អាជ្ញាធរ​ម៉ាឡេស៊ី​គំរាម​ចាប់​ជនភៀសខ្លួន​ខ្មែរ​ដែល​គ្រោង​តវ៉ា​ប្រឆាំង​វត្តមាន​លោក ហ៊ុន ម៉ាណែត

0:00 / 0:00

សកម្មជន​គណបក្ស​ប្រឆាំង​ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី​ថា ពួកគេ​ប្រឈម​នឹង​ការ​ចាប់ខ្លួន​បញ្ជូន​ទៅ​កម្ពុជា​វិញ បន្ទាប់​ពី​សមត្ថកិច្ច​ប្រទេស​នេះ​គំរាម​ចាប់ខ្លួន និង​កោះ​ហៅ​ទៅ​សាកសួរ​ទាក់ទង​គម្រោង​ចេញ​សម្ដែង​មតិ និង​ដាក់​ញត្តិ​ប្រឆាំង​វត្តមាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែល​គ្រោង​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ម៉ាឡេស៊ី​នៅ​ចុង​ខែ​កុម្ភៈ​ខាងមុខ។

ជនភៀសខ្លួន​ខ្មែរ​ជា​សកម្មជន​គណបក្សប្រឆាំង​កំពុង​ស្នាក់​នៅ​ប្រទេស​ម៉ាឡេស៊ី​ព្រួយបារម្ភ​អំពី​សុវត្ថិភាព ក្រោយ​ពេល​ប៉ូលិស​ប្រទេស​នេះ​គំរាម​ចាប់ខ្លួន​ពួកគេ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​លោក អៈម៉ាត់ ចាមាល ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៦ ខែ​កុម្ភៈ ដោយ​លោក​អះអាង​ថា ប៉ូលិស​ម៉ាឡេស៊ី​កំពុង​តាមដាន​សកម្មភាព និង​កំណត់​មុខសញ្ញា ដើម្បី​ធ្វើទុក្ខបុកម្នេញ​លើ​ជនភៀសខ្លួន និង​ពលករ​ខ្មែរ​ដែល​គ្រោង​ប្រមូលគ្នា​ចេញ​តវ៉ា និង​ដាក់​ញត្តិ​ប្រឆាំង​វត្តមាន​លោក ហ៊ុន ម៉ាណែត ធ្វើដំណើរ​ទៅ​ម៉ាឡេស៊ី​នៅពេល​ខាងមុខនេះ​។ លោក​ឱ្យ​ដឹង​ថា ប៉ូលិស​នៃ​ក្រសួងមហាផ្ទៃ​ម៉ាឡេស៊ី​បាន​គំរាម​ឱ្យ​លោក​លុប​សារ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា​នៅ​លើ​ហ្វេសប៊ុក​ទាំងអស់ ហើយ​ហៅ​លោក​ទៅ​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​កុម្ភៈ ថែម​ទៀត។

លោក អៈម៉ាត់ ចាមាល៖ «ជា​ការ​គំរាម​ដើម្បី​កុំឱ្យ​យើង​ធ្វើ​សកម្មភាព​បាតុកម្ម ឬ​ដាក់​ញត្តិ​ជាដើម​អ៊ីចឹង យើង​ដឹង​ច្បាស់​ថា បញ្ហា​ហ្នឹង​បញ្ជា​ពី​កម្ពុជា ប៉ុន្តែ​រឿង​ជាក់ស្តែង​ខ្ញុំ​ជួប​ជាមួយ​ប៉ូលិស​ម៉ាឡេស៊ី​នឹង​ដឹង​ជាក់ស្តែង​ហើយ​។ ពួក​ខ្ញុំ​ជា​ជនភៀសខ្លួន​នយោបាយ​នៅ​ម៉ាឡេស៊ី​មាន​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ជាពិសេស​មាន​ការ​គំរាមកំហែង​មក​លើ​រូប​ខ្ញុំ​ហ្នឹង»។

លោក អៈម៉ាត់ ចាមាល ថា ពួក​លោក​ប្រឈម​នឹង​ការ​ចាប់​ខ្លួន បើសិន​មិន​ព្រម​ធ្វើ​តាម​ការ​ចង់​បាន​របស់​អាជ្ញាធរ​ទាំងនោះ​។ តែ​យ៉ាងណា​លោក​បាន​រាយការណ៍​ករណី​នេះ​ទៅ​ថ្នាក់​ដឹកនាំ​គណបក្ស មន្ត្រី​រដ្ឋាភិបាល​ម៉ាឡេស៊ី រួម​ទាំង​អង្គការ​សិទ្ធិមនុស្ស និង​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​ដើម្បី​ជួយ​អន្តរាគមន៍​រួច​ហើយ។

ការ​គំរាមកំហែង​បំបិទ​សិទ្ធិ​សេរីភាព​ចំពោះ​ជនភៀសខ្លួន​ខ្មែរ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ពួកគេ​សរសេរ​សារ និង​ធ្វើ​វីដេអូ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ប្រកាស​កៀរគរ​ឱ្យ​ពលរដ្ឋ​ខ្មែរ​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​នាំគ្នា​ប្រឆាំង​វត្តមាន​របស់​លោក ហ៊ុន ម៉ាណែត ក្រោយ​ពេល​ពួកគេ​ទទួល​ដំណឹង​ថា លោក​គ្រោង​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី​២៧ ខែ​កុម្ភៈ។ ពួកគេ​ប្រកាស​មិន​ទទួលស្គាល់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដោយ​ទាមទារ​ឲ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​គ្រប់​ទម្រង់​មក​លើ​អ្នក​មាន​និន្នាការ​ផ្ទុយ ហើយ​ស្ដារ​ប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស និង​ដោះលែង​ថ្នាក់ដឹកនាំ និង​សកម្មជន​សហជីព​ជាបន្ទាន់ និង​ឥត​លក្ខខណ្ឌ។ ជាមួយ​គ្នា​នេះ​ពួកគេ​ក៏បាន​អំពាវនាវ​ដល់​ប្រទេស​ម៉ាឡេស៊ី ដែល​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ប្តេជ្ញាចិត្ត និង​គាំទ្រ​ក្នុង​ការ​ជួយ​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​មាន​សន្តិភាព និង​ប្រជាធិបតេយ្យ​ពិតប្រាកដ​សម្រាប់​អនាគត​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ជ្រើសរើស​មេដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ​ដែល​ជា​សេចក្តី​ប្រាថ្នា​ដ៏​ចាំបាច់​បំផុត និង​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ជាដើម។

ទាក់ទង​រឿង​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា​លោក ជុំ សុន្ទរី ប្រាប់​អាស៊ីសេរី​ដោយ​ខ្លី​ថា លោក​មិន​ទាន់​មាន​ព័ត៌មាន​ផ្តល់​ឱ្យ​ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅ​ប្រទេស​ម៉ាឡេស៊ី​នៅឡើយ​ទេ។

ដោយឡែក អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​លោក សុខ សាន ថ្លែង​ថា កន្លង​មក​ការ​តវ៉ា​របស់​សកម្មជន​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​មិនបាន​ហុច​ផល​អ្វី​ឡើយ​។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​នៃ​ប្រទេស​ក្នុង​តំបន់ ជាពិសេស​ប្រទេស​ម៉ាឡេស៊ី​កំពុង​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដូច្នេះ​អាជ្ញាធរ​ប្រទេស​ម៉ាឡេស៊ី​នឹង​មិន​អនុញ្ញាត​ជនភៀសខ្លួន​ខ្មែរ​ទាំងនោះ​ធ្វើ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា​តាម​ចិត្ត​នោះ​ទេ។

​លោក សុខ សាន៖ «ការ​ឃ្លាំ​មើល ឬ​ការ​ចាប់​វិធានការ​ផ្លូវច្បាប់​របស់​អាជ្ញាធរ​ប្រទេស​ជា​មិត្ត​ហ្នឹង វា​ជា​សមត្ថកិច្ច​របស់​គេ ដោយ​មិន​អនុញ្ញាត​ទេ ហើយ​សរុប​មកវិញ​ការ​ដែល​គេ​ចាត់​វិធានការ​ជាមួយ​ពួក​ប្រឆាំង​កម្ពុជា មាន​ន័យ​ថា គេ​មិន​គាំទ្រ​ពួក​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា​ទេ គេ​គាំទ្រ​រដ្ឋាភិបាល គេ​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​រដ្ឋាភិបាល​ដែល​ជា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ហ្នឹង»។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត យល់​ឃើញ​ថា ជនភៀសខ្លួន​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី​មាន​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​ស្របតាម​រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ដូច​នឹង​ពលរដ្ឋ​ខ្មែរ​នៅ​បណ្តា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ដទៃ​ទៀត​ដែរ។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​យល់​ថា ម៉ាឡេស៊ី​ដែល​ជា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​បាន​ល្អ​នៅក្នុង​តំបន់ និង​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​គួរតែ​ឱ្យ​តម្លៃ​ចំពោះ​សេរីភាព និង​ការ​គោរព​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន។

លោក អំ សំអាត៖ «បញ្ហា​នៃ​ជនភៀសខ្លួន​ជាពិសេស​សកម្មជន​សិទ្ធិមនុស្ស សកម្មជន​នយោបាយ សកម្មជន​សង្គម​ផ្សេងៗ​នៅ​បណ្តា​ប្រទេស​អាស៊ាន សម្រាប់​ជនភៀសខ្លួន​បណ្តា​ប្រទេស​នីមួយៗ​គឺ​មិន​សូវ​មាន​ការ​ផ្តល់​កិច្ចការពារ​នូវ​សុវត្ថិភាព​របស់​ពួកគេ​ឱ្យ​បាន​ពេញលេញ​ទេ អ៊ីចឹង​បញ្ហា​របស់​ជនភៀសខ្លួន​ទាំងអស់ មាន​បញ្ហា​ទៅលើ​សុវត្ថិភាព សន្តិសុខ​របស់​ខ្លួន»។

កាល​ពី​ពេល​ថ្មីៗ​នេះ អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន បាន​ជួប​ជាមួយ​បេសកជន​ពិសេស​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​គឺ​លោក អៈម៉ាត អាហ្សាម ប៊ីន អាប្រាមេន (Ahmad Azam Bin Abrahman) ដោយ​ក្នុង​ជំនួប​នោះ លោក ហ៊ុន សែន អះអាង​ថា ម៉ាឡេស៊ី​បាន​សន្យា​មិន​ឱ្យ​ក្រុមប្រឆាំង​របស់​កម្ពុជា​ប្រើប្រាស់​ទឹក​ប្រទេស​នេះ​ដើម្បី​ធ្វើ​នយោបាយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កូនប្រុស​របស់​លោក​ឡើយ។

បច្ចុប្បន្ន​មាន​ជនភៀសខ្លួន​ខ្មែរ​ប្រមាណ ៣០​នាក់​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​គេច​ចេញ​ពី​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​រដ្ឋាភិបាល​ខ្មែរ ដោយសារ​ពួកគេ​រិះគន់​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​ខ្មែរ និង​គេច​ពី​ការ​បង្ខំ​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច។ កន្លង​ទៅ​ភៀសខ្លួន​ទាំងនោះ​តែងតែ​រង​នូវ​ការ​គំរាមកំហែង​ចាប់ខ្លួន​បញ្ជូន​ទៅ​កម្ពុជា​វិញ​ជា​បន្តបន្ទាប់ ក្នុង​នោះ​មាន​សកម្មជន​ពីរ​នាក់​ត្រូវ​បាន​ប៉ូលិស​ម៉ាឡេស៊ី​ចាប់ខ្លួន​បម្រុង​បញ្ជូន​ឱ្យ​ទៅ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា គឺ​លោក សេង សៀងលាង និង​កញ្ញា ងឹម គាថា តែ​ត្រូវ​បាន​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី​ជួយ​ទាន់​ពេល នឹង​បាន​បញ្ជូន​ទៅ​ប្រទេស​កាណាដា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។