នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ដើម្បី​ពង្រឹង​ចំណង​ទ្វេភាគី

0:00 / 0:00

ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី (Malaysia) មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​កម្ពុជា​រយៈពេល ២ថ្ងៃ គឺ​នៅ​ថ្ងៃទី ២៣ និង​ទី២៤ កុម្ភៈ តប​តាម​ការ​អញ្ជើញ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ដំណើរ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រយៈពេល ៦៥ឆ្នាំ​នៃ​ប្រទេស​ទាំង​ពីរ ក៏ប៉ុន្តែ​អ្នក​ជំនាញ​ជឿ​ថា ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ​ ក៏​នឹង​ពិភាក្សា​គ្នា​លើ​បញ្ហា​តំបន់ ដូចជា​វិបត្តិ​នៅ​ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា (Myanmar) និង​ជម្លោះ​ដែន​សមុទ្រ​ចិន​ខាងត្បូង​ផង​ដែរ។

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អ៊ីស្មាឯល សាប្រ៊ី យ៉ាកុប (Ismail Sabri Yaakob) បាន​មក​ដល់​កម្ពុជា​ហើយ នៅ​រសៀល​ថ្ងៃ​ទី២៣ កុម្ភៈ ហើយ​លោក​នឹង​ជួបពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​កម្ពុជា នៅ​ថ្ងៃ​ទី២៤ កុម្ភៈ។

ក្រសួង​ការបរទេស​ម៉ាឡេស៊ី​ឱ្យ​ដឹង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី២៣ កុម្ភៈ​ថា លោក ស៊ីស្មាឯល សាប្រ៊ី យ៉ាកុប នឹង​ជួប​ពិភាក្សា​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពី​គំនិត​ផ្ដួចផ្ដើម​មួយ​ចំនួន ដើម្បី​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​ដ៏​យូរ​អង្វែង​រវាង​ម៉ាឡេស៊ី និង​កម្ពុជា ក្នុង​នោះ​មាន​ជាអាទិ៍ កិច្ច​សហប្រតិបត្តិការ​ក្រោយ​វិបត្តិ​កូវីដ-១៩ កិច្ច​សហប្រតិបត្តិការ​នៃ​ក្របខ័ណ្ឌ​អាស៊ាន ព្រមទាំង​បញ្ហា​តំបន់ និង​អន្តរជាតិ​សម្រាប់​ផល​ប្រយោជន៍​ទៅវិញ​ទៅមក។ ក្រៅពី​ជួប​ជាមួយ​លោក ហ៊ុន សែន លោក​ក៏​គ្រោង​ចូល​គាល់​ព្រះមហាក្សត្រ នរោត្តម សីហមុនី និង​មាន​ជំនួប​ដាច់​ដោយឡែក​ជាមួយ​ប្រធាន​ព្រឹទ្ធសភា លោក សាយ ឈុំ និង​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ផង​ដែរ។

នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​មក​កាន់​កម្ពុជា​របស់​លោក ស៊ីស្មាឯល សាប្រ៊ី យ៉ាកុប ក្រោយ​ពី​លោក​បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​កាលពី​ចុង​ខែសីហា ឆ្នាំ២០២១។

ចំណែក​ខាង​កម្ពុជា​វិញ ក្រសួងការបរទេស​ឱ្យ​ដឹង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី២១ កុម្ភៈ​ថា លោក ហ៊ុន សែន នឹង​ជួប​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​អំពី​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី រួមមាន វិស័យ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ សេដ្ឋកិច្ច-សង្គម ការពារ​ជាតិ និង​សន្តិសុខ ព្រមទាំង​ការ​ស្ដារ​សង្គម-សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ-១៩។ ជាមួយ​គ្នា​នេះ នាយករដ្ឋមន្ត្រី​ប្រទេស​ទាំងពីរ​នឹង​ផ្លាស់ប្ដូរ​ទស្សនៈ​គ្នា​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ ដែល​ជា​ផលប្រយោជន៍ និង​ក្ដី​បារម្ភ​រួម​គ្នា​ផង​ដែរ។ ក្រសួង​បញ្ជាក់​ទៀត​ថា ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ​នឹង​ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា​នៅ​ចុង​បញ្ចប់​នៃ​ជំនួប​នេះ។

វិទ្យុ​អាស៊ី​សេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក ជុំ សុន្ទរី ដើម្បី​សាកសួរ​ព័ត៌មាន​នេះ​បន្ថែម​បាន​ទេ នៅ​ថ្ងៃទី ២៣កុម្ភៈ ដោយ​ទូរស័ព្ទ​ចូល តែ​ពុំ​មាន​អ្នកទទួល។

ជុំវិញ​រឿង​នេះ អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា ជឿ​ថា ក្រៅពី​ទំនាក់ទំនង​ទ្វេភាគី និង​បញ្ហា​សេដ្ឋកិច្ច-ពាណិជ្ជកម្ម ប្រមុខ​រដ្ឋាភិបាល​កម្ពុជា និង​ម៉ាឡេស៊ី​អាច​នឹង​ជជែក​គ្នា​អំពី​បញ្ហា​តានតឹង​ក្នុង​តំបន់​មួយ​ចំនួន​ទៀត ដូចជា វិបត្តិ​នៅ​ប្រទេស​ភូមា និង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ជាដើម។ ម្យ៉ាងវិញទៀត លោក​យល់​ថា ជំនួប​រវាង​ថ្នាក់ដឹកនាំ​ទាំងពីរ​ក៏​អាច​ជា​ការ​ស្វែង​យល់​ពី​គ្នា​បន្ថែម​ទៀត ពីព្រោះ​ថ្មីៗ​ នេះ​ មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ពាក្យ​សម្ដី​រវាង​ប្រមុខ​ការទូត​ម៉ាឡេស៊ី និង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ដែល​ផ្ដើម​ចេញ​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​ភូមា កាល​ពី​ដើម​ខែមករា ឆ្នាំ២០២២៖« កន្លងមក រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី​បាន​រិះគន់​ច្រើន​ដែរ​រឿង​ដំណើរ​ទស្សនកិច្ច​ហ្នឹង។ អ៊ីចឹង​ក៏​ជា​កិច្ច​ការងារ​មួយ ក្រៅពី​ចំណង​ទាក់ទង​ទ្វេភាគី​ហ្នឹង គឺ​អាច​ពង្រីក​ការ​យល់​ដឹង ការ​ស្វែងយល់​គ្នា​ដើម្បី​រក្សា​នូវ​សមាជិកភាព​អាស៊ាន​ហ្នឹង​ឱ្យ​មូល​មតិ​គ្នា​បាន ដើម្បី​ធ្វើ​កិច្ចការ​នៅ​ក្នុង​ក្របខ័ណ្ឌ​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន តើ​ធ្វើ​ជំហរ​បែប​ណា »

កាល​ពី​ខែមករា កន្លងទៅ រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី លោក សៃហ្វូឌីន អាប់ឌុលឡាហ៍ (Saifuddin Abdullah) បាន​ចេញ​មុខ​រិះគន់​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​ភូមា​ថា ធ្វើ​ឡើង​ដោយ​ខ្វះ​ការ​ពិគ្រោះ​យោបល់​ជាមួយ​បណ្ដា​រដ្ឋ​សមាជិក​អាស៊ាន​ផ្សេង​ទៀត។ ជា​ការ​ឆ្លើយតប លោក ហ៊ុន សែន បាន​បរិហារ​ប្រមុខ​ការទូត​ម៉ាឡេស៊ី​រូប​នេះ​ថា «ព្រហើន» និង​មាន​សម្ដី​មិន​គប្បី​ចំពោះ​រូប​លោក​ដែល​ជា​ប្រធាន​អាស៊ាន។

លោក សៃហ្វូឌីន អាប់ឌុលឡាហ៍ ក៏​មាន​វត្តមាន​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​មក​កាន់​កម្ពុជា​នា​ពេល​នេះ​ដែរ។

ទោះ​ជា​យ៉ាង​ណា ក្រសួងការបរទេស​ម៉ាឡេស៊ី​បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ដំណើរ​ទស្សនកិច្ច​ដ៏​មាន​សារៈសំខាន់​របស់​លោក ស៊ីស្មាឯល សាប្រ៊ី យ៉ាកុប មក​កាន់​កម្ពុជា​នា​ពេល​នេះ ឆ្លុះបញ្ចាំង​អំពី​ចំណង​ទាក់ទង​ដ៏​ជ្រាលជ្រៅ និង​រស់រវើក​រវាង​ម៉ាឡេស៊ី និង​កម្ពុជា ទាំង​លក្ខណៈ​ទ្វេភាគី និង​ក្នុង​ក្របខ័ណ្ឌ​ជា​គ្រួសារ​អាស៊ាន។ ក្រោយ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​រូប​នេះ​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ថៃ ចាប់​ពី​ថ្ងៃ​ទី២៤ ដល់​ទី២៦ ខែកុម្ភៈបន្ត​ទៀត។

ម៉ាឡេស៊ី​ គឺ​ជា​អ្នក​វិនិយោគ​ធំជាង​គេ​លំដាប់​ទី៣ នៅ​កម្ពុជា បន្ទាប់​ពី​ចិន និង​កូរ៉េខាងត្បូង ដោយ​មាន​ទុន​វិនិយោគ​ដោយ​ផ្ទាល់ ឬ​អេហ្វឌីអាយ (FDI) សរុប​ជាង ៣ពាន់ ៥រយ​លាន​ដុល្លារ​អាមេរិក (៣,៥៣ប៊ីលលាន​ដុល្លារ) ចន្លោះ​ពី​ឆ្នាំ១៩៩៤ ដល់​ឆ្នាំ២០២០។ ការ​វិនិយោគ​សំខាន់ៗ របស់​ម៉ាឡេស៊ី​នៅ​កម្ពុជា រួមមាន វិស័យ​ធនាគារ ទូរគមនាគមន៍ ការ​ផលិត​ថាមពល និង​វិស័យ​កម្សាន្ត​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។