ​ការ​ជួបជុំ​គ្នា ការ​រៀបចំ​បេក្ខភាព ឬ​លើក​ស្លាក ដូច្នេះ​អាជ្ញាធរ​មិន​ត្រូវ​បង្ក​ការ​លំបាក ឬ​រើសអើង​ឡើយ។

ទោះបីជា​យ៉ាង​ណា​ក្ដី ប្រធាន​ស្ដី​ទី​គណបក្ស​ភ្លើង​ទៀន​លោក ថាច់ សេដ្ឋា លើក​ឡើង​ថា អាជ្ញាធរ​តាម​មូលដ្ឋាន​នៅ​តែ​បន្ត​រើសអើង និង​បង្ក​ការ​លំបាក​ដល់​គណបក្ស​ភ្លើង​ទៀន​ដដែល និង​កាន់​តែ​ខ្លាំង​ជាង​មុន​ទៅ​ទៀត ពិសេស​នៅ​ខេត្ត​ត្បូងឃ្មុំ​ និង​ខេត្ត​សៀមរាប។ លោក ថាច់ សេដ្ឋា ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដាក់​ទោស​ទណ្ឌ ចំពោះ​អាជ្ញាធរ​ទាំង​ឡាយ ដែល​បាន​បង្ក​ការ​លំបាក និង​រើស​អើង​សកម្មភាព​គណបក្ស​នយោបាយ​ដល់​គណបក្ស​ដទៃ៖

«ទោះបីជា​មាន​បទ​បញ្ជា​ពី​នាយក​រដ្ឋមន្ត្រី ក៏​ដោយ​ក៏​យើង​ឃើញ​នៅ​មូលដ្ឋាន​ហ្នឹង ក៏​យើង​ឃើញ​ថា អាជ្ញាធរ និង​គណបក្ស​កាន់​អំណាច​ដូចជា នៅ​ខ្វល់ខ្វាយ​ក្នុង​ការ​ទប់​ស្កាត់​ដដែល។ ប៉ុន្តែ​ក្រោយ​ការ​តវ៉ា​ទៅ​យើង​ជម្នះ​យើង​លើក​ស្លាក​បាន »។

លោក ថាច់ សេដ្ឋា ថ្លែង​ថា គណបក្ស​ភ្លើង​ទៀន​មិន​ទាន់​សម្រេច​ថា នឹង​ចូលរួម​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នៅ​ឡើយ ដោយ​គណបក្ស​កំពុង​ពង្រឹង​កម្លាំង​នៅ​តាម​មូលដ្ឋាន​នៅ​ទូទាំង​ប្រទេស។

ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី៥ នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី៥ ខែ​មិថុនា​ខាង​មុខ។​ការ​បោះ​ឆ្នោត​នេះ​មាន​គណបក្ស​នយោបាយ​ជាង ៤០គណបក្ស ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ និង​ប្រជាពលរដ្ឋ​ជាង​៩​លាន​២សែន​នាក់​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត។ អគ្គលេខាធិការ​រង គ.ជ.ប លោក សោម សូរីដា ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ​ មាន​ការិយាល័យ​បោះ​ឆ្នោត​​សរុប ២៣.៦០២ការិយាល័យ និង​មាន​អាសនៈ​សមាជិក ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ១១.១២២អាសនៈ ក្នុង​ចំណោម​ឃុំ​សង្កាត់ ១.៦៥២ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស៕