ក្រុម​សមាជិកសភា​ម៉ាឡេស៊ី​រិះគន់​មន្ត្រី​ស្ថាប័ន​បោះឆ្នោត​ខ្លួន​ដែល​សរសើរ​ការ​បោះឆ្នោត​កម្ពុជា

0:00 / 0:00

ក្រុម​សមាជិកសភា​ម៉ាឡេស៊ី (Malaysia) នៃ​គណបក្ស​កាន់​អំណាច បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួមគ្នា​មួយ រិះគន់​លោក យូសប ម៉ាន់សូទ (Md Yusop Mansor) សមាជិក​គណៈកម្មាធិការ​បោះឆ្នោត​ម៉ាឡេស៊ី ដែល​លោក​វាយតម្លៃ​ការបោះឆ្នោត​នៅ​កម្ពុជា ថា ជា​ការ​បោះឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ​នោះ ថា ជា​ការគួរ​ឲ្យ​អស់សំណើច និង​ធ្វើ​ឲ្យ​ប្រទេស​ម៉ាឡេស៊ី រង​ការ​អាម៉ាស់។

សេចក្ដីថ្លែងការណ៍​រួម​របស់ លោក វង់ ឆិន (Wong Chen) និង​លោក លោក ឆាល សាន់ទីយ៉ាហ្គោ (Charles Santiago) ដែល​ជា​សមាជិក​គណៈកម្មាធិការ​ប្រជាធិបតេយ្យ​សិទ្ធិ​មនុស្ស​អាស៊ាន ដែល​សារព័ត៌មាន​ម៉ាឡេស៊ី ឈ្មោះ​ម៉ាឡេស៊ីគីនី (Malaysiakini) បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១ សីហា ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ម៉ាឡេស៊ី ត្រូវ​ធ្វើ​កំណែ​ទម្រង់​គណៈកម្មាធិការ​បោះឆ្នោត​ម៉ាឡេស៊ី​ជាបន្ទាន់ ដើម្បី​ធានា​ថា គណៈកម្មាធិការ​បោះឆ្នោត ជា​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​ដោយ​ត្រឹមត្រូវ សេរី និង តម្លាភាព។

សេចក្ដីថ្លែងការណ៍​នេះ បន្ថែម​ថា ពួកគាត់​យល់ អំពី​ការ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​នៅ​ក្នុង​តំបន់ ប៉ុន្តែ​សមាជិកសភា​ទាំងនេះ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ថ្មី​ម៉ាឡេស៊ី ត្រូវ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ នៅ​អាស៊ាន ដែល​ស្របតាម​ធម្មនុញ្ញ​របស់​អាស៊ាន។

សេចក្ដីថ្លែងការណ៍​ក៏​សង្កត់ធ្ងន់​ថា គោលនយោបាយ​មិន​ជ្រៀតជ្រែក​នេះ ក៏​មានន័យថា គេ​មិន​អាច​បញ្ជូន​អ្នកសង្កេតការណ៍​ទៅ​កម្ពុជា ដើម្បី​គាំទ្រ​ការបោះឆ្នោត​ដែល មិន​យុត្តិធម៌ និង​គ្មាន​ប្រជាធិបតេយ្យ ដែល​រៀបចំឡើង​ដោយ​របប​លោក ហ៊ុន សែន នោះ​ដែរ។

សមាជិកសភា​ម៉ាឡេស៊ី បាន​បញ្ចេញ​ប្រតិកម្ម​បែបនេះ នៅ​បន្ទាប់ពី លោក យូសប ម៉ាន់សូទ (Md Yusop Mansor) និង​អ្នកសង្កេតការណ៍​ឥណ្ឌា បាន​ផ្ដល់​សម្ភាសន៍​ដល់​សារព័ត៌មាន​សិង្ហបុរី The Channel News Asia ដែល​និយាយ​ថា ការបោះឆ្នោត​នៅ​កម្ពុជា ដំណើរការ​ទៅ​ដោយ​តម្លាភាព យុត្តិធម៌ ប្រជាធិបតេយ្យ និង​គួរ​ឲ្យ​ទុកចិត្ត។

ក្រុម​សមាជិកសភា​ទាំងនេះ អះអាង​ថា ការបោះឆ្នោត​នៅ​កម្ពុជា គឺជា​ការបោះឆ្នោត ដែល​ធ្វើឡើង​មិន​ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ សេរី ត្រឹមត្រូវ និង យុត្តិធម៌​នោះ​ឡើយ ដោយសារ នៅ​មុន​ពេល​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៧ របប​លោក ហ៊ុន សែន បាន​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ក្នុង​នោះ​មាន​ស្ថានីយ​វិទ្យុ​ជាច្រើន និង​បិទ​កាសែត​ជា​ភាសាអង់គ្លេស​ឈានមុខ​គេ​នៅ​កម្ពុជា គឺ កាសែត The Cambodia Daily ជាដើម។ ក្រៅ​ពី​នេះ​ទៀត គណបក្សប្រឆាំង​ដ៏​ធំ​ជាង​គេ ត្រូវ​បាន​រំលាយ និង​ចាប់ខ្លួន​ប្រធាន​គណបក្ស​នេះ គឺ​លោក កឹម សុខា ដាក់​ពន្ធនាគារ ដោយ​ចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល។ ហើយ​របប​លោក ហ៊ុន សែន ក៏​រង​ការចោទប្រកាន់​ពី​ការប្រើប្រាស់​ថវិកា​ទិញ​ទឹកចិត្ត​កម្មករ និង​បញ្ជា​ឲ្យ​និយោជក អនុញ្ញាត​ឲ្យ​កម្មករ​ឈប់​សម្រាក​រយៈពេល​៣​ថ្ងៃ ដើម្បី​ត្រៀម​ទៅ​បោះឆ្នោត និង​ការទិញ​ទឹកចិត្ត​ផ្សេងៗ​ទៀត ដើម្បី​ធ្វើ​យ៉ាងណា ឲ្យ​មាន​ចំនួន​អ្នក​ចេញទៅ​បោះឆ្នោត ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​កម្ពុជា (គ.ជ.ប) បាន​ចេញ​លទ្ធផល​បណ្ដោះ​អាសន្ន ថា ចំនួន​អ្នក​ទៅ​បោះឆ្នោត​មាន​ចំនួន​ច្រើន គឺ​មាន​ជាង ៨២% ហើយ​បាន​អះអាង​ថា​ខ្លួន បាន​អញ្ជើញ​អ្នកសង្កេតការណ៍​អន្តរជាតិ​ចំនួន​២២០ នាក់​មកពី ៥២​ប្រទេស។

ទោះជា​យ៉ាង​នេះ​ក្ដី​អ្នកស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ Australia's Griffith University នៅ​អាស៊ីអាគ្នេយ៍ លោក លី ម័រហ្គែនបេះស័រ (Lee Morgenbesser) បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន រ៉យទ័រ (Reuters) ថា ក្រុម​សង្កេតការណ៍​ទាំងនេះ មួយ​ចំនួន ត្រូវ​បាន​គេ​លើកឡើង​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ នៃ​គណបក្ស​នយោបាយ​អាស៊ី ហៅ​កាត់​ថា ICAPP) និង​អង្គការ​កិច្ច​សហប្រតិបត្តិការ​សៀងហៃ ថា​ជា​អ្នកសង្កេតការណ៍ “ក្លែងក្លាយ”៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។