លោក លឺ ឡាយស្រេង វិល​ចូល​កម្ពុជា​ដោយ​សុវត្ថិភាព ក្រោយ​លោក ហ៊ុន សែន ប្រកាស​មិន​យក​ទោស​ពៃរ៍

អតីត​ឧបនាយករដ្ឋមន្ត្រី​លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ដែល​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ជិត ២​ឆ្នាំ ដើម្បី​គេច​ពី​ការ​ចាប់ខ្លួន​ក្រោយ​របប​ក្រុងភ្នំពេញ​នោះ ឥលូវ​នេះ​លោក​បាន​ចូល​ប្រទេស​កម្ពុជា​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី៧ខែ​មេសា​នេះ។

លោក លឺ ឡាយស្រេង បាន​ជាប់ប្ដឹង ​​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ និង​បរិហារកេរ្តិ៍​គណបក្ស​កាន់​អំណាច តាម​ទូរស័ព្ទ​កាល​ពី​ឆ្នាំ​២០១៧។

ការ​សម្រេច​វិល​ចូល​កម្ពុជា​វិញ​នេះបន្ទាប់​ពី​លោក ហ៊ុន សែន ប្រកាស​ធានា​ពី​សុវត្ថិភាពមិន​ឱ្យ​ចាប់ឬ​ធ្វើ​បាប​នោះ​ទេប៉ុន្តែ​លោក​បង្គាប់​ឱ្យ​លោក​ព្រឹទ្ធាចារ្យឈប់​រិះគន់​របប​ដឹកនាំ​របស់​លោកនិង​ត្រូវ​រស់នៅ​ស្ងប់ស្ងាត់ឬ​ទៅ​វត្ត​រក្សាសីលបើ​មិន​ចង់​មាន​រឿង​ម្ដង​ទៀត។

បន្ទាប់​ពី​ចូល​ដល់​ទឹកដី​កម្ពុជា​ភ្លាម លោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង បង្ហាញ​អារម្មណ៍​រំភើប​រីករាយនិង​អះអាង​ថាមិន​មាន​បញ្ហា​អ្វី​នោះ​ទេ ។ លោក​ក៏​បាន​សម្ដែង​ការ​អរគុណនិង​ជូនពរដល់​សម្ដេច​ម៉ែ ព្រះមហាក្សត្រ រួមទាំងលោក ហ៊ុន សែន និង​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ឱ្យ​ជួប​តែ សេចក្ដី​សុខនិង​សំណាង​ល្អ។

កាលពី​ខែ​តុលា ឆ្នាំ​២០១៧ លោក លឺ ឡាយស្រេង បាន​បង្ខំចិត្ត​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស បន្ទាប់ពី​លោក ហ៊ុន សែន និង​មន្ត្រី​កំពូល​ៗ​របស់​លោក​ព្រួត​គ្នា​ប្ដឹង​លោក​ទៅ​តុលាការ​ដោយ​ចោទ​ថា លោក​ប្រមាថ​ព្រះមហាក្សត្រ និង​បរិហារកេរ្តិ៍​បក្ស​កាន់អំណាច និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ ការ​ប្តឹង​នេះ​បន្ទាប់ពី​គណនី​ហ្វេសប៊ុក​ឈ្មោះ ``​ សីហា​ `` ដែល​ស្និទ្ធ​នឹង​របប​ភ្នំពេញ​បាន​លួច​បញ្ចេញ​សារ​សន្ទនា​តាម​ទូរស័ព្ទ​របស់​លោក លឺ ឡាយស្រេង ជាមួយ​អតីតមន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដូចគ្នា​ គឺ​អ្នកស្រី គី លម្អង។ សារ​សន្ទនា​តាម​ទូរស័ព្ទ​នោះ​លោក លឺ ឡាយស្រេង និយាយ​ថា ប្រសិន​បើ​ព្រះមហាក្សត្រ​ទ្រង់​មិន​អាច​អន្តរាគមន៍​ដោះស្រាយ​វិបត្តិ​នយោបាយ​នេះ​បាន​ទេ ទ្រង់​គួរ​ដាក់រាជ្យ​វិញ​ទៅ និង​និយាយ​ថា លោក ហ៊ុន សែន បាន​ផ្ដល់​លុយ​ឱ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដើម្បី​ចូលរួម​កម្ទេច​បក្ស​ប្រឆាំង។

សំណុំ​រឿង​នេះ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​លោក លឺ ឡាយស្រេង កំបាំងមុខ​ដោយ​បង្គាប់​ឱ្យ​សងជំងឺចិត្ត​លោក ហ៊ុន សែន ចំនួន ៥០០​លាន​រៀល (ប្រហែល​ជាង១​សែន​ដុល្លារ​អាមេរិក) និង​ពិន័យ ៨​លាន​រៀល​ផ្សេងទៀត​ចូល​រដ្ឋ (ប្រហែល ២​ពាន់​ដុល្លារ​​អាមេរិក)។

លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ដែល​ធ្លាប់​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍ​ជនបទ​ពី​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច​ផង​ដែរ​នោះឱ្យ​ដឹង​ថា លោក​នឹង​ប្រើប្រាស់​ជីវិត ចុងក្រោយរបស់លោក ​រស់នៅ​ដោយ​ស្ងប់ស្ងាត់​នៅ​គេហដ្ឋាន​របស់​លោក​ស្ថិតនៅ​ភ្នំ​ស្រង់ ក្នុងស្រុក​គង់​ពិសី ខេត្ត​កំពង់ស្ពឺ ហើយ​នឹង​បង្កើត​មូលនិធិ​មួយ​ដើម្បី​ជួយ​ចិញ្ចឹម​មនុស្ស​ចាស់ជរា​ដែល​គ្មាន​ទីពឹង​នៅ​ទីនោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។